មោះមុតផ្លាស់ប្តូរពីការផលិតស្រូវមកដាំក្រូចឆ្មារគ្មានគ្រាប់វិញ បងហូវ៉ាំងភុក (ថាញ) នៅភូមិចុងព្រៃ ឃុំតឹបស៊ើង ខេត្តវិញឡុង សន្សឹមៗលើកកម្ពស់ប្រាក់ចំណូលសម្រាប់គ្រួសារ។ ដោយមានក្រុមហ៊ុនប្រមូលទិញផលិតផល បងស្ងប់ចិត្តបើកទូលាយផ្ទៃដី ព្រមទាំងបង្កការងារធ្វើដល់ពលករជនបទទៀតផង។
បងហូវ៉ាំងភុក កើតឆ្នាំ ១៩៨០ ឱ្យដឹង៖ កាលពីមុន គ្រួសារសំខាន់គឺធ្វើស្រែ ប៉ុន្តែប្រសិទ្ធភាពសេដ្ឋកិច្ចមិនបានដូចការរំពឹងឡើយ។ ដើម្បីស្វែងរកទិសដៅផលិតសមស្រប បងបានស្វែងយល់រៀនសូត្រពីបទពិ សោធន៍ និងដាំសាកល្បងក្រូចឆ្មារគ្មានគ្រាប់ចំនួន ៧ កុង និងក្រូចឆ្មារសំបកស្តើង ១៤ កុង។ តាមរយៈដំណើរការដាំដុះ ឃើញថាដំណាំក្រូចឆ្មារគ្មានគ្រាប់នាំមកប្រសិទ្ធភាពខ្ពស់ ហើយផលិតផលបានក្រុមហ៊ុន The Fruit Republic របស់ហូឡង់ ដែលមានទីតាំងនៅកឹងធើ ប្រមូលទិញក្នុងតម្លៃលំនឹង បងក៏សម្រេចចិត្តបើកទូលាយបន្ថែម ៣ ហិកតាទៀត។ មកទល់ពេលនេះ ផ្ទៃដីដាំក្រូចឆ្មារគ្មានគ្រាប់ចំនួន ៣,៧ ហិកតា និងក្រូចឆ្មារសំបកស្តើង ១,៤ ហិកតា សរុបផ្ទៃដីដាំក្រូចឆ្មាររបស់គ្រួសារឡើងដល់ ៥,១ ហិកតា។

បងហូវ៉ាំងភុក (ខាងឆ្វេង) រួមជាមួយកម្មាភិបាលភូមិភាគ។
បើតាមបងភុក ក្រូចឆ្មារគ្មានគ្រាប់ក្រោយពីប្រមូលផល បានក្រុមហ៊ុនទិញក្នុងតម្លៃពី ១៤.០០០ – ១៥.០០០ ដុង/គីឡូក្រាម មានពេលខ្លះឡើងដល់ ៤៣.០០០ ដុង/គីឡូក្រាម។ តម្លៃដែលក្រុមហ៊ុនប្រមូលទិញខ្ពស់ជាងតម្លៃទីផ្សារប្រមាណ ៤.០០០ – ៥.០០០ ដុង/គីឡូក្រាម។ តម្លៃទាំងនេះប្រែប្រួលទៅតាមពេលវេលានីមួយៗ ក្នុងនោះ ៤៣.០០០ ដុង/គីឡូក្រាម ជាកម្រិតតម្លៃខ្ពស់ដែលគ្រួសារធ្លាប់បានលក់។ មានអង្គភាពប្រមូលទិញផលិតផល ជួយឱ្យបងកាន់តែស្ងប់ចិត្តក្នុងការរក្សាចម្ការ។ នេះក៏ជាកត្តាមួយក្នុងចំណោមកត្តាដើម្បីបងសម្រេចចិត្តបើកទូលាយផ្ទៃដីក្រូចឆ្មារគ្មានគ្រាប់ បន្ទាប់ពីរយៈពេលដាំសាកល្បង។
បងភុក ឱ្យដឹង៖ ផលិតផលដែលបានក្រុមហ៊ុន The Fruit Republic ប្រមូលទិញ សំខាន់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប។ អាស្រ័យហេតុនោះ ដំណើរការថែទាំត្រូវអនុវត្តតាមការណែនាំរបស់កម្មាភិបាលបច្ចេកទេស និងសេចក្តីកំណត់របស់ក្រុមហ៊ុន។ បងបានអនុវត្តរាល់តម្រូវការអំពីការដាក់ជី បាញ់ថ្នាំក្នុងដំណើរការដាំដុះ ដើម្បីក្រូចឆ្មារឆ្លើយតបតាមលក្ខណៈប្រមូលទិញ។ ជាមួយទិសដៅផលិតនេះ ការបើកទូលាយផ្ទៃដីផ្សារភ្ជាប់ទៅនឹងតម្រូវការបច្ចេកទេសពីអង្គភាពប្រមូលទិញ។ ផ្តើមពីធ្វើស្រែជាសំខាន់ គ្រួសារបងជាជំហានប្តូរមកដាំក្រូចឆ្មារ ដោយយកប្រសិទ្ធភាពជាក់ស្តែងនិងលទ្ធភាពប្រើប្រាស់ទីផ្សារធ្វើជាមូលដ្ឋានវិនិយោគ។
ក្រៅពីក្រូចឆ្មារគ្មានគ្រាប់ បងភុកនៅបន្តរក្សាក្រូចឆ្មារសំបកស្តើងចំនួន ១៤ កុង ដែលបានដាំតាំងពីមុនមក បច្ចុប្បន្នកំពុងប្រមូលផល គ្រួសារលក់ដោយផ្ទាល់លើទីផ្សារក្នុងតម្លៃចន្លោះពី ៨.០០០ – ៣០.០០០ ដុង/គីឡូក្រាម អាស្រ័យលើខណះពេល។ តាមការទូទាត់របស់បង ចំណូលសរុបពីការដាំក្រូចឆ្មារគ្មានគ្រាប់និងក្រូចឆ្មារសំបកស្តើង ក្រោយពីទូទាត់រួច ទទួលបានប្រមាណ ៥០០ លានដុង/ឆ្នាំ។ លោក ត្រឹងវ៉ាងដាង ប្រធានសាខាសមាគមកសិករភូមិចុងព្រៃ ឱ្យដឹង៖ បងភុកបានទទួលស្គាល់ជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ឃុំ។ ទន្ទឹមនឹងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បងថែមទាំងបង្កការងារធ្វើដល់ពលករជនបទប្រមាណពី ៤ – ១០ នាក់ អាស្រ័យលើតម្រូវការការងារ។ បច្ចុប្បន្ន ភូមិភាគកំពុងរៀបចំសំណុំលិខិតស្នើសុំទទួលស្គាល់បងសម្រេចកិត្តិនាមជាកសិករផលិត ធ្វើអាជីវកម្មពូកែថ្នាក់ខេត្ត៕
ទីទុយ - លីសៀ