លោកឡេក្វាងទុង បានសង្កត់ធ្ងន់៖ ជាមួយនឹងឋានៈ និងសក្តានុភាពដែលមានស្រាប់ ទីក្រុងកឹងធើត្រូវតែជាមជ្ឈមណ្ឌលដឹកនាំការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលនៃតំបន់វាលរាបទន្លេគឺវឡុង។
គណៈចង្អុលការទីក្រុងស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល បានចាត់តាំងសន្និសីទបូកសរុបការងារឆ្នាំ ២០២៥ និងដាក់ចេញទិសដៅ ភារកិច្ចសំខាន់ៗសម្រាប់ឆ្នាំ ២០២៦។ លោកឡេក្វាងទុង ប្រធានគណៈចង្អុលការទីក្រុង និងជាលេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ បានអញ្ជើញចូលរួមជាអធិបតីក្នុងសន្និសីទនេះ។

លោកឡេក្វាងទុង ប្រធានគណៈចង្អុលការទីក្រុង លេខាគណៈកម្មាធិការបក្សទីក្រុងកឹងធើ ថ្លែងការណ៍ក្នុងអង្គសន្និសិទ។
អនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧-NQ/TW របស់ការិយាល័យនយោបាយ ស្តីពីការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថល គណៈចង្អុលការទីក្រុងសម្រេចបានភារកិច្ចចំនួន ១៣៤/១៩១ ដែលបានប្រគល់ជូន រីឯភារកិច្ចចំនួន ៥៧ ទៀតកំពុងអនុវត្តតាមកាលកំណត់ (ក្នុងនោះមានភារកិច្ចជាប្រចាំចំនួន ៤៥)។ ថវិកាសរុបដែលបានបែងចែកក្នុងឆ្នាំ ២០២៥ សម្រាប់សកម្មភាពនានាមានចំនួន ១៩៧,៨០៧ ពាន់លានដុង ក្នុងនោះថវិកាបានផ្តល់ផ្ទេរគិតត្រឹមថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ សម្រេច ១៦៧,៧៨១ ពាន់លានដុង ស្មើនឹង ៨៥% នៃផែនការឆ្នាំ។
ទីក្រុងបានបំពេញ ធ្វើឱ្យសុក្រឹតខ្លឹមសារនៃគម្រោងបង្កើតមណ្ឌលបច្ចេកវិទ្យាខ្ពស់កឹងធើ បើកដំណើរការច្រកទ្វារគំនិតផ្តួចផ្តើមវិទ្យាសាស្ត្របច្ចេកវិទ្យា អនុម័តគម្រោងបង្កើតទីផ្សារជួញដូរបច្ចេកវិទ្យាកឹងធើ និងត្រៀមដាក់ឱ្យដំណើរការ ព្រមទាំងកំណត់ទិសដៅកសាងទីផ្សារជួញដូរបច្ចេកវិទ្យាតំបន់វាលរាបទន្លេគឺវឡុង។
បច្ចុប្បន្ន កឹងធើមានអាជីវកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាចំនួន ២១ ដែលភាគច្រើនមានទ្រង់ទ្រាយតូច និងធ្វើសកម្មភាពក្នុងវិស័យបច្ចេកវិទ្យាអាទិភាព។ អាជីវកម្មទាំងនោះបានម្ចាស់ការក្នុងការស្រាវជ្រាវ អនុវត្ត និងផ្ទេរបច្ចេកវិទ្យា។ ទីក្រុងក៏បានអភិវឌ្ឍព្រមៗគ្នាប្រព័ន្ធឌីជីថល ដើម្បីបម្រើដល់ការចង្អុលការ ដឹកនាំ ផ្តល់សេវាសាធារណៈ និងអភិវឌ្ឍទិន្នន័យបើកចំហ ឆ្ពោះទៅរកការកសាងរដ្ឋអំណាចឌីជីថលឆ្លាតវៃ ដោយយកទិន្នន័យជាមជ្ឈមណ្ឌល។
មានទម្រង់ផ្លាស់ប្តូរឌីជីថលជាច្រើនភ្ជាប់ជាមួយការបម្រើប្រជាជនត្រូវបានផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាព ដូច៖ រដ្ឋបាលចល័តនៅឃុំមីហឿង សេវារដ្ឋបាលស្និទ្ធស្នាលនៅឃុំលីវទូ ការចាប់លេខរៀងតាមអនឡាញ និង "ជំនួយការពលរដ្ឋឌីជីថល" តាមរយៈកម្មវិធី Zalo របស់គណៈកម្មាធិការប្រជាជនឃុំកេសាត់ ការចុះបញ្ជីសំបុត្រកំណើតតាមអនឡាញនៅសង្កាត់សុកត្រាំង។ ទូទាំងទីក្រុងបច្ចុប្បន្នមានកម្មាភិបាល អ្នករដ្ឋការ បុគ្គលិកចំនួន ១.០៦៦ នាក់ដែលទទួលបន្ទុកឯកទេស និងបន្ទាប់បន្សំលើការផ្លាស់ប្តូរឌីជីថល ព្រមទាំងបានបង្កើតបណ្តាញក្រុមបច្ចេកវិទ្យាឌីជីថលសហគមន៍នៅតាមឃុំ សង្កាត់ចំនួន ១០៣ ដែលមានសមាជិកជាង ១២.០០០ នាក់។

តំណាងមន្ទីរវិទ្យាសាស្ត្រ បច្ចេកវិទ្យា ធ្វើបទបង្ហាញក្នុងអង្គសន្និសិទ។
ផ្តើមពីលទ្ធផលដែលសម្រេចបាន ក្នុងឆ្នាំ ២០២៦ ទីក្រុងបានកំណត់ទិសដៅហេដ្ឋារចនាសម្ព័ន្ធឌីជីថលគ្របដណ្តប់សេវា ៥G ឱ្យបាន ៥០% ឡើងទៅ។ អ្នកប្រើប្រាស់អ៊ីនធឺណិតជាង ៨០% មានលទ្ធភាពប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតល្បឿនលឿន (≥ ១ Gbps)។ ធនធានដែលចំណាយលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថលសម្រេច ២% នៃ GRDP។ កម្មាភិបាល អ្នករដ្ឋការ បុគ្គលិកទាំង១០០% បានបណ្តុះបណ្តាល និងម្ចាស់ការលើជំនាញឌីជីថលជាមូលដ្ឋាន។ ទន្ទឹមនឹងនោះ ត្រូវមានអាជីវកម្មវិទ្យាសាស្ត្របច្ចេកវិទ្យាយ៉ាងតិច ២៥ លទ្ធផលស្រាវជ្រាវវិទ្យាសាស្ត្រជាង ៣០% ត្រូវយកទៅអនុវត្តជាក់ស្តែង ហើយទីក្រុងត្រូវស្ថិតក្នុងក្រុមភូមិភាគនាំមុខទាំង ១០ ក្នុងទូទាំងប្រទេស អំពីសន្ទស្សន៍ច្នៃប្រតិដ្ឋថ្នាក់ភូមិភាគ (PII)។
ថ្លែងការណ៍បូកសរុបសន្និសីទ លោកឡេក្វាងទុង បានសង្កត់ធ្ងន់៖ ជាមួយនឹងឋានៈ និងសក្តានុភាពដែលមានស្រាប់ ទីក្រុងកឹងធើត្រូវតែជាមជ្ឈមណ្ឌលឈានមុខក្នុងការអភិវឌ្ឍវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងការផ្លាស់ប្តូរឌីជីថលនៃតំបន់វាលរាបទន្លេគឺវឡុង។ ក្នុងឆ្នាំ ២០២៦ ទីក្រុងបន្តជ្រួតជ្រាបស៊ីជម្រៅ និងចាត់តាំងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវសេចក្តីសម្រេចចិត្តលេខ ៥៧ បណ្តាសេចក្តីសន្និដ្ឋានរបស់គណៈចង្អុលការមជ្ឈិម និងផែនការសកម្មភាពរបស់គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សទីក្រុង ដើម្បីធានានូវឯកភាពក្នុងការដឹកនាំ ចង្អុលការ និងចាត់តាំងការអនុវត្ត។ បណ្តាមន្ទីរ ផ្នែក ជាពិសេសគឺមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ត្រូវសហការជាមួយបណ្តាឃុំ សង្កាត់ ដើម្បីផ្តុំកម្លាំងត្រួតពិនិត្យឡើងវិញនូវមូលដ្ឋានទិន្នន័យ ធានាឱ្យបាន "ភាពត្រឹមត្រូវ គ្រប់គ្រាន់ ស្អាតស្អំ និងបន្តផ្ទាល់" ព្រមទាំងបង្កើតបញ្ជីគម្រោង និងផែនការផ្សព្វផ្សាយអនុវត្តចាប់ពីដើមឆ្នាំ។ មន្ទីរហិរញ្ញវត្ថុត្រូវសកម្មក្នុងការឧបត្ថម្ភ និងផ្តល់អាទិភាពថវិកាសម្រាប់គម្រោងដែលពាក់ព័ន្ធនឹងវិទ្យាសាស្ត្រ បច្ចេកវិទ្យា ច្នៃប្រតិដ្ឋ និងផ្លាស់ប្តូរឌីជីថល។ ការិយាល័យគណៈចង្អុលការត្រូវបូកសរុបរាល់មតិយោបល់ និងសំណើនានា ដើម្បីចេញផែនការសកម្មភាពឆ្នាំ ២០២៦ ឱ្យបានឆាប់៕
ប្រភព៖ baocantho.com.vn - សុផន