ស្ថានភាពគ្រួសារក្រីក្រ និងចិញ្ចឹមកូនតែម្នាក់ឯង បងស្រីត្រឿងធីឡែធ្វី នៅភូមិសំរោង សង្កាត់ង្វៀកហ្វា ខេត្តវិញឡុង បានជម្នះស្ថានភាពលំបាកបន្តិចម្តងៗ ដោយឧស្សាហ៍ព្យាយាម និងឆន្ទៈឈានឡើងលំនឹងជីវភាព។

បងស្រីត្រឿងធីឡែធ្វី (ខាងឆ្វេង)។
បងស្រី ត្រឿងធីឡែធ្វី សមាជិកា ភូមិសំរោង សង្កាត់ង្វៀកហ្វា កើតនិងធំដឹងក្តីក្នុងគ្រួសារកសិករ។ ជីវភាពគ្រួសារមានការលំបាកស្រាប់ទៅហើយ ថែមទាំងម្នាក់ឯងចិញ្ចឹមកូន បន្ទុកជីវភាពបានធ្លាក់មកលើស្មាបងស្រីកាន់តែធ្ងន់ឡើង។ ដោយមិនចុះចាញ់នឹងវាសនា បងស្រីបានឆ្លងផុតការលំបាកដោយឆន្ទៈរបស់ខ្លួន។
អាស្រ័យសាខាសមាគមនារីភូមិភាគយកចិត្តទុកដាក់បង្កលក្ខណៈឧបត្ថម្ភបុលទុន បងស្រីធ្វី បានបើកហាងគ្រឿងទេសតូចមួយ។ ដោយឆ្លៀតឱកាសក្នុងការអភិវឌ្ឍតំបន់កេរ ដំណែលស្រះដូនអន (ស្រះស្រី) ជាកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវទេសចរច្រើនកុះករ បងស្រីបានបន្ថែមតូបលក់ភេសជ្ជៈមួយដើម្បីបម្រើភ្ញៀវទេសចរ។ ទោះបីលក់ដូរតូចតាចក៏ដោយ ប៉ុន្តែជួយបងស្រីរកប្រាក់ចំណូលបានរាល់ថ្ងៃនិងឈានឡើងលំនឹងជីវភាពបន្តិចម្តងៗ។
ផ្ដើមពីប្រភពចំណូលរាល់ថ្ងៃ បងស្រីធ្វី គិតគូរឱ្យកូនស្រីពីរនាក់សិក្សារៀនសូត្របានត្រឹមត្រូវ។ សម្រាប់បងស្រី មានតែការសិក្សារៀនសូត្រទេ ទើបកូនមានអនាគតល្អប្រសើរ ហើយមិនជួបលំបាកដូចគាត់។ បច្ចុប្បន្ន កូនស្រីច្បងរបស់គាត់កំពុងរៀនថ្នាក់ទី ១១ នៅសាលាមធ្យមសិក្សាបាលី - ខ្មែរវិញឡុង និងកូនស្រីពៅរៀនថ្នាក់ទី ៥ នៅសាលាបឋមសិក្សាង្វៀងត្រាយ។ នេះមិនត្រឹមតែជាក្ដីមោទនៈប៉ុណ្ណោះទេ ថែមទាំងជាការលើកទឹកចិត្តដើម្បីបងស្រីបន្តខិតខំជារៀងរាល់ថ្ងៃ។
មិនត្រឹមតែគិតគូរដល់គ្រួសារប៉ុណ្ណោះទេ បងស្រីធ្វី ថែមទាំងចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនៅភូមិភាគទៀតផង។ បងស្រីអស់ពីចិត្តពីថ្លើមក្នុងចលនាអាស្រ័យសាខាសមាគមនារីបំផុស រួមចំណែកកសាងសហគមន៍សាមគ្គី មនោសញ្ចេតនា។
បងស្រី ថាច់ធីសាថា ប្រធានសាខាសមាគមនារីភូមិសំរោង ឱ្យដឹង៖ “បងស្រីត្រឿងធីឡែធ្វី ស៊ូទ្រាំលំបាក ឧស្សាហ៍ព្យាយាមរកស៊ី ហើយខិតខំប្រឹងប្រែងឈានឡើងក្នុងជីវភាព។ លើសពីនេះ បងស្រីចូលរួមយ៉ាងសកម្មក្នុងសកម្មភាពរបស់សាខាសមាគម។ គាត់គឺជាគំរូល្អដោយស្មារតីជម្នះលំបាកសម្រាប់បង ប្អូននារីជាច្រើនយកតម្រាប់តាម”។
ដំណើរការឈានឡើងរបស់បងស្រីត្រឿង ធីឡែធ្វី បញ្ជាក់ពីឆន្ទៈរបស់នារីខ្មែរក្នុងការតស៊ូនិងជឿជាក់លើអនាគត បងស្រីបានជម្នះការលំបាកបន្តិចម្តងៗ លំនឹងជីវភាពនិងចិញ្ចឹមកូនឱ្យក្លាយជាមនុស្សល្អ។ គំរូរបស់បងស្រី គឺជាប្រភពនៃការបំផុសគំនិតផ្សព្វផ្សាយតម្លៃវិជ្ជមាននៅក្នុងសហគមន៍៕
ទីទុយ