ការចិញ្ចឹមជីវភាពដោយមុខរបរលក់ហ្គាស ប៉ុន្តែជាច្រើនឆ្នាំកន្លង ពូស៊ើងឡុក នៅភូមិឡុងថើយ ឃុំតឹងហ្វា ខេត្តវិញឡុង បានអ្នករាល់គ្នាស្គាល់តាមរយៈរូបភាពជាបុរសម្នាក់ដែលតែងតែបើក “យានជំនិះឆក់ដែកគោលបម្រើសហគមន៍” ដោយស្ងៀមស្ងាត់ ដើម្បីរួមចំណែកធានាសុវត្ថិភាពចរាចរណ៍ នាំមកនូវក្តីសុខសាន្តដល់អ្នកដំណើរ និងសាយភាយនូវតម្លៃមនុស្សធម៌ក្នុងសហគមន៍។
កើតនៅឆ្នាំ ១៩៧២ ពូស៊ើងឡុក ដោយស្គាល់ការលំបាកក្នុងជីវភាពតាំងពីតូច។ កាលនៅក្មេង ពូតែងតែរំពឹងគិតថាត្រូវធ្វើអ្វីមួយដែលមានប្រយោជន៍ដល់សង្គម។ ឆ្នាំ ១៩៩៣ ពូក៏បានចូលបម្រើកងទ័ព។ អំឡុងពេលនៅក្នុងជួរកងទ័ពពូបានហ្វឹកហាត់វិន័យកងទ័ព និងស្មារតីទទួលខុសត្រូវ ពិសេសគឺការរៀនសូត្រឥរិយាបថរស់នៅសាមញ្ញ តែងអស់ពីចិត្តដើម្បីអ្នកដទៃតាមគំរូអ៊ំហូ។ ក្រោយពីបំពេញកាតព្វកិច្ចយោធារួចត្រឡប់មកវិញ ពូបានកសាងគ្រួសារ និងចាប់ផ្តើមជីវភាពដោយមុខរបរលក់ហ្គាស ចំណែកប្រពន្ធធ្វើជាងកាត់ដេរ។ ទោះបីមមាញឹកនឹងការងារក៏ដោយ ក៏ពូនៅតែចូលរួមយ៉ាងសកម្មក្នុងសកម្មភាពសប្បុរសធម៌នៅភូមិភាគ ដូចជាចលនាប្រជាជនធ្វើផ្លូវចរាចរណ៍ជនបទ ជួសជុលកំណាត់ផ្លូវដែលខូចខាត និងជួយសាងសង់ស្ពានដើម្បីឱ្យប្រជាជនធ្វើដំណើរបានងាយស្រួលជាងមុន។

ពូ ស៊ើងឡុក នៅក្បែរយានជំនិះដែលច្នៃខ្លួនឯង – ជាមធ្យោបាយផ្សារភ្ជាប់នឹងទម្រង់ឆក់ដែកគោលដើម្បីសហគមន៍។
អ្វីដែលធ្វើឱ្យអ្នករាល់គ្នាស្គាល់ពូបំផុតនោះគឺ ទម្រង់ “យានជំនិះឆក់ដែកគោលបម្រើសហគមន៍”។ ដោយឃើញពីស្ថានភាពដែកគោល និងបំណែកលោហៈធាតុដែលជ្រុះរាយប៉ាយអាចបណ្តាលឱ្យធ្លាយកង់ អាចមានហានិភ័យគ្រោះថ្នាក់ចរាចរណ៍ ដូច្នេះ នៅឆ្នាំ ២០២២ ពូបានចំណាយប្រាក់ផ្ទាល់ខ្លួនដើម្បីគូរប្លង់ និងច្នៃឧបករណ៍ឆក់ដែកគោលមួយដោយភ្ជាប់នៅខាងក្រោយម៉ូតូ។ តាំងពីនោះ យានជំនិះនេះបានក្លាយជាមិត្តរួមដំណើរលើរាល់ដងផ្លូវដែលពូបានឆ្លងកាត់។
ស្ទើរតែរៀងរាល់ថ្ងៃ ក្រោយពីបញ្ចប់ការងារអាជីវកម្ម ប្រហែលម៉ោង ១៨ យប់ ពូក៏ចាប់ផ្តើមដំណើរការឆក់ដែកគោល។ មានថ្ងៃខ្លះពូមកដល់ផ្ទះប្រមាណម៉ោង ២២ យប់ ឬក៏លើសពីនោះទៀតក៏មាន ទៅតាមចម្ងាយផ្លូវជិតឬឆ្ងាយ។ ដងផ្លូវដែលពូធ្វើដំណើរឆ្លងកាត់គឺលាតសន្ធឹងលើច្រើនភូមិភាគនៃខេត្តវិញឡុង (កាលពីមុនគឺខេត្តត្រាវិញ) ជាមួយចម្ងាយផ្លូវចាប់ពី ៨០ ដល់ ៩០ គីឡូម៉ែត្រក្នុងមួយជើងៗ។ ដោយឡែកតែតំបន់ឆ្នេរសមុទ្រប៉ុណ្ណោះ ដោយសារឆ្ងាយពេក ទើបពូមិនទាន់មានលក្ខណៈទៅធ្វើ។ ពូស៊ើងឡុក ចែករំលែក៖ ក្នុងមួយជើងៗត្រូវចំណាយថវិកាប្រមាណ ៦០.០០០ ដុងសម្រាប់ទិញសាំងប្រាក់ចំណាយទាំងអស់នេះត្រូវបានពូដកចេញពីប្រាក់ចំណូលរបស់គ្រួសារផ្ទាល់។ ចំពោះពូ នោះមិនមែនជាការចំណាយឥតប្រយោជន៍ឡើយ ប៉ុន្តែវាគឺជាក្តីសប្បាយរីករាយពេលដែលបានរួមចំណែកជួយឱ្យប្រជាជនធ្វើដំណើរបានសុវត្ថិភាព។ “ឃើញខ្លួនឆក់បានដែកគោល និងបំណែកដែកជាច្រើននៅលើដងផ្លូវ គឺមានអារម្មណ៍សប្បាយចិត្តណាស់។ មានពេលខ្លះកំពុងតែធ្វើការ ប្រជាជនយកទឹកឱ្យផឹក និងនំផ្អែមមកជូនដើម្បីលើកទឹកចិត្ត។ មនោសញ្ចេតនាដ៏សាមញ្ញទាំងនោះ បានធ្វើឱ្យខ្ញុំមានកម្លាំងចិត្តបន្ថែមទៀតដើម្បីបន្តការងារនេះ” ពូឡុក ចែករំលែក។
មិនត្រឹមតែការងារឆក់ដែកគោលប៉ុណ្ណោះទេពូនៅទាំងបានត្រៀមជាស្រេចនូវឧបករណ៍ប៉ះកង់ និងសាំងបន្តិចបន្តួចយកតាមខ្លួនរាល់ពេលចេញទៅ។ ប្រសិនបើជួបប្រជាជនធ្វើដំណើរពេលយប់ត្រូវធ្លាយកង់ ឬអស់សាំងកណ្តាលផ្លូវ ពូយកចិត្តទុកដាក់ជួយដោយឥតគិតថ្លៃ ដើម្បីពួកគេអាចបន្តដំណើរទៅមុខទៀត។ ទន្ទឹមនឹងនោះ ពីប្រភពចំណូលនៃហាងលក់ហ្គាស ពូតែងតែដកថវិកាមួយផ្នែកដើម្បីទិញអង្ករ មីកញ្ចប់ និងគ្រឿងឧបភោគបរិភោគចាំបាច់ ដើម្បីជួយដល់គ្រួសារដែលមានស្ថានភាពក្រលំបាក។ ជាពិសេស ពូនៅទាំងបានទុកផ្ទៃដីដើម្បីដាំថ្នាំស្រុកជាច្រើនប្រភេទ រួចប្រមូលផលយកទៅផ្គត់ផ្គង់ដោយឥតគិតថ្លៃជូនដល់មូលដ្ឋានផ្សំថ្នាំសប្បុរសធម៌នានាទាំងក្នុងនិងក្រៅភូមិភាគ។ ជារៀងរាល់ឆ្នាំ បរិមាណឱសថដែលពូបានឧបត្ថម្ភប្រមាណ ១០ តោន រួមចំណែកជួយដល់អ្នកក្រីក្រមានលក្ខណៈខិតជិតឱសថព្យាបាលជំងឺដោយឥតគិតថ្លៃ។
តាមលោក ថាច់ សាមិត អនុប្រធានគណៈប្រជាជនភូមិឡុងថើយ បានឱ្យដឹង៖ បង ស៊ើងឡុក គឺជាមនុស្សម្នាក់ដែលអស់ពីចិត្តចំពោះសកម្មភាពដើម្បីសហគមន៍។ មិនត្រឹមតែចំណាយថវិកាផ្ទាល់ខ្លួនដើម្បីច្នៃយានជំនិះបឺតដែកគោលប៉ុណ្ណោះទេ ពូនៅទាំងបានជួយឧបត្ថម្ភយ៉ាងស្ងៀមស្ងាត់ដល់អ្នកដែលជួបការលំបាកតាមដងផ្លូវដោយមិនទាមទារការតបស្នងឡើយ។ “បងស៊ើងឡុក គឺជាបុគ្គលម្នាក់ដែលមានចិត្តសប្បុរសធម៌ តែងតែត្រៀមខ្លួនជាស្រេចដើម្បីធ្វើអំពើល្អសម្រាប់គ្រប់ៗគ្នា។ រូបភាពដែលគាត់ខិតខំឆក់ដែកគោល ជួយប៉ះកង់ ចាក់សាំងឥតគិតថ្លៃជូនអ្នកដំណើរនាពេលយប់ បានបន្សល់ទុកនូវមនោសញ្ចេតនាដ៏ល្អជាច្រើននៅក្នុងចិត្តរបស់ប្រជាជន។ នេះគឺជាគំរូដ៏ភ្លឺស្វាងមួយអំពីស្មារតីរស់នៅដើម្បីសហគមន៍ ដែលគួរបាលើកសរសើរ និងពង្រីកឱ្យបានទូលំទូលាយ” លោក ថាច់ សាមិត វាយតម្លៃ។
មិនសម្ដែងបង្អួត ការងាររបស់ពូ ស៊ើងឡុក បានរក្សាយ៉ាងខ្ជាប់ខ្ជួន អស់រយៈពេលជាងបួនឆ្នាំកន្លងមក។ នៅតាមដងផ្លូវស្ទើរតែរៀងរាល់យប់ “យានជំនិះបម្រើសហគមន៍” នៅតែបន្តយ៉ាងស្ងៀមស្ងាត់ ដោយនាំមកនូវក្តីប្រាថ្នាដ៏សាមញ្ញរបស់អតីតយុទ្ធជនរូបនេះ ក្នុងការរួមចំណែកកម្លាំងកាយចិត្តដ៏តូចដើម្បីឱ្យរាល់ការធ្វើដំណើររបស់ប្រជាជនមានសុវត្ថិភាព និងឱ្យអំពើល្អៗបន្តសាយភាយទៅក្នុងជីវភាព៕
ទីទុយ - មេងលី