មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

26/08/2026 - 21:36

ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ បណ្តុះ​អក្សរ​ខ្មែរ​នៅ​ភូមិ​ស្រុក​ 

អស់​រយៈ​ពេល​ជាង​ ៣៨ ព្រះ​វស្សា​មក​ហើយ​ ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ ព្រះ​ចៅ​អធិការ​វត្ត​បុប្ផា​រាម​ នៅ​ឃុំ​ហឹង​ហយ​ ខេត្ត​កាម៉ាវ​ បាន​ខិត​ខំ​ប្រឹង​ប្រែង​បណ្តុះ​អក្សរ​ ផ្សព្វ​ផ្សាយ​ធម៌​វិន័យ​និង​ចលនា​ជន​រួម​ជាតិ​ខ្មែរ​ឱ្យ​គោរព​និង​អនុ​វត្ត​បាន​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​និង​ច្បាប់​របស់​រដ្ឋ​។ ចាប់​ពី​ថ្នាក់​រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​ វត្ត​បាន​ក្លាយ​ជា​ទី​បង្អែក​ផ្នែក​ចំ​ណេះ​ដឹង​ វប្ប​ធម៌​និង​ស្មារតី​សម្រាប់​ជន​ជាតិ​ខ្មែរ​ជា​ច្រើន​ជំ​នាន់​នៅ​ភូមិ​ស្រុក​។

ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​។

* បណ្តុះ​អក្សរ​តាំង​ពី​ថ្ងៃ​លំ​បាក​

នៅ​រសៀល​នៃ​ចុង​ខែ​សី​ហា​ យើង​ខ្ញុំ​បាន​ធ្វើ​ដំ​ណើរ​ទៅ​កាន់​វត្ត​បុប្ផា​រាម​ ស្ថិត​នៅ​ភូមិ​កៃ​យ៉ា ឃុំ​ហឹង​ហយ​។ ក្នុង​បរិយាកាស​ដ៏​ស្ងប់​ស្ងាត់​នៃ​វត្ត​បុរាណ​មួយ​នេះ​ ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ ទោះ​បី​មាន​ព្រះ​ជន្ម​ច្រើន​ក៏​ដោយ​ នៅ​តែ​ចង​ចាំ​បាន​យ៉ាង​ច្បាស់​នូវ​រាល់​ដំ​ណាក់​កាល​នៃ​ដំ​ណើរ​ដែល​បាន​ផ្សារ​ភ្ជាប់​ជា​មួយ​ភូមិ​ស្រុក​។ ឆ្នាំ​ ១៩៨៧ កាល​នៅ​ជា​ព្រះ​ឧទ្ទេសា​ចារ្យ​ ព្រះ​អង្គ​បាន​ចាត់​ឱ្យ​មក​កាន់​តំ​ណែង​ជា​ព្រះ​ចៅ​អធិការ​វត្ត​បុប្ផា​រាម​។ ពេល​នោះ​ ផ្លូវ​ធ្វើ​ដំ​ណើរ​នៅ​មាន​ការ​លំ​បាក​ ផ្ទះ​សម្បែង​មាន​តិច​តួច​ ហើយ​ជីវ​ភាព​ប្រ​ជា​ជន​នៅ​ខ្វះ​ខាត​ច្រើន​។ ការ​សិក្សា​របស់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​ កាន់​តែ​ជួប​ការ​លំ​បាក​។ ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ រំឭក​ឡើង​៖ "កាល​នោះ​ គ្មាន​ផ្លូវ​បេតុង​ ឬ​ផ្លូវ​កៅ​ស៊ូ​ដូច​សព្វ​ថ្ងៃ​នេះ​ទេ​។ ចង់​ធ្វើ​ដំ​ណើរ​ មាន​តែ​ជិះ​ទូក​ ឬ​ដើរ​ដោយ​ថ្មើរ​ជើង​។ ក្មេង​ៗក្នុង​ភូមិ​ស្រុក​ តែង​ទៅ​តាម​ឪ​ពុក​ម្តាយ​ធ្វើ​ស្រែ​។ ការ​ទៅ​រៀន​សា​លា​ចំ​ណេះ​ទូ​ទៅ​ក៏​លំ​បាក​ទៅ​ហើយ​ ចុះ​ទម្រាំ​រៀន​អក្សរ​ខ្មែរ​យើង​ទៀត​"។

ដោយ​បា​រម្ភ​ថា​ កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​មិន​ចេះ​អាន​ និង​សរ​សេរ​អក្សរ​ខ្មែរ​ ព្រះ​សង្ឃ​អង្គ​នេះ​ បាន​ចាប់​ផ្តើម​ដំ​ណើរប​ណ្តុះ​អក្សរ​។ ព្រះ​អង្គ​ឆ្លង​កាត់​ផ្លូវ​ដី​ តាម​ភ្លឺ​ស្រែ​ និង​គង់​ទូក​ឆ្លង​ទៅ​កាន់​តំ​បន់​ភូមិ​ស្រុក​និង​វត្ត​ខ្មែរ​ ដើម្បី​បង្រៀន​ធម៌​វិន័យ​និង​អក្សរ​ បន្ទាប់​មក​ត្រ​ឡប់​មក​វត្ត​បុប្ផា​រាម​វិញ​ ដើម្បី​បន្ត​ការ​ងារ​ព្រះ​ពុទ្ធ​សាសនា​។ នៅ​ពេល​តម្រូវ​ការ​សិក្សា​របស់​កូន​ចៅ​ពុទ្ធ​បរិស័ទ​កាន់​តែ​ច្រើន​ឡើង​ ព្រះ​អង្គ​យល់​ឃើញ​ថា​ ចាំ​បាច់​ត្រូវ​មាន​ថ្នាក់​រៀន​មួយ​ដែល​មាន​ស្ថិរ​ភាព​ នៅ​ក្នុង​ភូមិ​ភាគ​។ ដោយ​មាន​ការ​គាំ​ទ្រ​និង​បង្ក​លក្ខ​ណៈពី​រដ្ឋ​អំ​ណាច​ ព្រះ​អង្គ​បាន​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​នៅ​ក្នុង​វត្ត​ ដោយ​រៀប​ចំ​ឯក​សារ​សិក្សា​ដោយ​ខ្លួន​ឯង​ ព្រម​ទាំង​អំ​ពាវ​នាវ​ដល់​អ្នក​មាន​ប្រិយ​ភាព​ក្នុង​សហ​គម​ន៍ឱ្យ​ចូល​រួម​បង្រៀន​។ ចាប់​ពី​ពេល​នោះ​មក​ ទម្រង់​ "វត្ត​គឺ​ជា​សា​លា​រៀន​" ត្រូវ​បាន​បន្ត​អនុ​វត្ត​រហូត​មក​ដល់​សព្វ​ថ្ងៃ​។

ព្រះ​ឧបជ្ឈា​យ៍ តាំង​ សា​វង្ស​ ជូន​អំ​ណោយ​និង​វិញាបន​បត្រ​ដល់​សិស្ស​ដែល​ទទួល​បាន​លទ្ធ​ផល​ល្អ​ក្នុង​វគ្គ​សិក្សា​អក្សរ​ខ្មែរ​រដូវ​វិស្សម​កាល​។

ជា​រៀង​រាល់​ឆ្នាំ​ ចាប់​ពី​ខែ​មិថុនា​ដល់​ខែ​សី​ហា​ វត្ត​បុប្ផា​រាម​តែង​តែ​មាន​បរិយាកាស​អ៊ូ​អរ​ ដោយ​ទទួល​សិស្សា​នុសិស្ស​មក​រៀន​អក្សរ​ខ្មែរ​ដោយ​ឥត​គិត​ថ្លៃ​។ ក្រៅ​ពី​រៀន​អាន​ រៀន​សរ​សេរ​ ប្អូន​ៗកុមារ​ក៏​បាន​សិក្សា​អំ​ពី​វប្ប​ធម៌​ ទំនៀម​ទម្លាប់​និង​ប្រ​ពៃ​ណី​ជន​ជាតិ​ ព្រម​ទាំង​ទទួល​ការ​អប់​រំ​អំ​ពី​សីល​ធម៌​ របៀប​រស់​នៅ​ និង​មាន​ការ​យល់​ដឹង​អំ​ពី​ការ​ថែ​រក្សា​អត្ត​សញ្ញា​ណ​វប្ប​ធម៌​។ កុមារ​គឹម​កៅ​គី​ នៅ​ភូមិ​កៃ​យ៉ា និយាយ​៖ "រាល់​ពេល​រដូវ​វិស្សម​កាល​ ខ្ញុំ​តែង​មក​វត្ត​រៀន​អក្សរ​ខ្មែរ​។ ខ្ញុំ​ចង់​ថែ​រក្សា​ និង​លើក​តម្កើង​ភា​សា​និង​អក្សរ​របស់​ជន​ជាតិ​។ ព្រះ​សង្ឃ​មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ទេ​ ថែម​ទាំង​បង្រៀន​ឱ្យ​ពួក​ប្អូន​យល់​ដឹង​កាន់​តែ​ច្បាស់​អំ​ពី​វប្ប​ធម៌​ខ្មែរ​ សុជីវ​ធម៌​ក្នុង​រស់​នៅ​ប្រ​ចាំ​ថ្ងៃ​"។ ចំ​ណែក​អ្នក​មីង​ ឡឹម​ធី​ត្វៀក នៅ​ភូមិ​កៃ​យ៉ា រៀប​រាប់​ទាំង​ក្តី​រំភើប​៖ "ដោយ​សារ​ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ បើក​ថ្នាក់​បង្រៀន​ដោយ​ឥត​គិត​ថ្លៃ​ និង​ជួយ​ឧបត្ថម្ភ​សៀវ​ភៅ​ សម្ភារៈ​សិក្សា​ កូន​ៗរបស់​ខ្ញុំ​ចេះ​ទាំង​ភា​សា​វៀត​និង​អក្សរ​ខ្មែរ​។ ឥ​ឡូវ​នេះ​ កូន​ៗបន្ត​ការ​សិក្សា​ឡើង​ខ្ពស់​ មាន​អ្នក​ខ្លះ​ធ្វើ​ជា​គ្រូ​បង្រៀន​ និង​អ្នក​ខ្លះ​ធ្វើ​ជា​កម្មា​ភិបាល​នៅ​ឃុំ​។ ទាំង​នេះ​សុទ្ធ​តែ​ជា​ផល​នៃ​ការ​អប់​រំ​និង​ការ​ណែ​នាំ​របស់​ព្រះ​ឧបជ្ឈា​យ៍ ដូច្នេះ​គ្រួ​សារ​ខ្ញុំ​មាន​ការ​ដឹង​គុណ​ព្រះ​អង្គ​ខ្លាំង​ណាស់​"។

*ទី​បង្អែក​ផ្នែក​ចំ​ណេះ​ដឹង​ រក្សា​ភាព​សុខ​សា​សន្តក្នុង​ភូមិ​ស្រុក​

ក្រៅ​ពី​យក​ចិត្ត​ទុក​ដាក់​លើ​ការ​បង្រៀន​អក្សរ​ ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ ក៏​បាន​ចំ​ណាយ​ពេល​យ៉ាង​ច្រើន​ សិក្សា​ស្រាវ​ជ្រាវ​អំ​ពី​សតិ​អា​រម្មណ៍​ហូជី​មិញ​ ស្តី​ពី​មហា​សាមគ្គី​ទូ​ទាំង​ជន​ជាតិ​ ការ​ងារ​ជន​ជាតិ​និង​សាសនា​។ ផ្ដើម​ពី​នោះ​ ព្រះ​ឧបជ្ឈា​យ៍ យក​មក​អនុ​វត្ត​ឱ្យ​សម​ស្រប​ជា​មួយ​មាគ៌ា​ព្រះ​ពុទ្ធ​សាសនា​ ក្នុង​ការ​ផ្សព្វ​ផ្សាយ​និង​ចលនា​ពុទ្ធ​បរិស័ទ​ឱ្យ​រស់​នៅ​ប្រ​កប​ដោយ​គុណ​ធម៌​ ធ្វើ​ល្អ​និង​រួម​គ្នា​កសាង​ភូមិ​ស្រុក​។ ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​  មាន​ថេរ​ដីកា​៖ "អាត្មា​ភាព​យល់​ឃើញ​ថា​ សតិ​អា​រម្មណ៍​របស់​លោក​ប្រ​ធាន​ហូជី​មិញ​ និង​មាគ៌ា​ព្រះ​ពុទ្ធ​សាសនា​មាន​ចំ​ណុច​ស្រ​ដៀង​គ្នា​ជា​ច្រើន​ ពិ​សេស​ស្មារតី​សាមគ្គី​ភាព​ ការ​ឧស្សា​ហ៍ព្យា​យាម​ សន្សំ​សំ​ចៃ​ និង​ការ​ស្រ​ឡាញ់​មនុស្ស​។ ដូច្នេះ​ ក្នុង​ថ្ងៃ​សីល​ មា​មីង​ពុទ្ធ​បរិស័ទ​មក​វត្ត​ អាត្មា​ភាព​តែង​រំឭក​ឱ្យ​មា​មីង​រក្សា​សីល​ ព្រម​ទាំង​អនុ​វត្ត​ល្អ​នូវ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ រួម​គ្នា​កសាង​ភូមិ​ស្រុក​ឱ្យ​កាន់​តែ​រីក​ចម្រើន​"។

តាម​រយៈ​ការ​ផ្សព្វ​ផ្សាយ​ដែល​មា​នល​ក្ខណៈ​ជិត​ស្និទ្ធ​ និង​ងាយ​យល់​ ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​បាន​ក្លាយ​ជា​ស្ពាន​ដ៏​សំ​ខាន់​មួយ​តភ្ជាប់​រវាង​រដ្ឋ​អំ​ណាច​និង​ជន​រួម​ជាតិ​ខ្មែរ​។ រាល់​ការ​ចលនា​របស់​វត្ត​បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​ប្រ​ជា​ជន​បង្កើន​ការ​យល់​ដឹង​អំ​ពី​ច្បាប់​ សកម្ម​ចូល​រួម​ក្នុង​ចលនា​នា​នា​នៅ​ភូមិ​ភាគ​ កសាង​ជន​បទ​ថ្មី​ និង​រក្សា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​។ លោក​ទឺមិញ​ភុក​ លេខា​គណៈ​កម្មា​ធិ​ការ​បក្ស​ឃុំ​ហឹង​ហយ​ វាយ​តម្លៃ​៖ "ជា​ច្រើន​ឆ្នាំ​មក​នេះ​ ព្រះ​ឧបជ្ឈា​យ៍ តាំង​សា​វង្ស​ បាន​រួម​ចំ​ណែក​យ៉ាង​ច្រើន​ក្នុង​ការ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ រួម​ចំ​ណែក​លើក​កម្ពស់​ចំ​ណេះ​ដឹង​ក្នុង​តំ​បន់​ជន​ជាតិ​។ អា​ស្រ័យ​ហេ​តុ​នោះ​ ការ​ងារ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​របស់​បក្ស​ គោ​លន​យោ​បាយ​ និង​ច្បាប់​របស់​រដ្ឋ​ កាន់​តែ​មាន​ភាព​ងាយ​ស្រួល​;  ប្រ​ជា​ជន​សកម្ម​ចូល​រួម​ក្នុង​ចលនា​ប្រឡង​ប្រ​ណាំង​ស្នេហា​ជាតិ​ និង​ការក​សាង​ជន​បទ​ថ្មី​។ ព្រះ​ឧបជ្ឈា​យ៍ ពិត​ជា​ស្ពាន​តភ្ជាប់​រវាង​បក្ស​ រដ្ឋ​អំ​ណាច​ និង​ជន​រួម​ជាតិ​ខ្មែរ​" ។

មិន​ត្រឹម​តែ​បង្រៀន​អក្សរ​ប៉ុណ្ណោះ​ ព្រះ​ឧបជ្ឈា​យ៍ ក៏​បាន​ភ្ជាប់​ទំ​នាក់​ទំនង​ជា​មួយ​សប្បុរស​ជន​ ដើម្បី​យក​ចិត្ត​ទុក​ដាក់​ជួយ​ដល់​គ្រួ​សារ​ក្រី​ក្រ​ ផ្តល់​អា​ហា​រូប​ករណ៍​និង​ជូន​អំ​ណោយ​ដល់​សិស្សា​នុសិស្ស​ដែល​មាន​ជីវ​ភា​ពលំ​បាក​។ សកម្ម​ភាព​ជាក់​ស្តែង​ទាំង​នេះ​ បាន​រួម​ចំ​ណែក​ជួយ​ឱ្យ​ប្រ​ជា​ជន​មាន​ជំនឿ​ទុក​ចិត្ត​កាន់​តែ​ខ្លាំង​ ស្ងប់​អា​រម្មណ៍​ក្នុង​ការ​ពល​កម្ម​ផលិត​ និង​ខិត​ខំ​ប្រឹង​ប្រែង​ឈាន​ឡើង​ក្នុង​ជីវ​ភាព​៕

យ៉្វអាញ​ - ពេជ្រ​សឿន​

ចែករំលែកអត្ថបទ