ដើម្បីលើកកម្ពស់គុណភាពថែទាំសុខភាពជូនប្រជាជន ឃុំឡាយហ្វា ទីក្រុងកឹងធើ កំពុងអនុវត្តការពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃ និងបង្កើត សៀវភៅសុខភាពអេឡិចត្រូនិកជូនប្រជាជនដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅលើភូមិឋាន។ កម្មវិធីនេះ មិនត្រឹមតែបង្កលក្ខណៈឱ្យប្រជាជនបានពិនិត្យ និងរកឃើញបញ្ហាសុខភាពបានទាន់ពេលប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជាជំហានៗ ដើម្បីគ្រប់គ្រងនិងតាមដានសុខភាពជាយូរអង្វែងតាមប្រព័ន្ធឌីជីថល។

ពិនិត្យសុខភាពដោយឥតគិតថ្លៃ ជួយប្រជាជនម្ចាស់ការបង្ការជំងឺនិងថែទាំសុខភាព។
អនុវត្តផែនការលេខ ២៨២/KH-UBND ចុះថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៦ របស់គណៈកម្មាធិការប្រជាជនទីក្រុងកឹងធើ ស្តីពីការរៀបចំពិនិត្យសុខភាពតាមកាលកំណត់ឬពិនិត្យ ស្វែងរកជំងឺជូនប្រជាជននៅលើភូមិឋានទីក្រុងឆ្នាំ ២០២៦ ឃុំឡាយហ្វា បានសហការជាមួយមន្ទីរពេទ្យពហុព្យាបាលហ្វាងត្វឹង ចាត់តាំងពិនិត្យសុខភាពដោយឥតគិតថ្លៃនៅដំណាក់សុខាភិបាលឃុំ ជូនប្រជាជនចំនួន៧.០០១ នាក់ ដែលស្ថិតក្នុងក្រុមមុខសញ្ញាតាមសេចក្តីកំណត់។ ខ្លឹមសារពិនិត្យ រួមមានសាកសួរអំពីប្រវត្តិជំងឺ ការវាស់កម្ពស់ ទម្ងន់ សម្ពាធឈាម គណនាសន្ទស្សន៍ BMI និងសញ្ញាសំខាន់ៗ។ ប្រជាជនថែមទាំងបានពិនិត្យរោគសញ្ញាតាមផ្នែកឯកទេសផ្នែកជំងឺក្នុង ក្រៅ សើស្បែក ភ្នែក ត្រចៀក-ច្រមុះ-បំពង់កនិងមាត់-ធ្មេញ- ថ្គាម។ ការធ្វើតេស្តមួយចំនួន ដូចជា វិភាគកោសិកាឈាមទូទៅជាតិស្ករក្នុងឈាម Ure, Creatinine, AST, ALT វិភាគទឹកនោមនិងថតកាំរស្មីអិកទ្រូង បានអនុវត្តតាមវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិត។
លោកថាច់សាវិញ ប្រជាជននៅភូមិឈូងធំ A ឃុំឡាយហ្វា ឱ្យដឹង៖ “ខ្ញុំរីករាយយ៉ាងខ្លាំង ពេលបានរដ្ឋយកចិត្តទុកដាក់រៀបចំពិនិត្យសុខភាពដោយឥតគិតថ្លៃជូនប្រជាជន។ ជាពិសេសអ្នកវ័យចាស់ មានឱកាសពិនិត្យសុខភាពតាមកាលកំណត់ដោយមិនចាំបាច់ធ្វើដំណើរទៅឆ្ងាយ។ តាមរយៈនេះ យើងអាចដឹងពីស្ថានភាពសុខភាពរបស់ខ្លួន ដើម្បីម្ចាស់ការបង្ការជំងឺនិងព្យាបាលនៅពេលចាំបាច់”។
ក្រៅពីការពិនិត្យនិងពិគ្រោះសុខភាព ឃុំឡាយហ្វា បានយកចិត្តទុកដាក់ធ្វើបច្ចុប្បន្នភាពលទ្ធផលពិនិត្យសុខភាពរបស់ប្រជាជនម្នាក់ៗ ឱ្យបានពេញលេញទៅក្នុងសៀវភៅសុខភាពអេឡិចត្រូនិក។ ការធ្វើឌីជីថលកម្មព័ត៌មាននេះ ជួយឱ្យលទ្ធផលពិនិត្យ និងស្ថានភាពសុខភាពរបស់ប្រជាជនបានរក្សាទុក និងតាមដានក្នុងរយៈពេលយូរអង្វែង ព្រមទាំងបង្កលក្ខណៈងាយស្រួលដល់ការគ្រប់គ្រងសុខភាពប្រជាជននៅមូលដ្ឋាន។
លោកថាច់ច័ន្ទសុវណ្ណ អនុប្រធានគណៈកម្មាធិ ការប្រជាជនឃុំឡាយហ្វា ឱ្យដឹង៖ “ភូមិភាគកំណត់ថា នេះជាកម្មវិធីជាក់ស្តែងសំដៅថែទាំសុខភាពជូនប្រជាជន ពិសេសនៅតំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ។ ឃុំបានសហការពិនិត្យឡើងវិញ បង្កើតបញ្ជីជូនដំណឹងពេលវេលាពិនិត្យសុខភាព ដើម្បីធានាឱ្យប្រជាជនចូលរួមគ្រប់ៗគ្នា។ ការបង្កើតសៀវភៅសុខភាពអេឡិចត្រូនិកជាផ្នែកមួយនៃការជំរុញផ្លាស់ប្តូរឌីជីថល ជួយដល់ការតាមដាននិងថែទាំសុខភាពប្រជាជនបានយូរអង្វែង”។
កម្មវិធីពិនិត្យសុខភាពតាមកាលកំណត់ដោយឥតគិតថ្លៃនៅឃុំឡាយហ្វា បង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រដ្ឋអំណាចចំពោះការងារថែទាំ ការពារសុខភាពប្រជាជន។ តាមរយៈនេះ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនក្នុងការចូលរួមបង្ការជំងឺដោយខ្លួនឯង រកឃើញជំងឺបានទាន់ពេលព្រមទាំងជាជំហានៗកសាងមូលដ្ឋានទិន្នន័យសុខភាព ដើម្បីបម្រើការងារគ្រប់គ្រងនិងថែទាំសុខភាពប្រជាជនឱ្យកាន់តែមានប្រសិទ្ធភាព៕
ហុងទើ - ទីទុយ