ផ្តើមពីការចិញ្ចឹមថែទាំនិងអប់រំកូននាបច្ចុប្បន្នទៅតាមតម្រូវការថ្មីៗ សាខាសមាគមនារីភូមិអាងហ្វា ឃុំថើយអាងហូយ បានបង្កើតក្លឹប “ចិញ្ចឹមកូនមានសុខភាពល្អ ប្រៀនប្រដៅកូនលុះក្នុងដំបូន្មាន” នៅឆ្នាំ២០២៥ ដោយមានសមាជិកចូលរួម២៥នាក់។ តាមកាលកំណត់ក្នុងមួយត្រីមាសអ្នកម្តាយទាំងឡាយមកជួបជុំគ្នាម្តង ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ជុំវិញការចិញ្ចឹមថែទាំកូន។ ខ្លឹមសារប្រជុំច្បាមតាមតម្រូវការជាក់ស្តែងនៃគ្រួសារនីមួយៗ តាំងពីបង្ការទប់ស្កាត់ការខ្វះអាហារូបត្ថម្ភ របបអាហារូបត្ថម្ភតាមកម្រិតអាយុរហូតដល់បំណិនឧបត្ថម្ភការសិក្សានិងបង្ការបញ្ចៀសការរំលោភបំពាននិងអំពើហិង្សាលើកុមារ។

សាខាសមាគមនារីភូមិ កំពុងផ្សព្វផ្សាយពីចំណេះដឹង “ចិញ្ចឹមកូនមានសុខភាពល្អ ប្រៀនប្រដៅកូនលុះក្នុងដំបូន្មាន” ដល់បងប្អូននារី។
បងស្រីផាមធីណូវ នៅភូមិអាងហ្វា ចែករំលែក៖ “ខ្ញុំមានកូន២នាក់ ម្នាក់អាយុ៧ឆ្នាំ ម្នាក់អាយុជាង៤ឆ្នាំ។ តាំងពីបានចូលរួមក្លឹប ខ្ញុំចេះពីរបៀបមើលថែទាំកូនបានល្អជាងមុន ហើយនាំកូនទៅចាក់វ៉ាក់សាំងគ្រប់ដូស”។
ទន្ទឹមនឹងនោះ នៅរាល់លើកជួបជុំក៏បានរួមចំណែកយ៉ាងសំខាន់នៃទម្រង់ថែទាំសុខភាពអ្នកម្តាយ និងកុមារមានប្រសិទ្ធភាព នោះគឺការអស់ពីចិត្ត ការទទួលខុសត្រូវរបស់កម្មាភិបាលកងជួរសមាគមនៅមូលដ្ឋានដោយបានចុះទៅដល់ផ្ទះប្រជាជន ដើម្បីក្តោបក្តាប់ស្ថានភាពនិងប្រឹក្សាចំពោះករណីជាក់ស្តែងនីមួយៗ។
បងស្រីង្វៀងធីហ្វា ប្រធានសាខាសមាគមនារីភូមិអាងហ្វា ឃុំថើយអាងហូយ ឱ្យដឹង៖ ភាពជាក់ស្តែងនាបច្ចុប្បន្ននៅភូមិភាគ គឺអ្នកម្តាយវ័យក្មេងជាច្រើនត្រូវទៅរកស៊ីឆ្ងាយ ដូច្នេះ ភាគច្រើនប្រគល់កូនឱ្យយាយតាជួយមើលថែទាំ។ ក្នុងចំណោម ១០គ្រួសារដែលមានកូនតូច ក្នុងនោះ មានអ្នកម្តាយនៅផ្ទះមើលថែទាំកូនត្រឹមតែ ៣-៤ នាក់។ ហេតុនេះ កងកម្លាំងស្នូលចូលរួមវគ្គណែនាំពីអាហារូបត្ថម្ភនិងការចម្អិនអាហារសម្រាប់កុមារ បច្ចុប្បន្នភាគច្រើនគឺយាយតា។ ទោះបីត្រូវប្រឈមនឹងការលំបាកចំពោះអ្នកមើលថែផ្ទាល់ ប៉ុន្តែអាស្រ័យការច្បាមរបស់ក្លឹប អត្រាកុមារខ្វះអាហារូបត្ថម្ភបានកាត់បន្ថយគួរឱ្យកត់សម្គាល់។ កាលពីបីបួនឆ្នាំមុន អត្រាកុមារខ្វះអាហារូបត្ថម្ភមានកម្រិតពី ៦-៧% យោងតាមតារាងក្រាហ្វិកបច្ចុប្បន្ន តួលេខនេះបានធ្លាក់ចុះនៅត្រឹម ៤%។
មិនបង្អង់ត្រឹមទ្រង់ទ្រាយនេះ សមាគមសហព័ន្ធនារីឃុំថើយអាងហូយ ក៏បានដាក់ចេញទិសដៅនាំយកទម្រង់នេះកាន់តែខិតជិតបងប្អូននារីជាច្រើនទៀតនៅលើភូមិឋាន។
អ្នកស្រីយឿងធីគីមធី ប្រធានសមាគមនារីឃុំថើយអាងហូយ ឱ្យដឹង៖ “និយាយរួមទម្រង់ក្លឹប” ចិញ្ចឹមកូនមានសុខភាពល្អ ប្រៀនប្រដៅកូនលុះក្នុងដំបូន្មាន” បាននាំមកប្រសិទ្ធភាពជាក់ស្តែងនៅភូមិភាគ ដោយទទួលបានការឯកភាពនិងគាំទ្រ ខ្ពស់ពីសមាជិកានារី។ ផ្តើមពីលទ្ធផលវិជ្ជមានទាំងនេះ សមាគមនារីឃុំកំពុងមានទិសដៅពង្រីកទូលំទូលាយទម្រង់នេះដល់ភូមិនានាលើភូមិឋាន។ នៅពេលខាងមុខ សមាគមគ្រោងនឹងពង្រីកទូលំទូលាយវគ្គហ្វឹកហាត់ដើម្បីបំពាក់បន្ថែមចំណេះដឹងការពារនិងមើលថែទាំកុមារ។ ទិសដៅឆ្ពោះទៅ រកការផ្តល់បំណិនស៊ីជម្រៅ ដើម្បីអ្នកមើលថែទាំចេះរបៀបអប់រំកុមារឱ្យចេះការពារខ្លួនឯង ធានាសុវត្ថិភាពសម្រាប់ប្អូនៗពីបរិស្ថានគ្រួសាររហូត ដល់សហគមន៍”៕
វឌ្ឍា-មុនី