ថាច់ញ៉ឹកហាវ ទើបបញ្ចប់ការសិក្សាផ្នែកប្រគំភ្លេងប្រពៃណីខ្មែរ មហាវិទ្យាល័យភាសាវប្បធម៌វិចិត្រសិល្បៈខ្មែរណាមបូនិងមនុស្សសាស្ត្រនៃសាកលវិទ្យាល័យត្រាវិញ។ ញ៉ឹកហាវ ជក់ចិត្តនិងប្តេជ្ញាចិត្តស្នងបន្តសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ។

ថាច់ញ៉ឹកហាវ កំពុងប្រគំរនាតឯក។
ថាច់ញ៉ឹកហាវ នៅភូមិពាងសំរិទ្ធ ឃុំអាងហ៊ីប ស្រុកចូវថាញ់ ខេត្តសុកត្រាំង (ចាស់)។ កាលពីអាយុ១២ឆ្នាំ ញ៉ឹកហាវ ចេះលេងភ្លេងអាស្រ័យបានជីតាជាអ្នកបង្រៀន។ មានទេពកោសល្យនិងជក់ចិត្តខាងវិស័យសិល្បៈតន្ត្រី ម៉្លោះហើយ ញ៉ឹកហាវតែងទៅតាមជីតាលេងភ្លេងប្រពៃណីខ្មែរនៅតាមភូមិស្រុក។ រាល់លើកទៅលេងភ្លេងម្តងៗ ជួយឱ្យញ៉ឹកហាវ មានចំណេះដឹងនិងបទពិសោធន៍បន្ថែមក្នុងការប្រគំភ្លេង។ អាស្រ័យស៊ូទ្រាំរៀនសូត្រពីតន្ត្រីកររៀមច្បង ទើបឥឡូវនេះ ញ៉ឹកហាវចេះប្រគំនូវឧបករណ៍ភ្លេងច្រើនប្រភេទ មានដូច៖ រនាតដែក រនាតឯក ស្គរ ទ្រសោ តាខេ និងចាប៉ីដងវែងជាដើម។ សម្រាប់ញ៉ឹកហាវ ឧបករណ៍ភ្លេងដែលជំនាញបំផុតគឺរនាតឯកនិងទ្រសោ។ ញ៉ឹកហាវ ព្យាយាមរៀនដោយខ្លួនឯងនូវឧបករណ៍ភ្លេងជាច្រើននិងប្រគំយ៉ាងស្ទាត់ជំនាញ ដូច្នេះ ទទួលបានការវាយតម្លៃខ្ពស់ពីគ្រូបង្រៀនរបស់សាលា។ ថាច់ញ៉ឹកហាវ ឱ្យដឹង៖ “ពេលទំនេរ ខ្ញុំតែងទៅសាលារៀនដេញចាប៉ីដោយខ្លួនឯង។ ក្រៅពីរៀននៅក្នុងសាលា ខ្ញុំនៅទាំងបានលោកគ្រូជាច្រើនក្នុងក្រុមសិល្បៈរស្មីប្រទីបជួយណែនាំបន្ថែម ក្នុងនោះ មានលោកគ្រូថាច់ចើនសុផារ៉ា បង្រៀនភ្លេងឧបករណ៍តាខេ”។

ថាច់ញ៉ឹកហាវ (អ្នកពាក់ផ្លាកឈ្មោះ) កំពុងប្រគំភ្លេងពិណពាទ្យ។
សិល្បករថាច់ចើនសុផារ៉ា (ក្រុមសិល្បៈរស្មីប្រទីប) ឱ្យដឹង៖ “ប្អូនញ៉ឹកហាវ មានទេពកោសល្យខាងសិល្បៈតន្ត្រី ទទួលយកចំណេះដឹងបានយ៉ាងឆាប់ ខ្ញុំបង្រៀនដល់ខ្ទង់ណាប្អូនចាំដល់នោះ។ ក្នុងពេលរៀន ប្អូនខំប្រឹងព្យាយាមស្វែងយល់ពីឧបករណ៍ភ្លេងខ្មែរ ខ្ញុំរំពឹងថា ប្អូនញ៉ឹកហាវនឹងក្លាយជាតន្ត្រីករជំនាញក្នុងអនាគត ដើម្បីរួមចំណែកអភិរក្សអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ”។
ថាច់ញ៉ឹកហាវ សំណេះសំណាល៖ “ប្អូនគិតថា ទម្រង់សិល្បៈនីមួយៗមានលក្ខណៈផ្សេងៗគ្នា ចង់ចេះទម្រង់ណាមួយ ដំបូងយើងត្រូវមានចំណង់ចំណូលចិត្តនិងប្តេជ្ញាចិត្តព្យាយាមសិក្សា។ ប្អូនមិនដែលមានអារម្មណ៍ធុញទ្រាន់ក្នុងការហ្វឹកហាត់នោះទេ។ ប្អូនសង្ឃឹមថា នឹងមានមិត្តយុវវ័យជាច្រើនមានចំណូលចិត្តខាងវិស័យសិល្បៈភ្លេងប្រពៃណីមកហ្វឹកហាត់ ដើម្បីរួមចំណែកអភិរក្សតម្លៃវប្បធម៌ជនជាតិ”៕
សើុងម៉ាល័យ-មុនី