គាំទ្រខែចលនាចំណុចកំពូល “ដើម្បីអ្នកក្រ” ឆ្នាំ២០២៦ ទីក្រុងកឹងធើ បន្តពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជាតិ កៀរគររាល់ប្រភពកម្លាំងសង្គម ព្រួតដៃគិតគូរជូនអ្នកក្រ ពិសេសគឺជនជាតិភាគតិច។ ផ្តើមពីឧបត្ថម្ភលំនៅឋាន ផ្តល់មុខរបរចិញ្ចឹមជីវិតរហូតដល់គិតគូរជីវភាព បានរួមចំណែកជួយប្រជាជនលំនឹងជីវភាព ឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។

ទីក្រុងកឹងធើ ខែចលនាចំណុចកំពូល “ដើម្បីអ្នកក្រ”ឆ្នាំ២០២៦។
ប្រព្រឹត្តទៅចាប់ពីថ្ងៃ ១៧ ខែតុលា ដល់ថ្ងៃ ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៦ ខែចលនាចំណុចកំពូល “ដើម្បីអ្នកក្រ” ឆ្នាំ ២០២៦ គឺជាឱកាសដើម្បីគណៈកម្មាធិបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក អង្គការ អាជីវកម្ម និងប្រជាជនគ្រប់ជាន់ថ្នាក់ បន្តព្រួតដៃគិតគូរដល់អ្នកមានជីវភាពលំបាក។ តាមរយៈកាចលនារួមវិភាគទានមូលនិធិ “ដើម្បីអ្នកក្រ” រណសិរ្សមាតុភូមិវៀតណាមគ្រប់លំដាប់ថ្នាក់បានកៀរគរបន្ថែមប្រភពកម្លាំងសង្គម តភ្ជាប់ទឹកចិត្តមនុស្សធម៌ ផ្សព្វផ្សាយសកម្មភាពឧបត្ថម្ភជាក់ស្តែង រួមចំណែកអនុវត្តគោលនយោបាយសុខុមាលភាពសង្គម និងកាត់បន្ថយភាពក្រីក្រដោយចីរភាព។
យោងតាមលទ្ធផលត្រួតពិនិត្យឡើងវិញ គិតត្រឹមដំណាច់ឆ្នាំ ២០២៥ ទីក្រុងកឹងធើ នៅមានប្រជាជនក្រីក្រចំនួន ៥.៥៨២ គ្រួសារ និងប្រជាជនក្បែរក្រ ២៤.៦៧២ គ្រួសារ។ បច្ចុប្បន្ន ទីក្រុងនៅមានគ្រួសារក្រីក្រ និងក្បែរក្រប្រមាណ ២.៥០០ គ្រួសារ ដែលមានតម្រូវការជំនួយលំនៅឋាន។ ដំណាក់កាលឆ្នាំ ២០២០-២០២៥ ទីក្រុងបានកៀរគរថវិកាជាង ២.៤០០ ពាន់លានដុង សាងសង់ថ្មី និងជួសជុលផ្ទះបានជាង ១៥.០០០ ខ្នង ជូនគ្រួសារក្រលំបាក។ ដោយឡែកដំណាក់កាលឆ្នាំ ២០២៥-២០២៦ មូលនិធិ “ដើម្បីអ្នកក្រ” គ្រប់ថ្នាក់បានទទួលថវិកាជាង ៦៩ ពាន់លានដុង ជួយឧបត្ថម្ភសាងសង់ និងជួសជុលផ្ទះមហាសាមគ្គីបានចំនួន ១.១៨៣ ខ្នង។ ក្នុងរយៈពេល ៩ ខែដើមឆ្នាំ ២០២៦ រណសិរ្សគ្រប់លំដាប់ថ្នាក់ និងអង្គការជាសមាជិក ក៏បានជូនអំណោយជាង ២២៤.៦០០ ចំណែក តម្លៃសរុបជាង ១២០ ពាន់លានដុង; ផ្សព្វផ្សាយទម្រង់មុខរបរចិញ្ចឹមជីវិតចំនួន ២៧០ ឧបត្ថម្ភប្រជាជនជាង ២.៥០០ គ្រួសារឱ្យមានការងារធ្វើបន្ថែម បង្កើនប្រាក់ចំណូល។ តាមរយៈនោះ ការងារគិតគូរជូនអ្នកក្រ ជាជំហានផ្សារភ្ជាប់នឹងឧបត្ថម្ភចំពោះមុខ ជាមួយបង្កើតមុខរបរចិញ្ចឹមជីវិតយូរអង្វែង រួមចំណែកកាត់បន្ថយការក្រឡើងវិញ។

ជូនអំណោយឧបត្ថម្ភអ្នកក្រ រីកសាយភាយស្មារតីស្រឡាញ់គ្នាទៅវិញទៅមកក្នុងសហគមន៍។
តាមលោកស្រី ហូធីកឹមដាវ អនុលេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុង ការធានាសុខុមាលភាពសង្គម លើកកម្ពស់ជីវភាពសម្ភារៈ និងស្មារតីរបស់ប្រជាជន គឺជាគោលការណ៍ដ៏ធំ ឥតងាករេរបស់បក្ស រដ្ឋ។ ការគិតគូរអ្នកក្រ មិនត្រឹមតែជាការទទួលខុសត្រូវរបស់ប្រព័ន្ធនយោបាយទាំងមូល និងទូទាំងសង្គមប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីប្រពៃណីសាមគ្គី និងស្មារតីអាណិតស្រឡាញ់របស់ប្រជាជាតិទៀតផង។
ដើម្បីខែចលនាចំណុចកំពូល “ដើម្បីអ្នកក្រ” ឆ្នាំ ២០២៦ មានប្រសិទ្ធភាព គណៈប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានស្នើឱ្យរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់ សហការយ៉ាងជិតដិតជាមួយរដ្ឋអំណាច និងអង្គការជាសមាជិក ពិនិត្យឡើងវិញនូវតម្រូវការរបស់គ្រួសារនីមួយៗ កំណត់ច្បាស់មុខសញ្ញា និងរូបភាពជំនួយ; អាទិភាពលើលំនៅឋាន មុខរបរចិញ្ចឹមជីវិត ការរៀនសូត្រ និងការថែទាំសុខភាព។ ទន្ទឹមនឹងនោះ គួបផ្សំនឹងប្រភពកម្លាំងសង្គមជាមួយកម្មវិធីផ្សេងៗ និងគោលនយោបាយរបស់រដ្ឋ យកចិត្តទុកដាក់គ្រួសារក្បែរក្រ គ្រួសារដែលទើបចាកផុតភាពក្រីក្រ និងជនជាតិភាគតិចដែលមានជីវភាពលំបាក។ ការទទួល គ្រប់គ្រង និងប្រើប្រាស់ប្រភពវិភាគទាន ត្រូវធានាឱ្យបានត្រឹមត្រូវតាមបទប្បញ្ញត្តិ បើកចំហ មានតម្លាភាព និងឧបត្ថម្ភចំមនុស្ស និងត្រូវតាមតម្រូវការ។
គាំទ្រការចលនារួមរបស់ទីក្រុង គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំឡាយហ្វា ទើបចាត់តាំងពិធីបំផុសចលនា “ដើម្បីអ្នកក្រ” ឆ្នាំ ២០២៦។ ក្នុងពិធីនេះ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានអានលិខិត អំពាវនាវបណ្តាស្ថាប័ន អង្គភាព អាជីវកម្ម សប្បុរសជន កម្មាភិបាល អ្នករដ្ឋការ បុគ្គលិក កម្មករនិយោជិត និងប្រជាជនគ្រប់ជាន់ថ្នាក់ទាំងក្នុង និងក្រៅភូមិភាគ សកម្មរួមវិភាគទានមូលនិធិ “ដើម្បីអ្នកក្រ”។ សកម្មភាពដើម្បីកៀរគរប្រភពកម្លាំងគិតគូរជំនួយកម្លាំងដល់គ្រួសារជួបលំបាកពីលំនៅឋាន និងលក្ខណៈរស់នៅ។ បន្ទាប់ពីអំពាវនាវភ្លាម កងជួរកម្មាភិបាល អ្នករដ្ឋការ និងបុគ្គលិករបស់ឃុំ បានធ្វើជាគំរូ សកម្មចូលរួមវិភាគទាន សាយភាយស្មារតីទទួលខុសត្រូវ និងអំពើគុណធម៌ចែករំលែកដើម្បីសហគមន៍។ ក្នុងឱកាសនេះ ឃុំឡាយហ្វា បានប្រគល់ផ្ទះមហាសាមគ្គីចំនួន ១ ខ្នង តម្លៃ ៦០ លានដុង ដល់គ្រួសារជួបការលំបាកលើភូមិឋាន។ ផ្ទះបានរួមចំណែកកែលម្អលក្ខណៈរស់នៅ ជួយគ្រួសារមានទីជម្រកលំនឹង មានកម្លាំងចលករបន្ថែមស្ងប់ចិត្តពលកម្ម ឈានឡើងក្នុងជីវភាពបណ្តើរៗ។
តាមប្រសាសន៍លោក ត្រឹងគីមហ្វី លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំឡាយហ្វា ខែចលនាចំណុចកំពូល “ដើម្បីអ្នកក្រ” គឺជាឱកាសដើម្បីភូមិភាគបន្តចលនាដល់ស្ថាប័ន អង្គភាព អាជីវកម្ម និងប្រជាជន ព្រួតដៃជួយឧបត្ថម្ភអ្នកមានជីវភាពលំបាក។ តាមរយៈនោះ គិតគូរលំនៅឋានបានទាន់ពេល មុខរបរចិញ្ចឹមជីវិត ជួយគ្រួសារក្រីក្រមានលក្ខណៈបន្ថែមលំនឹងជីវភាព ឈានឡើងចាកផុតភាពក្រីក្រដោយចីរភាព។
ផ្តើមពីការព្រួតដៃរបស់សង្គមទាំងមូល ខែចលនាចំណុចកំពូល “ដើម្បីអ្នកក្រ” បន្តដាស់ស្មារតីសាមគ្គី ចែករំលែក និងការទទួលខុសត្រូវចំពោះសហគមន៍។ ដំបូលជម្រក អំណោយ និងទម្រង់មុខរបរចិញ្ចឹមជីវិតជាក់ស្តែង មិនត្រឹមតែជួយប្រជាជនឆ្លងកាត់ការលំបាកប៉ុណ្ណោះទេ ថែមទាំងផ្តល់កម្លាំងចលករឈានឡើង រួមចំណែកកសាងទីក្រុងកឹងធើ ឱ្យកាន់តែរីកចម្រើនដោយចីរភាពទៀតផង៕
ហុងទើ - លីសៀ