មិនត្រឹមតែជាកន្លែងប្រជុំជីវភាពជំនឿសាសនាប៉ុណ្ណោះទេ វត្តអារាមខ្មែរជាច្រើននៅលើភូមិឋានទីក្រុងកឹងធើ នៅទាំងជាទីតាំងរក្សាទុក ផ្ទេរបន្ត និងសាយភាយនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ផ្តើមពីសម្លេងប្រគំភ្លេងពិណពាទ្យ របាំប្រជាប្រិយ រហូតដល់ពណ៌សម្បុរដ៏ស្រស់បំព្រងនៃសម្លៀកបំពាក់ប្រពៃណី អត្តសញ្ញាណវប្បធម៌ជនជាតិកំពុងបានថែរក្សាដោយវិធីធ្វើយ៉ាងជិតដិត រស់រវើក ផ្សារភ្ជាប់ជាមួយនឹងជីវភាពសហគមន៍ និងបទពិសោធន៍ទេសចរណ៍។
* ថែរក្សាសម្លេងភ្លេង និងរបាំនៅក្នុងវត្ត
នៅក្នុងជីវភាពរបស់ជនរួមជាតិខ្មែរ វត្តអារាមមិនត្រឹមតែជាកន្លែងប្រជុំជីវភាពជំនឿប៉ុណ្ណោះទេ នៅទាំងជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌នៃភូមិស្រុកទៀតផង។ នេះក៏ជាកន្លែងដែលមានតម្លៃប្រពៃណីជាច្រើនបានថែរក្សា និងផ្ទេរបន្តដល់យុវជនជំនាន់ក្រោយ។ នៅវត្តសោភណរង្សីបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ ទីក្រុងកឹងធើ ក្រុមភ្លេងពិណពាទ្យ និងរបាំប្រពៃណីបានរក្សាខ្ជាប់ជាច្រើនឆ្នាំមកហើយ។ សមាជិកភាគច្រើនជាយុវជនយុវតីខ្មែរ និងអ្នកដែលមានចិត្តស្រឡាញ់វប្បធម៌ សិល្បៈជនជាតិ។ ក្រោយម៉ោងរៀន ឬក៏ម៉ោងធ្វើការ ប្អូនៗមកវត្តដើម្បីហ្វឹកហាត់ រៀនរាល់ចង្វាក់ភ្លេង និងរាល់កាយវិការរាំវង់ របាំ...។ ពេលវេលាហ្វឹកហាត់មិនត្រឹមតែបង្កបានជាកន្លែងកម្សាន្តដ៏មានប្រយោជន៍ប៉ុណ្ណោះទេ នៅទាំងជួយឱ្យប្អូនៗយល់ដឹងកាន់តែច្បាស់អំពីវប្បធម៌នៃជនជាតិខ្លួនទៀតផង។ ផ្តើមពីនោះ បណ្តាតម្លៃប្រពៃណីដែលធ្លាប់តែមានមុខក្នុងឱកាសពិធីបុណ្យទាន ក៏បន្តមានវត្តមាននៅក្នុងជីវភាពប្រចាំថ្ងៃ។ បណ្តាក្រុមភ្លេង ក្រុមរបាំក៏បានក្លាយជាកងជួរសម្តែងបម្រើពិធីបុណ្យទាន និងព្រឹត្តិការណ៍វប្បធម៌ផ្សេងៗនៅភូមិភាគផងដែរ។

ថ្នាក់បង្រៀនភ្លេងពិណពាទ្យជូនកូនចៅជនរួមជាតិខ្មែរនៅនឹងវត្ត។
ព្រះតេជព្រះគុណ ថាច់ធឿន ព្រះចៅអធិការវត្តសោភណរង្សី បឹងក្រចាប់ថ្មី មានថេរដីកា៖ “ការបង្កើត និងរក្សាក្រុមភ្លេងពិណពាទ្យ របាំប្រពៃណីនៅក្នុងវត្ត គឺពិតជាមានភាពចាំបាច់ណាស់។ សកម្មភាពនេះទាំងបម្រើពិធីបុណ្យទាននៅក្នុងវត្ត និងភូមិស្រុកផង ទាំងជួយឱ្យកូនចៅជនរួមជាតិខ្មែរយល់ដឹងកាន់តែច្បាស់អំពីតម្លៃវប្បធម៌នៃជនជាតិខ្លួនផង។ នៅពេលយុវជនជំនាន់ក្រោយមានចិត្តស្រឡាញ់ និងស្ម័គ្រចិត្តចូលរួម នោះតម្លៃវប្បធម៌នឹងបានរក្សានិងផ្ទេរបន្តពីជំនាន់មួយទៅជំនាន់មួយផងដែរ”។
ចំពោះប្អូនៗតូចៗ រាល់ពេលរៀនភ្លេង រៀនរាំ នៅទាំងជាដំណើរស្វែងយល់ពីអត្តសញ្ញាណវប្បធម៌នៃជនជាតិខ្លួនទៀតផង។ ប្អូនស្រី ថាច់ធីង៉ា បានចែករំលែក៖ “តាំងពីតូច ខ្ញុំបានស្រឡាញ់របាំខ្មែររួចទៅហើយ។ នៅពេលដឹងថាវត្តបង្កើតក្រុមរបាំ ខ្ញុំក៏បានចុះឈ្មោះចូលរួម និងផ្សារភ្ជាប់រហូតដល់សព្វថ្ងៃបាន ៦ ឆ្នាំហើយ។ កាន់តែហាត់ ខ្ញុំកាន់តែស្រឡាញ់ និងយល់ដឹងបន្ថែមអំពីវប្បធម៌ ហើយរាល់ពេលសម្តែង ខ្ញុំមានអារម្មណ៍ថាមានមោទនភាពយ៉ាងខ្លាំងអំពីវប្បធម៌នៃជនជាតិខ្លួន”។ ផ្តើមពីសម្លេងភ្លេងរហូតដល់កាយវិការរាំ វត្តអារាមបានក្លាយជាកន្លែងបណ្តុះក្តីស្រឡាញ់វប្បធម៌ជនជាតិនៅក្នុងចិត្តយុវជនជំនាន់ក្រោយ រួមចំណែកឱ្យតម្លៃប្រពៃណីបន្តបានជាលំដាប់។
* នាំយកសម្លៀកបំពាក់ខ្មែរមកកាន់ភ្ញៀវទេសចរ
ជាមួយភ្លេងពិណពាទ្យ និងរបាំប្រពៃណី សម្លៀកបំពាក់របស់ជនរួមជាតិខ្មែរ ក៏កំពុងបានយកចិត្តទុកដាក់ថែរក្សា និងផ្សព្វផ្សាយដែរ។ នៅវត្តបទុមវង្សាសំរោង សង្កាត់សុកត្រាំង ទីក្រុងកឹងធើ បណ្តាសម្លៀកបំពាក់ខ្មែរជាមួយនឹងពណ៌សម្បុរ និងទ្រង់ទ្រាយដ៏សម្បូរបែប បានដាក់តាំង ឱ្យភ្ញៀវទេសចរជួលដើម្បីឆ្លងកាត់ពិសោធន៍ និងថតរូបអនុស្សាវរីយ៍។ រក្សាអត្តសញ្ញាណវប្បធម៌ខ្មែរ ការពាក់លើខ្លួននូវសម្លៀកបំពាក់ប្រពៃណី បាននាំមកជូនភ្ញៀវទេសចរនូវបទពិសោធន៍ដ៏គួរឱ្យជក់ចិត្ត ទន្ទឹមនឹងនោះ រួមចំណែកនាំយកវប្បធម៌ខ្មែរកាន់តែខិតជិតនឹងសហគមន៍។
ផ្តើមពីក្តីស្រឡាញ់ចំពោះសម្លៀកបំពាក់ប្រពៃណីនៃជនជាតិ បងស្រី ឡឹមធីហូវ បានវិនិយោគសម្លៀកបំពាក់ខ្មែរជាច្រើនប្រភេទសម្រាប់បុរស និងនារី តាំងពីសម្លៀកបំពាក់អាពាហ៍ពិពាហ៍ ពិធីបុណ្យទាន រហូតដល់សម្លៀកបំពាក់ទៅវត្ត និងការប្រជុំជីវភាពប្រចាំថ្ងៃ។ បងស្រី ហូវ ចែករំលែក៖ "សម្លៀកបំពាក់នីមួយៗ មិនត្រឹមតែស្អាតលើពណ៌សម្បុរ និងក្បាច់រចនាប៉ុណ្ណោះទេ ថែមទាំងផ្ទុកនូវលក្ខណៈវប្បធម៌ ទំនៀមទម្លាប់របស់ជនជាតិទៀតផង។ ខ្ញុំមានបំណងឱ្យភ្ញៀវទេសចរមានឱកាសបានស្លៀកពាក់សាកល្បង ថតរូប និងយល់ដឹងបន្ថែមអំពីវប្បធម៌ខ្មែរ។ រាល់ពេលមានភ្ញៀវទេសចរមកជួលសម្លៀកបំពាក់ ខ្ញុំសប្បាយចិត្តណាស់ ព្រោះរូបភាពវប្បធម៌នៃជនជាតិខ្លួនបានឧទ្ទេសនាមទៅកាន់អ្នកជាច្រើនឯទៀត"។


ភ្ញៀវទេសចរពាក់សម្លៀកបំពាក់ខ្មែរថតរូបអនុស្សាវរីយ៍នៅវត្តបទុមវង្សាសំរោង។
មិនត្រឹមតែជួលសម្លៀកបំពាក់ដើម្បីថតរូបប៉ុណ្ណោះទេ ភ្ញៀវទេសចរជាច្រើននៅទាំងចំណាយពេលស្វែងយល់ពីអត្ថន័យនៃម៉ូតសម្លៀកបំពាក់នីមួយៗ របៀបបញ្ចូលពណ៌ និងបណ្តាគ្រឿងលម្អអមជាមួយ។ ភ្ញៀវទេសចរ ផាមធីធ្វី មកពីទីក្រុងហូជីមិញ បានចែករំលែក៖ "មកដល់វត្តសំរោង បានពាក់លើខ្លួននូវសម្លៀកបំពាក់ប្រពៃណីខ្មែរ និងថតរូប ខ្ញុំមានអារម្មណ៍ថាគួរឱ្យរំភើបណាស់។ តាមរយៈបទពិសោធន៍នេះ ខ្ញុំយល់បន្ថែមអំពីប្រភេទសម្លៀកបំពាក់ ក៏ដូចជាលក្ខណៈវប្បធម៌របស់ជនរួមជាតិខ្មែរទៀតផង”។
ផ្ដើមពីសម្លេងភ្លេងពិណពាទ្យប្រគំលាន់ឮនៅទីលានវត្ត និងរបាំបានយុវជនជំនាន់ក្រោយចូលរួមហ្វឹកហាត់ដោយក្តីស្រឡាញ់ រហូតដល់ពណ៌សម្បុរសម្លៀកបំពាក់ប្រពៃណីក៏បានឧទ្ទេសនាមជូនភ្ញៀវទេសចរ រាល់សកម្មភាពសុទ្ធតែរួមចំណែកធ្វើឱ្យវប្បធម៌ខ្មែរមានវត្តមានយ៉ាងរស់រវើកក្នុងជីវភាពនាពេលបច្ចុប្បន្ន។ នៅពេលដែលយុវជនម្ចាស់ការរៀនសូត្រ និងអនុវត្តផ្ទាល់ ប្រជាជនប្តេជ្ញាចិត្តថែរក្សា រីឯភ្ញៀវទេសចរក៏ក្លៀវក្លាទទួលបទពិសោធន៍ នោះតម្លៃប្រពៃណីមិនត្រឹមតែបានអភិរក្សប៉ុណ្ណោះទេ ហើយថែមទាំងបានបន្ថែមថាមពលថ្មីទៀតផង។ នោះក៏ជាវិធីសាស្ត្រដើម្បីអត្តសញ្ញាណវប្បធម៌ខ្មែរ បានតភ្ជាប់ជាលំដាប់តាំងពីវត្តអារាមដល់ភូមិស្រុក ពីជំនាន់នេះរហូតដល់អនាគត និងរាលដាលកាន់តែទូលំទូលាយនៅក្នុងសហគមន៍៕
យ្វីអាញ-មេងលី