ឃុំធ្វឹងហ្វា ទីក្រុងកឹងធើ ជាតំបន់មានជនជាតិភាគតិចរស់នៅជាង៧៥% ជីវភាពប្រជាជនពីមួយថ្ងៃទៅមួយថ្ងៃកាន់តែរីកចម្រើន អាស្រ័យការផ្សព្វផ្សាយប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយជនជាតិ និងសំណង់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនបានវិនិយោគព្រមៗគ្នា។

ប្រមូលផ្តុំវិនិយោគផ្លូវគមនាគមន៍ជនបទឃុំធ្វឹងហ្វា ទីក្រុងកឹងធើ។
ឃុំធ្វឹងហ្វា បានបង្កើតដោយផ្អែកលើមូលដ្ឋាន រួមបញ្ចូលនៃឃុំភូតឹងនិងធ្វឹងហ្វា មានប្រជាជនជាង ២៨.០០០ នាក់ ចែកជា ១១ ភូមិ។ ក្នុងនោះ មានភូមិលំបាកខ្លាំងចំនួន ៤ រួមមាន៖ ភឿកហ្វា ភឿកក្វើយ សាបូវ និងត្រាកាញ B ដែលជាភូមិចំណុចសំខាន់ក្នុងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធជនបទ។ ផ្ដើមពីប្រភពទុនកម្មវិធីទិសដៅជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាលទី១ (២០២១ - ២០២៥) (ហៅកាត់ថា កម្មវិធី)។ រយៈពេល ៥ ឆ្នាំកន្លងមក រដ្ឋអំណាចឃុំធ្វឹងហ្វា បានប្រមូលផ្តុំវិនិយោគប្រភពធនធានជាច្រើន សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗបម្រើជីវភាពប្រជាជន។ ឆ្លងតាមរយៈនោះ មិនត្រឹមតែបើកឱកាសទាក់ទាញការវិនិយោគនិងអភិវឌ្ឍន៍សេដ្ឋកិច្ចភូមិភាគប៉ុណ្ណោះទេ ថែមទាំងរួមចំណែកលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជនទៀតផង។
ភាពផ្លាស់ថ្មីជាក់ស្តែងនោះគឺ ប្រព័ន្ធផ្លូវគមនាគមន៍ជនបទ និងផ្លូវភ្ជាប់ភូមិ ភ្ជាប់ឃុំជាច្រើន សព្វថ្ងៃបានចាក់បេតុងរួចរាល់។ ការធ្វើដំណើរនិងជួញដូរទំនិញកាន់តែមានភាពងាយស្រួល បង្កលក្ខណៈសម្រាប់មាមីងបើកទូលាយផលិតកម្ម និងពង្រីកទីផ្សារ។ យោងតាមរបាយការណ៍អំពីលទ្ធផលនៃការអនុវត្តកម្មវិធី ប្រភពទុនបានផ្ដល់ឱ្យឃុំដើម្បីអនុវត្តគម្រោង - វិនិយោគហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បម្រើផលិតកម្ម និងជីវភាពក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ និងអង្គភាពអាជីវកម្មរដ្ឋនានាលើវិស័យជនជាតិគឺជាង ១១ ពាន់លានដុងសម្រាប់អនុវត្តសំណង់សំខាន់ៗដូច ជាផ្លូវប្រឡាយសាមសិបមេសា - ភូមិភឿកហ្វា ផ្លូវប្រឡាយសាបូវ - ភូមិសាបូវ ជួសជុលនិង បង្កើនកម្រិតផ្លូវ១៣៥ - ភូមិភឿកក្វើយ។ល។
លោកលីសើយ ប្រធានគណៈប្រជាជនភូមិភឿកក្វើយ ចែករំលែក៖ “កាលពីមុន ផ្លូវពិបាកធ្វើដំណើរណាស់ បំផុតគឺនៅរដូវវស្សា។ អាស្រ័យការវិនិយោគរបស់រដ្ឋ ទើបពេលនេះផ្លូវបានចាក់បេតុងរួចរាល់ យានជំនិះក៏ស្រួលបើកបរ កុមារទៅរៀនមានភាពងាយស្រួល ប្រជាជនត្រេកអរខ្លាំងណាស់”។
មិនត្រឹមតែវិនិយោគកសាងសំណង់ប៉ុណ្ណោះទេ រដ្ឋអំណាចឃុំធ្វឹងហ្វានៅទាំងសហការយ៉ាងស្អិតស្មួតជាមួយសមាគមនិងអង្គការនានាដូចជា៖ សមាគមកសិករ សមាគមនារី សម្ព័ន្ធយុវជនជាដើម ដើម្បីលើកកម្ពស់តួនាទីរបស់ប្រជាជនក្នុងការការពារ និងថែរក្សាសំណង់នានាក្រោយពីការវិនិយោគ។ យុទ្ធនាការសម្អាតបរិស្ថានជាច្រើន ជាពិសេសយុទ្ធនាការ “ថ្ងៃសៅរ៍បៃតង” បានរៀបចំជារឿយៗនៅតាមភូមិនានា កៀរគរប្រជាជនយ៉ាងច្រើនកុះករចូលរួមកាប់ឆ្ការព្រៃ ប្រមូលសំរាម សម្អាតផ្លូវ បង្កើតទេសភាពបៃតង - ជ្រះ - ស្អាត រួមចំណែកកសាងបរិស្ថានរស់នៅវិជ្ជមាន។
លោកត្រឹងង៉ុកថាញផុង ប្រធានគណៈកម្មាធិការប្រជាជនឃុំធ្វឹងហ្វា ឱ្យដឹង៖ “មិនត្រឹមតែផ្តោតលើការវិនិយោគហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ប៉ុណ្ណោះទេ សំណង់សំខាន់ៗឯទៀត មានដូចជា សាលារៀន ដំណាក់សុខាភិបាល ប្រព័ន្ធទឹកស្អាត អគ្គិសនីជាដើម ក៏ត្រូវបានយកចិត្តទុកដាក់វិនិយោគ រួមចំណែកលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន។ អាស្រ័យការផ្សព្វផ្សាយអនុវត្តកម្មវិធី ប្រកបដោយប្រសិទ្ធភាព និងការស្រុះចិត្តគំនិតរបស់ប្រជាជន ទើបឃុំធ្វឹងហ្វាជាជំហានមានភាពផ្លាស់ប្តូរ ហើយឈានឆ្ពោះទៅកាន់ទិសដៅបន្ថយភាពក្រីក្រដោយចីរភាព និងកសាងជនបទថ្មីកម្រិតខ្ពស់”៕
ហុងទើ-ថាច់ធី