ចំពោះសម្ពាធនៃការខ្វះគ្រូបង្រៀន និងតម្រូវការលើកកម្ពស់គុណភាពថែទាំ អប់រំកុមារ ទីក្រុងកឹងធើ បានផ្សព្វផ្សាយនូវគោលនយោបាយឧបត្ថម្ភដល់គ្រូបង្រៀន និងបុគ្គលិកនៅតាមគ្រឹះស្ថានអប់រំមត្តេយ្យសិក្សារដ្ឋ។ នេះគឺជាប្រភពកម្លាំងលើកទឹកចិត្តយ៉ាងជាក់ស្តែង រួមចំណែកជួយដល់កងជួរគ្រូបង្រៀនស្ងប់ចិត្តបំពេញការងារ និងផ្សារភ្ជាប់ជាមួយអាជីពជាយូរអង្វែង។

គ្រូបង្រៀននៅសាលាមត្តេយ្យថាញ់ថើយអាង កំពុងយកចិត្តទុកដាក់ថែទាំ
និងអប់រំកុមារ។
យោងតាមស្ថិតិរបស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ឆ្នាំសិក្សា ២០២៥-២០២៦ ទូទាំងទីក្រុងមានសាលា មត្តេយ្យចំនួន ៣៨១សាលា ក្នុងនោះមានសាលារដ្ឋចំនួន ៣២៩ និងសាលាឯកជនចំនួន ៥២; ក្រៅពីនេះមានសាលាអន្តរកម្រិតចំនួន ៣ សាលា ។ ទោះបីជាបណ្តាញសាលានិងបន្ទប់រៀនបានយកចិត្តទុកដាក់វិនិយោគក៏ដោយ ប៉ុន្តែបញ្ហាប្រឈមនឹងការខ្វះធនធានមនុស្សនៅតែបង្កការលំបាកជាច្រើនដល់វិស័យអប់រំ។ ទូទាំងទីក្រុងបច្ចុប្បន្នកំពុងខ្វះគ្រូបង្រៀនចំនួន ១.០៣២ នាក់ បើធៀបនឹងកម្រិតអតិបរមាតាមបទប្បញ្ញត្តិនៃសារាចរលេខ ១៩/២០២៣/TT-BGDĐT របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល; ក្នុងនោះខ្វះគ្រូបង្រៀនក្របខ័ណ្ឌចំនួន ៦០៨ នាក់ ដោយសារមិនទាន់បានជ្រើសរើសទាន់ពេលវេលា។ ស្ថានភាពនេះបានបង្កសម្ពាធយ៉ាងច្រើនដល់សាលារៀននានាក្នុងការបែងចែក រៀបចំកម្លាំងបុគ្គលិក រៀបចំសកម្មភាព និងធានាគុណភាពនៃការថែទាំនិងអប់រំកុមារ។
នៅសាលាមត្តេយ្យសិក្សាថាញ់ធើយអាង ឃុំថាញ់ថើយអាង ក្នុងលក្ខណៈធនធានមនុស្សនៅមានកម្រិត អង្គភាពកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀននិងបុគ្គលិក តែងតែខិតខំប្រឹងប្រែងជម្នះការលំបាក ម្ចាស់ការរៀបចំការងារដោយវិទ្យាសាស្ត្រ ដើម្បីរក្សាសណ្តាប់ធ្នាប់នៃការថែទាំ និងអប់រំកុមារ។ អ្នកគ្រូ ង្វៀងធីហ្វា ចាងហ្វាងសាលាមត្តេយ្យសិក្សាថាញ់ថើយអាង បានចែករំលែក៖ "ការអប់រំមត្តេយ្យសិក្សាមានលក្ខណៈពិសេសដោយឡែក គ្រូបង្រៀនទទួលបន្ទុកបង្រៀនផងនិងថែទាំផ្ទាល់ ធានាសុវត្ថិភាពដល់កុមារពេញមួយថ្ងៃនៅក្នុងសាលារៀនផង។ ស្ថានភាពខ្វះគ្រូបង្រៀន បណ្តាលឱ្យការរៀបចំកម្លាំងបុគ្គលិកតាមក្រុម និងថ្នាក់រៀននីមួយៗជួបការលំបាកច្រើន។ គោលនយោបាយឧបត្ថម្ភរបស់ទីក្រុងគឺជាការយកចិត្តទុកដាក់យ៉ាងជាក់ស្តែង និងទាន់ពេលចំពោះកងជួរគ្រូបង្រៀននិងបុគ្គលិក បង្កបន្ថែមសម្រាប់សាលារៀនបន្តលើកកម្ពស់គុណភាពថែទាំ និងអប់រំកុមារ"។
ដោយយល់ច្បាស់ពីការលំបាកនឿយហត់របស់កងជួរគ្រូបង្រៀនកម្រិតមត្តេយ្យ ក្នុងសម័យប្រជុំលើកទីបួន (សម័យប្រជុំប្រធានបទ) ដែលប្រព្រឹត្តឡើងនៅរសៀលថ្ងៃទី ៣០ ខែកក្កដា ក្រុមប្រឹក្សាប្រជាជនទីក្រុងកឹងធើ បានអនុម័តសេចក្តីសម្រេចចិត្តកំណត់អំពីគោលនយោបាយឧប្ថម្ភដល់គ្រូបង្រៀននិងបុគ្គលិកនៅតាមគ្រឹះស្ថានអប់រំមត្តេយ្យសាលារដ្ឋនៅលើភូមិឋាន។ មុខសញ្ញាដែលបានទទួលគោលនយោបាយ រួមមាន គ្រូបង្រៀននិងបុគ្គលិកនៅតាមសាលាមត្តេយ្យសិក្សារដ្ឋ (រួមទាំងបុគ្គលិកដែលធ្វើការតាមកិច្ចសន្យាការងារតាមបទប្បញ្ញត្តិ) និងគ្រូបង្រៀន ព្រមទាំងបុគ្គលិកកម្រិតមត្តេយ្យសិក្សានៅសាលាគរុកោសល្យក្នុងទីក្រុង។

គោលនយោបាយឧបត្ថម្ភបង្កកម្លាំងចិត្តបន្ថែម ដើម្បីគ្រូបង្រៀនមត្តេយ្យសិក្សាស្ងប់ចិត្តបំពេញការងារ និងផ្សារភ្ជាប់ជាមួយអាជីព។
យោងតាមសេចក្តីសម្រេចចិត្ត កម្រិតឧបត្ថម្ភបានអនុវត្តគឺ ៩៦០.០០០ដុង/ម្នាក់ក្នុងមួយខែ ទូរទាត់យ៉ាងច្រើនបំផុតចំនួន ៩ ខែក្នុងមួយឆ្នាំសិក្សា ជាមួយនឹងថវិកាសរុបប្រហែល ២៧,៤ ពាន់លានដុងពីប្រភពថវិការបស់ទីក្រុង។ ចំនួនប្រាក់ឧបត្ថម្ភនេះមិនត្រឹមតែរួមចំណែកបំពេញបន្ថែមប្រាក់ចំណូល សម្រាលការចំណាយលើជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីការទទួលស្គាល់ និងការផ្តល់តម្លៃរបស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចរបស់ទីក្រុងចំពោះការលះបង់របស់កងជួរគ្រូបង្រៀនដែលចិញ្ចឹមថែទាំអប់រំកុមារដោយផ្ទាល់ ជាពិសេសនៅតាមតំបន់ដាច់ស្រយាល និងតំបន់ដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ។
អ្នកគ្រូ ឡឹមធីហុងញុង គ្រូបង្រៀនសាលាមត្តេយ្យសិក្សាត្រឹងដេ បានសម្តែងក្តីរីករាយ៖ "ការងាររបស់គ្រូកម្រិតមត្តេយ្យសិក្សាទាមទារនូវការតស៊ូ ភាពទទួលខុសត្រូវ និងក្តីស្រឡាញ់ចំពោះកុមារ។ ក្នុង១ថ្ងៃៗ យើងខ្ញុំត្រូវរៀបចំសកម្មភាពរៀនសូត្រ លេងកម្សាន្ត ព្រមទាំងយកចិត្តទុកដាក់លើចំណីអាហារ ការគេង ក៏ដូចជាតាមដានសុខភាពរបស់ក្មេងៗផងដែរ។ បានទីក្រុងយកចិត្តទុកដាក់ឧបត្ថម្ភបន្ថែម យើងខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់។ នេះគឺជាប្រភពកម្លាំងលើកទឹកចិត្តជួយឱ្យគ្រូបង្រៀនមានកម្លាំងបន្ថែមទៀតដើម្បីស្ងប់ចិត្តបំពេញការងារ បន្តប្រកបអាជីព និងថែទាំកុមារឱ្យកាន់តែល្អប្រសើរឡើង"។
ជាមួយនឹងគោលនយោបាយឧបត្ថម្ភទាន់ពេល រួមជាមួយដំណោះស្រាយព្រមៗគ្នា ក្នុងការពង្រឹងកងជួរគ្រូបង្រៀន ទីក្រុងកឹងធើ កំពុងដោះស្រាយជាបណ្តើរៗនូវចំណុចរាំងស្ទះសម្រាប់វិស័យអប់រំមត្តេយ្យសិក្សា។ តាមរយៈនោះ បានបង្កទំនុកចិត្ត កម្លាំងចិត្តដល់គ្រូបង្រៀននិងបុគ្គលិកម្នាក់ៗ ឱ្យមានសេចក្តីស្ងប់ចិត្តបំពេញការងារ រក្សាក្ដីស្រឡាញ់ពេញចិត្តចំពោះអាជីព និងរួមចំណែកលើកកម្ពស់គុណភាពថែទាំ ចិញ្ចឹមបីបាច់ និងអប់រំកុមារជំនាន់ក្រោយរបស់ទីក្រុង៕
ហុងទើ-ត្រឹងរ៉ូន