ប៉ុន្មានថ្ងៃដំបូងនៃដើមឆ្នាំសិក្សាថ្មី បណ្តាសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិឋានទីក្រុងកឹងធើ សកម្មអនុវត្តតាមសារាចរលេខ ០២/២០២៥/TT-BGDĐT ស្ដីពីការកំណត់ក្របខ័ណ្ឌសមត្ថភាពឌីជីថលសម្រាប់អ្នកសិក្សានិងសេចក្តីសម្រេចចិត្តលេខ២៤២២/QĐ-BGD&ĐT ស្ដីពីក្របខ័ណ្ឌខ្លឹមសារអប់រំបញ្ញាសិប្បនិម្មិតសម្រាប់សិស្សចំណេះទូទៅរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។
តាមប្រសាសន៍លោកគ្រូឡៀងហៀងសឺ ចាងហ្វាងសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ សាលាបានបង្កើតផែនការនិងផ្សព្វផ្សាយបណ្តាខ្លឹមសារផ្លាស់ប្តូរឌីជីថលដល់ទូទាំងគ្រូបង្រៀននិងសិស្ស។ ទន្ទឹមនឹងនោះ សហការជាមួយអ្នកផ្តល់សេវាបណ្តាញ កសាងផែនការធានាប្រព័ន្ធអ៊ីនធឺណិតឱ្យគ្រប់ចំណុំ ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរឌីជីថល។ ឆ្នាំសិក្សានេះ សាលាចាត់តាំងការបង្រៀនបូរណកម្ម ដើម្បីអភិវឌ្ឍសមត្ថភាពឌីជីថលសម្រាប់គ្រប់មុខវិជ្ជា ព្រមទាំងបង្រៀនប្រធានបទបញ្ញាសិប្បនិម្មិតខ្លឹមសារសំខាន់ៗ១២ម៉ោងសម្រាប់ថ្នាក់នីមួយៗតាមក្របខ័ណ្ឌខ្លឹមសារអប់រំបញ្ញាសិប្បនិម្មិតដល់សិស្សចំណេះទូទៅ ដែលក្រសួងអប់រំនិងបណ្តុះបណ្តាលដាក់ចេញ។
ដើម្បីបង្ហាញពីភាពជាក់ស្តែងចំពោះសកម្មភាពផ្លាស់ប្តូរឌីជីថលរបស់សាលារៀន លោកគ្រូ លីវតឹងស៊ើង គ្រូបង្រៀនសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ ឱ្យដឹង៖ “ការបង្រៀនបូរណកម្មគឺគ្រូបង្រៀនរួមបញ្ចូលឧបករណ៍ឌីជីថលទៅក្នុងសកម្មភាពសិក្សានីមួយៗ ជំនួសឱ្យការបង្រៀនទ្រឹស្តីបច្ចេកវិទ្យាសុទ្ធសាធ។ តួយ៉ាងដូចវិញ្ញាសាអក្សរសាស្ត្រ ប្រវត្តិវិទ្យា ភូមិវិទ្យា។ល។ សិស្សប្រើប្រាស់កម្មវិធីផ្នែកទន់ផែនទីគ្រោងគោលគំនិត កម្មវិធីស្វែងរក ឬឧបករណ៍បង្ហាញទិន្នន័យជារូបភាព ដើម្បីដោះស្រាយកិច្ចការមេរៀនដោយផ្ទាល់នៅលើកុំព្យូទ័រ ឬឧបករណ៍ឆ្លាតវៃ។ បន្ទាប់មក ប្អូនៗនឹងបង្ហាញផលិតផលសិក្សានៅលើប្រព័ន្ធអនឡាញ”។

សិស្សសាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកតឹងថាញ់ បង្ហាញខ្លឹមសារបន្ទាប់ពីបានអនុវត្តផ្ទាល់នូវថ្នាលឌីជីថល។
ចំណែកនៅសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ លោកគ្រូ ង្វៀងហឺវឌិញ ចាងហ្វាសាលា ឱ្យដឹង៖ “ឆ្នាំសិក្សា ២០២៦-២០២៧ សាលាកំណត់ច្បាស់ការផ្លាស់ប្តូរឌីជីថលគឺជាដំណោះស្រាយមួយដ៏សំខាន់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងការបង្រៀននិងការគ្រប់គ្រងសិស្សអន្តេវាសិក។ ចំណុចថ្មីនៃឆ្នាំសិក្សានេះ គឺសាលាមិនត្រឹមតែផ្តោតសំខាន់លើការប្រើប្រាស់កម្មវិធីផ្នែកទន់ដោយឡែកប៉ុណ្ណោះទេ ថែមទាំងឆ្ពោះទៅរកការធ្វើឱ្យសុក្រឹតទិន្នន័យ និងដំណើរការបណ្តាសកម្មភាពរបស់សាលាលើបរិស្ថានឌីជីថលជាបណ្តើរៗ ក្នុងនោះ ទិន្នន័យសិស្សវត្តមាន លទ្ធផលសិក្សានិងការគ្រប់គ្រងអន្តេវាសិកបានទាញយកបម្រើការដោយផ្ទាល់ដល់ការងារគ្រប់គ្រង។ សាលាកាត់បន្ថយការបញ្ចូលព័ត៌មានដដែលៗលើគំរូជាច្រើន បង្កើនរបាយការណ៍អេឡិចត្រូនិកដើម្បីបន្ថយការអនុវត្តបែបបទរដ្ឋបាល។ ពិសេសគឺផ្តោតលើការអនុវត្តប្រធានបទបញ្ញាសិប្បនិម្មិតខ្លឹមសារសំខាន់ៗ(១២ម៉ោង/ថ្នាក់/ឆ្នាំសិក្សា) ដើម្បីបំពាក់បំប៉នចំណេះជាមូលដ្ឋានដល់សិស្សអំពីបញ្ញាសិប្បនិម្មិត គោលការណ៍ដំណើរការបញ្ញាសិប្បនិម្មិត របៀបដាក់ប្រយោគបញ្ជា (prompting) គំនិតប្រតិកម្មពេលទាញយកព័ត៌មានពីបញ្ញាសិប្បនិម្មិតនិងបណ្តាវិធានការសីលធម៌ពេលប្រើប្រាស់បញ្ញាសិប្បនិម្មិតក្នុងការសិក្សា…។

គ្រូបង្រៀនសាលាអនុវិទ្យាល័យនិងវិទ្យាល័យជនជាតិអន្តេវាសិកទីក្រុងកឹងធើ អនុវត្តប្រធានបទបញ្ញាសិប្បនិម្មិតលើខ្លឹមសារសំខាន់ៗ។
តាមប្រសាសន៍លោកគ្រូ ត្រឹងហៀងហ្វា ប្រធានការិយាល័យអប់រំមធ្យមសិក្សានៃមន្ទីរអប់រំនិងបណ្តុះបណ្តាលទីក្រុងកឹងធើ នៅពេលខាងមុខ រួមជាមួយបណ្តាសាលាចំណេះទូទៅលើភូមិឋានទីក្រុង បណ្តាសាលាជនជាតិអន្តេវាសិកអនុវត្តល្អនូវការងារផ្លាស់ប្តូរឌីជីថលក្នុងសាលារៀន។ ផ្តើមពីនោះ សិស្សមិនត្រឹមតែយល់ច្បាស់នូវចំណេះដឹងមុខវិជ្ជាសិក្សា ថែមទាំងមានបំណិនឌីជីថលទៀតផង។ ដោយឡែកកងជួរគ្រូបង្រៀន ជាជំហានៗលើកកម្ពស់សមត្ថភាពអនុវត្តបច្ចេកវិទ្យាក្នុងការបង្រៀន ផ្លាស់ពីវិធីសាស្ត្រផ្តល់ចំណេះដឹងតាមបែបអសកម្មទៅជាការណែនាំសិស្សស្វែងយល់ដោយខ្លួនឯង បង្កជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ដំណើរការផ្លាស់ប្តូរឌីជីថលលើគ្រប់ជ្រុងជ្រោយរបស់សាលា។ នេះគឺជាមូលដ្ឋានគ្រឹះដើម្បីគ្រប់សាលារៀនទាំងអស់ អនុវត្តប្រកបដោយប្រសិទ្ធភាពនូវខ្លឹមសារអំពីការផ្លាស់ប្តូរឌីជីថលដែលក្រសួងអប់រំនិងបណ្តុះបណ្តាបានផ្សព្វផ្សាយ។

លោកគ្រូ លីវតឹងស៊ើង ជូនរង្វាន់ដល់សិស្សអនុវត្តមេរៀនបានល្អតាមប្រព័ន្ធអនឡាញ។
ហាថាញ-មុនី