រយៈពេលកន្លង គោលនយោបាយពិសេសដោយឡែកឧបត្ថម្ភដល់គ្រូបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល បានរួមចំណែកយ៉ាងសំខាន់ក្នុងការអភិរក្សភាសានិងអក្សររបស់ជនជាតិ។ គោលនយោបាយនេះទទួលបានការគាំទ្រខ្ពស់ពីព្រះសង្ឃ និងជនរួមជាតិខ្មែរនៅលើភូមិឋានទីក្រុងកឹងធើ។

រៀងរាល់រដូវវិស្សមកាល វត្តសំរោង សង្កាត់សុកត្រាំង តែងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់កូនចៅជនរួមជាតិខ្មែរ។
តាមលោក ឡឹមហ្វាងម៉ូវ នាយកមន្ទីរជនជាតិនិងសាសនាទីក្រុងកឹងធើ អនុវត្តសេចក្តីសម្រេចចិត្តលេខ១៧/២០១៩/NQ-HĐND របស់ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំង (ចាស់) ស្តីពីការឧបត្ថម្ភដល់គ្រូបង្រៀនអក្សរខ្មែរក្នុងរដូវវិស្សមកាល; អក្សរចិននៅតាមសាលារៀនឯកជននៅលើភូមិឋានខេត្តសុកត្រាំង (ចាស់) ដំណាក់កាល២០២០-២០២៤ មានវត្តខ្មែរចំនួន៨៦ បានរៀបចំបង្រៀនអក្សរខ្មែរ ដោយមាន១.២៥៨បន្ទប់និងមានសិស្សចូលរៀន៣០.៥៣២នាក់។ ក្នុងនោះមានព្រះសង្ឃនិងគ្រូបង្រៀន១.២៥៨អង្គនិងរូប ដោយមានម៉ោងបង្រៀន២៣៥.៧៦៤ ម៉ោង សរុបថវិកា ឧបត្ថម្ភជាង៩,៤ពាន់លានដុង។ គោលនយោបាយនេះទទួលបានការឯកភាពខ្ពស់ពីព្រះសង្ឃ និងជនរួមជាតិខ្មែរ។
ជារៀងរាល់ឆ្នាំ ក្នុងរដូវវិស្សមកាល វត្តអារាមខ្មែរនៅទីក្រុងកឹងធើតែងបើកថ្នាក់បង្រៀនអក្សរខ្មែរសម្រាប់កូនចៅជនរួមជាតិខ្មែរមកសិក្សា។ ការដែលមានគោលនយោបាយឧបត្ថម្ភកាន់តែជំរុញកម្លាំងស្មារតីដើម្បីជួយឱ្យវត្តអារាមបន្តរក្សា សកម្មភាពដ៏មានអត្ថន័យនេះ។
ព្រះតេជគុណ ឡឹមប៊ិញថាញ ព្រះពហុស្សូត វត្តសំរោង សង្កាត់សុកត្រាំង មានសង្ឃដីកា៖ “ជារៀងរាល់ឆ្នាំ ក្នុងរដូវវិស្សមកាលវត្តបានរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរដល់សិស្សជាង ៣០០ នាក់។ រយៈពេលប៉ុន្មានឆ្នាំជិតៗនេះ នៅពេលដែលមានគោលនយោបាយឧបត្ថម្ភទាំងព្រះសង្ឃ និងមាមីងខ្មែរមានការសប្បាយចិត្ត។ ផ្តើមពីមូលនិធិឧបត្ថម្ភ ព្រះសង្ឃដែលឈរថ្នាក់កាន់តែមានកម្លាំងចិត្តក្នុងការបង្រៀន និងមានលក្ខណៈដើម្បីឧបត្ថម្ភសៀវភៅ ប៊ិក និងផ្តល់ជារង្វាន់ដល់សិស្សដែលទទួលលទ្ធផលល្អក្នុងការសិក្សា”។
លោកពូ យឿងស៊ីថាន ប្រធានគណៈកម្មការវត្តព្រែកអណ្តើក ឃុំញូយ៉ា ឱ្យដឹង៖ “ជារៀងរាល់ឆ្នាំ ក្នុងរដូវវិស្សមកាល វត្តតែងបើកថ្នាក់បង្រៀនអក្សរខ្មែរដល់សិស្សានុសិស្ស។ ចាប់តាំងពីមានគោលនយោបាយឧបត្ថម្ភគ្រូបង្រៀនមក ខ្ញុំពិតជាសប្បាយចិត្តណាស់។ ប្រការនេះ បានបញ្ជាក់ថា បក្សនិងរដ្ឋតែងយកចិត្តទុកដាក់ចំពោះការងារបណ្តុះបណ្តាលជួយកូនចៅជនរួមជាតិខ្មែរអភិរក្សភាសា និងអក្សរសាស្ត្ររបស់ជនជាតិខ្លួន”។
គោលនយោបាយពិសេសឧបត្ថម្ភដល់គ្រូបង្រៀនអក្សរខ្មែររដូវវិស្សមកាល គឺបង្ហាញពីការយកចិត្តទុកដាក់របស់គណៈកម្មាធិការបក្ស និងរដ្ឋអំណាចចំពោះកងជួរគ្រូបង្រៀននៅតាមវត្តអារាមនិងមូលដ្ឋានអប់រំឯកជន។ ប្រសិទ្ធភាពនៃគោលនយោបាយនេះមិនត្រឹមតែពង្រឹងជំនឿរបស់ជនរួមជាតិខ្មែរប៉ុណ្ណោះទេ ថែមទាំងមានអត្ថន័យសំខាន់ក្នុងការអភិរក្ស និងលើកកម្ពស់ភាសានិងអក្សរសាស្រ្តរបស់ជនជាតិទៀតផង៕
ដាលីន-មេងលី