ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ក្នុងការអនុវត្តកម្មវិធី និងគម្រោងនានាសម្រាប់តំបន់ជនរួមជាតិខ្មែរ បានបន្តរួមចំណែកធ្វើឱ្យទិដ្ឋភាពភូមិស្រុករបស់ជនរួមជាតិខ្មែរ មានការផ្លាស់ថ្មីជាបន្តបន្ទាប់ ហើយជីវភាពរបស់ប្រជាជនខ្មែរក៏កាន់តែមានភាពប្រសើរឡើង។ ជាមួយគ្នានេះ កម្មវិធីនិងគោលនយោបាយគាំទ្រនានា ក៏បានបើកបន្ថែមឱកាសឱ្យប្រជាជនអភិវឌ្ឍផលិត បង្កើនប្រាក់ចំណូល ទទួលបានការថែទាំសុខភាពកាន់តែល្អប្រសើរ ជាជំហានៗឈានឡើងលំនឹងជីវភាព។
ជាច្រើនឆ្នាំមកនេះ មិនត្រឹមតែយកចិត្តទុកដាក់វិនិយោគសាងសង់ផ្លូវជនបទដែលតភ្ជាប់ភូមិស្រុកប៉ុណ្ណោះទេ គម្រោងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ទ្រង់ទ្រាយធំក៏បានបង្កើនកម្រិតនិងពង្រីក កំពុងបង្កកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍតំបន់ជនរួមជាតិខ្មែរ។ ជាក់ស្តែង ដូចជាផ្លូវខេត្តលេខ ៩៣៨ ដែលឆ្លងកាត់បណ្តាឃុំអាងនិញ ឃុំមីហឿង និងឃុំមីទូ ជាតំបន់មានជនរួមជាតិខ្មែររស់នៅកុះករ។ បន្ទាប់ពីបានកែលម្អ ជួសជុល ពង្រីកនិងក្រាលបេតុង កៅស៊ូ ផ្លូវនេះបានជួយដល់ប្រជាជនធ្វើដំណើរបានកាន់តែងាយស្រួល ដឹកជញ្ជូនទំនិញបានលឿនជាងមុន ទន្ទឹមនឹងនោះ បង្កលក្ខណៈក្នុងការអភិវឌ្ឍផលិត។ លោកឡឹមប៊ិញ រស់នៅឃុំអាងនិញ ឱ្យដឹង៖ "ពីមុនផ្លូវលេខ ៩៣៨ តូចចង្អៀត ការធ្វើដំណើរជួបការលំបាក។ ឥឡូវនេះ ផ្លូវបានពង្រីកធំទូលាយ និងស្រឡះស្រឡំ ហើយមានភាពងាយស្រួលសម្រាប់សិស្សានុសិស្សនិងកម្មករ។ ផ្លូវធំទូលាយ មានភ្លើងបំភ្លឺ ប្រជាជនធ្វើដំណើរមានការលំនឹងចិត្តនិងសុវត្ថិភាព ការដឹកជញ្ជូនទំនិញក៏បានទាន់ពេលវេលា ជួយឱ្យសេដ្ឋកិច្ចកាន់តែរីកចម្រើន"។

ផ្លូវខេត្តលេខ ៩៣៨ ឆ្លងកាត់ឃុំអាងនិញ។
ផ្លូវដែលកសាងថ្មីៗពិតជាបានក្លាយជា "គំនាស់" សម្រាប់ការអភិវឌ្ឍ។ កសិផលបានដឹកជញ្ជូនកាន់តែងាយស្រួល កុមារទៅសាលារៀនមានសុវត្ថិភាព ហើយប្រជាជនក៏អាចចូលប្រើប្រាស់សេវាសុខាភិបាល វប្បធម៌ និងសង្គមបានកាន់តែងាយស្រួល។
បច្ចុប្បន្ន ទីក្រុងកឹងធើ មានជនរួមជាតិខ្មែររស់នៅជាង ៤១១.០០០ នាក់។ ជាច្រើនឆ្នាំកន្លង រដ្ឋអំណាចភូមិភាគបានយកចិត្តទុកដាក់យ៉ាងពិសេស ផ្សព្វផ្សាយអនុវត្តទាន់ពេលវេលានូវកម្មវិធី និងគម្រោងនានារបស់បក្ស និងរដ្ឋ តាមរយៈនោះ បានរួមចំណែកធ្វើឱ្យជីវភាពប្រជាជនមានភាពប្រសើរឡើង និងបង្កើតមុខរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជន។
គ្រួសារអ្នកមីងថាច់ធីក្វាង រស់នៅឃុំត្រឹងដេ កាលពីមុនធ្លាប់មានជីវភាពលំបាក ខ្វះមុខខ្វះក្រោយ។ កាលពី ២ ឆ្នាំមុន គ្រួសារអ្នកមីងបានរដ្ឋឧបត្ថម្ភគោពូជមួយក្បាល តាមរយៈកម្មវិធីទិសដៅជាតិ។ ដោយការថែទាំបានល្អ គោមេបានកើតកូន មួយក្បាល។ ចំណូលពីការចិញ្ចឹមសត្វ បានជួយឱ្យគ្រួសារមានលទ្ធភាពបន្ថែមក្នុងការចំណាយប្រចាំថ្ងៃ។ បច្ចុប្បន្ន គោមេកំពុងមានកូនល្បាស់បន្ទាប់ ដែលជាក្តីសង្ឃឹមឱ្យគ្រួសារមានជីវភាពកាន់តែលំនឹង។ "ដោយទទួលបានការជួយជ្រោមជ្រែងពីរដ្ឋ គ្រួសារខ្ញុំមានមុខរបរសម្រាប់ចិញ្ចឹមជីវិត។ ខ្ញុំក៏ខិតខំប្រឹងប្រែងប្រកបរបររកស៊ីដើម្បីជីវភាពឈានឡើង។ បច្ចុប្បន្ន គ្រួសារខ្ញុំនៅមានការខ្វះខាតច្រើន ដូច្នេះ ខ្ញុំសង្ឃឹមថា រដ្ឋនឹងបន្តពិនិត្យនិងជំនួយដើមទុនបន្ថែមដើម្បីអភិវឌ្ឍការផលិតនិងចិញ្ចឹមសត្វ" អ្នកមីងថាច់ធីក្វាង បានចែករំលែកដូច្នេះ។

អ្នកមីងថាច់ធីក្វាង កំពុងថែទាំគោ។
មិនត្រឹមតែវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ជួយឧបត្ថម្ភមុខរបរចិញ្ចឹមជីវិតប៉ុណ្ណោះទេ កម្មវិធីទិសដៅជាតិនានា ថែមទាំងបង្កមូលដ្ឋានគ្រឹះសម្រាប់ប្រជាជនអាចទទួលបានការអប់រំ និងសេវាកម្មសង្គមកាន់តែល្អប្រសើរ។ នៅឃុំវិញហាយ ទីក្រុងកឹងធើ ជាភូមិភាគមានប្រជាជនជាង ៧២% ជាជនជាតិភាគតិច ក្នុងនោះ ភាគច្រើនជាជនជាតិខ្មែរនិងជនជាតិហ្វា។ ដំណាក់កាល ២០២១-២០២៥ ឃុំបានអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិច ដោយមានប្រភពទុនសរុបជាង ៨,៤ ពាន់លានដុងពីថវិកាមជ្ឈិមនិងភូមិភាគ។ ឆ្លងតាមរយៈប្រភពធនធាននេះ ឃុំបានឧបត្ថម្ភសាងសង់លំនៅឋាន ដីសង់លំនៅឋាន និងផ្លាស់ប្តូរមុខរបរដល់គ្រួសារចំនួន ២២១; ជួយផ្គត់ផ្គង់ទឹកស្អាតប្រើប្រាស់ដល់គ្រួសារក្រីក្រ គ្រួសារក្បែរក្រ ៣០ គ្រួសារ ព្រមទាំងអនុវត្តទម្រង់អភិវឌ្ឍផលិតដែលផ្សារភ្ជាប់ជាមួយខ្សែសង្វាក់តម្លៃ រួមចំណែកបង្កើនប្រាក់ចំណូលនិងកាត់បន្ថយភាពក្រីក្រដោយចីរភាព។ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ សាលារៀនក៏បានយកចិត្តទុកដាក់វិនិយោគ។ លោកត្រឹងម៉ាញ់ ប្រជាជននៅឃុំវិញហាយ ចែករំលែក៖ "បច្ចុប្បន្ន សាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ សុទ្ធសឹងបានសាងសង់ថ្មីធំទូលាយនិងស្អាតបាត វិស័យអប់រំបច្ចុប្បន្នមានការរីកចម្រើនយ៉ាងខ្លាំង។ មុននេះ សិស្សរៀនតែមួយពេល ប៉ុន្តែឥឡូវនេះ សាលារៀនភាគច្រើនបានរៀបចំឱ្យសិស្សរៀនពីរពេល"។
ជាមួយគ្នានេះ សម្រាប់គ្រួសារក្រីក្រ គ្រួសារក្បែរក្រនិងជនជាតិភាគតិច ការទទួលបានប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ ជួយប្រជាជនទទួលបានការថែទាំសុខភាពកាន់តែល្អប្រសើរ កាត់បន្ថយការចំណាយនៅពេលមានជំងឺ និងកាត់បន្ថយហានិភ័យធ្លាក់ចូលក្នុងភាពក្រីក្រឡើងវិញដោយសារជំងឺ។ គ្រួសារពូស៊ើងលិញ នៅឃុំយ៉ាហ្វា គ្មានដីសម្រាប់បង្កបង្កើនផល ចំណូលរបស់គ្រួសារភាគច្រើនពឹងផ្អែកលើកម្លាំងពលកម្មរបស់កូនៗនិងមុខរបរជាជាងសំណង់របស់គាត់។ ដោយសារការខិតខំប្រឹងប្រែងឈានឡើង ទើបគ្រួសារពូបានចាកផុតពីភាពក្រីក្រ។ ពូលិញ បានឱ្យដឹង គោលនយោបាយផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ បានជួយឱ្យគ្រួសារមានភាពកក់ក្តៅជាងមុន នៅពេលមានសមាជិកណាម្នាក់ឈឺថ្កាត់។ "គ្រួសារខ្ញុំមានសមាជិក ៤ នាក់ កន្លងមក បានរដ្ឋផ្តល់ជូនប័ណ្ណធានារ៉ាប់រងសុខាភិបាលដោយឥតគិតថ្លៃ។ នៅពេលទៅធ្វើការ ប្រសិនបើមានអារម្មណ៍ ថាមិនស្រួលខ្លួន ខ្ញុំនឹងទៅដំណាក់សុខាភិបាលដើម្បីពិនិត្យនិងព្យាបាលជំងឺបានទាន់ពេលវេលា។ ចំណាយលើការព្យាបាល មានធានារ៉ាប់រងជួយបង់ថ្លៃ ដូច្នេះគ្រួសាររបស់ខ្ញុំស្ងប់អារម្មណ៍យ៉ាងខ្លាំង" ពូលិញ បានចែករំលែកដូច្នេះ។

ថ្នាក់ដឹកនាំការិយាល័យវប្បធម៌-សង្គមឃុំយ៉ាហ្វា ចុះសួរសុខទុក្ខនិងលើកទឹកចិត្តគ្រួសារពូស៊ើងលិញ (អង្គុយនៅខាងឆ្វេង)។
ឃុំយ៉ាហ្វា មានប្រជាជនប្រមាណ ៤២% ជាជនជាតិភាគតិច។ បច្ចុប្បន្ន អត្រាប្រជាជនដែលចូលរួមនិងទទួលបានប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រេច ១០០%។ ដោយបន្ថយបានការចំណាយថែទាំសុខភាព ប្រជាជនមានភាពកក់ក្តៅក្នុងការប្រកបរបររកស៊ី ពលកម្មផលិត ជីវភាពរស់នៅបានលើកស្ទួយជាបន្តបន្ទាប់; បច្ចុប្បន្ន អត្រាគ្រួសារក្រីក្រនៅសល់ត្រឹមប្រមាណ ០,២% ប៉ុណ្ណោះ។ លោកឡឹមហាល ប្រធានការិយាល័យវប្បធម៌-សង្គមឃុំយ៉ាហ្វា ឱ្យដឹង៖ "ប្រជាជនមានសេចក្តីរីករាយយ៉ាងខ្លាំងចំពោះការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋ ក្នុងការថែទាំសុខភាព ជាពិសេសនៅតំបន់ជនជាតិភាគតិច។ សព្វថ្ងៃ ប្រជាជនទៅពិនិត្យនិងព្យាបាលជំងឺនៅកន្លែងជាច្រើន ក៏អាចទទួលបានអត្ថប្រយោជន៍ពីធានារ៉ាប់រងសុខាភិបាល។ ជីវភាពរបស់ប្រជាជននៅយ៉ាហ្វាមានការផ្លាស់ថ្មីជាច្រើន អត្រាគ្រួសារក្រីក្របានថយចុះយ៉ាងច្បាស់ ហើយជីវភាពរស់នៅកាន់តែប្រសើរឡើងជាបន្តបន្ទាប់"។
អាចសង្កេតឃើញថា ការយកចិត្តទុកដាក់និងការវិនិយោគរបស់បក្ស និងរដ្ឋ មិនត្រឹមតែធ្វើឱ្យទិដ្ឋភាពភូមិស្រុកកាន់តែរីកចម្រើននិងមានភាពស្រស់បំព្រងប៉ុណ្ណោះទេ ថែមទាំងបានបង្កទំនុកចិត្តនិងកម្លាំងជំរុញឱ្យប្រជាជនខ្មែរមានភាពម្ចាស់ការក្នុងការខិតខំប្រឹងប្រែងឈានឡើង កសាងជីវភាពកាន់តែសម្បូរសប្បាយ និងសុភមង្គល៕
ថាញហុង - ពេជ្រសឿន