បន្តលើកកម្ពស់គុណសម្បត្តិដ៏ថ្លៃថ្នូររបស់ "កងទ័ពអ៊ំហូ" បន្ទាប់ពីចាកចេញពីជួរកងទ័ព និងវិលត្រឡប់មករស់នៅភូមិភាគវិញ លោកយ័ញហ្វាងអឹង អាយុ ៥៨ ឆ្នាំ រស់នៅភូមិសួដួរ ឃុំប៊ិញអាង ខេត្តអាងយ៉ាង បានខិតខំប្រឹងប្រែងឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ រហូតក្លាយជាគ្រួសារមានជីវភាពធូរធារនៅភូមិភាគ។ ទន្ទឹមនឹងនោះ ក្នុងតួនាទីជាអ្នកមានប្រិយភាព លោកបានចូលរួមយ៉ាងសកម្មក្នុងរាល់សកម្មភាពសង្គម រួមចំណែកកសាងភូមិស្រុកឱ្យកាន់តែរីកចម្រើន សម្បូរសប្បាយ។

លោកយ័ញហ្វាងអឹង ជាគំរូដ៏ល្អនៃ "កងទ័ពអ៊ំហូ" ក្នុងសម័យសន្តិភាព។
លោកយ័ញហ្វាងអឹង បានបម្រើក្នុងជួរកងទ័ពដំណាក់កាលចាប់ពីឆ្នាំ ១៩៨៧ - ១៩៩០។ បន្ទាប់ពីបំពេញកាតព្វកិច្ចដ៏ឧត្តុង្គឧត្តមចំពោះមាតុភូមិ ចូលរួមជួយប្រទេសមិត្តកម្ពុជារំដោះជាតិ លោកបានវិលត្រឡប់មកភូមិភាគវិញ ដោយនាំមកទាំងវិន័យ ភាពអត់ធ្មត់ ឆន្ទៈតស៊ូនិងស្មារតីទទួលខុសត្រូវរបស់កងទ័ព។ បន្ទាប់ពីចាកចេញពីជួរកងទ័ព លោកមិនព្រមទទួលយកវាសនានៃភាពក្រីក្រឡើយ គឺលោកបានស្វែងរកទិសដៅថ្មីសម្រាប់អនាគត។ ក្នុងនាមជាអតីតយុទ្ធជន លោកទទួលបានការឧបត្ថម្ភរៀនវិជ្ជាជីវៈដោយឥតគិតថ្លៃ ហើយលោកបានជ្រើសរើស ចាប់យកជំនាញជួសជុលរថយន្តជាមុខរបរចិញ្ចឹមជីវិត។ ក្នុងអំឡុងពេលនោះ រៀនបណ្ដើរ ធ្វើការនៅហាងជួសជុលរថយន្តបណ្ដើរ ដើម្បីសន្សំបទពិសោធន៍ ពង្រឹងជំនាញនិងបង្កើនចំណេះដឹងវិជ្ជាជីវៈ។ នៅឆ្នាំ ១៩៩៣ បន្ទាប់ពីមានជំនាញរឹងមាំនិងមានទុនមួយចំនួន រួមជាមួយនឹងការប្តេជ្ញាចិត្តនិងឆន្ទៈឈានឡើងក្នុងជីវភាព លោកបានសម្រេចចិត្តបើកហាងជួសជុលនិងលក់គ្រឿងបន្លាស់រថយន្តដោយខ្លួនឯង។ ក្នុងដំណាក់កាលចាប់ផ្តើមដំបូង ទោះប្រឈមនឹងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែស្មារតីមិនបោះបង់របស់កងទ័ពអ៊ំហូ បានជួយឱ្យលោកឆ្លងកាត់គ្រប់ឧបសគ្គ រហូតទទួលបានជោគជ័យ។ លោកយ័ញហ្វាងអឹង រៀបរាប់៖ "កាលនោះ មានអ្នកខ្លះរៀនជំនាញរួចក៏ទៅធ្វើការឈ្នួលឱ្យហាងជួសជុលរថយន្តប៉ុណ្ណោះ ព្រោះការបើកហាងជួសជុលនិងលក់គ្រឿងបន្លាស់រថយន្តត្រូវការដើមទុនច្រើន។ ប៉ុន្តែខ្ញុំជឿថា នៅពេលអនាគត ចំនួនអ្នកប្រើប្រាស់រថយន្តនឹងកើនឡើង ដូច្នេះខ្ញុំបានសម្រេចចិត្តយកថវិកាដែលសន្សំបានទាំងអស់ និងបុលបន្ថែមពីធនាគារដើម្បីវិនិយោគ។ ខ្ញុំមិនធ្លាក់ទឹកចិត្ត ទោះបីដំបូងការងារមិនទាន់រីកចម្រើននិងមានការលំបាកក៏ដោយ ហើយក្នុងការជួសជុលខ្ញុំតែងយក កេរ្តិ៍ឈ្មោះនិងគុណភាពជាចម្បង។ គ្រឿងបន្លាស់និងថ្នាំលាបរថយន្តធានាគុណភាព ដូច្នេះ អតិថិជនកាន់តែជឿទុកចិត្ត។ ឥឡូវនេះ ខ្ញុំអាចនិយាយដោយមោទនភាពថា មុខរបរនេះពិតជាបានផ្លាស់ប្តូរជីវិតខ្ញុំ"។
ជាមួយឆន្ទៈនិងភាពរឹងមាំរបស់អតីតយុទ្ធជន បានជួយលោកអឹងជម្នះគ្រប់ឧបសគ្គ ដល់សព្វថ្ងៃ មូលដ្ឋានរបស់លោកបានអភិវឌ្ឍស្ថិរភាព មិនត្រឹមតែផ្តល់ប្រាក់ចំណូលលំនឹងដល់គ្រួសារប៉ុណ្ណោះទេ ថែមទាំងបង្កការងារធ្វើជាប្រចាំដល់កម្មករក្នុងភូមិភាគប្រមាណ ១០ នាក់ ដោយមានប្រាក់ចំណូលជាមធ្យមពី ៦-៧ លានដុងក្នុងមួយខែ។ ក្រៅពីយកចិត្តទុកដាក់អភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ លោកក៏បានវិនិយោគសាងសង់ទីលានបាល់ទាត់ខ្នាតតូច ដើម្បីបង្កើតកន្លែងកីឡានិងកម្សាន្តមានប្រយោជន៍សម្រាប់យុវជន រួមចំណែកកាត់បន្ថយអំពើអបាយមុខសង្គម និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់នៅភូមិភាគ។ ទោះជាការងារនេះមើលទៅសាមញ្ញក៏ដោយ ប៉ុន្តែផ្ដល់អត្ថប្រយោជន៍ជាក់ស្តែង និងទទួលបានការកោតសរសើរយ៉ាងខ្លាំងពីប្រជាជន។
មិនត្រឹមតែជាអ្នកជោគជ័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លោកយ័ញហ្វាងអឹង ក៏បានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម និងបានប្រជាជនទំនុកចិត្តបោះឆ្នោតជាតំណាងក្រុមប្រឹក្សាប្រជាជន និងជាសមាជិកគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមឃុំប៊ិញអាង ៣ អាណត្តិកាលជាប់ៗគ្នា។ ក្រៅពីនេះ លោកក៏ជាអ្នកមានប្រិយភាព ជាគំរូឈានមុខក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ សកម្មផ្សព្វផ្សាយនិងចលនាប្រជាជនអនុវត្តល្អនូវគោលការណ៍ គោលមាគ៌ារបស់បក្ស គោលនយោបាយនិងច្បាប់របស់រដ្ឋ ព្រមទាំងរួមគ្នាកសាងជនបទថ្មី។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លង លោកបានចលនាប្រជាជននិងសប្បុរសជន រួមវិភាគទានកសាងស្ពានជនបទបានចំនួន ៧ ស្ពាននីមួយៗមានតម្លៃប្រមាណ ២០០ លានដុង។ លោកក៏បានចលនាឱ្យប្រជាជនបរិច្ចាគដីសម្រាប់កសាងផ្លូវ ដាំផ្កា និងដំឡើងអំពូលភ្លើងបំភ្លឺតាមដងផ្លូវ រួមចំណែកធ្វើឱ្យផ្លូវជនបទក្នុងភូមិសួដួរ កាន់តែភ្លឺ បៃតង ជ្រះ ស្អាត។ ពូយ័ញថាញហ្វាង ប្រជាជននៅឃុំប៊ិញអាង បានឱ្យដឹង៖ "លោកអឹង ជាអ្នកស្មោះត្រង់ រួសរាយរាក់ទាក់ និងតែងស្ម័គ្រចិត្តជួយមាមីងដែលមានជីវភាពលំបាកនៅភូមិស្រុក។ ការងាររបស់លោក ដូចជាការចលនាកសាងស្ពាន ធ្វើផ្លូវ ឬជួយអ្នកដែលមានជីវភាពខ្វះខាតដោយសុទ្ធចិត្ត ហេតុដូច្នេះហើយ មាមីងគ្រប់គ្នាតែងគោរពស្រឡាញ់និងជឿទុកចិត្តលើគាត់"។
ទន្ទឹមនឹងនោះ លោកអឹង ថែមទាំងខ្នះខ្នែងយកចិត្តទុកដាក់គិតគូរចំពោះការងារសុខុមាលភាពសង្គម។ រៀងរាល់ឆ្នាំ លោកបានចលនាសប្បុរសជន និងចាត់ចែងអំណោយប្រមាណពី ៣០០ ដល់ ៤០០ ចំណែកជូនគ្រួសារក្រីក្រ អ្នកដែលមានជីវភាពលំបាកនៅភូមិភាគ។ ជាមួយគ្នានេះ លោកអឹង ក៏បានឧបត្ថម្ភជាថវិកានិងនំអាហារជូនអ្នកវ័យចាស់ ក្នុងឱកាសពិនិត្យសុខភាពជាប្រចាំ; គាត់ក៏បានប្រគេនរថយន្តដឹកសពដល់វត្តឧត្តមសុរិយាកំពង់ចិនថ្មី ដើម្បីបម្រើដល់សហគមន៍។ ជារៀងរាល់ឆ្នាំ លោកតែងជួយឧបត្ថម្ភមណ្ឌលថែទាំអ្នកវ័យចាស់នៅទីក្រុងរ៉ាច់យ៉ាប្រមាណ ២០ លានដុង។ ក្រៅពីនេះ លោកអឹងក៏បានឧបត្ថម្ភសាងសង់ផ្ទះ ៥ ខ្នងជូនគ្រួសារដែលមានជីវភាពលំបាកនៅភូមិភាគ ជួយដល់ពួកគាត់មានលំនៅឋានលំនឹង ឈានឡើងក្នុងជីវិត។


គិតគូរការងារសុខុមាលភាពសង្គមសម្រាប់អ្នកក្រនិងអ្នកដែលងាយរងគ្រោះ។
លោកហ្វិញថាញស៊ើង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំប៊ិញអាង វាយតម្លៃ៖ "លោកយ័ញហ្វាងអឹង គឺជាអ្នកមានប្រិយភាពឆ្នើមម្នាក់នៅភូមិភាគ។ មិនត្រឹមតែជាគំរូក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារប៉ុណ្ណោះទេ ថែមទាំងចូលរួមយ៉ាងសកម្មក្នុងការចលនាធនធានក្នុងសង្គមជួយគិតគូរដល់អ្នកដែលមានជីវភាពក្រីក្រនិងអ្នកដែលងាយរងគ្រោះ។ ចំពោះការរួមចំណែករបស់លោកអឹង បានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងជនបទថ្មី រក្សាសន្តិសុខសណ្តាប់ធ្នាប់ និងពង្រឹងផែនមហាសាមគ្គីទូទាំងប្រជាជននៅភូមិភាគ។ លោកយ័ញហ្វាងអឹង សក្តិសមជាបុគ្គលគំរូឆ្នើមរបស់អ្នកមានប្រិយភាព ជាកងទ័ពអ៊ំហូក្នុងសម័យសន្តិភាព ដែលតែងលះបង់អស់ពីចិត្តដើម្បីការអភិវឌ្ឍរបស់ភូមិស្រុក"។
ជាមួយនឹងសកម្មភាពជាក់ស្តែងនិងពោរពេញដោយអត្ថន័យដើម្បីសហគមន៍ លោកយ័ញហ្វាងអឹង បានគ្រប់ថ្នាក់ គ្រប់ផ្នែកទទួលស្គាល់ ស្ងើចសរសើរ និងជូនប័ណ្ណសរសើរជាច្រើន។ នេះគឺជាការទទួលស្គាល់ដ៏ស័ក្តិសម ចំពោះការលះបង់និងការរួមចំណែកដោយមិនចេះនឿយហត់របស់លោកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងការងារសុខុមាលភាពសង្គមនៅភូមិភាគ៕
ហុងទើ-ពេជ្រសឿន