ដងផ្លូវធំទូលាយ ស្ពានថ្នល់បត់បែនព្រមទាំងអំពូលភ្លើងតាមបណ្តោយផ្លូវ គឺបង្កបាននូវទិដ្ឋភាពថ្មីនៅតំបន់ជនជាតិភាគតិចនៃទីក្រុងកឹងធើ។ ខាងក្រោយនៃការផ្លាស់ប្តូរទាំងនោះ គឺការយល់ស្របនិងកម្លាំងសាមគ្គីរបស់ប្រជាជន រួមគ្នាខិតខំប្រឹងប្រែងរបស់រដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ក្នុងការផ្សព្វផ្សាយគោលការណ៍ និងគោលនយោបាយជាក់ស្តែង រួមចំណែកធ្វើឱ្យសុក្រឹតបន្ថែមហេដ្ឋារចនាសម្ព័ន្ធ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងលើកកម្ពស់ការរស់នៅរបស់ប្រជាជន។

ពិធីសម្ពោធស្ពានជនបទនៅឃុំគូឡាវយុង ទីក្រុងកឹងធើ។
ផ្តើមពីគោលការណ៍ស្របចិត្តប្រជាជនរហូតដល់សំណង់ជាក់ស្តែងនានាដើម្បីបម្រើជីវភាព ការចលនា “ទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មី ទីក្រុងស៊ីវិល័យ” កំពុងសាយភាយយ៉ាងខ្លាំងក្លាទៅក្នុងជីវភាពសង្គម។ នៅតាមភូមិឋានដែលមានជនជាតិភាគតិចរស់នៅកុះករ ការគាំទ្ររបស់ប្រជាជនបានបង្ហាញឡើងយ៉ាងរស់រវើកតាមរយៈសកម្មភាពជាក់ស្តែង ភូមិស្រុកកាន់តែផ្លាស់ប្ដូរពីមួយថ្ងៃទៅថ្ងៃ។
យោងតាមរបាយការណ៍លទ្ធផលរបស់គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ ក្នុង ៦ ខែដើមឆ្នាំ ២០២៦ រណសិរ្សគ្រប់លំដាប់ថ្នាក់ព្រមទាំងអង្គការសមាជិកបានអំពាវនាវយ៉ាងសកម្មដល់ប្រជាជនដើម្បីព្រួតដៃកសាងថ្មីស្ពានជនបទចំនួន ៨៨ កន្លែង លើកកម្ពស់ និងពង្រីកផ្លូវគមនាគមន៍ជនបទចំនួន ៥៤ គីឡូម៉ែត្រ។ មិនបង្អង់ត្រឹមហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ទេសភាពបរិស្ថាន និងសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់តាំងទីលំនៅប៉ុណ្ណោះទេ ថែមទាំងបានយកចិត្តទុកដាក់ជាពិសេសទៀតផង។ ផ្កាលម្អរាប់រយពាន់ដើមបានដាំនៅតាមសងខាងផ្លូវ; ធុងផ្ទុកសំរាមសាធារណៈចំនួន ១.៧៧៥ ធុង អំពូលភ្លើងចំនួន ៣.៥៧០ សម្រាប់ និងកាមេរ៉ាសុវត្ថិភាពចំនួន ៥៦៨ បានតម្លើងយ៉ាងព្រមៗគ្នាជាមួយនឹងតម្លៃសរុបជិត ៧០ ពាន់លានដុង។
ខាងក្រោយនៃលទ្ធផលទាំងនោះ គឺកម្លាំងសាមគ្គីដ៏ខ្ជាប់ខ្ជួនរបស់ប្រជាជនម្នាក់ៗ។ អ្នកខ្លះបរិច្ចាគថវិកា អ្នកខ្លះបរិច្ចាគថ្ងៃកម្លាំងពលកម្ម អ្នកខ្លះស្ម័គ្រចិត្តបរិច្ចាគដីធ្លី; មានគ្រួសារខ្លះសុខចិត្តរុះរើរបង រុះរើរបស់របរសំណង់ដើម្បីពង្រីកផ្លូវ។ ការរួមចំណែកទាំងនោះ ទោះបីជាខុសគ្នាអំពីលក្ខណះ និងទម្រង់ក៏ដោយ ប៉ុន្តែមានគោលដៅតែមួយគឺ៖ កសាងកន្លែងដែលខ្លួនផ្សារភ្ជាប់ឱ្យកាន់តែស្រស់ស្អាត ស៊ីវិល័យ និងមានសុវត្ថិភាពជាង។

ដងផ្លូវជនបទថ្មី “ភ្លឺ - បៃតង - ជ្រះ - ស្អាត” ឆ្ពោះទៅកាន់ឃុំតាយវ៉ាំង ទីក្រុងកឹងធើ។
តាមលោកស្រី ង្វៀង ធីហ្វែជី - អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីក្រុងកឹងធើ បានឱ្យដឹង៖ បើចង់កសាងជនបទថ្មីចីរភាពពិតប្រាកដ លុះត្រាតែចេញពីតម្រូវការដ៏ចាំបាច់របស់ប្រជាជន និងយកប្រជាជនធ្វើជាមជ្ឈមណ្ឌល និងជាអង្គសំខាន់នៃការអនុវត្ត។ រយៈពេលកន្លងមក រណសិរ្សគ្រប់លំដាប់ថ្នាក់របស់ទីក្រុងតែងតែបញ្ជា្របយ៉ាងស៊ីជម្រៅនូវគោលលំនាំ “ប្រជាជនដឹង ប្រជាជនពិភាក្សា ប្រជាជនធ្វើ ប្រជាជនពិនិត្យ ប្រជាជនតាមដាន ប្រជាជនទទួលផល”។ នៅពេលដែលគោលការណ៍បានផ្សព្វផ្សាយច្បាស់លាស់ ប្រជាជនបានពិភាក្សា និងឃើញច្បាស់នូវផលប្រយោជន៍ចំពោះមុខ និងយូរអង្វែង នោះការស្រុះស្រួលក្នុងសហគមន៍នឹងបានកើនឡើងទ្វេដង។ ថវិកាជិត ៧០ ពាន់លានដុងដែលបានផ្សព្វផ្សាយក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ នេះគឺជាលលទ្ធផលនៃទំនុកចិត្តយ៉ាងមុតមាំរបស់ប្រជាជនមកលើគោលការណ៍របស់បក្ស និងគោលនយោបាយរបស់រដ្ឋ។
ក្នុងដំណើរការនាំយកសេចក្តីសម្រេចចិត្តទៅក្នុងជីវភាព អ្នកមានប្រិយភាពក្នុងជនរួមជាតិខ្មែរដើរតួនាទីជាស្ពានតភ្ជាប់យ៉ាងសំខាន់។ ដោយប្រិយភាព ភាពជាគំរូ និងសំឡេងដ៏ជិតស្និទ្ធ ពួកគាត់មិនត្រឹមតែស្រាយបំភ្លឺពីគោលការណ៍ប៉ុណ្ណោះទេ ប៉ុន្តែនៅទាំងត្រួសត្រាយផ្លូវដើម្បីឱ្យមាមីងមើលឃើញពីប្រសិទ្ធភាពច្បាស់លាស់ និងធ្វើតាមទៀតផង។ តួយ៉ាងដូចជាលោក ថាច់យ៉ឹង ជាអ្នកមានប្រិយភាពនៅសង្កាត់វិញចូវ គាត់បានរួមចំណែកយ៉ាងសកម្មជាច្រើនក្នុងចលនាកៀរគរបរិច្ចាគដី ដើម្បីធ្វើផ្លូវ។
គ្រួសារ លោក ថាច់យ៉ឹង បានស្ម័គ្រចិត្តបរិច្ចាគដីជាង ២០០ ម៉ែត្រការ៉េ ដើម្បីបើកផ្លូវ និងដី ២៥ ម៉ែត្រការ៉េបន្ថែមទៀតសម្រាប់សាងសង់ផ្ទះប្រជុំជីវភាពសហគមន៍។ មិនបង្អង់ត្រឹមការងាររបស់គ្រួសារប៉ុណ្ណោះទេ លោកថែមទាំងបានរក្សាខ្ជាប់ទៅដល់គ្រួសារនីមួយៗ និងវត្តអារាមជាមួយនឹងកម្មាភិបាលរណសិរ្សដើម្បីផ្សព្វផ្សាយ និងចលនាគ្រួសារជុំវិញរួមគ្នាបរិច្ចាគដី ពង្រីកដោយជោគជ័យនូវដងផ្លូវតភ្ជាប់ភូមិដែលមានប្រវែងជាង ៤០០ ម៉ែត្រ។
លោក ថាច់យ៉ឹង ចែករំលែក៖ កាលពីមុន ផ្លូវថ្នល់មិនទាន់បានវិនិយោគព្រមគ្នាទេ ដូច្នេះការធ្វើដំណើររបស់មាមីង បំផុតគឺក្នុងរដូវភ្លៀង គឺជួបការលំបាកយ៉ាងខ្លាំង។ នៅពេលដែលមូលដ្ឋានផ្សព្វផ្សាយកសាងជនបទថ្មី កម្មាភិបាលរណសិរ្សបានមកដល់ផ្ទះ និងវត្តអារាមផ្ទាល់ដើម្បីផ្សព្វផ្សាយ និងកៀរគរ ព្រមទាំងស្តាប់មតិយោបល់ និងពិភាក្សាជាមួយមាមីងអំពីវិធីសាស្ត្រអនុវត្ត។ អាស្រ័យហេតុនោះ បានជាប្រជាជនយល់ច្បាស់ពីអត្ថន័យនៃកម្មវិធី ឆ្លើយតបយ៉ាងសកម្ម និងព្រួតដៃជាមួយរដ្ឋអំណាចដើម្បីកសាងផ្លូវគមនាគមន៍យ៉ាងធំទូលាយ រួមចំណែកផ្លាស់ថ្មីទិដ្ឋភាពស្រុកភូមិ។
មិនត្រឹមតែរួមចំណែកពង្រីកផ្លូវគមនាគមន៍ប៉ុណ្ណោះទេ ការស្រុះស្រួលរបស់ប្រជាជនក៏បានបង្ហាញតាមរយៈការរក្សាទេសភាពបរិស្ថាន និងការដាំផ្កា ការពារសំណង់សាធារណៈនានា ការថែទាំប្រព័ន្ធបំភ្លឺ និងកាមេរ៉ាសុវត្ថិភាពទៀតផង។ សកម្មភាពទាំងនេះមើលទៅដូចជាតូចតាច ប៉ុន្តែនៅពេលដែលអនុវត្តជាប្រចាំ គឺបានរួមចំណែកបង្កឡើងនូវផ្នត់រស់នៅបែបស៊ីវិល័យនៅតំបន់តាំងទីលំនៅ។
ដងផ្លូវថ្មីដែលតភ្ជាប់ពីភូមិមួយទៅភូមិមួយ ភ្លឺ បៃតង ជ្រះ និងស្អាត កំពុងបង្កការអភិវឌ្ឍនៅភូមិស្រុកនានា។ លទ្ធផលដែលទទួលបានពីផែនមហាសាមគ្គីទូទាំងជនជាតិគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ជនរួមជាតិខ្មែរជាមួយនឹងប្រជាជនគ្រប់លំដាប់ថ្នាក់នៃទីក្រុងកឹងធើ បន្តកសាងស្រុកភូមិកាន់តែសម្បូរបែប ស៊ីវិល័យ និងកក់ក្តៅ៕
ហុងទើ - មេងលី