ទីក្រុងកឹងធើជំរុញការហ្វឹកហ្វឺន ផ្សព្វផ្សាយសេចក្តីកំណត់អំពីសុវត្ថិភាពម្ហូបអាហារក្នុងការផលិតកសិរុក្ខជលផល។ តាមរយៈនោះ លើកកម្ពស់ការយល់ដឹង ទទួលខុសត្រូវរបស់ប្រជាជន ធ្វើឱ្យសុក្រឹតសន្សឹមៗនូវដំណើរការផលិត លើកកម្ពស់គុណភាពកសិផល ឆ្លើយតបនឹងតម្រូវការទីផ្សារ។

ទិដ្ឋភាពវគ្គហ្វឹកហ្វឺនអំពីសុវត្ថិភាពម្ហូបអាហារក្នុងការផលិតកសិរុក្ខជលផល។
អនុវត្តគម្រោងជំរុញនាំចេញកសិរុក្ខជលផលដល់ឆ្នាំ ២០៣០ តាមសេចក្តីសម្រេចលេខ ១៧៤/QĐ-TTg របស់នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល ទីក្រុងកឹងធើ ផ្តោតសំខាន់អនុវត្តនូវវិធានការលើកកម្ពស់គុណភាពផលិតផល ធានាសុវត្ថិភាពម្ហូបអាហារ និងឆ្លើយតបតម្រូវការកាន់តែខ្ពស់របស់ទីផ្សារ។ ក្នុងនោះ ផ្សព្វផ្សាយសេចក្តីកំណត់របស់ច្បាប់ ណែនាំបច្ចេកទេសផលិតសុវត្ថិភាព និងលើកកម្ពស់ទទួលខុសត្រូវរបស់ប្រជាជនត្រូវបានយកចិត្តទុកដាក់ រួមចំណែកក្លាយជាវិធីសាស្ត្រផលិតដោយចីរភាព បង្កើនសមត្ថភាពក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ និងពង្រីកទីផ្សារប្រើប្រាស់កសិផល។
តាមផែនការ ក្នុងខែតុលា ឆ្នាំ ២០២៦ សាខានាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារទីក្រុងកឹងធើ គ្រោងទុកនឹងចាត់តាំងបើកវគ្គហ្វឹកហ្វឺនចំនួន២០ថ្នាក់ នៅតាមឃុំ សង្កាត់លើភូមិឋានទីក្រុង។ វគ្គនីមួយៗប្រព្រឹត្តឡើងក្នុង១ថ្ងៃ មានអ្នកចូលរួមប្រមាណ៣០នាក់ ជាសំខាន់គឺគ្រួសារផលិតកសិរុក្ខជលផល។ សកម្មភាពនេះ ដើម្បីជួយប្រជាជនធ្វើបច្ចុប្បន្នភាពចំណេះដឹង លើកកម្ពស់ស្មារតីគោរពតាមសេចក្តីកំណត់អំពីសុវត្ថិភាពម្ហូបអាហារ សន្សឹមៗផ្លាស់ប្តូរទម្លាប់ផលិតតាមទិសដៅទទួលខុសត្រូវ ធានាគុណភាព និងបង្កើនតម្លៃកសិផល។
តាមប្រសាសន៍លោកស្រី ឡេធីង៉ុកយ៉េម ប្រធានការិយាល័យរដ្ឋបាល-ទូទៅ សាខានាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារទីក្រុងកឹងធើ តាមរយៈវគ្គហ្វឹកហ្វឺនទាំងនេះ ផ្នែកឯកទេសសង្ឃឹមថានឹងជួយឱ្យអ្នកផលិតក្តាប់ច្បាស់នូវសេចក្តីកំណត់អំពីសុវត្ថិភាពម្ហូបអាហារ កំណត់បានហានិភ័យដែលអាចប៉ះពាល់ដល់គុណភាពផលិតកសិផល និងអនុវត្តត្រឹមត្រូវតាមខ្សែសង្វាក់ផលិតសុវត្ថិភាព។ ការលើកកម្ពស់ការយល់ដឹង ទទួលខុសត្រូវរបស់គ្រួសារនីមួយៗ នឹងរួមចំណែកគ្រប់គ្រងគុណភាពផលិតផលផ្តើមពីផ្នែកផលិតដំបូង បង្កលក្ខណៈងាយស្រួលដើម្បីកសិផលឆ្លើយតបនឹងតម្រូវការទីផ្សារ។

កម្មាភិបាលឯកទេសផ្សព្វផ្សាយនូវសេចក្តីកំណត់អំពីសុវត្ថិភាពម្ហូបអាហារ និងណែនាំប្រជាជនអនុវត្តដំណើរការផលិតសុវត្ថិភាព។
នៅឃុំត្រឹងដេ ការិយាល័យសេដ្ឋកិច្ចឃុំ សហការជាមួយសាខានាយកដ្ឋានគុណភាព កែច្នៃ និងអភិវឌ្ឍន៍ទីផ្សារចាត់តាំងបើកវគ្គហ្វឹកហ្វឺន មានអ្នកតំណាងចូលរួមដែលជាគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ ការិយាល័យវប្បធម៌-សង្គម សមាគមកសិករ មជ្ឈមណ្ឌលសេវាកម្មទូទៅ ព្រមជាមួយនឹងគ្រួសារផលិតឆ្នើមចំនួន៣០គ្រួសារ និងប្រធានភូមិចំនួន ១៣ នៅលើភូមិឋានឃុំ។
ក្នុងវគ្គហ្វឹកហ្វឺន អ្នករាយការណ៍ផ្តោតសំខាន់លើការណែនាំប្រជាជនអនុវត្តសេចក្តីកំណត់អំពីគ្រប់គ្រងគុណភាព សុវត្ថិភាពម្ហូបអាហារចំពោះកសិរុក្ខជលផលតាមការធ្វើវិមជ្ឈការត្រង់សារាចរលេខ ១៧/២០២៥/TT-BNNMT របស់ក្រសួងកសិកម្ម និងបរិស្ថាន ក្នុងការអនុវត្តជាក់ស្តែង។ ប្រជាជនបានស្វែងយល់អំពីរបៀបប្រើប្រាស់ជី ថ្នាំការពាររុក្ខជាតិ និងសម្ភារៈកសិកម្មផ្សេងៗទៀតឱ្យត្រូវតាមសេចក្តីកំណត់; រយៈពេលគម្លាតមុនប្រមូលផល មិនប្រើប្រាស់សារធាតុហាមឃាត់ និងអនុវត្តវិធានការបង្ការហានិភ័យដែលបណ្តាលឱ្យបាត់សុវត្ថិភាពម្ហូបអាហារក្នុងការផលិត កែច្នៃដំបូង និងរក្សាទុក។ ទន្ទឹមនឹងនោះ អ្នករាយការណ៍បានឧទ្ទេសនាមអំពីដំណើរការអនុវត្តផលិតតាមបទដ្ឋាន GAP ទន្ទឹមនឹងនោះយកចិត្តទុកដាក់អំពីទង្វើរំលោភបំពាន និងសេចក្តីកំណត់ពិន័យដែលជាប់ពាក់ព័ន្ធ។
បងស្រី ថាច់ធីហុងញី នៅភូមិពាមបួន ឃុំត្រឹងដេ ឱ្យដឹង៖ "តាមរយៈវគ្គហ្វឹកហ្វឺននេះ ខ្ញុំយល់កាន់តែច្បាស់ពីរបៀបប្រើប្រាស់សម្ភារៈកសិកម្មត្រូវតាមសេចក្តីកំណត់ ធានារយៈពេលគម្លាត និងផ្តោតសំខាន់លើសុវត្ថិភាពម្ហូបអាហារក្នុងដំណើរការផលិត។ ខ្ញុំនឹងអនុវត្តចំណេះដឹងដែលបានណែនាំទៅក្នុងការអនុវត្តជាក់ស្តែង រួមចំណែកបង្កផលិតផលសុវត្ថិភាព ការពារសុខភាពគ្រួសារ និងអ្នកប្រើប្រាស់"។
លើកកម្ពស់ការយល់ដឹងអំពីសុវត្ថិភាពម្ហូបអាហារគឺជាជំហានសំខាន់ដើម្បីកសាងវិស័យកសិកម្មមានការទទួលខុសត្រូវ លើកកម្ពស់គុណភាព និងតម្លៃកសិផល។ ជាមួយនឹងការរួមដំណើររបស់រដ្ឋអំណាច ផ្នែកឯកទេស និងប្រជាជន ឃុំត្រឹងដេ សំដៅអភិវឌ្ឍផលិតសុវត្ថិភាព ចីរភាព រួមចំណែកកែលម្អជីវភាពប្រជាជន និងជំរុញសេដ្ឋកិច្ចភូមិភាគ៕
ហុងទើ - វិមាន