សាស្រ្តាស្លឹករឹត គឺជាបណ្ដុំឯកសារដែលចារនូវក្បួនច្បាប់ អក្សរសិល្ប៍ កត់ត្រារឿងរ៉ាវប្រវត្តិសាស្ត្រ និងធម៌អាថ៌ដែលជនជាតិខ្មែរពីជំនាន់ដើមបានចេះចាំនិងនិយមប្រើប្រាស់យ៉ាងទូលំទូលាយ។ មុនពេលមានក្រដាស និងបច្ចេកទេសបោះពុម្ពសៀវភៅតាមបែបទំនើបដូចសព្វថ្ងៃ ដើម្បីចារចងក្រងនិងផ្សព្វផ្សាយនូវចំណេះដឹង។

សាស្ត្រាសឹ្លករឹត។
សាស្ត្រាស្លឹករឹត ជាសំខាន់គឺចារនៅលើស្លឹកទ្រាំង ជារុក្ខជាតិមួយប្រភេទមានសន្តានជាមួយនឹងជ្រៃ។ ស្លឹកទ្រាំងបានជ្រើសរើសយ៉ាងហ្មត់ចត់ ហាលស្ងួត កែច្នៃនិងយកមកចារអក្សរដោយដែកចារ។ បន្ទាប់មក គេលាបទឹកខ្មៅដើម្បីឱ្យអក្សរអណ្តែតឡើងមើលឃើញច្បាស់។ សាស្ត្រាស្លឹករឹតមួយឈុតៗ មិនត្រឹមតែជាឯកសារអក្សរប៉ុណ្ណោះទេ នៅទាំងជាសិល្បៈសិប្បកម្មដ៏ប្រណីតទៀតផង។
សាស្ត្រាស្លឹករឹតមានខ្លឹមសារសម្បូរបែបណាស់។ ភាគច្រើនជាធម៌អាថ៌សម្រាប់ព្រះសង្ឃ សិក្សារៀនសូត្រ បង្ហាត់បង្រៀននិងទេសនាកាលពីដើម។ ទន្ទឹមនឹងនោះ មានសាស្រ្តាច្បាប់ រឿងព្រេងនិទាន ច្បាប់ទូន្មាន ឱសថបុរាណ តារាសាស្រ្តជាដើម ដែលឆ្លុះបញ្ចាំងពីឃ្លាំងចំណេះដឹងនិងជីវភាពវប្បធម៌របស់ជនរួមជាតិខ្មែរសម័យដើម។
ដើមឡើយ សាស្រ្តាស្លឹករឹតនិយមប្រើប្រាស់ក្នុងឱកាសបុណ្យទានផ្សេងៗ ដូចជាបុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតាឬសម្រាប់សម្តែងធម្មទេសនា។ ទោះបីខ្លឹមសារក្នុងសាស្រ្តាស្លឹករឹត និងសៀវភៅមានភាពប្រហាក់ប្រហែលគ្នាក៏ដោយ ប៉ុន្តែពុទ្ធបរិស័ទពីដើមតែងឱ្យតម្លៃលើសាស្ត្រាស្លឹករឹតជាង។ ហើយព្រះសង្ឃតែងប្រើប្រាស់សាស្រ្តាស្លឹករឹតជំនួសសៀវភៅ ដើម្បីសម្តែងធម៌ទេសនាអំពីរឿងទសជាតក៍ជាដើម។

ព្រះសង្ឃអានសាស្រ្តាស្លឹករឹត។
តាមប្រសាសន៍លោកគ្រូ ឡឹមឃូ អតីតគ្រូបង្រៀននៅសាលាឧត្តមសិក្សាគរុកោសល្យសុកត្រាំង៖ “កាលពីដើម ជនជាតិខ្មែរធ្លាប់កត់ត្រាលើសម្ភារ៦ប្រភេទ។ ដំបូងគឺកត់ត្រានៅលើស្បែកសត្វ ដូចជាស្បែកគោឬក្របីព្រៃ។ គេយកស្បែកនោះមកទាញឱ្យតឹងដូចស្គរ រួចយកដីសសរសេរលើល្បែកសត្វនោះ។ ក្រោយមក ដើម្បីរក្សាទុកបានយូរ ពួកគាត់មានគំនិតច្នៃប្រតិដ្ឋដោយឆ្លាក់អក្សរលើថ្ម ហៅថា សិលាចារឹក។ លុះប្តូរពីការកាន់សាសនាព្រហ្មញ្ញមកកាន់ព្រះពុទ្ធសាសនាវិញ ជនជាតិខ្មែរបានចាប់ផ្តើមចារសាស្ត្រាស្លឹករឹត”។
សាស្ត្រាស្លឹករឹតរក្សាទុកបានយូរ ប្រសិនបើទុកដាក់ដោយហ្មត់ចត់អាចមានអាយុកាលរាប់រយឆ្នាំ។ អាស្រ័យហេតុនោះ ជនជាតិខ្មែរយកស្លឹករឹតដើម្បីចារធម៌អាថ៌ វេយ្យាករណ៍ អក្សរសិល្ប៍ ឱសថបុរាណ។ល។ ដើម្បីរក្សាទុក។ ចំណុចពិសេស ពេលយើងអានអក្សរនៅលើសាស្រ្តស្លឹករឹត គឺអក្សរចារស្មើនិងស្អាតណាស់ ផ្តើមពីនោះ បញ្ជាក់ឱ្យឃើញថា បច្ចេកទេសចារអក្សរនៅលើសាស្រ្តាស្លឹករឹត គឺជាសិល្បៈម្យ៉ាងមិនមែនអ្នកណាក៏ចេះតែធ្វើបាននោះទេ។
ទោះបីមិនបានប្រើប្រាស់ទូលំទូលាយដូចមុនទៀត ប៉ុន្តែសាស្រ្តាស្លឹករឹតនៅតែបានរក្សាទុកយ៉ាងល្អនៅតាមវត្តអារាម។ មានការលើកឡើងជាច្រើនថា បើគ្មានសាស្រ្តាស្លឹករឹតទេនោះ ប្រភពចំណេះដឹងរបស់ពុទ្ធសាសនា និងទំនៀមទម្លាប់របស់ជនជាតិខ្មែរ ច្បាស់ជាត្រូវបាត់បង់។ ទោះបីបានឆ្លងកាត់រាប់រយឆ្នាំ មានសាស្រ្តាស្លឹករឹតជាច្រើនបានខូចខាតទៅតាមពេលវេលា និងមិនបានយកប្រើប្រាស់ដូចមុនទៀតក៏ដោយ ប៉ុន្តែនៅតែមានតម្លៃដោយឥតកាត់ថ្លៃបាន។ សាស្រ្តាស្លឹករឹតគឺជាភ័ស្តុតាងប្រវត្តិសាស្ត្រផង និងជាមរតកដ៏មានតម្លៃរបស់ជនជាតិខ្មែរផង។ សាស្រ្តាមានតម្លៃជារូបី ពីព្រោះបានធ្វើឡើងដោយសិប្បកម្មដ៏ផ្ទិតផ្ចង់ និងមានតម្លៃអរូបីពីព្រោះរក្សាទុកក្បួនច្បាប់ ធម៌អាថ៌ ពិធីកិច្ចផ្សេងៗ និងជីវភាពស្មារតីរបស់សហគមន៍៕
អាញទ្វឹង-វិមាន