ដើម្បីពង្រីកស្មារតីឧស្សាហ៍ព្យាយាម ច្នៃប្រតិដ្ឋ នារីខ្មែរទីក្រុងកឹងធើខ្នះខ្នែងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ បង្កើនប្រាក់ចំណូល កែលម្អជីវភាព ព្រមទាំងអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ទម្រង់ជាក់ស្តែងទាំងនេះ បានរួមចំណែកបញ្ជាក់ពីតួនាទីរបស់នារីក្នុងការកសាងគ្រួសារសុខដុមរមនា សុភមង្គលនិងសហគមន៍អភិវឌ្ឍដោយចីរភាព។

បងស្រីឡឹមធីផលយ៉ែត នៅភូមិពាមបួន ឃុំត្រឹងដេ អភិវឌ្ឍមុខរបរកាត់ដេរវាំងនន រួមចំណែកបង្កើនប្រាក់ចំណូលដល់គ្រួសារ។
ផ្សារភ្ជាប់នឹងរបរកាត់ដេរជាង២០ឆ្នាំ បងស្រីឡឹមធីផលយ៉ែត នៅភូមិពាមបួន ឃុំត្រឹងដេ ទីក្រុងកឹងធើ តែងស្វែងរកទិសដៅអភិវឌ្ឍមុខរបរដើម្បីបង្កើនប្រាក់ចំណូលដល់គ្រួសារ។ ប៉ុន្មានឆ្នាំជិតៗនេះ សង្កេតឃើញតម្រូវការប្រើប្រាស់វាំងននរបស់ប្រជាជនកើនឡើង បងស្រីមិនរារែកស្វែងយល់បច្ចេកទេស ស្រាវជ្រាវគំរូនិងបង្វែរមកកាត់ដេរវាំងននតាមតម្រូវការអតិថិជន។ ប៉ុន្មានថ្ងៃដំបូងប្រកបការងារថ្មី បងស្រីជួបការលំបាកច្រើន ព្រោះពុំទាន់មានបទពិសោធន៍។ ឆ្លងកាត់ការសាកល្បងជាច្រើនលើកមិនទាន់ជោគជ័យ បងស្រីនៅតែព្យាយាមស្វែងយល់ រៀនសូត្រ កែលម្អបច្ចេកទេសបន្តិចម្តងៗក៏បានជោគជ័យ។ ឆ្នាំ២០១៩ បងស្រីកាត់ដេរបានជោគជ័យឈុតវាំងននដំបូង បង្កជាកម្លាំងជំរុញដើម្បីគាត់បន្តអភិវឌ្ឍទម្រង់។ផ្តើមពីនោះ បងស្រីបានបង្កើនថ្វីដៃបន្តិចម្តងៗ ឆ្លើយតបទៅនឹងតម្រូវការសម្បូរបែបរបស់អតិថិជនអំពីសំពត់ ម៉ូដនិងខ្នាតវាំងនន។
មកដល់ពេលនេះ មូលដ្ឋានកាត់ដេរវាំងននរបស់គ្រួសារបងស្រីបានជួលពលករបន្ថែម៣នាក់នៅមូលដ្ឋាន។ បងស្រីណែនាំទាំងបច្ចកទេសនិងធ្វើការផ្ទាល់ជាមួយបងប្អូននារី ដើម្បីបង្កើនចំណេះជំនាញ ធានាគុណភាពផលិតផល។ មធ្យមជារៀងរាល់ថ្ងៃគាត់អាចកាត់ដេររួចរាល់បានមួយឈុតវាំងនន រួមមាន៖ វាំងននទ្វារធំ ទ្វាររងនិងទ្វារបង្អួច។ យោងទៅតាមសំពត់ ម៉ូដ ខ្នាតនិងតម្រូវការរចនា វាំងននមួយឈុតៗមានតម្លៃពី៣លានដុង ដល់១០លានដុង។
បងស្រីឡឹមធីយ៉ែត ឱ្យដឹង៖ "ខ្ញុំស្រឡាញ់ចូលចិត្តរបរកាត់ដេរខ្លាំងណាស់ ដូច្នេះ បានផ្សារភ្ជាប់ជាមួយអាជីពជាង២០ឆ្នាំមកហើយ។ដោយបានការយកចិត្តទុកដាក់ លើកទឹកចិត្តរបស់បងប្អូននារីក្នុងសមាគមសហព័ន្ធនារី ខ្ញុំកាន់តែមានកម្លាំងចិត្តអភិវឌ្ឍទម្រង់កាត់ដេរវាំងនន។ ខ្ញុំចង់ឱ្យទម្រង់នេះកាន់តែអភិវឌ្ឍ ដើម្បីជួយគ្រួសារមានប្រាក់ចំណូលលំនឹងនិងបង្កលក្ខណៈដើម្បីបងប្អូននារីក្នុងភូមិមករៀនវិជ្ជាជីវៈ មានការងារធ្វើ បង្កើនប្រាក់ចំណូលនិងកែលម្អជីវភាព"។
អ្នកស្រី ឡេគីមក្វៀង ប្រធានសមាគមសហព័ន្ធនារីឃុំត្រឹងដេ បញ្ជាក់៖ "ទម្រង់កាត់ដេរវាំងននរបស់គ្រួសារបងស្រីផលយ៉ែត បង្ហាញឱ្យឃើញពីភាពម្ចាស់ការ ច្នៃប្រតិដ្ឋរបស់សមាជិកានារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច។ នេះជាមូលដ្ឋានដើម្បីសមាគមសហព័ន្ធនារីឃុំបន្តការចលនាបងប្អូននារីក្លាហានរៀនសូត្របទពិសោធន៍ ទាញ់យកឧត្តមភាពរបស់ខ្លួននិងជ្រើសរើសទិសដៅរកស៊ីសមស្រប។ តាមនោះ ជាជំហានៗកសាងទម្រង់សេដ្ឋកិច្ចជាក់ស្តែង រួមចំណែកពង្រីកតួនាទីរបស់នារីក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ"។

ក្រុមទូកនារីវត្តបឹងទន្សា សកម្មហាត់សម ត្រៀមលក្ខណៈចូលរួមពិធីប្រណាំងទូក ង ទីក្រុងកឹងធើបើកទូលាយ ឆ្នាំ២០២៦។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងអភិវឌ្ឍសេដ្ឋកិច្ច នារីខ្មែរទីក្រុងកឹងធើនៅទាំងខ្នះខ្នែងចូលរួមបណ្តាសកម្មភាពវប្បធម៌ កីឡាប្រពៃណី រួមចំណែកអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ។ ក្នុងនោះ ទូក ង នារីវត្តបឹងទន្សា នៅឃុំតាយវ៉ាំង ជាកងកម្លាំងមួយក្នុងចំណោមកងកម្លាំងដែលរួមចំណែកធ្វើឱ្យសម្បូរបែបសកម្មភាពប្រណាំងទូក ង ក្នុងឱកាសពិធីបុណ្យអកអំបុកជារៀងរាល់ឆ្នាំ។
ប៉ុន្មានថ្ងៃនេះ ការងារត្រៀមលក្ខណៈសម្រាប់ទិវាវប្បធម៌វៀតណាមភ្ជាប់នឹងពិធីបុណ្យអកអំបុក-ប្រណាំងទូក ង ទីក្រុងកឹងធើ ឆ្នាំ២០២៦ កំពុងបានត្រៀមបម្រុងយ៉ាងសស្រាក់សស្រាំនៅតាមវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរ។ នៅវត្តបឹងទន្សា កីឡាករទូក ងបុរសនិងទូក ង នារី កំពុងតែហាត់សម ហាត់កាយសម្បទា លើកកម្ពស់បច្ចេកទេស ត្រៀមលក្ខណៈចូលរួមអុំប្រណាំង។ តាមថេរដីការបស់ព្រះឧបជ្ឈាយ៍ថាច់សុង ព្រះចៅអធិការវត្តបឹងទន្សា ឆ្នាំនេះ ក្រុមទូកនារីរបស់វត្តមានកីឡាការិនីចូលអុំជាង៧០នាក់។បច្ចុប្បន្ន កីឡាករកំពុងហាត់យ៉ាងសកម្មលើបន្ទា ដើម្បីត្រៀមលក្ខណៈបានល្អសម្រាប់រដូវកាលប្រណាំង។ ទោះបីដំណើរការហាត់សមមានភាពនឿយហត់ ប៉ុន្តែកីឡាការិនីគ្រប់រូបតែងលើកកម្ពស់ស្មារតីសាមគ្គី ព្យាយាមហាត់ពត់ ប្តេជ្ញាចិត្តសហការស៊ីចង្វាក់ រួមចំណែកប្រណាំងប្រជែងបានលទ្ធផលល្អបំផុតនិងពង្រីកចលនាប្រណាំងទូក ងនារីក្នុងជនរួមជាតិខ្មែរ។
បងស្រីគឹមធីបន កីឡាការនីទូក ង នារីវត្តបឹងទន្សា ឱ្យដឹង៖ "បានចូលរួមក្រុមទូក ង នារី ខ្ញុំសប្បាយចិត្តនិងមានមោទនភាពខ្លាំងណាស់ ពីព្រោះ បានរួមកម្លាំងជាមួយបងប្អូននារីថែរក្សាលក្ខណៈវប្បធម៌ប្រពៃណីរបស់ជនជាតិខ្លួន។ ក្នុងដំណាក់ការហាត់សម បងប្អូនតែងលើកទឹកចិត្ត ជួយគ្នាទៅវិញទៅមក រួមគ្នាខិតខំលើកកម្ពស់បច្ចេកទេសនិងកាយសម្បទាឱ្យមាំមួន ឆ្ពោះដល់រដូវកាលប្រណាំងនាពេលខាងមុខ។ សង្ឃឹមថាក្រុមទូកកាន់តែមានការអភិវឌ្ឍ ទាក់ទាញបងប្អូននារីចូលរួមកាន់តែច្រើន ដើម្បីឱ្យចលនាប្រណាំងទូក ង នារីបានរក្សាខ្ជាប់និងរីកសាយភាយទូលំទូលាយជាង"។
ពង្រីកសេដ្ឋកិច្ចភ្ជាប់នឹងការអភិរក្សអត្តសញ្ញាណវប្បធម៌កំពុងបាននារីទីក្រុងកឹងធើបង្ហាញតាមរយៈការងារជាក់ស្តែង ជិតដិតនឹងជីវភាព។ ទម្រង់មុខរបររកស៊ីចិញ្ចឹមជីវិតមានប្រសិទ្ធភាពនីមួយៗ និងសកម្មភាពវប្បធម៌នីមួយៗ សុទ្ធតែបានរួមចំណែកលើកកម្ពស់គុណភាពជីវភាព ពង្រីកលទ្ធភាពផ្ទាល់ខ្លួនរបស់នារីនិងថែរក្សាតម្លៃវប្បធម៌ប្រពៃណីល្អប្រពៃសម្រាប់អ្នកជំនាន់ក្រោយ៕
ហុងទើ-មុនី