បរិយាកាសត្រៀមឱ្យថ្ងៃបុណ្យអកអំបុក នៅតាមវត្តអារាមនានាមានភាពអ៊ូអរ។ ទូកគែហ៊ៅបានព្រះសង្ឃ និងជាងពន្លឿនតុបតែង ស្អិតស្អាងឱ្យបានស្រស់ស្អាត ដើម្បីត្រៀមចូលរួមបង្ហាញក្នុងពិធីបុណ្យអកអំបុក ប្រណាំងទូក-ង ទីក្រុងកឹងធើ តំបន់វាលរាបទន្លេគឺវឡុង លើកទី៧ ឆ្នាំ២០២៦។
ទូកគែហ៊ៅមិនត្រឹមតែជាមធ្យោបាយដែលដិតដាមដោយលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីភាពប៉ិនប្រសប់ គំនិតច្នៃប្រតិដ្ឋ និងអត្តសញ្ញាណវប្បធម៌ពិសេសដោយឡែក បានថែរក្សាជាច្រើនជំនាន់មកហើយ។ ទូកគែហ៊ៅមានក្បូរក្បាច់រចនាលេចពណ៌ តុបតែង ស្អិតស្អាងយ៉ាងស្រស់ស្អាត ជាក្តីមោទនភាព របស់ព្រះសង្ឃ និងពុទ្ធបរិស័ទ។ បុណ្យអកអំបុកមិនត្រឹមតែជាឱកាសបង្ហាញទូកគែហ៊ៅដ៏វិសេសប៉ុណ្ណោះទេ ថែមទាំងជាឱកាសផ្សព្វផ្សាយ លើកតម្កើង និងសាយភាយនូវតម្លៃវប្បធម៌ប្រពៃណីល្អរបស់ជនរួមជាតិខ្មែរដល់ប្រជាជន និងភ្ញៀវទេសចរដ៏ច្រើនកុះករទៀតផង។

ព្រះឧបជ្ឈាយ៍យឿងណេ ព្រះចៅអធិការវត្តព្រែកត្រកួន ឃុំយ៉ាហ្វា ក្បែរទូកគែហ៊ៅដែលត្រៀមយកទៅបង្ហាញក្នុងពិធីបុណ្យអកអំបុក ឆ្នាំ២០២៦។
ទូកគែហ៊ៅគឺជាប្រភេទទូកលុងសម្រាប់ឧបជ្ឈាយ៍ ព្រះសង្ឃ អ្នកមានប្រិយភាព គង់និងអង្គុយចង្អុលការក្នុងការប្រណាំងទូក-ង។ ក្រៅពីនោះ ទូកគែហ៊ៅសម្រាប់នាំព្រះឧបជ្ឈាយ៍និមន្តទៅសម្តែងព្រះបរិត្ត ទេសនា ហើយមានវត្តមួយចំនួនក៏ប្រើសម្រាប់ដឹកសម្ភារៈកសាងវត្ត ដោយសារពីមុនផ្លូវគមនាគមន៍នៅលំបាក ហេតុនោះយកទូកគែហ៊ៅសម្រាប់ដឹកជញ្ជូន។ ទន្ទឹមនឹងនោះ ទូកគែហ៊ៅនាំម្ហូបអាហារ ទឹកផឹក និងភ្លេងពិណពាទ្យ...ដើម្បីដឹកព័ស្តុភារជំនួយដល់ទូក-ងក្នុងពេលប្រណាំង។ បច្ចុប្បន្ន ទូកគែហ៊ៅមិនប្រើសម្រាប់ដឹកព័ស្តុភារជំនួយទូក-ងដូចមុនទៀតទេ តែកំពុងបានវត្តខ្មែរនៅកឹងធើរក្សាតុបតែងរំលេចពណ៌យ៉ាងស្អាតសម្រាប់តាំងបង្ហាញក្នុងពិធីបុណ្យអកអំបុក។ ព្រះឧបជ្ឈាយ៍ យឿងណេ ព្រះចៅអធិការវត្តព្រែកត្រកួន ឃុំយ៉ាហ្វា មានថេរដីកា៖ "វត្តបានយកទូកគែហ៊ៅទៅចូលរួមបង្ហាញក្នុងបុណ្យអកអំបុកបាន១១ឆ្នាំ ហើយក៏មានអ្នកអុំជើងចាស់ប្រហែល១០គូ អុំបង្ហាញចាប់ពីម៉ោង៦ដល់៩ព្រឹកទើបសម្រាក តាំងពីអាត្មាភាពបួសនៅឆ្នាំ១៩៧២ ឃើញមានទូកគែហ៊ៅនេះហើយ មិនដឹងតើមានតាំងពីឆ្នាំណាទេ។ ឆ្នាំ១៩៧៨-១៩៧៩ ព្រះឧបជ្ឈាយ៍ជំនាន់មុនរបស់វត្ត បានជួសជុលទូកគែហ៊ៅយកទៅចូលរួមពិធីបុណ្យអកអំបុកនៅព្រែកញូយ៉ា កាលពីមុនចាត់តាំងប្រណាំងទូក-ងនៅព្រែកនេះ ហើយក្រោយមកទុកក្នុងរោងរហូតដល់ឆ្នាំ២០១៥ ទើបហៅជាងមកជួសជុលយកទៅបង្ហាញរហូតមកដល់ឥឡូវបាន១១ឆ្នាំហើយ។ ទូកគែហ៊ៅនេះពីមុនសម្រាប់នាំព្រះឧបជ្ឈាយ៍ទៅសម្តែងព្រះបរិត្ត ទេសនា និងនាំព័ស្តភារជំនួយដល់ចំណុះទូក-ងហូបចុកក្នុងថ្ងៃចូលរួមប្រណាំង។ រៀងរាល់ឆ្នាំ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ទីក្រុងកឹងធើ អញ្ជើញឱ្យចូលរួមបង្ហាញ នេះជាទូកលុងមានទទឹងជិត២ម៉ែត្រ និងប្រវែងជិត៣០ម៉ែត្រ"។
ពិសេស បច្ចុប្បន្ន មានទូកគែហ៊ៅជាច្រើនគឺជាបេតិកភណ្ឌបុរាណ មានអាយុកាលរយឆ្នាំ ដែលបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រមិនអាចកាត់ថ្លៃបាន។ ព្រះតេជព្រះគុណ លីវហ្វៀង ព្រះចៅអធិការវត្តពុទ្ធរង្សីបឹងកក់ ឃុំមីហឿង ទីក្រុងកឹងធើ មានថេរដីកា៖ "ឮចាស់ៗនិយាយថា ពីដើមទូកគែហ៊ៅនេះមានមុខងារច្រើនជាងបច្ចុប្បន្ន ដូចជាប្រើសម្រាប់នាំព្រះសង្ឃទៅបិណ្ឌបាត្រ សម្តែងព្រះបរិត្ត និងទេសនា។ ក្រៅពីនោះ ពេលវត្តកសាងសំណង់ផ្សេងៗ ពីមុនផ្លូវគោកមានការលំបាក ទើបយកទូកគែហ៊ៅដឹកសម្ភារៈសំណង់ដូចជាខ្សាច់ ថ្ម ដែក ដីពង្រាបផ្ទៃដីនៅវត្ត និងដឹកឈើសម្រាប់កសាងវត្ត។ លុះដល់បុណ្យអកអំបុក ព្រះឧបជ្ឈាយ៍ពីសម័យមុនចូលចិត្តប្រណាំងទូក-ង ហេតុនោះក៏យកទូកគែហ៊ៅគង់មើលការប្រណាំង។ រីឯបច្ចុប្បន្នគ្រាន់តែយកទៅបង្ហាញឱ្យភ្ញៀវទេសចរ ឱ្យដឹងថា កាលពីដើមមានទូកគែហ៊ៅ ហើយវត្តបានដាក់បង្ហាញប្រហែល១០ឆ្នាំហើយ"។

ព្រះតេជព្រះគុណ លីវហ្វៀង ព្រះចៅអធិការវត្តពុទ្ធរង្សីបឹងកក់ ឃុំមីហឿងកំពុងណែនាំជាងតុបតែងទូកគែហ៊ៅ។
ទូកគែហ៊ៅរំលេចពណ៌ចម្រុះពិសេស រួមចំណែកធ្វើឱ្យបុណ្យអកអំបុក-ប្រណាំងទូក-ង ទីក្រុងកឹងធើ នៅតំបន់វាលរាបទន្លេគឺវឡុង លើកទី៧ ឆ្នាំ២០២៦ កាន់តែទាក់ទាញអារម្មណ៍ជាងទៀត ញ៉ាំងឱ្យបរិយាកាសថ្ងៃបុណ្យកាន់តែឱឡារិក កុះករ សម្បូរបែប ពិពិធកម្ម បង្កើតផលិតផលវប្បធម៌ពិសេសដោយឡែក បម្រើអភិវឌ្ឍទេសចរណ៍តាមទិសដៅផ្សារភ្ជាប់តំបន់ ហើយផ្សារភ្ជាប់នឹងអនុវត្តទិសដៅអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់បណ្តាជនជាតិ រួមចំណែកកសាងនិងអភិវឌ្ឍខឿនវប្បធម៌វៀតណាមជឿនលឿន ដិតដាមដោយអត្តសញ្ញាណជាតិ ឆ្លើយតបនឹងតម្រូវការអភិវឌ្ឍប្រទេសជាតិដោយចីរភាព៕
ដាលីន - វិមាន