មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

19/05/2025 - 10:15

ជម្នះ​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព 

នោះ​គឺ​អ៊ំ​ស្រី​ធី​ទេព (អា​យុ​៧៨​ឆ្នាំ) នៅ​ភូមិ​៤ ឃុំ​វិញ​ហ្វា​ហឹង​ណាម ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង។ ទោះ​បី​ពិការ​ជើង ពិ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ក៏​ដោយ ប៉ុន្តែ​អ៊ំ​ស្រី​មិន​ដែល​ធុញ​ទ្រាន់​នឹង​ការ​នឿយ​លំ​បាក​ឡើយ គាត់​តែង​ខិត​ខំ​ប្រឹង​ប្រែង​ព្យា​យាម​ពល​កម្ម​ផលិត​ឈាន​ឡើង​ធូរ​ធារ...។

ដោយ​សារ​តែ​មិន​អាច​ឡើង​បេះ​ផ្លែ​បាន ទើប​ដើម​ដូង​នៅ​ក្រោយ​ផ្ទះ​គាត់​ទុក​ឱ្យ​ទុំ​ជ្រុះ
គាត់រើសយកមកកោសធ្វើនំ។

លោក​យ័ញ​ត្វឹង អនុ​ប្រ​ធាន​ភូមិ​៤ ឃុំ​វិញ​ហ្វា​ហឹង​ណាម ផ្តល់​ព័ត៌​មាន ពី​គ្រួ​សារ​អ៊ំ​ស្រី​ទេព រស់​នៅ​និង​ធ្វើ​ការ​គោ​រព​តាម​ច្បាប់។ គ្រួ​សារ​គាត់​ក្រឹត្យ​ក្រម​ណាស់ យក​ចិត្ត​ទុក​ដាក់​ធ្វើ​ការ​រក​ទទួល​ទាន ដើម្បី​ជម្នះ​លំ​បាក ឈាន​ឡើង​ធូរ​ធារ។

មើល​អ៊ំ​ស្រី​ទេព អង្គុយ​បក​ដូង តិច​មាន​អ្នក​ណា​ដឹង​ថា​គាត់​ពិការ​ជើង ពិ​បាក​ក្នុង​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក។ អ៊ំ​ស្រី​ធី​ទេព ឱ្យ​ដឹង៖ “ខ្ញុំ​ពិការ​តាំង​ពី​កំ​ណើត ម៉្លោះ​ហើយ​ខ្ញុំ​តែង​យល់​ច្បាស់​ពី​ការ​លំ​បាក​របស់​ខ្លួន​និង​រក​វិធី​ដើម្បី​ជម្នះ។ ពិបាក​បំ​ផុត​គឺ​ពេល​កូន​ស្រី​នៅ​តូច​ត្រូវ​រ៉ាប់​រង​គ្រួ​សារ​តែ​ម្នាក់​ឯង។ ឃើញ​ខ្ញុំ​នឿយ​ហត់​ពេក ប្អូន​ស្រី​ខ្ញុំ​មក​ជួយ​សម្រាល​កិច្ច​ការ​និង​មើល​ថែ​ទាំ​ក្មួយ។ ខ្ញុំ​ធ្វើ​ស្រែ​ផ្ទះ​និង​ឆ្លៀត​ទៅ​ធ្វើ​ការ​ឈ្នួល​ដើម្បី​រក​ប្រាក់​ចំ​ណូល​បន្ថែម​សម្រាប់​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ និង​ចិញ្ចឹម​កូន​ធំ​ដឹង​ក្តី​រៀន​សូត្រ​ត្រឹម​ត្រូវ”។

ផ្ទះ​ឥដ្ឋ​សម​រម្យ​ជា​សមិទ្ធ​ផល​ពល​កម្ម​របស់​គ្រួ​សារ​អ៊ំ​ស្រី​ទេព។

តាម​សម្តី​អ៊ំ​ស្រី​ធី​ទេព ពេល​រដ្ឋ​ឧបត្ថម្ភ​ឱ្យ​បុល​ទុន គាត់​សម្រេច​ចិត្ត​ងាក​មក​ចិញ្ចឹម​ជ្រូក ត្រី​។ល។ ទោះ​បី​ជើង​ពិការ ប៉ុន្តែ​គាត់​ទទួល​រ៉ាប់​រង​ការ​ងារ​ចិញ្ចឹម​សត្វ ដើម្បី​កូន​ស្រី កូន​ប្រ​សា​ទៅ​ធ្វើ​ការ​រក​ស៊ី​ឆ្ងាយ។ ចំ​ណែក​ប្អូន​ស្រី​គាត់​ទទួល​បន្ទុក​ធ្វើ​ស្រែ​ចម្ការ។ រួម​គ្នា​ប្តេជ្ញា​ចិត្ត​ចាក​ផុត​ពីភាព​ក្រី​ក្រ ដូច្នេះ គាត់​ចាយ​វាយ​ប្រិត​សំ​ចៃ​ដើម្បី​សន្សំ​ប្រាក់​សង់​ផ្ទះ។ ប្រាក់​ចំ​ណូល​បាន​មក​ពី​៣​ប្រ​ភព ជួយ​គ្រួ​សារ​អ៊ំ​ស្រី​សង់​បាន​ផ្ទះ​យ៉ាង​សម​រម្យ។ បង​ស្រី​ធី​សើុង ជា​អ្នក​នៅ​ជិត​ខាង​របស់​អ៊ំ​ស្រី​ទេព ឱ្យ​ដឹង៖ “ពីរ​នាក់​បង​ប្អូន​មីង​ទេព ទើប​តែ​ជួល​ដី​ស្រែ​ឱ្យ​ខ្ញុំ​ពីរ​បី​ឆ្នាំ​ហ្នឹង ដោយ​គាត់​ទាំង​ពីរ​នាក់​វ័យ​ចាស់​អា​យុ​ជាង ៧០ ឆ្នាំ​ប្លាយ។​ ប្រាក់​ជួល​ដី​ស្រែ បូក​នឹង​ប្រាក់​កូន​ស្រី​ផ្ញើ​មក ផ្សំ​នឹង​ប្រាក់​ចំ​ណូល​ពី​ការ​លក់​មាន់  ទា។ល។ ទើប​គ្រួ​សារ​គាត់​មាន​ជីវ​ភាព​ធូរ​ធារ”។

ប៉ុន្តែ ដោយ​សារ​តែ​សុាំ​នឹង​ការ​ងារ ពីរ​នាក់​បង​ប្អូន​អ៊ំ​ស្រី​ទេព នៅ​តែ​មិន​បោះ​បង់​មុខ​របរ​ធ្វើ​នំ​ស្លឹក​លក់។ ការ​ធ្វើ​ដំ​ណើរ​របស់​គាត់​មាន​ភាព​លំ​បាក ម៉្លោះ​ហើយ​គាត់​ទទួល​បន្ទុក​រៀប​ចំ​វត្ថុ​ធាតុ​ដើម ពីរ​នាក់​បង​ប្អូន​ជួយ​វេច​ខ្ចប់។ បន្ទាប់​ពី​ចំ​ហុយ​នំ​ឆ្អិន ប្អូន​ស្រី​គាត់​ជិះ​កង់​ទៅ​លក់​នៅ​ក្នុង​ភូមិ។ ក្នុង​មួយ​សប្តាហ៍ គាត់​ធ្វើ​នំ​លក់ ៣ លើក នំ​គាត់​ឈ្ងុយ​ឆ្ងាញ់​លក់​ដាច់​ណាស់។ អ៊ំ​ស្រី​ទេព អំ​នួត​នឹង​យើង​ខ្ញុំ៖ “គាត់​ធ្វើ​នំ​លក់​ម្តងៗ រក​បាន​ប្រាក់​ចំ​ណេញ​ជាង​មួយ​រយ​ពាន់​ដុង។ ប្រាក់​នេះ ពីរ​នាក់​បង​ប្អូន​គាត់​និង​ចៅ​កំ​ពុង​រៀន​ថ្នាក់​ទី​៨ គ្រប់​សម្រាប់​ផ្គត់​ផ្គង់ ជីវ​ភាព​ប្រ​ចាំ​ថ្ងៃ”។ សួរ​ទៅ​ទើប​ដឹង វត្ថុ​ធាតុ​ដើម​សម្រាប់​ធ្វើ​នំ​ភាគ​ច្រើន​សុទ្ធ​តែ​ជា​របស់​ផ្ទះ ដូច្នេះ បន្ទាប់​ពី​ទូទាត់​នៅ​ចំ​ណេញ​ល្មម​ផ្គត់​ផ្គង់​ជីវ​ភាព​គ្រួ​សារ”។

និយាយ​អំ​ពី​ការ​ស៊ូ​ទ្រាំ​លំ​បាក​របស់​គ្រួ​សារ​អ៊ំ​ស្រី​ទេព បង​ត្វឹង ឱ្យ​ដឹង៖ “គ្រួ​សារ​អ៊ំ​ស្រី​ទេព ជា​គំរូ​នៃ​ការ​ប្រើ​ប្រាស់​ប្រ​ភព​ទុន​របស់​រដ្ឋ​យ៉ាង​មាន​ប្រ​សិទ្ធ​ភាព ម៉្លោះ​ហើយ យើង​ខ្ញុំ​តែង​លើក​សរ​សើរ​ក្នុង​កិច្ច​ប្រ​ជុំ​ក្នុង​ភូមិ”៕ 

ហា​ថាញ-មុនី

ចែករំលែកអត្ថបទ