ក្រៅពីភារកិច្ចបង្រៀនចំណេះដឹងទូទៅនិងលត់ដំបំណិន សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកូវកែ ក៏យកចិត្តទុកដាក់លើការបណ្តុះសេចក្តីស្រឡាញ់ចំពោះវប្បធម៌ជនជាតិដល់សិស្សានុសិស្ស។ តាមរយៈសកម្មភាពបង្រៀនអក្សរខ្មែរ របាំនិងតន្ត្រីប្រពៃណី ព្រមទាំងការចាត់តាំងពិធីសិល្បៈផ្សេងៗ សាលាបានបំផុសស្មារតីមោទនភាពចំពោះវប្បធម៌ជនជាតិ និងលើកកម្ពស់ការយល់ដឹងអំពីការថែរក្សា និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ដល់យុវជនជំនាន់ក្រោយ។

ម៉ោងរៀនភាសាខ្មែរនៅសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកូវកែ ។
ក្នុងឆ្នាំសិក្សា ២០២៦-២០២៧ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកកូវកែមានសិស្សសរុប ២៧៦ នាក់។ ជាសាលាដែលមានលក្ខណៈពិសេសដោយឡែក ក្រៅពីអនុវត្តកម្មវិធីអប់រំចំណេះទូទៅឆ្នាំ ២០១៨ សាលាក៏យកចិត្តទុកដាក់លើការបញ្ចូលសកម្មភាពអប់រំអំពីវប្បធម៌ខ្មែរទៅក្នុងការសិក្សា ដើម្បីបង្កលក្ខណៈឱ្យសិស្សានុសិស្សអាចសិក្សារៀនសូត្រ លត់ដំបំណិន និងយល់ដឹងកាន់តែច្បាស់អំពីភាសា អក្សរសាស្ត្រនិងប្រពៃណីរបស់ជនជាតិខ្លួន។ ក្នុងចំណោមសកម្មភាពទាំងនេះ ការបង្រៀនអក្សរខ្មែរគឺជាខ្លឹមសារដ៏សំខាន់មួយ ដែលរួមចំណែកក្នុងការថែរក្សាភាសាកំណើត និងផ្សារភ្ជាប់សិស្សានុសិស្សទៅនឹងតម្លៃវប្បធម៌ដែលបានបន្សល់មកពីជំនាន់មួយទៅជំនាន់មួយ។
តាមប្រសាសន៍លោកគ្រូ គៀងវិសិដ្ឋ គ្រូបង្រៀនទទួលបន្ទុកភាសាខ្មែរ សិស្សមួយចំនួននៅមានកម្រិតក្នុងការរៀន ដោយសារគ្រួសារប្រើប្រាស់ភាសាកំណើតតិចតួចក្នុងជីវភាពប្រចាំថ្ងៃ។ ចំណែកសិស្សដែលធ្លាប់រៀនអក្សរខ្មែរនៅវត្តក្នុងរដូវវិស្សមកាល ជាទូទៅមានមូលដ្ឋានគ្រឹះរឹងមាំគ្រាន់បើ ដែលជួយឱ្យការសិក្សារបស់ប្អូនៗមានភាពងាយស្រួល។ ចំពោះស្ថានភាពនេះ គ្រូបង្រៀនបានកែសម្រួលវិធីសាស្ត្របង្រៀន ដោយផ្តោតលើសិស្សជាចម្បង និងរួមបញ្ចូលការហ្វឹកហាត់ជំនាញស្តាប់ និយាយ អាននិងសរសេរ ជាមួយនឹងឧបករណ៍ជំនួយការបង្រៀន។ វិធីសាស្ត្របង្រៀនបែបមើលឃើញផ្ទាល់ និងមានភាពរស់រវើក ជួយឱ្យសិស្សានុសិស្សងាយចងចាំតួអក្សរ បង្កើតចំណាប់អារម្មណ៍ក្នុងការសិក្សា និងបង្កើនសេចក្តីស្រឡាញ់ចំពោះភាសាកំណើតរបស់ខ្លួន។
តាមរបាយការណ៍របស់សាលា ជារៀងរាល់ឆ្នាំ អត្រាសិស្សប្រឡងភាសាខ្មែរជាប់ ១០០% និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ស្របតាមបទប្បញ្ញត្តិដែលបានកំណត់។ លទ្ធផលនេះ បានរួមចំណែកបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់គ្រូបង្រៀននិងសិស្សានុសិស្ស ក្នុងដំណើរការបង្រៀននិងរៀនភាសាខ្មែរ ព្រមទាំងបង្កមូលដ្ឋានគ្រឹះ ដើម្បីប្អូនៗបន្តរួមចំណែកក្នុងការអភិរក្សភាសានិងអក្សរសាស្ត្ររបស់ជនជាតិខ្លួន។
មិនត្រឹមតែយកចិត្តទុកដាក់លើការបង្រៀនអក្សរប៉ុណ្ណោះទេ សាលាក៏បានបង្កលក្ខណៈឱ្យសិស្សានុសិស្សបានអនុវត្តផ្ទាល់ និងទទួលបទពិសោធន៍អំពីវប្បធម៌ប្រពៃណី។ តាមប្រសាសន៍របស់លោកគ្រូ ថាច់ពឿន ចាងហ្វាងសាលា សកម្មភាពវប្បធម៌សិល្បៈខ្មែរត្រូវបានបញ្ចូលទៅក្នុងជីវភាពប្រចាំថ្ងៃនៅក្នុងសាលា ដោយសិស្សានុសិស្សទទួលបានការណែនាំឱ្យហាត់របាំប្រពៃណីក្នុងម៉ោងអប់រំកាយ រយៈពេល ២ ម៉ោងក្នុងមួយសប្តាហ៍។ ជារៀងរាល់ឆ្នាំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ជនជាតិខ្មែរ សាលាបានចាត់តាំងកម្មវិធីសិល្បៈដើម្បីបង្កបរិយាកាសឱ្យសិស្សានុសិស្សសម្តែងរបាំ ច្រៀងរាំ និងតន្ត្រីប្រពៃណី ព្រមទាំងចូលរួមប្រកួតប្រជែងចំណេះដឹងស្តីពីវប្បធម៌ខ្មែរ។ តាមរយៈសកម្មភាពទាំងនេះ សិស្សានុសិស្សអាចអភិវឌ្ឍទេពកោសល្យ បញ្ចេញគំនិតច្នៃប្រតិដ្ឋ និងស្វែងយល់បន្ថែមអំពីទំនៀមទម្លាប់និងប្រពៃណីរបស់ជនជាតិ។

សិស្សានុសិស្សអនុវិទ្យាល័យជនជាតិអន្តេវាសិកកូវកែ កំពុងហាត់ចង្វាក់រាំប្រពៃណីខ្មែរក្នុងម៉ោងអប់រំកាយសមូហភាពរបស់សាលា។
ជាសិស្សថ្នាក់ទី៩ ប្អូនថាច់ធីថាវវី មានអារម្មណ៍សប្បាយរីករាយដែលបានសិក្សានៅក្នុងបរិស្ថានសាលាអន្តេវាសិក ព្រោះនៅទីនេះប្អូនទទួលបានទាំងការយកចិត្តទុកដាក់លើជីវភាពរស់នៅ និងការសិក្សារៀនសូត្រ ព្រមទាំងមានឱកាសស្វែងយល់អំពីវប្បធម៌ជនជាតិ។ ថាវវី ចែករំលែក៖ "ក្រៅពីបង្រៀនអក្សរ លោកគ្រូ អ្នកគ្រូក៏បង្រៀនពួកប្អូនឱ្យស្គាល់អំពីទំនៀមទម្លាប់និងប្រពៃណីរបស់ជនជាតិ បង្ហាត់ឱ្យចេះរាំនិងផ្តល់ឱកាសឱ្យពួកប្អូនបញ្ចេញគំនិតច្នៃប្រតិដ្ឋ សម្រាប់សកម្មភាពវប្បធម៌សិល្បៈក្នុងឱកាសពិធីបុណ្យផ្សេងៗ"។ សម្រាប់ថាវវី សកម្មភាពទាំងនេះមិនត្រឹមតែនាំមកនូវភាពសប្បាយរីករាយប៉ុណ្ណោះទេ ថែមទាំងជួយឱ្យប្អូនយល់ដឹងកាន់តែច្បាស់អំពីប្រពៃណីរបស់ជនជាតិខ្លួន។ ការទទួលបានឱកាសចូលរួមសម្តែងនិងចែករំលែកគំនិតច្នៃប្រតិដ្ឋ ក៏ជួយឱ្យសិស្សានុសិស្សកាន់តែមានទំនុកចិត្តលើខ្លួនឯង និងមានភាពម្ចាស់ការក្នុងសកម្មភាពជាក្រុម។
ចាប់ពីម៉ោងសិក្សាអក្សរខ្មែរ រហូតដល់ការហាត់រាំ ការសម្តែងសិល្បៈ និងការប្រឡងស្វែងយល់អំពីវប្បធម៌ប្រពៃណី សាលាវិទ្យាល័យជនជាតិអន្តេវាសិកកូវកែ កំពុងបង្កបរិយាកាសមួយដែលផ្តល់ឱកាសឱ្យសិស្សានុសិស្សបានស្វែងយល់ អនុវត្តផ្ទាល់ និងចេះឱ្យតម្លៃចំពោះមរតកប្រពៃណី។ តាមរយៈសកម្មភាពទាំងនេះ ការថែរក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ មិនត្រឹមតែស្ថិតនៅក្នុងចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែក៏កំពុងក្លាយជាស្មារតីនិងជាការទទួលខុសត្រូវរបស់យុវជនជំនាន់ក្រោយផងដែរ ក្នុងដំណើរបន្តថែរក្សានិងផ្សព្វផ្សាយវប្បធម៌ជនជាតិទៅកាន់យុវជនជំនាន់ក្រោយ៕
ពេជ្រ សឿន