វប្បធម៌-សិល្បៈ វប្បធម៌-សិល្បៈ

05/12/2025 - 05:44

របរ​ធ្វើ​កុលាល​ភាជន៍​នៅ​ភ្នំ​ពីរ​ 

ស្ថិត​នៅ​ក្បែរ​ជើង​ភ្នំ​ពីរ​ ភូមិ​ភ្នំ​ពីរ​ ឃុំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ ទោះ​បី​រង​ការ​សា​បរ​លាប​យ៉ាង​​ណា​ក៏​ដោយ​ ប៉ុន្តែ​របរ​ធ្វើ​កុលាល​ភាជន៍​ដែល​មាន​អាយុ​កាល​រាប់​រយ​ឆ្នាំ​របស់​ជន​រួម​ជាតិ​​ខ្មែរ​​នៅ​ទី​នេះ​ នៅ​តែ​បាន​សិប្ប​ករ​ប្តេជ្ញាចិត្ត​ថែ​រក្សា​។

​ បង​ស្រី​នាង​សុខ​ណាក់​ កំ​ពុង​ស្មូន​ចង្ក្រាន​ដី។​

មូល​ហេ​តុ​ដែល​គេ​ហៅ​ថា​ កុលាល​ភាជន៍​ភ្នំ​ពីរ​ ដោយ​សារ​តែ​ពី​មុន​នៅ​ក្នុង​ភូមិ​នេះ​ មា​មីង​​ប្រ​កប​របរ​ធ្វើ​កុលាល​ភាជន៍​សឹង​តែ​គ្រប់​ផ្ទះ​។ ប្លែក​នឹង​ភូមិ​របរ​ផ្សេង​ៗ ដែល​ប្រើ​តុ​បង្វិល​ ឬ​ឡ​​ដុត​ឧស្សាហ​កម្ម​នោះ​ កុលាល​ភាជន៍​ភ្នំ​ពីរ​មាន​លក្ខណៈ​សា​មញ្ញ​និង​រក្សា​ភាព​ដើម។ ផលិត​ផល​សំ​ខាន់​ គឺ​សម្ភារៈ​ប្រើ​ប្រាស់​ដែល​ផ្សារ​ភ្ជាប់​យ៉ាង​ជិត​ស្និទ្ធ​ទៅ​នឹង​ផ្ទះ​បាយ​បុរាណ​ មាន​ដូច​៖ ចង្ក្រាន​ដី​ ក្អម​ ពុម្ព​នំ​គ្រក់​ និង​ចង្ក្រាន​ធ្យូង​។ល។ ផលិត​ផល​ទាំង​អស់​សុទ្ធ​តែ​បាន​ធ្វើ​ដោយ​​ដៃ​ ផ្អែក​លើ​បទ​ពិ​សោធន៍​ដែល​ជី​ដូន​ជី​តា​បាន​បន្សល់​មក។

ដំ​ណើរ​ការ​ផលិត​កុលាល​ភាជន៍​នៅ​ភ្នំ​ពីរ​ គឺ​ធ្វើ​ដោយ​ដៃ​ទាំង​ស្រុង។ ដី​ឥដ្ឋ​ត្រូវ​បាន​ទិញ​មក​ពី​​ជើង​​ភ្នំ​ ជាង​ស្មូន​យក​ដី​ឥដ្ឋ​ទៅ​ដាក់​លើ​ជើង​ទម្រ​ ដើម្បី​សូន​រូប​រាង​និង​កែ​សម្រួល​​ឱ្យ​ទៅ​​ជា​ផលិតផល​ បន្ទាប់​ពី​សម្រេច​បាន​ផលិតផល​ត្រូវ​បាន​យក​ទៅ​ហាល​ថ្ងៃ​រយៈ​ពេល​ពី​១ថ្ងៃ​ទៅ​៤ថ្ងៃ​ យោង​ទៅ​តាម​ខ្នាត​ទំ​ហំ។ ចំ​ណុច​ពិ​សេស​របស់​កុលាល​ភាជន៍​ភ្នំ​ពីរ​ គឺ​បច្ចេក​ទេស​ដុត​​នៅ​ទី​វាល​។ នៅ​ពេល​ផលិត​ផល​ស្ងួត​ល្មម​ ជាង​ស្មូន​យក​កុលលភាជន៍ទៅ​រៀប​លើ​ដី​ រួច​យក​ចំបើង​និង​អុស​គ្រប​ពី​លើ​ហើយ​ដុត​ភ្លើង​ផ្ទាល់​តែ​ម្តង។

ផលិត​ផល​ចង្ក្រាន​ដី​នៅ​ភ្នំ​ពីរ​។

មុន​ឆ្នាំ​១៩៩០ ឈ្មួញ​ពី​គ្រប់​ទិស​ទី​មក​ភ្នំ​ពីរ​ដើម្បី​ទិញ​កុលាល​ភាជន៍​យក​ទៅ​លក់​នៅ​គ្រប់​តំ​បន់​ ក្នុង​នោះ​ ក៏​មាន​នាំ​ចេញ​ទៅ​លក់​នៅ​ប្រ​ទេស​កម្ពុជា​ផង​ដែរ​។ ប៉ុន្តែ​ក្នុង​រយៈ​កាល​ជាង​២០ឆ្នាំ​មក​នេះ​ ពេល​មាន​ចង្ក្រាន​ហ្គាស ចង្ក្រាន​អគ្គិ​សនី​ និង​សម្ភារៈ​ផ្លា​ស្ទិក​បាន​ក្លាយ​ជា​ស​ម្ភារៈ​ពេញ​និយម​ មុខ​របរ​ធ្វើ​កុលាលភាជន៍​ប្រពៃណី​ក៏​បាន​ធ្លាក់​ចុះ។ តាំង​ពី​ភូមិ​របរ​ដែល​​ធ្លាប់​តែ​មាន​ភាព​អ៊ូ​អរ​ ឥ​ឡូវ​នេះ​ ក្នុង​ភូមិ​មាន​ត្រឹម​តែ​៣-៤គ្រួ​សារ​ ប៉ុណ្ណោះ​ដែល​នៅ​បន្ត​រក្សា​របរ​ប្រពៃ​ណី​នេះ។ សិប្ប​ករ​ចាស់​ៗមាន​កម្លាំង​ចុះ​ខ្សោយ​ ចំណែក​ក្មេង​ៗជំនាន់​ក្រោយ​វិញ​ មិន​សូវ​ជា​ចាប់​អា​រម្មណ៍​នឹង​មុខ​របរ​នេះ។

ផ្សារ​ភ្ជាប់​នឹង​មុខ​របរ​នេះ​តាំង​ពី​អាយុ​១៤ឆ្នាំ​ បច្ចុប្បន្ន​ បង​នាង​សុខ​ណាក់​ ប្រ​កប​របរ​ធ្វើ​ចង្ក្រាន​ដី​នេះ​ជិត​ ៤០ ឆ្នាំ​មក​ហើយ​។ ជា​រៀង​រាល់​ថ្ងៃ​ បង​ធ្វើ​ចង្ក្រាន​ដី​ខ្នាត​ធំ​បាន​ប្រ​មាណ​២ចង្ក្រាន​ ខ្នាត​ធំ​ លក់​ដោយ​តម្លៃ​ប្រ​មាណ​៣០០​ពាន់​ដុង​ ចង្ក្រាន​ខ្នាត​តូច​លក់​ដោយ​តម្លៃ​ប្រ​មា​ណ​ពី​៥០ពាន់​ដុង​ ទៅ​១៥០​ពាន់​ដុង​ យោង​ទៅ​តាម​ទំ​ហំ​តូច​ធំ។ ផលិត​ផល​ទាំង​អស់​នេះ​ គឺ​សុទ្ធ​តែ​​ធ្វើ​តាម​ការ​បញ្ជា​ដាក់​ទិញ​ ឬ​យក​ទៅ​លក់​បន្ត​ឱ្យ​ឈ្មួញ។

អ្នក​ស្រី​នាង​សុខ​ណាក់​ ចែក​រំលែក៖ “នាង​ខ្ញុំ​ផ្សារ​ភ្ជាប់​នឹង​របរ​នេះ​តាំង​ពី​កុមារ​ មិន​ចង់​បោះ​បង់​ របរ​នេះ​ទេ​ ទោះ​បី​លក់​ដាច់​ឬ​មិន​ដាច់​ក៏​ដោយ។ នេះ​ជា​របរ​ប្រ​ពៃ​ណី​ បើ​យើង​មិន​ថែ​រក្សា​ទេ​ ថ្ងៃ​ក្រោយ​នឹង​សា​បរ​លាប​ជា​ពុំ​ខាន។ ក្មេង​ៗសម័យ​ឥ​ឡូវ​ មិន​សូវ​មាន​អ្នក​ចេះ​ធ្វើ​កុលាល​ភាជន៍​នេះ​ទេ។ នាង​ខ្ញុំ​ធ្វើ​ដោយ​សារ​ការ​ស្រ​ឡាញ់​ចូល​ចិត្ត​និង​ធ្លាប់​ធ្វើ​តាំង​ពី​ក្មេង​ ដូច្នេះ​ មិន​​អាច​ចោល​បាន”។

ក្នុង​ជីវ​ភាព​សម័យ​ទំ​នើប​ រូប​ភាព​នារី​ខ្មែរ​ខិត​ខំ​ធ្វើ​ការ​នៅ​ក្បែរ​គំនរ​ដី​ឥដ្ឋ​ ដើម្បី​បង្កើត​ផលិត​ផល​ពី​បាត​ដៃ​ដ៏​ប៉ិន​ប្រ​សប់​ បាន​ធ្វើ​ឱ្យ​របរ​កុ​លាល​ភាជន៍​ភ្នំ​ពីរ​នៅ​តែ​គង់​វង្ស។ នេះ​មិន​ត្រឹម​​តែ​ជា​ការ​ងារ​រក​ស៊ី​ចិញ្ចឹម​ជីវិត​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ជា​ដំណើរ​ការ​អភិ​រក្ស​របរ​ប្រ​ពៃ​ណី​​មួយ​ដែល​ប្រ​ឈម​នឹង​ហានិភ័យ​សា​បរ​លាប​ផង៕

វុឌ្ឍា-មុនី​

 

ចែករំលែកអត្ថបទ