ជំនួយកម្លាំងដល់ប្អូនៗទៅសាលារៀន គឺជាសកម្មភាពមួយបានអង្គការមហាជននានានៅទីក្រុងកឹងធើ សហការយ៉ាងសកម្មជាមួយអាជីវកម្ម សប្បុរសជនអនុវត្តជាច្រើនឆ្នាំមកនេះ។ ឆ្លងតាមរយៈនោះ ជួយឱ្យសិស្សដែលមានស្ថានលំបាកមានកម្លាំងជំរុញ ជឿជាក់ក្នុងដំណើរការសិក្សារៀនសូត្រ និងក្លាយជាពលរដ្ឋមានប្រយោជន៍ដល់សង្គម។

រួមដំណើរជាមួយប្អូនៗដែលមានស្ថានភាពលំបាកទៅសាលារៀន។
ដើម្បីចែករំលែកការលំបាក លើកទឹកចិត្ត និងជំនួយកម្លាំងដល់សិស្សឆ្លងកាត់លំបាកទៅសាលារៀន មុនពេលឈានចូលឆ្នាំសិក្សាថ្មី គណៈកម្មាធិការប្រជាជនឃុំញូយ៉ា បានសហការជាមួយក្រុមសប្បុរសធម៌ហាង៉ុក នៅទីក្រុងហូជីមិញ បានចាត់តាំងកម្មវិធី "ជំនួយកម្លាំងប្អូនទៅសាលារៀន - លេខ ៣" បានជូនអំណោយ ២៥ ចំណែកដល់សិស្សដែលមានស្ថានភាពលំបាកចំនួន ២៥ នាក់ គិតជាទឹកប្រាក់សរុបជាង ២២ លានដុង។ អំណោយទាំងនេះមិនត្រឹមតែជួយសម្រាលបន្ទុកទិញសម្ភារៈសិក្សានៅដើមឆ្នាំសិក្សាប៉ុណ្ណោះទេ ថែមទាំងបង្ហាញពីស្មារតីចែករំលែក ជួយជំរុញកម្លាំងបន្ថែមដើម្បីប្អូនបន្តការសិក្សា។ ប្អូន ត្រឹងធីទ្រុកហ្វិញ នៅភូមិឌិញហ្វា ជាសិស្សម្នាក់ក្នុងចំណោមសិស្ស ២៥ នាក់ ដែលបានទទួលអំណោយ ឱ្យដឹង៖ "ប្អូនត្រេកអរណាស់ពេលបានទទួលអំណោយរបស់លោកពូអ្នកមីងឧបត្ថម្ភ។ អំណោយនេះនឹងជួយឱ្យប្អូនកាន់តែខិតខំប្រឹងប្រែងរៀនសូត្រជាងទៀត ដើម្បីក្លាយជាពលរដ្ឋល្អ"។

ជូនអំណោយ "ជំនួយកម្លាំងទៅសាលារៀន"ដល់សិស្សដែលមានស្ថានភាពលំបាកនៅឃុំវិញឡើយ។
នៅតំបន់ដែលនៅមានការលំបាកច្រើន ការចូលរៀនរបស់សិស្សជាច្រើនប្រឈមមុខនឹងការលំបាក ដោយសារលក្ខណៈសេដ្ឋកិច្ច។ ចំពោះតថភាពនោះ ដើម្បីជួយប្អូនៗសម្រាលបន្ទុកការលំបាក សមាគមសហព័ន្ធនារីឃុំវិញឡើយ បានចលនាសប្បុរសជនព្រួតដៃគិតគូរ ជូនអំណោយជាង ៥០០ ចំណែក រួមមាន៖ សៀវភៅ ប៊ិច និងកាតាបដល់ប្អូនៗសិស្សានុសិស្សនៅលើភូមិឋានឃុំ គិតជាទឹកប្រាក់សរុប ៤០ លានដុង។ "នេះជាសកម្មភាពបានសមាគមសហព័ន្ធនារីឃុំ ព្រមជាមួយសប្បុរសជនតែងអនុវត្តជារៀងរាល់ឆ្នាំ ព្រួតដៃដើម្បីជួយកុមារក្រីក្រ សកម្មភាពនេះបង្ហាញពីមនុស្សធម៌ និងសាយភាយទូលំទូលាយ។ សង្ឃឹមថាក្នុងពេលខាងមុខ សមាគមនឹងកៀរគរអង្គការ និងបុគ្គលរួមដំណើរដើម្បីនាំមកនូវក្តីស្រឡាញ់ដល់ប្អូនៗដែលមានស្ថានភាពលំបាក ជួយឱ្យប្អូនៗមានជីវភាពកាន់តែប្រសើរជាង"។ លោកស្រី វ៉ហឹងហ្វាង អនុប្រធានសមាគមសហព័ន្ធនារីឃុំវិញឡើយ បានឱ្យដឹងដូច្នេះ។

ជូនអំណោយដល់សិស្សមានស្ថានភាពលំបាក នៅឃុំអាងនិញ។
"ដើមឈើមួយដើមមិនអាចបង្កើតជាព្រៃឈើបានទេ ប៉ុន្តែដើមឈើច្រើនដើមរួមគ្នាអាចបង្កើតជាព្រៃភ្នំបាន" ស្មារតីសាមគ្គី និងចែករំលែកនោះ ក៏បានរណសិរ្ស អង្គការមហាជនឃុំអាងនិញ ផ្សព្វផ្សាយខ្លាំងក្លាក្នុងសហគមន៍។ តាមប្រសាសន៍លោកស្រី ហ្វិញធីង៉ុកទីម ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំអាងនិញ ដើម្បីជំនួយកម្លាំងដល់ប្អូនដែលមានស្ថានភាពលំបាកទៅសាលារៀន រណសិរ្ស និងអង្គការមហាជនឃុំ ចលនានិងជូនអំណោយបាន ១២០ ចំណែក គិតជាទឹកប្រាក់សរុប ១៦ លានដុង។ តាមរយៈនោះ ក្នុងឆ្នាំកន្លងហើយ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំ បានសហការជាមួយគណៈ ផ្នែក និងអង្គការមហាជននានារបស់ឃុំ បានកៀរគរ និងជូនអំណោយបាន ១.២៤៩ ចំណែក ជូនអាហារូបករណ៍ ៤០ ចំណែក និងចលនាសៀវភៅសរសេរបាន៤.០០០ ក្បាល ដល់ប្អូនៗដែលមានស្ថានភាពលំបាកនៅលើភូមិឋាន។
ភាពជាក់ស្តែងបញ្ជាក់ឱ្យឃើញ ការព្រួតដៃទាំងអស់នេះបានរួមចំណែកសម្រាលការលំបាកបានមួយចំណែក ដើម្បីប្អូនៗដែលមានស្ថានភាពលំបាកមានឱកាសបន្តការសិក្សា សម្រេចនូវក្តីប្រាថ្នា និងបោះជំហានដោយរឹងប៉ឹងទៅសាលារៀន។ ឆ្លងតាមរយៈនោះ រួមចំណែកផ្សព្វផ្សាយនូវតម្លៃមនុស្សធម៌យ៉ាងជ្រាលជ្រៅរវាងមនុស្សជាមួយគ្នា និងបង្ហាញពីស្មារតីទទួលខុសត្រូវក្នុងសហគមន៍ និងសង្គមទៀតផង៕
ថាញវ៉ាង - វិមាន