អាយុវែងមិនត្រឹមតែអាស្រ័យទៅលើហ្សែនប៉ុណ្ណោះទេ ថែមទាំងមានឥទ្ធិពលយ៉ាងច្រើនអំពីទម្លាប់នៃការហូបចុក ចលនានិងការសម្រាកសម្រាន្តទៀតផង។ ក្រុមអ្នកជំនាញបានធ្វើការបូកសរុបអំពីក្រមនៃការរស់នៅមានអាយុវែងដោយផ្អែកលើខ្ទង់លេខ ៥៤៣២១។
ហាត់ប្រាណ ៥ ថ្ងៃក្នុងមួយសប្តាហ៍
លេខ ៥ មានន័យថា ហាត់ប្រាណ ៥ ថ្ងៃក្នុងមួយសប្តាហ៍ ក្នុងមួយថ្ងៃហាត់ពី ១៥-២០ នាទីក្នុងកម្រិតខ្លាំងៗ។
យោងតាមអង្គការសុខភាពពិភពលោក (WHO) មនុស្សពេញវ័យចង់រស់បានអាយុវែងគួរតែហាត់ប្រាណយ៉ាងហោចណាស់ ១៥០-៣០០ នាទីក្នុងកម្រិតល្មម ឬ ៧៥-១៥០ នាទីក្នុងកម្រិតខ្លាំងក្នុងមួយសប្តាហ៍។
សាស្ត្រាចារ្យរង លឺវហ្វិញ មហាវិទ្យាល័យកីឡាប៉េកាំង (ប្រទេសចិន) ឱ្យដឹង៖ មួយនាទីហាត់ប្រាណក្នុងកម្រិតខ្លាំងអាចស្មើនឹង ៣,៥ នាទីនៃការហាត់ប្រាណក្នុងកម្រិតល្មម ក្នុងការបន្ថយហានិភ័យនៃការស្លាប់ដោយសារជំងឺមហារីក និង៧,៨ នាទីចំពោះជំងឺសរសៃឈាមបេះដូង។
អ្នកទើបហាត់ថ្មីៗអាចនឹងចាប់ផ្តើមដោយការដើរលឿន ចលនាអង្គុយចុះងើបឡើងឈរ ឬបន្ទើតជើង។ ថ្ងៃដទៃពីនោះ គួរតែរក្សាការធ្វើចលនាតាមរយៈធ្វើកិច្ចការផ្ទះនិងឆ្លៀតពេលសម្រាក។
ក្នុងមួយយប់គេងយ៉ាងហោចណាស់ ៤ វដ្ត
បួនវដ្តនៃការគេងប្រហាក់ប្រហែល ៦ ម៉ោង ពីព្រោះវដ្តនីមួយៗមានរយៈពេលមធ្យម ៩០ នាទី។ រយៈពេលនៃវដ្តនីមួយៗអាចនឹងប្រែប្រួលអាស្រ័យលើស្ថានភាពសុខភាព ភាពតានតឹង និងទម្លាប់រស់នៅ។ ដូច្នេះ ៤ វដ្តនៃការគេងគ្រាន់តែជាការពិគ្រោះប៉ុណ្ណោះ មិនមែនជាស្តង់ដារបង្ខំទេ។ កុមារអាចនឹងត្រូវការគេង ៥-៧ វដ្ត ខណៈដែលអ្នកវ័យចាស់គួរតែផ្តោតលើគុណភាពនៃការគេង។
ការស្រាវជ្រាវបានបង្ហាញថា ភាពទៀងទាត់នៃការគេងមានឥទ្ធិពលដល់ស្មារតីច្រើនជាងរយៈពេលនិងពេលវេលាចូលគេង។
មិនទទួលទានឱ្យលើសពី ៣ ពេលចាំបាច់ក្នុងមួយថ្ងៃ
ការបរិភោគញឹកញាប់ពេកធ្វើឱ្យប្រព័ន្ធរំលាយ អាហារត្រូវធ្វើការជាបន្តបន្ទាប់ បង្កើនបន្ទុកនៃការបំប្លែងដល់ថ្លើម និងងាយធ្វើឱ្យរាងកាយទទួលកាឡូរីច្រើនហួសប្រមាណ។ ក្រុមអ្នកជំនាញបានផ្តល់ អនុសាសន៍ គួរហូបអាហារពេលព្រឹកឱ្យបានគ្រប់គ្រាន់ ហូបអាហារពេលថ្ងៃត្រង់ឱ្យឆ្អែត និងហូបអាហារពេលល្ងាចតិចវិញ។ របរអាហារគួរតែមានតុល្យភាពរវាងជាតិម្សៅ ប្រូតេអ៊ីននិងបន្លែបៃតង; អាហារពេលល្ងាចគួរអាទិភាពមុខម្ហូបចំហុយ ស្ងោរដែលមានជាតិខ្លាញ់តិច។
ប្រសិនបើឃ្លានចន្លោះពេលអាហារទាំងពីរ លោកអ្នកអាចនឹងហូបផ្លែឈើគ្រាប់ធញ្ញជាតិ ឬទឹកដោះគោជូរគ្មានជាតិស្ករ។ កុមារ អ្នកធ្វើការធ្ងន់ ស្ត្រីមានផ្ទៃពោះ និងបំបៅដោះកូនអាចហូបបន្ថែមអាហារសម្រន់។ អ្នកមានជំងឺទឹកនោមផ្អែម ឬអ្នកងាយនឹងចុះជាតិស្ករក្នុងឈាម ក៏អាចបន្ថែមអាហារដែលសម្បូរជាតិសរសៃដូចជាប៉េងប៉ោះ ត្រសក់ផ្អែមជាដើម។
មិនត្រូវបរិភោគក្នុងរយៈពេល ២ ម៉ោងមុនពេលចូលគេង
អាហារចុងក្រោយគួរតែគម្លាតពីម៉ោងចូលគេងយ៉ាងហោចណាស់ ២ ម៉ោង។ អាហារត្រូវការប្រហែល ២-៣ ម៉ោង ដើម្បីរំលាយដំណាក់កាលដំបូង។ ការបរិភោគរួចចូលទៅគេងភ្លាមអាចនឹងធ្វើឱ្យកើនបន្ទុកនៃការរំលាយអាហារ និងមានហានិភ័យនៃជំងឺច្រាលទឹកអាស៊ីតក្រពះមកបំពង់ក។
ពេលវេលាបរិភោគដ៏ល្អ គឺអាហារពេលព្រឹកចាប់ពីម៉ោង ៧ ដល់ ម៉ោង ៨៣០ នាទី អាហារពេលថ្ងៃត្រង់ ពីម៉ោង ១២ ដល់ម៉ោង ១៣ៈ៣០ នាទី និងអាហារពេលល្ងាចរួចស្រេចមុនម៉ោង ១៩ៈ៣០នាទី។
ប្រសិនបើហូបយឺតពេល លោកអ្នកគួរតែបន្ថយបរិមាណជាតិម្សៅ បន្ថយជាតិខ្លាញ់។ ក្រោយពីម៉ោង២១ គ្រប់គ្នាមិនត្រូវហូបអាហារពេលល្ងាចជាចាំបាច់ទេ គឺគ្រាន់តែទទួលទានអាហារតិចតួចដូច ជាទឹកដោះគោមានជាតិម្លាន់តិច ទឹកដោះគោជូរគ្មានជាតិស្ករ ឬស៊ុតស្ងោរប៉ុណ្ណោះ។
មិនត្រូវអង្គុយរហូតលើសពី ១ ម៉ោង
ការពិនិត្យស្រាវជ្រាវមួយបានបង្ហាញថា មនុស្សពេញវ័យជនជាតិចិនមធ្យមអង្គុយជិត ៨ ម៉ោងក្នុងមួយថ្ងៃ។ ការអង្គុយយូរធ្វើឱ្យកើនឡើងហានិភ័យនៃការកើតជំងឺជាច្រើន ពិសេសបុគ្គលិកការិយាល័យ និងអ្នកវ័យចាស់។
ក្រុមអ្នកជំនាញផ្តល់អនុសាសន៍ រៀងរាល់មួយម៉ោងម្តង គួរតែងើបឈរឡើងធ្វើចលនា ២-៥ នាទីដើរទៅយកទឹក ដើរចុះដើរឡើង ឬហាត់ពត់រាងកាយ។
ផលប៉ះពាល់នៃការអង្គុយយូរមិនត្រឹមតែអាស្រ័យ លើរយៈពេលសរុបប៉ុណ្ណោះទេ ថែមទាំងលើភាពជាបន្តបន្ទាប់ទៀតផង។ ដូច្នេះ ការងើបឈរឡើងចុះ ធ្វើចលនាមួយភ្លែតៗក្នុងថ្ងៃក៏មានអត្ថប្រយោជន៍ការពារសុខភាព ជួយឱ្យយើងមានអាយុវែងផងដែរ៕
យោង៖ vietnamnet.vn - លីសៀ