ផ្ដើមពីផ្ទះសម្បែងសាមញ្ញៗ និងជីវភាពពឹងផ្អែកលើការធ្វើការឈ្នួល មកដល់ពេលនេះគ្រួសារជនរួមជាតិខ្មែរជាច្រើននៅភូមិព្រែកលប ឃុំហ៊ុងហ្វា ខេត្តវិញឡុង មានផ្ទះសម្បែងសមរម្យ មានដីផលិត និងមានគោចិញ្ចឹមបន្តពូជផ្តើមពីប្រភពជំនួយដំបូង។ ការផ្លាស់ថ្មីទាំងនេះ បានបង្ហាញច្បាស់ថា នៅពេលគោលនយោបាយជួយឧបត្ថម្ភចំមុខសញ្ញា ហើយប្រជាជនចេះប្រើប្រាស់ប្រភពជំនួយទាំងនេះធ្វើជាដើមទុន នោះក៏ជាមូលដ្ឋានសម្រាប់គ្រួសារនីមួយៗឈានឡើងលំនឹងជីវភាព។

ផ្លូវគមនាគមន៍ជនបទនៅភូមិព្រែកលប តំបន់ដែលមានជនរួមជាតិខ្មែររស់នៅកុះករកាន់តែមានភាពល្អប្រសើរ រួមចំណែកបង្កទិដ្ឋភាពថ្មីសម្រាប់តំបន់ជនបទ។
ភូមិព្រែកលប មានចំនួន ៨៨៦ គ្រួសារ ក្នុងនោះជនរួមជាតិខ្មែរស្រូបអត្រា ៥១% ជាភូមិដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ឃុំហ៊ុងហ្វា។ សេដ្ឋកិច្ចរបស់ប្រជាជនភាគច្រើនពឹងផ្អែកលើការដាំស្រូវ ដាំដូង ដាំបន្លែ ចិញ្ចឹមសត្វ លក់ដូរនិងធ្វើការឈ្នួល។ មកដល់ពេលនេះ ភូមិមិនមានគ្រួសារក្រីក្រ នៅសល់គ្រួសារក្បែរក្រ ៩ គ្រួសារ និងគ្រួសារផលិតធ្វើអាជីវកម្មពូកែមាន ១៣ គ្រួសារ។
គ្រួសារ បងថាច់សារិន្ទនិងបងស្រីគឹមធីសាផា គឺជាករណីមួយក្នុងចំណោមករណីទាំងនោះ។ បងសារិន្ទ រៀបរាប់ ពេលប្តីប្រពន្ធបងចាប់ផ្តើមចេញនៅដោយឡែក គ្រួសារគ្មានដីបង្កបង្កើនផលទេ ឪពុកម្តាយចែកតែដីធារផ្ទះឱ្យមួយកន្លែង។ កាលនោះ ប្រាក់ចំណូលរបស់គ្រួសារភាគច្រើនពឹងផ្អែកលើធ្វើការឈ្នួល។
អាស្រ័យបានភូមិភាគឧបត្ថម្ភសង់ផ្ទះ និងគោញីសម្រាប់បង្កាត់ពូជមួយគូ ប្តីប្រពន្ធបងសារិន្ទ មានឱកាសក្នុងការកសាងជីវភាពគ្រួសារ។ គ្រួសារគាត់បានយកចិត្តទុកដាក់ចិញ្ចឹមថែទាំគោឱ្យធំធាត់និងកើតកើនចំនួនក្បាល។ មានពេលខ្លះហ្វូងគោរបស់គ្រួសារបងកើនឡើងជាលំដាប់ រហូតដល់ជាង ១០ ក្បាល បច្ចុប្បន្ននៅសល់ ៦ ក្បាល។ ប្រាក់ចំណូលដែលសន្សំសំចៃរយៈពេលជាច្រើនឆ្នាំ បងក៏សាងសង់ផ្ទះថ្មីមួយខ្នងមានតម្លៃជិត ៦០០ លានដុង។ “ដោយសារគោមួយគូដែលរដ្ឋជំនួយ ទើបគ្រួសារខ្ញុំមានឱកាសដើម្បីប្រកបការងាររកស៊ី និងសន្សំប្រាក់ដើម្បីសាងសង់បានផ្ទះសមរម្យ។ ខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋនិងរដ្ឋអំណាចភូមិភាគដែលបានជួយឧបត្ថម្ភ ទើបគ្រួសារខ្ញុំមានជីវភាពដូចសព្វថ្ងៃនេះ” បងសារិន្ទ បានចែករំលែកដូច្នេះ។

លោកង្វៀងទ្រីថឹក ប្រធានគណៈប្រជាជនភូមិព្រែកលប សំណេះសំណាលអំពីទម្រង់ចិញ្ចឹមគោរបស់គ្រួសារបងថាច់សារិន្ទ ដែលជាទិសដៅរកស៊ីមួយជួយឱ្យប្រជាជនឈានឡើងចាកផុតពីភាពក្រីក្រដោយចីរភាព។
ប្រសិនបើប្តីប្រពន្ធបងសារិន្ទ យកចិត្តទុកដាក់ចិញ្ចឹមគោដើម្បីបង្កប្រភពចំណូលបន្ថែម គ្រួសារពូថាច់រី ក៏បានបង្វែរហ្វូងគោទៅជាទុនសន្សំដើម្បីទិញដីផលិត។ ពូថាច់រី រំលឹកឡើង៖ “កាលនោះ គ្រួសារខ្ញុំជាគ្រួសារក្រីក្របំផុតក្នុងភូមិ”។ ទទួលបានការឧបត្ថម្ភគោញីសម្រាប់បង្កាត់ពូជមួយក្បាល មានតម្លៃ ១០ លានដុងពីកម្មវិធី ១៣៥ ព្រមទាំងទទួលបានការឧបត្ថម្ភសាងសង់ផ្ទះ។ ដោយមានគោមួយក្បាលជាដើមទុន គាត់បានយកចិត្តទុកដាក់ចិញ្ចឹមថែទាំឱ្យធំធាត់និងកើតកើនចំនួនក្បាល។ នៅពេលហ្វូងគោកើនឡើង គាត់លក់ខ្លះដើម្បីយកប្រាក់ទិញដីបាន ៤ កុង។ លើផ្ទៃដីដែលទិញនោះ ពូថាច់រី ដាំដូងដើម្បីបង្កើតមុខរបរចិញ្ចឹមជីវិតជាយូរអង្វែង។ ពូរី បានឱ្យដឹង៖ “ដោយសារបានគោដែលរដ្ឋឧបត្ថម្ភ ហើយខ្ញុំខិតខំប្រកបការងាររកស៊ី ចិញ្ចឹមថែទាំបង្កើនហ្វូង រួចលក់គោយកប្រាក់ទិញដី។ ឥឡូវនេះ គ្រួសារខ្ញុំមានដី ៤ កុងសម្រាប់ដាំដូង ហើយជីវភាពក៏បានស្ថិរភាពជាងមុន”។ ដោយវិធីធ្វើផ្សេងៗគ្នា គ្រួសារទាំងពីរក៏បានឈានឡើងលំនឹងជីវភាព ផ្តើមពីប្រភពជំនួយដំបូង។
តាមប្រសាសន៍លោក ង្វៀងទ្រីថឹក ប្រធានគណៈប្រជាជនភូមិព្រែកលប ឥឡូវនេះជីវភាពរបស់មាមីងបានល្អប្រសើរឡើង។ មាមីងមិនត្រឹមតែខិតខំអភិវឌ្ឍការផលិតប៉ុណ្ណោះទេ ថែមទាំងខិតខំប្រកបមុខរបរនិងអនុវត្តទម្រង់រកស៊ីផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល។ គោលនយោបាយឧបត្ថម្ភសង់ផ្ទះ មុខរបររកស៊ី បានបង្កលក្ខណៈបន្ថែមជួយដល់គ្រួសារដែលជួបការលំបាកឈានឡើងមានជីវភាពល្អប្រសើរ។ លោកទ្រីថឹក ឱ្យដឹង៖ “កាលពីមុន ភូមិមានគ្រួសារក្រីក្រច្រើន ប៉ុន្តែបច្ចុប្បន្នមិនមានគ្រួសារក្រីក្រទៀតឡើយ។ ចំណុចគួរឱ្យរីករាយនោះ គឺមាមីងកាន់តែមានភាពម្ចាស់ការក្នុងការងារនិងការផលិត ព្រមទាំងហ៊ានផ្លាស់ប្តូរប្រភេទដំណាំ និងសត្វចិញ្ចឹម អនុវត្តវិទ្យាសាស្ត្រ បច្ចេកទេស ដើម្បីបង្កើនប្រសិទ្ធភាពផលិត។ នៅពេលជីវភាពបានកែលម្អ មាមីងមានឱកាសក្នុងការយកចិត្តទុកដាក់ថែទាំគ្រួសារ កសាងជីវភាពកាន់តែលំនឹង។ ទន្ទឹមនឹងការអភិវឌ្ឍសេដ្ឋកិច្ច សន្តិសុខនិងសណ្តាប់ធ្នាប់សង្គមក្នុងភូមិក៏រក្សារឹងមាំ ហើយស្មារតីសាមគ្គីភាពក្នុងសហគមន៍ក៏បន្តបានពង្រឹងផងដែរ”៕
ពេជ្រសឿន