28/04/2025 - 10:08

Sok School - ថ្នាក់​រៀន​តូច មហិច្ឆ​តា​ធំ​របស់ Sokfarm 

ពេល​ល្ងាច​ថ្ងៃ​អង្គារ ថ្ងៃ​ពុធ​និង​ថ្ងៃ​សុក្រ រៀង​រាល់​សប្តាហ៍ នៅ​រោង​ចក្រ Sokfarm (ក្រុម​ហ៊ុន​ទទួល​ខុស​ត្រូវ​មាន​កម្រិត​ត្រា​វិញ Farm) តែង​ឮ​សូរ​ប្អូនៗ​អាន​ភា​សា​អង់​គ្លេស​កង​រំពង បំ​បាត់​ភាព​ស្ងប់​ស្ងាត់​ជ្រុង​មួយ​នៃ​តំ​បន់​ជន​បទ​ភូមិ​កៃ​ហែ ឃុំ​ភូ​កឹង ស្រុក​ទីវ​កឹង ខេត្ត​ត្រា​វិញ។ នោះ​គឺ​ថ្នាក់​រៀន​ភា​សា​អង់​គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ មាន​ឈ្មោះ​ថា Sok School បាន​រោង​ចក្រ Sokfarm អនុវត្ត​ជិត ២ ឆ្នាំ​មក​ហើយ ជា​មួយ​មហិច្ឆ​តា៖ កុមារ​ម្នាក់ៗ​ចេះ​ភា​សា​អង់​គ្លេស​បន្ថែម​មួយ​ម៉ាត់ គឺ​មាន​ច្រក​ចេញ​ថ្មី​មួយ​ទៀត​សម្រាប់​អនា​គត...។

បង​ស្រី ថាច់​ធី​ចន្ធី (ឈរ​កណ្តាល) ចែក​អាំង​ប៉ាវ​ដល់​ប្អូនៗ​នៅ Sok School ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី។

បង​ស្រី ថាច់​ធី​ចន្ធី នា​យិកា​ក្រុម​ហ៊ុន Sokfarm ឱ្យ​ដឹង៖ “ដំ​បូង ខ្ញុំ​គ្រាន់​តែ​ស្វែង​រក​ថ្នាក់​រៀន​ភា​សា​អង់​គ្លេស​ឱ្យ​កូន​ខ្ញុំ​ទាំង​ពីរ​នាក់​ប៉ុណ្ណោះ ដោយ​ចង់​ឱ្យ​កូនៗ​ឆាប់​បាន​កៀក​ជិត​នឹង​ភាសា​បរ​ទេស។ ក្រោយ​មក​ខ្ញុំ​គិត​ថា៖ ហេតុ​អ្វី​មាន​តែ​កូន​យើង​បាន​រៀន ចុះ​ចំ​ណែក​កូន​របស់​កម្ម​ករ កសិ​ករ​នៅ​ជុំ​វិញ​រោង​ចក្រ Sokfarm យ៉ាង​ណា? នៅ​ជន​បទ​ការ​ដែល​ឱ្យ​កូន​រៀន​ភា​សា​អង់​គ្លេស​មិន​មែន​ជា​ជម្រើស​ចម្បង​នោះ​ទេ -  មួយ​ផ្នែក​ដោយ​សារ​សេដ្ឋកិច្ច​នៅ​មាន​កម្រិត មួយ​ផ្នែក​ទៀត​ដោយ​សារ​មិន​ទាន់​ឃើញ​ច្បាស់​ពី​តម្លៃ​របស់​ភា​សា​បរ​ទេស។ ព្រោះ​ហេតុ​នោះ ទើប Sokfarm សម្រេច​ចិត្ត​បើក​ថ្នាក់​រៀន​ភា​សា​អង់​គ្លេស​ដោយ​ឥត​គិត​ថ្លៃ​ពី​មូល​និធិ​អប់រំ Sokfarm ដោយ​មិន​បែង​ចែក​ស្ថាន​ភាព​គ្រួ​សារ​ឡើយ ឱ្យ​តែ​ប្អូនៗ​មាន​បំ​ណង​ចង់​រៀន​សូត្រ”។

ប្អូនៗ​នៅ Sok School ថត​រូប​អនុស្សាវ​រីយ៍​ជា​មួយ​ថ្នាក់​ដឹក​នាំ​រោង​ចក្រ Sokfarm គ្រូ​បង្រៀន និង​អា​ណា​ព្យា​បាល​សិស្ស។

ថ្នាក់​រៀន​ភា​សា​អង់​គ្លេស​មាន​ឈ្មោះ​ថា Sok School ត្រូវ​បាន​រៀប​ចំ​ឡើង​ដោយ Sokfarm ចាប់​ពី​ថ្ងៃ​ទី ០១ ខែ​មិថុ​នា ឆ្នាំ ២០២៣។ ដំ​បូង​ថ្នាក់​រៀន​មាន​សិស្ស​ជាង ១០ នាក់​ប៉ុណ្ណោះ។ ប៉ុន្តែ ក្រោយ​ពី​ដំ​ណើរ​ការ​ជិត ២ ឆ្នាំ មក​ទល់​ពេល​នេះ មាន​សិស្ស​ជាង ៤០ នាក់ សិស្ស​ភាគ​ច្រើន​ជា​ជន​ជាតិ​ខ្មែរ។ ដោយ​សារ​កម្រិត​អា​យុ​ខុស​គ្នា ហេតុ​នោះ​ថ្នាក់​រៀន​បាន​បែង​ចែក​ជា ២ ក្រុម៖ ថ្នាក់​តូច​៖ ចាប់​ពី​អា​យុ ៤ ឆ្នាំ​ដល់ ៨ ឆ្នាំ; ថ្នាក់​ធំ៖ ចាប់​ពី​អា​យុ​៨​ឆ្នាំ​ដល់ ១៤ ឆ្នាំ។ “យើង​ខ្ញុំ​ព្យា​យាម​រក្សា​ថ្នាក់​រៀន​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ចំ​ពោះ​សហគមន៍។ មាន​ពេល​ខ្លះ​ចំ​នួន​សិស្ស​ក្នុង​ថ្នាក់​មិន​លំ​នឹង ហើយ​ពេល​ខ្លះ​ប្អូនៗ​នៅ​មាន​ភាព​ញញើត​ញញើម ប៉ុន្តែ​ដោយ​សារ​ការ​រួម​ដំ​ណើរ​យ៉ាង​ជិត​ស្និទ្ធ​របស់​កង​ជួរ​គ្រូ​បង្រៀន ការ​គាំ​ទ្រ​ពី​សំ​ណាក់​អា​ណា​ព្យា​បាល​សិស្ស​និង​ទំ​នុក​ចិត្ត​របស់​ប្អូនៗ​ដោយ​ផ្ទាល់ ទើប​ថ្នាក់​រៀន​កាន់​តែ​មាន​ភាព​លំ​នឹង​និង​មាន​របៀប​រៀប​រយ” បង​ស្រី​ចន្ធី បាន​ចែក​រំលែក​ឱ្យ​ដឹង​ដូច្នេះ។ អ្នក​គ្រូ ហ្វិញ​ង្វៀង​ខា​ប៊ិញ ជា​គ្រូ​បង្រៀន​ភា​សា​អង់​គ្លេស ឱ្យ​ដឹង៖ “ដំ​ណាក់​កាល​ដំ​បូង គឺ​ប្អូនៗ​សិស្ស​ខ្មែរ នៅ​មាន​ភាព​ញញើត​ញញើម រអែង​ក្នុង​ការ​និយាយ​ភា​សា​អង់​គ្លេស និង​ប្រតិ​កម្ម​នៅ​ខ្សោយ។ ប្អូនៗ​មួយ​ចំនួន​ពី​មុន​មក​មិន​ធ្លាប់​រៀន​ភាសា​អង់​គ្លេស ហេតុ​នោះ​ហាក់​ដូច​ជា​ចាប់​ផ្តើម​ពី​ដំ​បូង។ ថ្វី​ដ្បិត​ដូច្នេះ​ក្តី ឆ្លង​កាត់​រយៈ​ពេល​ទំ​នាក់​ទំនង យើង​ខ្ញុំ​សង្កេត​ឃើញ​ថា ប្អូនៗ​មាន​ស្មារតី​សិក្សា​ល្អ​ណាស់ ស៊ូ​ទ្រាំ​លំ​បាក​និង​ចង់​រៀន​សូត្រ។ កង​ជួរ​គ្រូ​បង្រៀន បាន​ម្ចាស់​ការ​ផ្លាស់​ប្តូរ​វិធី​សាស្រ្ត​បង្រៀន៖ ជំ​នួស​ដោយ​ការ​ធ្ងន់​ខាង​ទ្រឹស្តី យើង​ខ្ញុំ​ងាក​មក​អនុវត្ត​វិធី​សាស្រ្ត​ជាក់​ស្តែង​ជា​ច្រើន ដូច​ជា៖ ល្បែង​កម្សាន្ត គូរ​គំ​នូរ ចម្រៀង និទាន​រឿង​ខ្លី។ល។ ដើម្បី​ប្អូនៗ​ងាយ​ស្រួល​ចង​ចាំ និង​កាន់​តែ​រីក​រាយ។ យើង​ខ្ញុំ​បាន​សហ​ការ​ជា​មួយ Sokfarm ធ្វើ​បច្ចុប្បន្ន​ភាព​កម្ម​វិធី​សិក្សា​ឱ្យ​សម​ស្រប ចាត់​តាំង​នូវ​សកម្ម​ភាព​ក្រៅ​ម៉ោង​សិក្សា​បន្ថែម និង​ទទួល​បាន​មតិ​កែ​លម្អ​ជា​ប្រ​ចាំ​ពី​សំ​ណាក់​អា​ណា​ព្យា​បាល​សិស្ស។ អា​ស្រ័យ​ហេតុ​នោះ គុណ​ភាព ថ្នាក់​រៀន​បាន​លើក​កម្ពស់​គួរ​ឱ្យ​កត់​សម្គាល់”។ ប្អូន​គី​ធឺ អា​យុ​៩​ឆ្នាំ ឱ្យ​ដឹង៖ “ប្អូន​ចូល​ចិត្ត​រៀន​នៅ Sokfarm ពីព្រោះ​អ្នក​គ្រូ​បង្រៀន​រួស​រាយ​ណាស់។ ប្អូន​បាន​រៀន​និង​លេង​កម្សាន្ត។ ឥឡូវ​ប្អូន​ចេះ ជម្រាប​សួរ ឧទ្ទេស​នាម​ពី​ខ្លួន និង​សួរ​មិត្ត​ភក្ដិ ជា​ភា​សា​អង់​គ្លេស​ហើយ! ប្អូន​ខិត​ខំ​រៀន​ភា​សា​អង់​គ្លេស​ឱ្យ​ពូ​កែ ដើម្បី​ថ្ងៃ​ក្រោយ​អាច​និយាយ​ជា​មួយ​នឹង​ជន​ជាតិ​បរ​ទេស”។

“ខ្ញុំ​រំ​ពឹង​ថា Sok School មិន​ត្រឹម​តែ​បង្រៀន​ភាសា​អង់​គ្លេស​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ក្លាយ​ជា​កន្លែង​បំ​ពាក់​បំប៉ន​បំ​ណិន​ជីវិត​បំ​ណិន​វិជ្ជា​ជីវៈ និង​អភិវឌ្ឍន៍​គំ​និត​សមា​ហរណ​កម្ម​ជូន​កុមារ​ទៀត​ផង។ ខ្ញុំ​តែង​ជឿ​ជាក់​ថា៖ ការ​វិនិ​យោគ​លើវិ​ស័យ​អប់រំ​គឺ​ជា​វិធី​សាស្រ្ត​ចីរ​ភាព​បំ​ផុត ដើម្បី​ជួយ​ស្រុក​កំណើត​របស់​យើង​ផ្លាស់​ថ្មី” បង​ស្រី ថាច់​ធី​ចន្ធី បាន​ចែក​រំលែក​ពីមហិច្ឆ​តា Sok School ដូច្នេះ៕

    ថាញ​ឡុង-វិមាន

ចែករំលែកអត្ថបទ