ចំពោះជនរួមជាតិខ្មែរ វត្តអារាមមិនត្រឹមតែជាកន្លែងសម្រាប់ព្រះសង្ឃបួសរៀន និងប្រជុំជីវកិច្ច សាសនាប៉ុណ្ណោះទេ នៅទាំងជាកន្លែងរក្សាវប្បធម៌ សិល្បៈដ៏មានតម្លៃរបស់ជនជាតិផងដែរ។

ក្រុមរបាំវត្តព្រែកអណ្តើក រាំរបាំជូនពរនាពិធីបុណ្យកឋិនទានក្នុងវត្ត។
ឧទាហរណ៍ដូចជាវត្តចន្ទសោភ័ណព្រែកអណ្តើក ឃុំញូយ៉ា ទីក្រុងកឹងធើ វត្តបានវិនិយោគរាប់រយលានដុង ដើម្បីទិញសម្លៀកបំពាក់ ភ្លេងពិណពាទ្យ ស្គរឆៃយុាំជាដើម សម្រាប់ក្រុមសិល្បៈរបស់វត្ត។ ព្រះតេជគុណ ឡឹមច័ន្ទសំណាង ប្រធានសង្ឃវត្តព្រែកអណ្តើក មានថេរដីកា៖ “ដោយឃើញកូនចៅខ្មែរស្រឡាញ់វប្បធម៌ សិល្បៈ ដូច្នេះព្រះអង្គបានអញ្ជើញសិប្បករ និងសិល្បករមកបង្រៀន។ ឃើញកូនចៅខ្មែរមកសិក្សាច្រើន ដូច្នេះព្រះអង្គបានវិនិយោគទិញ ឧបករណ៍ភ្លេងសម្លៀកបំពាក់ និងបង្កើតក្រុម ភ្លេងពិណពាទ្យ និងក្រុមរបាំដើម្បីបម្រើកម្មពិធីបុណ្យក្នុងវត្ត ក្នុងភូមិស្រុក និងបម្រើមាមីងពុទ្ធបរិស័ទក្នុងឱកាសបុណ្យទាន។ គោលបំណងគឺដើម្បីជួយកូនចៅខ្មែរយល់ដឹងនិងចូលរួមថែរក្សាវប្បធម៌ សិល្បៈប្រពៃណីរបស់ជនជាតិ”។
ប្អូនស៊ើងធីថាញធ្វី សមាជិកក្រុមរបាំវត្តព្រែកអណ្តើក ឱ្យដឹង៖ “ប្អូនពិតជារីករាយនិងមានមោទនភាពណាស់ដែលបានរៀនរបាំប្រពៃណី។ ពិសេសគឺនៅពេលដែលស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីរបស់ជនជាតិ។ ពួកប្អូននឹងបន្តហ្វឹកហាត់ និងផ្ទេរឱ្យយុវជនជំនាន់ក្រោយ ដើម្បីរួមគ្នាថែរក្សាបេតិកភណ្ឌដែលបុព្វបុរសបានបន្សល់ទុក”។
ទន្ទឹមនឹងការខិតខំប្រឹងប្រែងរបស់វត្តនានា ទីក្រុងកឹងធើ ក៏ផ្សព្វផ្សាយគម្រោងជាច្រើនដើម្បីឧបត្ថម្ភថវិកាសម្រាប់ការបណ្តុះបណ្តាល បំពាក់បំប៉ន និងបង្រៀនដល់យុវជនជំនាន់ក្រោយ។ ឧបត្ថម្ភវង់ភ្លេងពិណពាទ្យ ភ្លេងប្រពៃណី ឧបករណ៍បំពងសំឡេង សម្លៀកបំពាក់ គ្រឿងមកុដជាដើម ដល់វត្តខ្មែរមួយចំនួននៅក្នុងទីក្រុង។
ព្រះតេជគុណ ថាច់ធឿន ព្រះចៅអធិការវត្តសោភណរង្សីបឹងក្រចាប់ថ្មី ឃុំតឹងថាញ់ មានថេរដីកា៖ “ជាច្រើនឆ្នាំមកនេះ វត្តបានរដ្ឋឧបត្ថម្ភទូក ង ភ្លេងពិណពាទ្យ២វង់ និងឧបករណ៍បំពងសំឡេងសម្រាប់បម្រើដល់ក្រុមចម្រៀង ក្រុមរបាំ។ ជារៀងរាល់ឆ្នាំ វត្តបានអញ្ជើញគ្រូមកបង្រៀនភ្លេងពិណពាទ្យ ក្បាច់រាំប្រពៃណី និងរបាំដល់កូនចៅខ្មែរដែលមកសិក្សានៅវត្ត។ នេះបង្ហាញពីការយកចិត្តទុកដាក់របស់រដ្ឋក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌របស់ជនជាតិ តាមរយៈនោះ បានដាស់ស្មារតីស្រឡាញ់វប្បធម៌ និងសិល្បៈក្នុងស្រទាប់យុវជន”។
នៅក្នុងបរិការណ៍សម័យទំនើប តម្លៃវប្បធម៌ជាច្រើនកំពុងប្រឈមនឹងហានិភ័យនៃការសាបរលាប ការដែលវត្តអារាមខ្មែរខិតខំព្យាយាមថែរក្សា និងអភិវឌ្ឍភ្លេងពិណពាទ្យ ឆៃយុាំ និងរបាំ...។ល។ គឺជាសក្ខីភាពនៃស្មារតីមុតមាំ និងមោទនភាពរបស់ជនរួមជាតិខ្មែរ។ ស្នូរស្គរ និងសំឡេងភ្លេងពិណពាទ្យលាន់ឮមិនត្រឹមតែជាសញ្ញានៃថ្ងៃបុណ្យមកដល់ប៉ុណ្ណោះទេ នៅទាំងជាការដាស់រំលឹកដល់យុវជនជំនាន់ក្រោយរួមគ្នាថែរក្សា និងពង្រីកបេតិកភណ្ឌដ៏មានតម្លៃរបស់ជនជាតិផងដែរ៕
វិឌ្ឍា-មេងលី