ពិធីបណ្តែតប្រទីបបានរៀបចំនៅខេត្តសុកត្រាំងកន្លងហើយ មានអង្គភាពចំនួន១១មកពីបណ្តាស្រុក ទីរួមខេត្តនិងក្រុងចូលរួម។ ដោយមានគ្រោងប្រទីបចំនួន១១គ្រឿង បានបណ្តែតលើព្រែក Maspero ខេត្តសុកត្រាំង ពិធីនេះមិនត្រឹមតែបង្កបរិយាកាស មានពន្លឺព្រោងព្រាតប្លែកភ្នែកប៉ុណ្ណោះទេ តែនៅទាំងមានលក្ខណៈ ដិតដាមដោយ អត្តសញ្ញាណជាតិទៀតផង។
ប្រទីបបានបណ្តែតលើព្រែកMaspero
បណ្តែតប្រទីប គឺជាពិធីវប្បធម៌មួយដ៏អស្ចារ្យជាប់ទាក់ទងនឹងព្រះពុទ្ធ សាសនា និងការវិវឌ្ឍន៍ទៅតាមលក្ខណៈសេដ្ឋកិច្ច សង្គមកិច្ចរបស់ជនជាតិខ្មែរ។ អាចារ្យមួយចំនួនឲ្យដឹងថា ពិធីបណ្តែតប្រទីបកើតឡើងដោយជាប់ទាក់ទងទៅនឹងព្រះពុទ្ធសាសនា សំដៅគោរពបូជាចង្កូមកែវ នៃព្រះសម្មាសម្ពុទ្ធ ដែលប្រតិស្ឋាននៅពិភពនាគ។ ពិធីបណ្តែតប្រទីប នេះ ក៏ជាសកម្មភាពមួយយ៉ាងសំខាន់ផ្សារភ្ជាប់នឹងទិវាបុណ្យអកអំបុក ប្រណាំងទូកងជារៀងរាល់ឆ្នាំរបស់ជនជាតិខ្មែរនិងរំឭកគុណ ព្រះធរណី ព្រះគង្គារដែលបានផ្តល់ជីវភាពរស់នៅសុខសាន្ត កិច្ចការរកស៊ីចម្រុងចម្រើននិងផ្សងជួបតែសំណាងល្អ។
កាលពីដើម គ្រោងប្រទីបត្រូវបានជនរួមជាតិខ្មែរដង្ហែទៅបណ្តែតតាមទឹក ហើយភាគច្រើនមានលក្ខណៈដូចក្បូន ធ្វើពីដើមចេកឬក៏ឫស្សី មានសណ្ឋានជាប្រាសាទនិងរូបសត្វផ្សេងៗ ព្រមទាំងមានរចនាដោយក្បូរក្បាច់រំលេចពណ៌ចម្រុះល្អវិចិត្រខាងក្នុងគ្រោងប្រទីបមានអុជទៀនបូជា ។ គ្រោងប្រទីបភាគច្រើនដង្ហែទៅបណ្តែតនៅតាមព្រែកប្រឡាយកន្លែង ដែលសហគមន៍ជនរួមជាតិខ្មែរតាំងទីលំនៅ។ ពិធីដង្ហែប្រទីបនៅតាមភូមិស្រុកមានទាំងឆៃយ៉ាំនិងភ្លេងពិណពាទ្យកំដរ ញ៉ាំងឲ្យបរិយាកាសនៃពិធីបណ្តែតប្រទីបកាន់តែឱឡារិក។ ពិធីបណ្តែតប្រទីបបានក្លាយជាពិធីបុណ្យប្រជាប្រិយប្រពៃណីមួយប្រកបដោយកត្តាវប្បធម៌ និងការជំនឿបង្ហាញពីការយល់ដឹងរបស់ជនជាតិខ្មែរចំពោះបរិស្ថានធម្មជាតិ និងលក្ខណៈរស់នៅជាមួយនឹងគោលបំណងឈានទៅរកអនាគតរុងរឿង។
បច្ចុប្បន្ន គ្រោងប្រទីបត្រូវបានស្អិតស្អាងយ៉ាងភ្លឺភ្លេក អាស្រ័យដោយមានអំពូលភ្លើងអគ្គិសនីពណ៌។ ឆ្លងតាមរយៈថ្វីដៃច្នៃប្រតិដ្ឋរបស់សិប្បករខ្មែរ គ្រោងប្រទីបសម័យបច្ចុប្បន្នមានរូបសណ្ឋានល្អដ៏អស្ចារ្យ និងគួរឲ្យចាប់អារម្មណ៍ដូចៈ ប្រាសាទ ព្រះវិហារ នាគ។ល។ មកចូលរួមក្នុងពិធីប្រឡងបណ្តែតប្រទីប មិនត្រឹមតែបានទស្សនាប្រទីបដ៏ល្អស្អាតប៉ុណ្ណោះទេ តែនៅទាំងបានស្តាប់ការរៀបរាប់ពីប្រវត្តិនៃការបណ្តែតប្រទីបនិងការអត្ថាធិប្បាយអំពីសោភណភាព និងអត្ថន័យរបស់ប្រទីបនីមួយៗ ដែលបានចូលរួមប្រឡងទៀតផង។ ប្រជាជនរាប់ពាន់នាក់ទាំងក្នុងនិងក្រៅខេត្តបានមកទស្សនាពិធីបណ្តែតប្រទីប ដែលរំលេចដោយពណ៌ចម្រុះបណ្តែតលើព្រែក Maspero នាថ្ងៃពេញបូណ៌មី ខែកត្តិក។ ពិធីបណ្តែតប្រទីបលើកនេះ គឺជាការកត់សម្គាល់នៃការអភិវឌ្ឍន៍ឥតឈប់ឈររបស់ពិធីនេះ ហើយសន្សឹមៗក្លាយជាលក្ខណៈវប្បធម៌មួយដ៏ប្រណីតរបស់ខេត្តសុកត្រាំង ដោយមានជនជាតិទាំង៣គឺ កិញ ខ្មែរ ចិន សាមគ្គីរួមរស់ជាមួយគ្នា៕
យ្វីអាន់-វិមាន