ពូគឹមបូណា នៅភូមិផ្នោរ ឃុំប៊ិញភូ ខេត្តវិញឡុង ផ្តើមពីផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាព គាត់បានមោះមុតបង្វែរមកដាំដូងម៉ាឡេ១ហិកតា។ ក្នុងពេលរង់ចាំដូងផ្តល់ផល គាត់ដាំឆ្លាស់គូឆាយ និងប្រភេទបន្លែបង្ការរយៈពេលខ្លីផ្សេងៗទៀត សន្សឹមៗលើកកម្ពស់ប្រសិទ្ធភាពការប្រើប្រាស់ដី និងរកបានប្រាក់ចំណូលបន្ថែមឱ្យគ្រួសារ។

ពូគឹមបូណា កាត់ឫសគូឆាយដើម្បីគុណកម្មពូជ ពង្រីកផ្ទៃដីដាំគូឆាយលើផ្ទៃដីដាំដូងម៉ាឡេ។
ពីមុននៅលើផ្ទៃដី ១ ហិកតានេះ គ្រួសារពូគឹមបូណា ធ្វើស្រែជាចម្បង។ ដោយសារដីផលិតមិនសូវបានផល។ ក្រោយមក គាត់បង្វែរមកដាំស្រកានាគ ដើម្បីបង្កើនប្រាក់ចំណូលជូនគ្រួសារ ប៉ុន្តែដំណើរការផលិតជួបការលំបាកច្រើន បំផុតគឺការធានាប្រភពអគ្គិសនីបម្រើដល់ដំណាំស្រកានាគ។ ដោយសង្កេតឃើញទម្រង់នេះ មិនទាន់សមស្របនឹងលក្ខណៈផលិតរបស់គ្រួសារ គាត់ចាប់ផ្តើមស្វែងយល់ពីដំណាំផ្សេងដែលសមស្របនឹងដីធ្លី មិនសូវបង់កម្លាំងថែទាំ និងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ច។ តាមរយៈការស្វែងយល់ គាត់សង្កេតឃើញដូងម៉ាឡេ សមស្របជាមួយនឹងលក្ខណៈដីធ្លីរបស់ភូមិភាគ ហើយមិនសូវបង់កម្លាំងថែទាំទៀតផង ដូច្នេះគាត់សម្រេចចិត្តបង្វែរមកដាំដូងម៉ាឡេនៅលើផ្ទៃដី ១ ហិកតា។ នេះជាការសម្រេចចិត្តមុតមាំ ពីព្រោះដំណាំដូងត្រូវការពេលវេលាវែង ដើម្បីសម្រេចទិសដៅ ប៉ុន្តែតាមប្រសាសន៍របស់គាត់ បើជ្រើសរើសពូជសមស្រប និងថែទាំត្រឹមត្រូវតាមបច្ចេកទេស ដំណាំដូងអាចនាំមកប្រសិទ្ធភាពលំនឹងក្នុងរយៈពេលវែង។ ពូគឹមបូណា ឱ្យដឹង៖ “កាលពីមុន ខ្ញុំធ្វើស្រែ និងដាំស្រកានាគមានការលំបាកណាស់ បំផុតពេលស្រកានាគត្រូវមានអគ្គិសនីបំភ្លឺ។ ផ្តើមពីនោះ ខ្ញុំស្វែងយល់ និងសង្កេតឃើញដាំដូងម៉ាឡេមានលក្ខណៈសមស្របជាមួយនឹងដីធ្លី មិនសូវបង់កម្លាំងថែទាំ ហេតុនោះខ្ញុំសម្រេចចិត្តដាំដូង១ហិកតា។ ដំណាក់កាលដូងនៅតូច ខ្ញុំដាំបងន្លែឆ្លាស់គ្នា ដូចជាត្រសក់ គូឆាយ ដើម្បីរកចំណូលបន្ថែម"។

គូឆាយដាំឆ្លាស់ក្នុងចម្ការដូង ឆាប់រកបានប្រាក់ចំណូលផង និងប្រើប្រាស់ដីប្រកបដោយប្រសិទ្ធភាពផង។
បច្ចុប្បន្ន ចម្ការដូងរបស់ពូបូណា មានអាយុប្រហែល ១០ ខែហើយ និងកំពុងលូតលាស់ល្អ។ តាមការគិតគូររបស់គាត់ ដូងនឹងចាប់ផ្តើមផ្តល់ផ្លែក្រោយពីដាំប្រមាណ ២៤ ខែ។ ក្នុងដំណាក់កាលនេះ គាត់ដាំប្រភេទបន្លែបង្ការរយៈពេលខ្លីតាមប្រឡោះដូង ក្នុងនោះមានគូឆាយ។ ការដាំដំណាំឆ្លាស់តាមប្រឡោះ ជួយឱ្យគាត់ប្រើប្រាស់ផ្ទៃដីមានប្រសិទ្ធភាព រកបានប្រាក់ចំណូលបន្ថែម ដើម្បីទូទាត់ថ្លៃផលិត និងថែទាំចម្ការដូង។ តាមប្រសាសន៍ពូបូណា ដោយសារតែដើមដូងនៅតូច ចម្ងាយរវាងពីដើមមួយទៅដើមមួយនៅទូលាយ ងាយស្រួលក្នុងការដាំបន្លែ។ គាត់ជ្រើសរើសប្រភេទដំណាំរយៈពេលខ្លីដែលសមស្របលក្ខណៈដីធ្លី និងពេលវេលាលូតលាស់ ដើម្បីមិនប៉ះពាល់ដល់ការលូតលាស់របស់ដំណាំដូង។ នេះចាត់ទុកជាដំណោះស្រាយជួយគ្រួសារគាត់កាត់បន្ថយសម្ពាធដើមទុនវិនិយោគក្នុងដំណាក់កាលដំបូងនៃការបង្វែរទម្រង់ផងដែរ។
ផ្តើមពីការផលិតជាក់ស្តែង ពូគឺមបូណា យល់ថាការបង្វែរមកដាំដូងត្រូវផ្អែកលើលក្ខណៈដីធ្លី ប្រភពទឹក សមត្ថភាពថែទាំ និងច្រកចេញរបស់ផលិតផល។ ចំពោះគ្រួសារពូ ដូងម៉ាឡេគឺជាជម្រើសដ៏សមស្របបំផុត ពីព្រោះវាលូតលាស់ល្អ និងមិនសូវបង់កម្លាំងថែទាំ។ ពេលខាងមុខ គាត់នឹងបន្តតាមដានដំណើរការលូតលាស់របស់ដូង ថែទាំ និងរក្សាដាំឆ្លាស់ប្រភេទបន្លែបង្ការដែលសមស្រប។
ការបង្វែរផ្ទៃដីធ្វើស្រែ១ហិកតា មកដាំដូងម៉ាឡេរបស់ពូគឺមបូណា បង្ហាញឱ្យឃើញពីទិសដៅថ្មីមួយក្នុងការលើកកម្ពស់ប្រសិទ្ធភាពការប្រើប្រាស់ដីធ្លី។ ទម្រង់គួបផ្សំរវាងដំណាំដូងរយៈពេលវែង និងបន្លែបង្ការរយៈពេលខ្លី រកបានប្រាក់ចំណូលបន្ថែមជូនគ្រួសារ។ ប្រសិនបើចម្ការដូងបន្តលូតលាស់ល្អ និងសម្រេចទិន្នផលលំនឹង ទម្រង់នេះនឹងរួមចំណែកជួយគ្រួសារពូណាលើកម្ពស់ប្រសិទ្ធភាពសេដ្ឋកិច្ច ទន្ទឹមនឹងនោះ ក៏ជាបទពិសោធន៍ដើម្បីកសិករភូមិភាគស្រាវជ្រាវស្វែងយល់នៅពេលបង្វែរផលិតកសិកម្មដែលមានប្រសិទ្ធភាព៕
ទីទុយ - វិមាន