17/07/2026 - 07:32

នា​យក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​ បញ្ជាក់​ច្បាស់​ព័ត៌​មាន​អ្នក​មាន​អាយុ​ពី​ ១៦ - ១៨ ឆ្នាំ​ បើក​បរ​ម៉ូតូនឹង​រង​ការ​ផាក​ពិ​ន័យ​ 

ពាក់​ព័ន្ធ​នឹង​ព័ត៌​មាន​ដែល​ថា​ អ្នក​មាន​អាយុ​ពី​ ១៦ - ១៨ ឆ្នាំ​ បើក​បរ​ម៉ូតូគ្រប់​ប្រ​ភេទ​នឹង​រង​ការ​ផាក​ពិ​ន័យ​ តំ​ណាង​នា​យក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​ (ក្រ​សួង​នគរ​បាល​) បាន​បក​ស្រាយ​បញ្ជាក់​អំ​ពី​បញ្ហា​នេះ​។

អ្នក​មាន​អាយុ​ចាប់​ពី​ ១៦ ឆ្នាំ​ឡើង​ទៅ​ នៅ​តែ​មាន​សិទ្ធិ​បើក​បរ​ម៉ូតូខ្នាត​តូច​តាម​បទ​ប្បញ្ញត្តិ​ច្បាប់។ រូប​ថត​៖ ឌិញហីវ

តំណាង​នា​យក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​ (ក្រ​សួង​នគរ​បាល​) បាន​ឱ្យ​ដឹង​ ព័ត៌​មាន​ដែល​កំ​ពុង​បាន​គេ​ហ​ទំ​ព័រ​ព័ត៌​មាន​អេឡិច​ត្រូ​និកមួយចំ​នួន​ផ្សព្វ​ផ្សាយ​ ដោយ​មាន​ខ្លឹម​សា​រថា​៖ “ចាប់​ពី​ថ្ងៃ​ទី​ ១៥ ខែ​សី​ហា​ អ្នក​មាន​អាយុ​ពី​ ១៦ ឆ្នាំ​ ដល់​ក្រោម​ ១៨ ឆ្នាំ​នឹង​រង​ការ​ផាក​ពិ​ន័យ​រហូត​ដល់​ ៦០០​.០០០ដុង​ ប្រ​សិន​បើ​បើក​បរ​ម៉ូតូ តាម​អនុក្រឹត្យ​លេខ​ ២៣៨​/NĐ-​CP” គឺ​ជា​ព័ត៌​មាន​មិន​ត្រឹម​ត្រូវ​។

តាម​ការ​បញ្ជាក់​របស់​តំ​ណាង​នា​យក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​ អនុ​ក្រឹត្យ​លេខ​ ២៣៨/​NĐ​-CP មិនបាន​ដាក់​ចេញ​បទ​ប្បញ្ញត្តិ​ថ្មី​ ស្តី​ពី​ការ​ផាក​ពិ​ន័យ​ចំ​ពោះ​អ្នក​ដែល​មាន​អាយុ​គ្រប់​ ១៦ ឆ្នាំ​ដល់​ក្រោម​ ១៨ ឆ្នាំ​ ដែល​បើក​បរ​ម៉ូតូនោះ​ទេ​។ បទ​ប្បញ្ញត្តិ​ ជា​ធរមានគ្រាន់​តែ​ធ្វើ​ការ​កែ​ប្រែ​និង​បំ​ពេញ​បន្ថែម​ពាក្យ​ពេចន៍​មួយ​ចំ​នួន​ ដើម្បី​មាន​ការ​ឯក​ភាព​ជាមួយ​ច្បាប់​ស្តី​ពី​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​ប៉ុណ្ណោះ​។

ជាក់​ស្តែងត្រង់​មា​ត្រា​ ៦ នៃ​អនុ​ក្រឹត្យ​លេខ​ ២៣៨​/NĐ​-CP ចុះ​ថ្ងៃ​ទី​ ២៦ ខែ​មិថុនា​ ឆ្នាំ​​២០២៦ បាន​កំ​ណត់​អំ​ពី​ការ​កែ​ប្រែ​ និង​បំ​ពេញ​បន្ថែម​ចំ​ណុច​ a កថា​ខណ្ឌ​ទី​ ៤ មា​ត្រា​ ១៨ តាម​រយៈ​នោះ​ អនុ​វត្ត​កម្រិត​ផាក​ពិ​ន័យ​ជា​ប្រាក់​ពី​ ៤០០​.០០០ ដុង​ដល់​ ៦០០​.០០០ ដុង​ចំ​ពោះ​អ្នក​ដែល​មាន​អាយុ​គ្រប់​ ១៦ ឆ្នាំ​ដល់​ក្រោម​ ១៨ ឆ្នាំ​ ដែល​បើក​បរ​ម៉ូតូនិង​យានយន្ត​ប្រ​ភេទ​ផ្សេង​ៗ ទៀត​ដែល​មា​នល​ក្ខណៈ​ប្រ​ហាក់ប្រហែល​នឹង​ម៉ូតូ។

បទ​ប្បញ្ញត្តិ​នេះ​ បាន​តាក់​តែង​ឡើង​ដោយ​ផ្អែកលើ​ការ​បែង​ចែក​ប្រ​ភេទ​យាន​យន្ត​ ត្រង់​មា​ត្រា​ ៣៤ នៃ​ច្បាប់​ស្តី​ពី​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវគោក​។ តាម​រយៈ​នោះ​ ម៉ូតូគឺ​ជា​យាន​យន្ត​ដែល​មាន​កង់​ពីរ​ ឬ​កង់​បី​ ដំ​ណើរ​ការ​ដោយ​ម៉ាស៊ីន​ ត្រូវ​បាន​រចនា​និង​ផលិត​សម្រាប់​ធ្វើ​ចរា​ចរណ៍​លើ​ដង​ផ្លូវ​ ហើយ​មិន​រាប់​បញ្ចូល​ម៉ូតូខ្នាត​តូច​ទេ​; ចំ​ពោះ​យាន​យន្ត​កង់​បី​ មាន​ទម្ងន់​មិន​លើស​ពី​ ៤០០ គី​ឡូ​ក្រាម​។

ក្នុង​ពេល​នោះ​ ម៉ូតូខ្នាត​តូច​គឺ​ជា​យាន​យន្ត​ដែល​មាន​កង់​ពីរ​ ឬ​កង់​បី​ ដំ​ណើរ​ការ​ដោយ​ម៉ាស៊ីន​ បាន​រចនា​ និង​ផលិត​សម្រាប់​ធ្វើ​ចរា​ចរណ៍​លើ​ដង​ផ្លូវ​ ដោយមាន​ល្បឿន​រចនា​មិន​លើស​ពី​ ៥០ គី​ឡូ​ម៉ែ​ត្រ​ក្នុង​មួយ​ម៉ោង​។ ប្រ​សិន​បើ​ប្រើ​ម៉ាស៊ីន​កម្ដៅ​ ទំ​ហំ​ស៊ី​ឡាំង​ ឬ​ទំ​ហំ​សម​មូល​មិន​លើស​ពី​ ៥០ សង់​ទី​ម៉ែ​ត្រ​គូ​ប។ ប្រ​សិន​បើ​ប្រើ​ម៉ូទ័រអគ្គិ​សនី​ ពលា​នុភាព​មិនធំ​ជាង​ ៤ គី​ឡូ​វ៉ាត់​។ ម៉ូតូខ្នាត​តូច​មិន​រាប់​បញ្ចូល​កង់​អគ្គិ​សនី​នោះ​ទេ​។

ដូច្នេះ​ បទ​ប្បញ្ញត្តិ​ស្តី​ពី​ការ​ផាក​ពិ​ន័យ​ចំ​ពោះ​អ្នកដែល​មាន​អាយុ​គ្រប់​ ១៦ ឆ្នាំ​ដល់​ក្រោម​ ១៨ ឆ្នាំ​ ដែល​បើក​បរ​ម៉ូតូ និង​យាន​យន្ត​ប្រ​ភេទ​ផ្សេង​ទៀត​ដែល​មា​នល​ក្ខណៈ​ស្រ​ដៀង​នឹង​ម៉ូតូ នៅ​ក្នុង​អនុ​ក្រឹត្យ​លេខ​ ២៣៨​/NĐ​-CP មិន​មាន​ការ​ផ្លាស់​ប្តូរ​ខ្លឹម​សារដើម​ បើ​ប្រៀប​នឹង​អនុ​ក្រឹត្យ​លេខ​ ១៦៨/NĐ-CP នោះ​ទេ​ ដោយ​គ្រាន់​តែ​កែ​សម្រួល​របៀប​បក​ស្រាយពាក្យ​ពេចន៍ ​ដើម្បី​ឱ្យ​មាន​ការ​ឯក​ភាព​ជា​មួយ​ច្បាប់​ស្តី​ពី​សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរា​ចរណ៍​ផ្លូវ​គោក​តែប៉ុណ្ណោះ​។

“អ្នក​ដែល​មាន​អាយុ​គ្រប់​ ១៦ ឆ្នាំ​ឡើង​ទៅ​ នៅ​តែ​មាន​សិទ្ធិ​បើក​បរ​ម៉ូតូខ្នាត​តូច​តាម​បទ​ប្បញ្ញត្តិ​ច្បាប់​” តំ​ណាង​នា​យក​ដ្ឋាន​នគរ​បាល​ចរា​ចរណ៍​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ដូច្នេះ​៕

  យោង​តាម​៖ vietnamnet.vn - ពេជ្រ​សឿន

ចែករំលែកអត្ថបទ