28/11/2025 - 06:11

រាយ​ការណ៍​ក្លែង​ក្លាយ​ រង​ការ​ពិន័យ​ពិត​ 

ថ្មី​ៗនេះ​ “លេច​ឮ​” ស្ថាន​ភាព​លក់​ទ្រព្យ​សម្បត្តិ​ស៊ី​ចាយ​ បញ្ចាំ​គ្រឿង​អលង្ការ​ផ្ទាល់​ខ្លួន​ ហើយ​បង្កើត​រឿង​ថា​ ត្រូវ​ចោរ​ប្លន់​ រួច​រាយ​ការណ៍​ទៅ​នគរ​បាល​ ដើម្បី​បន្លំ​ភ្នែក​គ្រួ​សារ។ ទទួល​បាន​ដំណឹង​ភ្លាម​ កង​នគរ​បាល​ទី​ក្រុង​កឹង​ធើ ប្រ​ញាប់​ចាត់​វិធាន​ការ​លើ​ករណី​ដែល​រាយ​ការណ៍​ក្លែង​ក្លាយ​អំ​ពី​បទ​ល្មើស។ កង​កម្លាំង​សមត្ថ​កិច្ច​ ក៏​បាន​ព្រ​មាន​ប្រ​ជា​ជន​ថា​ នេះ​គឺ​ជា​អំ​ពើ​ប្រ​ព្រឹត្ត​ល្មើស​ច្បាប់​ នឹង​រង​ការ​ពិន័យ​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់។

 ​ នគរ​បាល​ទី​ក្រុង​កឹង​ធើ តែង​ផ្សព្វ​ផ្សាយ​អំ​ពី​ច្បាប់​ដើម្បី​ប្រ​ជា​ជន​យល់​ច្បាស់​ ចៀស​វាង​អំ​ពើ​ប្រ​ព្រឹត្ត​ល្មើស​ដែល​មិន​គួរ​កើត​មាន។

ថ្មី​ៗនេះ​ នគរ​បាល​ទី​ក្រុង​កឹង​ធើ ចាត់​វិធាន​ការ​ជា​បន្ទាន់​លើ​ករណី​រាយ​ការណ៍​ក្លែង​​ក្លាយ​ថា​ ត្រូវ​ចោរ​ប្លន់​ទ្រព្យ​សម្បត្តិ​។ ចំ​ណុច​រួម​ គួរ​កត់​សម្គាល់​នោះ​គឺ​ អ្នក​ដែល​រាយ​ការណ៍​ក្លែង​ក្លាយ​ថា​ចោរ​ប្លន់​នោះ​ គ្មាន​បំ​ណង​ចង់​កេង​ចំ​ណេញ​ពី​អ្នក​ដទៃ​ ឬ​រដ្ឋ​ឡើយ​ គ្រាន់​តែ​ចង់​បិទ​បាំង​អំ​ពី​ការ​ចាយ​វាយ​ ប្រើ​ប្រាស់​ បញ្ចាំ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​ខ្លួន​ ដើម្បី​គេច​វេះ​ពី​ទំ​នួល​ខុស​ត្រូវ​ចំ​ពោះ​គ្រួ​សារ​ សាច់​ញាតិ​តែ​ប៉ុណ្ណោះ។ អ្នក​រាយ​ការណ៍​ក្លែង​ក្លាយ​ ចង់​បង្កើត​ “បទ​ល្មើស​” មួយ​ពី​ខាង​ក្រៅ​ដើម្បី​បង្វែរ​សាច់​រឿង​ បង្កើត​បញ្ហា​ហិ​រញ្ញ​វត្ថុ​ផ្ទាល់​ខ្លួន​ទៅ​ជា​បញ្ហា​សន្តិ​សុខ​សណ្តាប់​ធ្នាប់​សា​ធា​រណៈ។

ដូច​ជា​ករណី​របស់​បង​ស្រី​ T.V (អាយុ​ ២៣ ឆ្នាំ) នៅ​សង្កាត់​អូរ​ម៉ូង​ បង​ស្រី​ T.V បាន​រាយ​ការណ៍​ថា​ត្រូវ​ចោរ​ប្លន់​អស់​ ១១១ លាន​ដុង​ និង​ក្រ​ដាស​ស្នាម​ផ្ទាល់​ខ្លួន។ នគរ​បាល​សង្កាត់​អូរ​ម៉ូង​ ប្រ​ញាប់​ចុះ​ទៅ​កន្លែង​កើត​ហេ​តុ​ ធ្វើ​ការ​ពិ​និត្យ​ បញ្ជាក់​មើល​កា​ម៉េរ៉ា​ រួច​បាន​ដឹង​ច្បាស់​ថា​ ការ​រាយ​ការណ៍​របស់​បង​ស្រី​ T.V គឺ​ខុស​ពី​ការ​ពិត។ នៅ​ស្ថា​ប័ន​ស៊ើប​អង្កេត​ បង​ស្រី​ T.V រៀប​រាប់​ថា​ មក​ពី​បាន​ចាយ​អស់​ ១១១ លាន​ដុង​ (ជា​លុយ​របស់​ម្តាយ​បង្កើត​និង​ប្តី) ក្នុង​ទិស​ដៅ​ផ្សេង​ ខណៈ​ពេល​ម្តាយ​បង​ស្រី​ T.V ឱ្យ​ទៅ​ដក​លុយ​ជូន​គាត់​វិញ​ បង​ស្រី​ក៏​មាន​គំ​និត​ រាយ​ការណ៍​ទៅ​នគរ​បាល​ថា​ត្រូវ​ចោរ​ប្លន់​ ដើម្បី​បន្លំ​ភ្នែក​គ្រួ​សារ​កុំ​ឱ្យ​ម្តាយ​ជេរ​ស្តី។

ទង្វើ​របស់​បង​ស្រី​ T.V គឺ​ខុស​ច្បាប់។ ត្រង់​មា​ត្រា​ ៧ អនុ​ក្រឹត្យ​ ១៤៤/​២០២១​/NĐ-CP របស់​រដ្ឋា​ភិបាល​ កំ​ណត់​អំ​ពី​ការ​ពិន័យ​លើ​បទ​ល្មើស​ រដ្ឋ​បាល​ក្នុង​វិស័យ​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ សុវត្ថិ​ភាព​សង្គម​; បង្ការ​បង្រ្កាប់​បាប​គ្រោះ​សង្គម; បង្ការ​និង​ពន្លត់​អគ្គិ​ភ័យ​; ជួយ​សង្រ្គោះ​; បង្ការ​បង្រ្កាប់​អំ​ពើ​ហិង្សា​គ្រួ​សារ​ និង​សេចក្តី​កំ​ណត់​អំ​ពី​បទ​រាយ​ការណ៍​ក្លែង​ក្លាយ​ មិន​ពិត​ដល់​ស្ថា​ប័ន​សមត្ថ​កិច្ច​ អាច​នឹង​រង​ការ​ពិន័យ​ពី​ ២-៣ លាន​ដុង។

ចំ​ពោះ​ករណី​រាយ​ការណ៍​ក្លែង​ក្លាយ​អំ​ពី​ឧក្រិដ្ឋ​កម្ម​ ឬ​អំ​ពើ​ផ្សេងៗ​ទៀត​បណ្តាល​ឱ្យ​មាន​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ កម្រិត​ពិន័យ​អាច​នឹង​ខ្ពស់​ជាង​ឡើង​ដល់​រាប់​រយ​លាន​ដុង​ ពុំ​នោះ​សោត​ អាច​នឹង​ទទួល​ទោស​ខាង​ព្រហ្ម​ទណ្ឌ​ យោង​ទៅ​តាម​លក្ខណៈ​និង​កម្រិត​ធ្ងន់​ធ្ងរ​នៃ​ហេតុ​ការណ៍។ ម្យ៉ាង​ទៀត​ អ្នក​ប្រ​ព្រឹត្ត​ល្មើស​រាយ​ការណ៍​ក្លែង​ក្លាយ​ពី​ករណី​ចោរ​ប្លន់​ ត្រូវ​ប្រ​ឈម​នឹង​ផល​ប៉ះ​ពាល់​បាត់​ទំ​នុក​ចិត្ត​ពី​គ្រួ​សារ​ មិត្ត​ភក្តិ​និង​សហ​គមន៍។

ឆ្លង​តាម​រយៈ​នៃ​ករណី​ខាង​លើ​ នគរ​បាល​ទី​ក្រុង​កឹង​ធើ បាន​ក្រើន​រំលឹក​ប្រ​ជា​ជន​គប្បី​លើក​កម្ពស់​ការ​យល់​ដឹង​ច្បាប់​ អនុ​វត្ត​គោល​ការណ៍​ ស្មោះ​ត្រង់​ខណៈ​ពេល​ធ្វើ​ការ​ជា​មួយ​នឹង​ស្ថា​ប័ន​សមត្ថ​កិច្ច។ រាល់​អំ​ពើ​ឆ្លៀត​ឱ​កាស​ការ​ទុក​ចិត្ត​របស់​រដ្ឋ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ឯក​ជន​ គេច​វេះ​ទំនួល​ខុស​ត្រូវ​ផ្ទាល់​ខ្លួន​ សុទ្ធ​សឹង​តែ​បាន​រក​ឃើញ​ការ​ពិត​និង​ចាត់​វិធាន​ការ​តាម​នីតិ​វិធី។

ទង្វើ​រាយ​ការណ៍​ក្លែង​ក្លាយ​ករណី​លួច​ប្លន់​ ដើម្បី​បិទ​បាំង​ទោស​កំ​ហុស​ខ្លួន​ឯង​ ទោះ​បី​ផ្តើម​ចេញ​ពី​ភាព​ភ័យ​ខ្លាច​ ឬ​រង​សម្ពាធ​ពី​គ្រួ​សារ​ គឺ​មិន​អាច​ទទួល​យក​បាន។ គ្រប់​គ្នា​គប្បី​លើក​កម្ពស់​ការ​យល់​ដឹង​ ត្រូវ​តែ​ទទួល​និង​ដោះ​ស្រាយ​បញ្ហា​ផ្ទាល់​ខ្លួន​ដោយ​ភាព​ស្មោះ​ត្រង់​និង​ទំនួល​ខុស​ត្រូវ​។ នោះ​គឺ​ជា​វិធី​មួយ​ដ៏​ល្អ​បំផុត​ដើម្បី​ការ​ពារ​ខ្លួន​ឯង​ ការ​ពារ​គ្រួ​សារ​ រួម​ចំ​ណែ​ករក្សា​សន្តិ​សុខ​ សណ្តាប់​ធ្នាប់​ទី​ក្រុង​ផង៕

                 យោង​៖ Baocantho.com.vn- ប្រែ​សម្រួល​៖ លី​សៀ​

ចែករំលែកអត្ថបទ