ផ្សារភ្ជាប់នឹងសិល្បៈគំនូរនិងចម្លាក់ប្រពៃណីតាំងពីនៅសាងផ្នួសមកម៉្លេះ បងស៊ើងប៊ិញឌិញ នៅឃុំយ៉ាហ្វា ទីក្រុងកឹងធើ បច្ចុប្បន្ន គឺជាសិប្បករវ័យក្មេងម្នាក់ក្នុងចំណោមសិប្បករកំពុងបង្ហាត់បង្រៀនសិល្បៈចម្លាក់ដល់យុវជនជំនាន់ក្រោយ រួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរក្នុងជីវភាពសម័យទំនើប។

បងស៊ើងប៊ិញឌិញ កំពុងសូនរូបចម្លាក់។
បងស៊ើងប៊ិញឌិញ ធ្លាប់បួសរៀននៅវត្តព្រែកតាគួន ឃុំយ៉ាហ្វា ដូច្នេះ គាត់ក៏បានយល់ពីទ្រឹស្តីព្រះពុទ្ធសាសនា វិសេសគឺជក់ចិត្តនឹងសិល្បៈសូនរូប។ ផ្តើមពីការជក់ចិត្តដិតអារម្មណ៍នោះ បានជំរុញឱ្យគាត់ខិតខំស្រាវជ្រាវនិងរៀនសូត្រនៅច្រើនកន្លែងទាំងក្នុងនិងក្រៅខេត្ត ក្រៅពីសិក្សារបរចម្លាក់និងគំនូរជាច្រើនឆ្នាំ ក៏មានបទសោធន៍ច្រើនអំពីសិល្បៈសូនរូប ក្រោយពីលាចាកសិក្ខាបទ គាត់ក៏បានចាប់យកអាជីពនេះរហូតមកទល់នឹងសព្វថ្ងៃ។ បងស៊ើងប៊ិញឌិញ ឱ្យដឹង៖ ”ដោយមាននិស្ស័យនឹងពុទ្ធសាសនា ទើបខ្ញុំសម្រេចចិត្តទៅសាងផ្នួស បានឪពុកម្តាយនាំចូលវត្តបួសរៀន ពេលបួសសង្កេតឃើញគ្រួសារគ្មានលទ្ធភាពចិញ្ចឹមឱ្យរៀនសូត្របានខ្ពង់ខ្ពស់ ពេលនោះខ្ញុំគិតថា ក្រោយៗមកនៅតាមវត្តត្រូវការជាងចម្លាក់។ ផ្តើមពីនោះ ខ្ញុំសម្រេចចិត្តទៅសិក្សាផ្នែកខាងសិល្បៈសូនរូបប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ដំបូងគឺស្វ័យសិក្សានៅក្នុងវត្ត រៀនគូរក្បាច់ដែលមានស្រាប់ មិនទាន់បានឆ្លងកាត់សាលាណាមួយឡើយ។ ក្រោយពីទទួលបានសិក្សាពីសិប្បកររៀមច្បង ញ៉ាំងឱ្យចិត្តខ្ញុំរឹតតែស្រឡាញ់របរនេះ បន្ទាប់មកក៏សម្រេចចិត្តទៅរកគ្រូដើម្បីសិក្សា។ ដំបូងទៅសិក្សាជាមួយគ្រូនៅខេត្តបាកលីវ(ចាស់) បន្ទាប់ទៀតសិក្សាពីគ្រូនៅខេត្តសុកត្រាំង (ចាស់) បន្ថែមមួយរយៈ ទើបចេញប្រកបមុខរបរ”។
ជាមួយថ្វីដៃគំនូរក្បូរក្បាច់ដ៏ប្រណីត បងស៊ើងប៊ិញឌិញ តែងបានវត្តនានានៅក្នុងទីក្រុងកឹងធើអញ្ជើញទៅគូរក្បាច់រចនាលើរាងទូក ង។ ចំពោះបងឌិញ ដើម្បីបង្កើតបានផលិតផលស្រស់ស្អាតនិងមានគុណភាព ពេលគូរម្តងៗវិចិត្រករត្រូវប្រិតប្រៀននិងអនុវត្តឱ្យបានត្រឹមត្រូវតាមលំដាប់លំដោយនៃជំហាននីមួយៗ។ បងស៊ើងប៊ិញឌិញ ឱ្យដឹងបន្ថែម៖ ”ដើម្បីគូរក្បាច់រចនាលើរាងទូក ងសម្រេចរួចរាល់ គឺត្រូវឆ្លងកាត់ពី៤ទៅ៥ជំហាន ដំបូងគឺត្រូវគូរព្រាងដោយដីស បន្ទាប់មករំលេចពណ៌ឱ្យសមស្របនិងស្រស់ស្អាត”។
មិនត្រឹមតែពូកែខាងគូរក្បាច់រចនាប៉ុណ្ណោះទេ បងឌិញក៏មានថ្វីដៃខាងចម្លាក់ស៊ីម៉ងត៍ផងដែរ គាត់ក៏បានបង្កើតមូលដ្ឋានចម្លាក់នៅនឹងផ្ទះរបស់ខ្លួន គាត់ឱ្យដឹងថា ចាប់តាំងពីប្រកបរបរនេះមក គាត់ធ្វើបានផលិតផលជាច្រើនមានដូច៖ រានទេវតា ចេតិយនិងពុទ្ធរូបខ្នាតតូចធំដើម្បីលក់ឱ្យភ្ញៀវជិតឆ្ងាយ ពីមួយថ្ងៃទៅមួយថ្ងៃថ្វីដៃរបស់គាត់បានគេដឹងស្គាល់មកដាក់ទិញកាន់តែច្រើន ជួយឱ្យគាត់រកបានប្រាក់ចំណូលពីរបរនេះ។ មិនត្រឹមតែដូច្នោះ ចំពោះអ្នកដែលមានចំណូលចិត្តចង់រៀន គាត់ក៏ទទួលបង្ហាត់បង្រៀនដោយអស់ពីចិត្ត។ ក្នុងនោះ មានបងថាច់តុងដែលបានមករៀនរបរពីបងឌិញអស់រយៈកាលជាង៣ឆ្នាំ មកទល់ពេលនេះ បងតុងក៏មានថ្វីដៃគ្រាន់បើ ជួយបងឌិញសម្រេចបានផលិតផលជាច្រើន។ បងតុង នៅឃុំយ៉ាហ្វា ទីក្រុងកឹងធើ ឱ្យដឹង៖ ”ដោយឃើញគាត់មានទេពកោសល្យផ្នែកខាងសិល្បៈសូនរូប អាចច្នៃបានរូបច្រើនបែប ទើបខ្ញុំមកសុំរៀន។ ចំពោះបងឌិញ អ្វីដែលយើងមិនចេះ គាត់នឹងណែនាំបន្ថែម អ្វីដែលយើងចេះ គាត់ទុកឱ្យយើងធ្វើ បើខ្វះចន្លោះ គាត់នឹងបង្ហាញភ្លាម បងឌិញមិនដែលស្តីបន្ទោសអ្នកណាឡើយ គាត់ស្រឡញ់បងប្អូនរៀនរបរខ្លាំងណាស់”។
នៅតាមភូមិស្រុកនាបច្ចុប្បន្ន មានសិប្បករវ័យក្មេងដែលមានទេពកោសល្យជាច្រើន ដូច្នេះ ការរចនាក្បូរក្បាច់ទូក ង វត្តអារាមកាន់តែមានសោភណភាពស្រស់ស្អាតជានិច្ច។ ជាក់ស្តែងដូចជាសិប្បករវ័យស៊ើងប៊ិញឌិញ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ខ្មែរ៕
ថាញហ៊ុង-មុនី