17/12/2013 - 09:28

ខេត្តអាងយ៉ាងបើកថ្នាក់បង្រៀនចារសាស្រ្តាស្លឹករឹត

ចារ​សាស្រ្តា​ស្លឹក​រឹត​ជា​វិធី​អភិ​រក្ស ក្បួន ច្បាប់ ធម៌​អាថ៌ វិន័យ​របស់​ព្រះ​សង្ឃ និង​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​មាន​តាំង​ពី​យូរ​មក​ហើយ។ ប៉ុន្តែ​បច្ចេក​ទេស​នេះ កំពុង​ប្រឈម​នឹង​ការ​សាប​រលាប។  ដើម្បី​ខិត​ខំ​អភិ​រក្ស​លក្ខណៈ​វប្ប​ធម៌​ដ៏​ពិសេស​នេះ ផ្នែក​មុខ​ងារ​ខេត្ត អាង​យ៉ាង​បាន​សហការ​ជា​មួយ​នឹង​ព្រះ​សង្ឃ ប្រ​ជា​ជន​បើក​ថ្នាក់ បង្រៀន​ចារ​សាស្រ្តា​ស្លឹក​រឹត​ដំ​បូង​បង្អស់​នៅ​នឹង​ខេត្ត។

ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី​កំ​ពុង​បង្រៀន​របៀប​ចារ​អក្សរ​លេី​ស្លឹក​រឹត។   

មុខ​សញ្ញា​សំខាន់​របស់​ថ្នាក់​រៀន​ចារ​សា​ស្រ្តា​ស្លឹក​រឹត គឺ​យុវ​សង្ឃ​ចេះ​ស្ទាត់​អក្សរ​ខ្មែរ និង​ចេះ​ចាំ​ធម៌​អាថ៌​វិន័យ។ ថ្នាក់​រៀន​នេះ​បាន​បើក​នៅ​វត្ត​ស្វាយ​ស​ឃុំ​ណូយ​តូ ស្រុក​ទ្រី​តូង អា​ស្រ័យ​ដោយ​ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី បង្រៀន​ដោយ​ផ្ទាល់ ពី​ព្រោះ​ព្រះ​អង្គ​យល់​ជ្រៅ​ជ្រះ​ខាង​បច្ចេក​ទេស​ចារ​សា​ស្រ្តា​ស្លឹក​រឹត​នៅ​អាង​យ៉ាង។ ព្រះ​សង្ឃ​រៀន​ថ្នាក់​នេះ​និមន្ត​មក​ពី​វត្ត​នានា​ទូ​ទាំង​ខេត្ត។ តាម​ការ​គ្រោង​ទុក​ថ្នាក់​រៀន​នេះ​នឹង​បើក​ក្នុង​អំ​ឡុង​២០​ថ្ងៃ ថវិកា​អា​ស្រ័យ​ដោយ​ផ្នែក​មុខ​ងារ​ចំ​ណាយ ដើម្បី​បង្ក​លក្ខណៈ​រៀន សូត្រ​ល្អ​បំផុត​សម្រាប់​ថ្នាក់​រៀន។

 សិក្ខា​កាម​ភាគ​ច្រើន​តែង​ជួប​ការ​លំ​បាក ពេល​រៀន​ធ្វើ​ឧបករណ៍​ចារ​ស្លឹក​រឹត។ នោះ​គឺ​ដង​ដែក​ចារ​ដែល​ធ្វើ​ពី​ឈើ​មាន​ទម្រង់​ដូច​ជា​ប៊ិច ហើយ​នៅ​ក្នុង​ដង​ឈើ​នោះ គេ​ដោត​បញ្ចូល​ដែក​ស្រួច​មួយ​ហៅ​ថា​ដែក​ចារ សម្រាប់​ចារ​លើ​ស្លឹក​រឹត។ ដើម្បី​ឃើញ​អក្សរ​ច្បាស់​ពេល​ចារ​រួច​ហើយ​គេ​យក​ធ្យូង​លាប​លើ​ផ្ទៃ​ស្លឹក​រឹត​មួយ​សន្លឹកៗ ឲ្យ​ជ្រាប​ចូល​តាម​ស្នាម​ចារ​រួច​យក​ក្រ​ណាត់​ជូត​ឲ្យ​ជ្រះ ពេល​នោះ​គេ​នឹង​ឃើញ​អក្សរ​ខ្មៅ​លេច​ឡើង យ៉ាង​ច្បាស់​លើ​ផ្ទៃ​ស្លឹក​រឹត។ ការ​ចារ​អក្សរ​លើ​ស្លឹក​រឹត​នេះ ទាម​ទារ​ការ​ប្រ មូល​ផ្តុំ​អា​រម្មណ៍​ហ្​មត់​ចត់​កម្លាំង​ដៃ​សម​ល្មម​ចៀស​វាង​ខុស​លក្ខណៈ​អក្សរ  ឬក៏​ធ្វើ​ឲ្យ​ដាច់​ស្លឹក​រឹត​ជា​ដើម។ ពេល​ខុស​ត្រង់​កន្លែង​ណា​មួយ​ត្រូវ​តែ​ចោល​ស្លឹក​នោះ ហើយ​ចារ​ឡើង​សា​ជា​ថ្មី។ ព្រះ​ឧបជ្ឈាយ៍​ចៅ​ទី មាន​ព្រះ​ថេរ​ដី​កាៈ​" សិក្ខា​កាម​ទាំង​១៦​អង្គ​សិក្សា​បាន​ល្អ​ណាស់ ហើយ​មួយ​អង្គៗ សុទ្ធ​តែ​មាន​ចំ​ណេះ​ដឹង​ជា​មូលដ្ឋាន ដើម្បី​ដោះ​ដូរ​បច្ចេក​ទេស​របស់​ព្រះអង្គ​តទៅ​អនា​គត។ ទោះ​បី​រៀន​ក្នុង​រយៈ​ពេល​ខ្លី ដើម្បី​ក្តាប់​ក្តោម​ចំ​ណេះ​ដឹង​ជា​មូលដ្ឋាន ប៉ុន្តែ​ដើម្បី​សម្រេច​បាន​នូវ​ជំ​នាញ​កម្រិត​ខ្ពស់​ទៀត គប្បី មាន​ពេល​វេលា​វែង​សម្រាប់​លត់​ដំ ប្រការ​នោះ​អា​ស្រ័យ​ទៅ​តាម​សមត្ថ​ភាព​របស់​សិក្ខា​កាម​នីមួយៗ​"។
បច្ចុប្បន្ន វត្ត​ខ្មែរ​ជា​ច្រើន​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង បាន​អភិ​រក្ស​ក្បួន​ខ្នាត ធម៌​អាថ៌​វិន័យ​ច្បាប់​ជា​ច្រើន​ដោយ​សាស្រ្តា​ស្លឹក​រឹត​ដ៏​មាន​តម្លៃ។ ប៉ុន្តែ​ឥឡូវ​មិន​សូវ​មាន​ព្រះ​សង្ឃ​ចេះ​បច្ចេក​ទេស ចារ​សាស្ត្រា​ស្លឹក​រឹត​ដ៏​អស្ចារ្យ នេះ​ទៀត​ទេ នៅ​តែ​ព្រះ​សង្ឃ​មាន​វស្សា​ចាស់​មួយ​ចំ​នួន​ព្រះ​អង្គ​ចេះ​ចារ​ស្ទាត់​ជំ​នាញ​ប៉ុណ្ណោះ។ ស្ថាន​ភាព​ជាក់​ស្តែង​នេះ​ក៏​កើត​មាន​នៅ​ខេត្ត​អាង​យ៉ាង​ដែរ បច្ចុប្បន្ន​ទូ​ទាំង​ខេត្ត ព្រះ​សង្ឃ​ដែល​ចេះ​ចារ​អក្សរ​សាស្រ្តា​ស្លឹក​រឹត​នៅ​ត្រឹម​តែ​ពីរ​បី ព្រះ​អង្គ​ប៉ុណ្ណោះ និង​មាន​វស្សា​ច្រើន​ណាស់​ទៅ​ហើយ។
 លទ្ធ​ផល​របស់​វគ្គ​សិក្សា​នេះ សង្ឃឹម​ថា​នឹង​មាន​អ្នក​ចេះ​ចារ​ជំ​នាន់​ក្រោយ សំ​ដៅ​អភិរក្ស​បន្ត​សិល្បៈ​ចារ​សាស្រ្តា​ស្លឹក​រឹត។ ព្រះ​ឧបជ្ឈាយ៍ ចៅទី មាន​ព្រះ​ថេរ​ដីកាៈ​បញ្ហា​សំ​ខាន់​គឺ​សិក្ខា​កាម​ទាំង​នេះ​ត្រូវ​តែ​ខិត​ខំ​បង្រៀន​បច្ចេក​ទេស​នេះ​ជា​បន្ត​ទៀត​នៅ​នឹង​កន្លែង​បួស​រៀន។ ប៉ុន្តែ​ប្រ​ការ​ដែល​ញំាុង​ឲ្យ​ព្រះ​អង្គ​បារម្ភ​បំ​ផុត គឺ​ស្លឹក​រឹត​មិន​សូវ​មាន ហើយ​ថ្លៃ ទៀត​ផង។ ស្លឹក​រឹត​១.០០០​ស្លឹក​មាន​តម្លៃ​៣០០​USD។ នេះ​ក៏​ជា​មូល ហេតុ​សំខាន់​ធ្វើ​ឲ្យ​ការ​បង្ហាត់​បង្រៀន​ចារ​អក្សរ​ដ៏​អស្ចារ្យ​នេះ​ត្រូវ​ដាច់​រយៈ​ដ៏​យូរ ។ ព្រះ​ឧបជ្ឈាយ៍​សង្ឃឹម​ថា នឹង​មាន​ការ​ឧបត្ថម្ភ​យូរ​អង្វែង​និង​ខ្លាំង​ក្លា​ជាង​ទៀត​របស់​បណ្តា​ស្ថា​ប័ន​មុខ​ងារ ដើម្បី​បច្ចេក​ទេស​ចារ​សាស្រ្តា​ ស្លឹក​រឹត បាន​រក្សា​ពី​ជំ​នាន់​មួយ​ទៅ​ជំ​នាន់​មួយ៕

ថាញ់​ភូ​-​វិ​មាន

ចែករំលែកអត្ថបទ