- ក្រសួងសុខាភិបាល ទើបប្រកាសឱ្យប្រើសេចក្តីសម្រេចលេខ ២៦៩៦/QĐ-BYT ផ្តល់សច្ចាប័នដល់មន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ ក្លាយជាមន្ទីរពេទ្យស្នូលជាផ្លូវការក្នុងក្របខណ្ឌនៃគម្រោង “អភិវឌ្ឍប្រព័ន្ធមន្ទីរពេទ្យរណប ដំណាក់កាល ២០២៦-២០៣០”។
ជាមួយតួនាទីថ្មី មន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ ទទួលភារកិច្ចបណ្តុះបណ្តាល ផ្ទេរបច្ចេកទេសស៊ីជម្រៅ និងគាំទ្រឯកទេសដល់បណ្តាមន្ទីរពេទ្យរណបថ្នាក់ក្រោមក្នុងតំបន់។ នេះគឺជាលទ្ធផលបានមកពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់សមូហភាពអង្គភាព សំដៅឆ្លើយតបគ្រប់ជ្រុងជ្រោយនូវលក្ខឋានរបស់ក្រសួងសុខាភិបាល។

មន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ ទើបក្លាយជាមន្ទីរពេទ្យស្នូលជាផ្លូវការរបស់ក្រសួងសុខាភិបាល។
អំពីឯកទេស មន្ទីរពេទ្យសម្រេចបានកម្រិតបច្ចេកទេសស៊ីជម្រៅ អនុវត្តជាប្រចាំនូវបទដ្ឋានបច្ចេកទេសកម្រិតខ្ពស់ និងបច្ចេកទេសពិសេសនៃឯកទេសផ្នែកសម្ភព និងរោគស្ត្រី។ ទន្ទឹមនឹងនោះ មន្ទីរពេទ្យតែងផ្តោតលើការអភិវឌ្ឍប្រភពធនធានមនុស្សគុណភាពខ្ពស់ វិនិយោគមូលដ្ឋានសម្ភារៈ និងបរិក្ខារទំនើបៗ ធានានូវសមត្ថភាពទទួលបណ្តុះបណ្តាល ក៏ដូចជាត្រួតពិនិត្យគុណភាពបច្ចេកទេសដែលផ្ទេរជូនថ្នាក់ក្រោម។
រយៈពេលខាងមុខ មន្ទីរពេទ្យនឹងសហការយ៉ាងជិតស្និទ្ធជាមួយនាយកដ្ឋានគ្រប់គ្រងពិនិត្យ ព្យាបាលជំងឺ (ក្រសួងសុខាភិបាល) និងអង្គភាពដែលពាក់ព័ន្ធ ដើម្បីកសាងផែនការផ្សព្វផ្សាយលម្អិត ព្រមទាំងត្រៀមឱ្យបានគ្រប់គ្រាន់ប្រភពធនធាន ដើម្បីអនុវត្តសម្រេចឆ្នើមនូវភារកិច្ចដែលបានប្រគល់។
ការដែលមន្ទីរពេទ្យសម្ភពទីក្រុងកឹងធើ ក្លាយជាមន្ទីរពេទ្យស្នូល មានអត្ថន័យដ៏សំខាន់ក្នុងយុទ្ធសាស្ត្រលើកកម្ពស់គុណភាពសុខាភិបាលគ្រប់ជ្រុងជ្រោយ ដំណាក់កាល ២០២៦-២០៣០ របស់ក្រសួងសុខាភិបាល។ អាស្រ័យហេតុនោះ ប្រជាជននៅទីក្រុងកឹងធើ និងបណ្តាខេត្តនៅតំបន់វាលទំនាបទន្លេគឺវឡុង នឹងទទួលបានផលប្រយោជន៍អំពីសេវាកម្មសុខាភិបាល បច្ចេកទេសកម្រិតខ្ពស់នៅនឹងភូមិភាគ រួមចំណែកកាត់បន្ថយការហួសចំណុះសម្រាប់មន្ទីរពេទ្យនានានៅថ្នាក់លើ កាត់ បន្ថយចំណាយលើការព្យាបាលដល់អ្នកជំងឺ៕
ធូសឿង - លីសៀ