04/09/2026 - 19:04

សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​ ត្រៀម​លក្ខ​ណៈរួច​រាល់​សម្រាប់​ថ្ងៃ​បើក​បវេសនកាល​ 

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​ ខេត្ត​វិញ​ឡុង​ មាន​បរិយាកាស​អ៊ូ​អរ​រីក​រាយ​ ខណៈ​សិស្សា​នុសិស្ស​បាន​វិល​ត្រ​ឡប់​មក​សា​លា​រៀន​វិញ​។ សិស្សា​នុសិស្ស​បាន​ចូល​ថ្នាក់​រៀន​ រៀប​ចំ​សណ្តាប់​ធ្នាប់​ និង​រួម​ជា​មួយ​គ្រូ​បង្រៀន​សម្អាត​បន្ទប់​រៀន​ បរិវេណ​សា​លា​ ដើម្បី​ត្រៀម​លក្ខ​ណៈសម្រាប់​ថ្ងៃ​បើក​បវេសនកាល​។

តាំង​ពី​ព្រឹក​ព្រលឹម​ បរិវេណ​សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​ មាន​ភាព​អ៊ូ​អរ​ជាង​ថ្ងៃ​ធម្ម​តា​។ បន្ទាប់​ពី​រដូវ​វិស្សម​កាល​ សិស្សា​នុសិស្ស​បាន​វិល​ត្រ​ឡប់​មក​សា​លា​វិញ​ ដោយ​ទឹក​មុខ​សប្បាយ​រីក​រាយ​និង​មាន​អា​រម្មណ៍​រំភើប​។ សម្រាប់​សិស្ស​មួយ​ចំ​នួន​ដែល​ទើប​ចូល​រៀន​នៅ​សា​លា​អន្តេ​វា​សិក​លើក​ដំ​បូង​ ហាក់​នៅ​មាន​អា​រម្មណ៍​ថ្មោង​ថ្មី​មិន​ទាន់​ស៊ាំ​ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ​ ប្អូន​ៗនឹង​បាន​ឆាប់​សម្រប​ខ្លួន​នៅ​ពេល​បាន​ជួប​គ្រូ​បង្រៀន​និង​មិត្ត​ភក្តិ។ រួម​ជា​មួយ​គ្រូ​បង្រៀន​ សិស្សា​នុសិស្ស​បាន​ចូល​រួម​បោស​សម្អាត​បន្ទប់​រៀន​ សម្អាត​បរិវេណ​សា​លា​ រៀប​ចំ​តុ​កៅ​អី​ និង​ថែ​រក្សា​បរិស្ថាន​ជុំ​វិញ​សា​លា​ឱ្យ​មាន​សោ​ភណ​ភាព​។ សិស្ស​ម្នាក់​ៗទទួល​ធ្វើ​ការ​ងារ​ផ្សេង​ៗគ្នា​ តាម​រយៈ​នោះ​ ប្អូន​ៗមិន​ត្រឹម​តែ​បាន​ស្គាល់​និង​សម្រប​ខ្លួន​ជា​មួយ​បរិយាកាស​ថ្មី​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ចាប់​ផ្តើម​បង្កើត​ទម្លាប់​និង​សណ្តាប់​ធ្នាប់​ក្នុង​ការ​រស់​នៅ​ជា​ក្រុម​។ សម្រាប់​សិស្ស​អន្តេ​វា​សិក​ ការ​ងារ​សាមញ្ញ​ទាំង​នេះ​ ក៏​ជា​មេ​រៀន​អំ​ពី​ភាព​ម្ចាស់​ការ​លើ​ខ្លួន​ឯង​និង​ការ​ទទួល​ខុស​ត្រូវ​ ជួយ​ឱ្យ​ប្អូន​ៗចេះ​ផ្តួច​ផ្តើម​ធ្វើ​ការ​ងារ​និង​ចេះ​ចែក​រំលែក​ការ​ងារ​ជា​មួយ​សមូហ​ភាព​។

ក្នុង​ឆ្នាំ​សិក្សា​ ២០២៦-២០២៧ សា​លា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​ មាន​សិស្ស​សរុប​ ៤៨៦ នាក់​ សិក្សា​នៅ​ ១៤ បន្ទប់​។ សា​លា​មាន​សំ​ណង់​សំ​ខាន់​ៗ រួម​មាន​ អគារ​សិក្សា​ បន្ទប់​មុខ​វិជ្ជា​ អន្តេ​វា​សិក​ដ្ឋាន​ អា​ហារ​ដ្ឋាន​ និង​សំ​ណង់​ផ្សេង​ៗសម្រាប់​បម្រើ​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​របស់​សិស្សា​នុសិស្ស​។ អន្តេ​វា​សិក​ដ្ឋាន​របស់​សា​លា​មាន​ ៧២ បន្ទប់​ អាច​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ស្នាក់​នៅ​ និង​ហូប​ចុក​របស់​សិស្សា​នុសិស្ស​។ មុន​ពេល​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ បន្ទប់​ស្នាក់​នៅ​ទាំង​អស់​ត្រូវ​បាន​បោស​សម្អាត​ រៀប​ចំ​ឱ្យ​មាន​សណ្តាប់​ធ្នាប់​ និង​ត្រៀម​លក្ខ​ណៈដើម្បី​ឱ្យ​សិស្សា​នុសិស្ស​អាច​សម្រាក​សិក្សា​ប្រ​កប​ដោយ​ស្ថិរ​ភាព​។ ចំ​ណែក​ផ្ទះ​បាយ​សមូហ​ភាព​របស់​សា​លា​ ក៏​បាន​ត្រៀម​រៀប​ចំ​រួច​ជា​ស្រេច​ ដើម្បី​បម្រើ​អា​ហារ​ប្រ​ចាំ​ថ្ងៃ​ឱ្យ​សិស្សា​នុសិស្ស។

សិស្សា​នុសិស្ស​រួម​គ្នា​សម្អាត​បរិវេណ​សា​លា​ រួម​ចំ​ណែក​បង្ក​បរិយាកាស​សិក្សា​បៃ​តង​ ស្អាត​ និង​ត្រៀម​លក្ខ​ណៈសម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។

លោក​គ្រូ​គឹម​វ៉ាំង​សែន​ ចាង​ហ្វាង​រង​សា​លា​ បាន​ឱ្យ​ដឹង​ ការ​ងារ​ត្រៀម​លក្ខ​ណៈសម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ ត្រូវ​បាន​អនុ​វត្ត​តាំង​ពី​ដំ​ណាក់​កាល​ដំ​បូង​ ដោយ​ផ្តោត​លើ​ការ​ធា​នា​សន្តិ​សុខ​ សុវត្ថិ​ភាព​ អនា​ម័យនៅ​តំ​បន់​អន្តេ​វា​សិក​ដ្ឋាន​ និង​ការ​រៀចំ​សណ្តាប់​ធ្នាប់​សម្រាប់​សិស្សា​នុសិស្ស​ឱ្យ​បាន​ល្អ​ប្រសើរ​។ សា​លា​បាន​សហ​ការ​ចាត់​តាំង​ពិ​និត្យ​សុខ​ភាព​សិស្ស​នៅ​ដើម​ឆ្នាំ​សិក្សា​ និង​អនុ​វត្ត​សកម្ម​ភាព​ថែ​ទាំ​សុខ​ភាព​សិស្ស​។ ក្រៅ​ពី​ការ​ធា​នា​លក្ខ​ណៈនៃ​ការ​ស្នាក់​នៅ​និង​ការ​ហូប​ចុក​ សកម្ម​ភាព​ជា​ក្រុម​ ការ​លំ​ហាត់​ប្រា​ណ​ ការ​អប់​រំ​បំ​ណិន​ជីវិត​ និង​បំ​ណិន​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ត្រូវ​បាន​បន្ត​អនុ​វត្ត​ជា​ប្រ​ចាំ​ ដើម្បី​ជួយ​ឱ្យ​សិស្សា​នុសិស្ស​សម្រប​ខ្លួន​បាន​ល្អ​ជា​មួយ​ជីវ​ភាព​រស់​នៅ​ឆ្ងាយ​ពី​គ្រួ​សារ​។

 ប្អូន​ថា​ច់ខាញ់​បាំង​ សិស្ស​ថ្នាក់​ ទី​១១A១ បាន​ឱ្យ​ដឹង​ ក្នុង​អំ​ឡុង​ពេល​សម្រាក​វិស្សម​កាល​ ប្អូន​បាន​ឆ្លៀត​ពេល​ជួយ​ឪ​ពុក​ម្តាយ​មើល​ហាង​លក់​ដូរ​ កាត់​ស្មៅ​និង​មើល​ថែ​ហ្វូង​គោ​។ ពេល​ត្រ​ឡប់​មក​ចូល​រៀន​វិញ​ ប្អូន​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​ដោយ​បាន​ជួប​លោក​គ្រូ​ អ្នក​គ្រូ​ និង​មិត្ត​ភក្តិ ព្រម​ទាំង​ត្រៀម​លក្ខ​ណៈសម្រាប់​ឆ្នាំ​សិក្សា​ថ្មី​។ "ប្អូន​ឃើញ​លោក​គ្រូ​ អ្នក​គ្រូ​ បាន​ត្រៀម​លក្ខ​ណៈយ៉ាង​យក​ចិត្ត​ទុក​ដាក់​។ បន្ទប់​រៀន​ អន្តេ​វា​សិក​ដ្ឋាន​ និង​អា​ហារ​ដ្ឋាន​ស្អាត​បាត​ និង​មាន​សណ្តាប់​ធ្នាប់​ល្អ​។ ប្អូន​មាន​អា​រម្មណ៍​សប្បាយ​រីក​រាយ​ណាស់​ដែល​បាន​ត្រ​ឡប់​មក​ចូល​រៀន​វិញ​ ហើយ​ប្អូន​នឹង​ខិត​ខំ​រៀន​សូ​ត្រ​ឱ្យ​បាន​ល្អ​ជាង​មុន​" ខាញ់​បាំង​ បាន​ចែក​រំលែក​ដូច្នេះ​។ 

បន្ទប់​រៀន​ត្រូវ​បាន​បោស​ជូត​សម្អាត​ និង​រៀប​ចំ​យ៉ាង​មាន​របៀប​រៀប​រយ​មុន​
ចូល​ឆ្នាំ​សិក្សា​ថ្មី​។

ក្នុង​ឆ្នាំ​សិក្សា​ ២០២៥-២០២៦ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​ មាន​អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញា​បត្រ​មធ្យម​សិក្សា​ចំ​ណេះ​ទូ​ទៅ​ ១០០% ហើយ​មាន​សិស្ស​ទទួល​បាន​លទ្ធ​ផល​ជា​សិស្ស​ពូ​កែ​ថ្នាក់​ខេត្ត​ចំ​នួន​ ៣ នាក់​។ លទ្ធ​ផល​នេះ​ បាន​បង្ក​ជា​កម្លាំង​ចលក​រនិង​ជំ​រុញ​ឱ្យ​សា​លា​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ ពិ​សេស​គឺ​ការ​អប់​រំ​ឈាន​មុខ​។ ឈាន​ចូល​ឆ្នាំ​សិក្សា​ ២០២៦-២០២៧ សា​លា​បន្ត​កំ​ណត់​គោល​ដៅ​រក្សា​សា​លា​សម្រេច​បទ​ដ្ឋាន​ជាតិ​កម្រិត​ ២ ព្រម​ទាំង​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់​រំ​និង​កសាង​បរិស្ថាន​អប់​រំ​មួយ​ដែល​មាន​សុវត្ថិ​ភាព​និង​វិជ្ជមាន​។

តាម​ប្រ​សាសន៍​លោក​គ្រូ​ ថា​ច់ថាញ​ហ្វាង​ ចាង​ហ្វាង​សា​លា​ បាន​ឱ្យ​ដឹង​ ក្នុង​ឆ្នាំ​សិក្សា​នេះ​ សមូហ​ភាព​ថ្នាក់​ដឹក​នាំ​ គ្រូ​បង្រៀន​និង​បុគ្គលិក​របស់​សា​លា​ បាន​កំ​ណត់​លើ​ប្រ​ធាន​បទ​៖ "ផ្លាស់​ថ្មី​ផ្នត់គំ​និត​ - ផ្លាស់​ប្តូរ​យ៉ាង​ខ្លាំង​ក្លា​ - លទ្ធ​ផល​ជាក់​ស្តែង​"។ សា​លា​នឹង​បន្ត​អនុ​វត្ត​កម្ម​វិធី​អប់​រំ​ចំ​ណេះ​ទូ​ទៅ​ឆ្នាំ​ ២០១៨ ឱ្យ​មាន​ប្រ​សិទ្ធ​ភាព​; ផ្លាស់​ថ្មី​វិធី​សាស្ត្រ​បង្រៀន​ ការ​ធ្វើ​តេស្ត និង​ការ​វាយ​តម្លៃ​ ព្រម​ទាំង​លើក​កម្ពស់​ភាព​សកម្ម​ ភាព​ម្ចាស់​ការ​ និង​ការ​ច្នៃ​ប្រ​តិដ្ឋ​របស់​សិស្ស​។ ទន្ទឹម​នឹង​នោះ​ សា​លា​នឹង​ជំ​រុញ​ការ​ផ្លាស់​ប្ដូរ​ឌីជី​ថល​ សិក្ខា​គារិក​ឌីជី​ថល​ ការ​អប់​រំ​សមត្ថ​ភាព​ឌីជី​ថល​ និង​ការ​អនុ​វត្ត​បញ្ញា​សិប្ប​និម្មិតឱ្យ​សម​ស្រប​ក្នុង​ការ​បង្រៀន​និង​រៀន​។ ការ​អប់​រំ​សីល​ធម៌​ បំ​ណិន​ជីវិត​ ស្មារតី​គោរព​វិន័យ​ និង​សមត្ថ​ភាព​រស់​នៅ​ម្ចាស់​ការ​លើ​ខ្លួន​ឯង​ ក៏​បាន​សា​លា​យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ផង​ដែរ​។ លោក​គ្រូ​ ថា​ច់ថាញ​ហ្វាង​ ចែក​រំលែក​៖ "យើង​ខ្ញុំ​ចង់​បំ​ផុស​ឱ្យ​ប្អូន​ៗ​ឈាន​ឆ្ពោះ​ទៅ​មុខ​ ប៉​ប្លែង​លំ​បាក​ឱ្យ​ទៅ​ជា​កម្លាំង​ចិត្ត​សម្រាប់​ការ​សិក្សា​។ សេច​ក្តី​រីក​រាយ​របស់​សិស្សា​នុសិស្ស​ នៅ​ពេល​ត្រ​ឡប់​មក​ចូល​រៀន​វិញ​ ក៏​ជា​សេច​ក្តី​រីក​រាយ​របស់​លោក​គ្រូ​ អ្នក​គ្រូ​។ យើង​ខ្ញុំ​នឹង​បន្ត​រួម​ដំ​ណើរ​ដើម្បី​ឱ្យ​ប្អូន​ៗមាន​ទំនុក​ចិត្ត​ក្នុង​ការ​សិក្សា​និង​អភិវឌ្ឍ​ន៍ខ្លួន​"។

ចាប់​ពី​ការ​ងារ​សាមញ្ញ​ៗ ដែល​សិស្សា​នុសិស្ស​បាន​ចូល​រួម​អនុ​វត្ត​នៅ​ថ្ងៃ​ទី​៤ ខែ​កញ្ញា​ រហូត​ដល់​ការ​ត្រៀម​លក្ខ​ណៈយ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​សិក្សា​ ការ​ស្នាក់​នៅ​ ការ​ហូប​ចុក​និង​ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ​ សា​លា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទីវ​កឹង​ បាន​ត្រៀម​លក្ខ​ណៈរួច​រាល់​សម្រាប់​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​ ដោយ​ប្តេជ្ញា​បន្ត​លើក​កម្ពស់​គុណ​ភាព​អប់​រំ​ និង​រួម​ដំ​ណើរ​ជា​មួយ​សិស្សា​នុសិស្ស​លើ​ដំ​ណើរ​ឆ្ពោះ​ទៅ​រក​ការ​រីក​ចម្រើន​៕

ពេជ្រ​ សឿន​

ចែករំលែកអត្ថបទ