19/04/2025 - 09:59

អភិវឌ្ឍ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច 

ដោយ​សារ​មាន​កម្ម​វិធី គម្រោង​ជា​ច្រើន ទើប​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​នៅ​វាល​រាប​ទន្លេ​គឺវ​ឡុង មាន​ភាព​វិវឌ្ឍ​ដោយ​ឥត​ឈប់​ឈរ។ ស្រប​ទៅ​នឹង​ការ​អភិ​វឌ្ឍ​រួម គឺ​គុណ​ភាព​អប់រំ​បាន​លើក​កម្ពស់​យ៉ាង​ពិត​ប្រា​កដ ធ្វើ​ជា​មូល​ដ្ឋាន​គ្រឹះ​ដល់​ការ​កសាង​ប្រ​ភព​ធន​ធាន​មនុស្ស​គុណ​ភាព​ខ្ពស់​ជា​ជន​រួម​ជាតិ​ភាគ​តិច ដើម្បី​អនុ​វត្ត​ឧស្សា​ហូប​នីយ​កម្ម ភា​វូប​នីយ​កម្ម​ទំ​នើប​ប្រ​ទេស​ជាតិ។

កុមារ​មតេ្តយ្យ​នៅ​ឃុំ​តឹង​មី ស្រុក​ត្រា​អូង ខេត្ត​វិញ​ឡុង រីក​រាយ​ឈាន​ចូល​ឆ្នាំ​សិក្សា​ថ្មី​
ក្នុងសាលារៀនសម្រេចបទដ្ឋានជាតិ។

នៅ​ស្រុក​ហ្គ​ក្វាវ ខេត្ត​គៀង​យ៉ាង ការ​អប់រំ​និង​បណ្តុះ​បណ្តាល​ចំ​ពោះ​ជន​រួម​ជាតិ​ភាគ​តិច ត្រូវ​បាន​គ្រប់​ថ្នាក់​គ្រប់​ផ្នែក​របស់​ស្រុក​យក​ចិត្ត​ទុក​ដាក់។ អា​ស្រ័យ​ហេតុ​នោះ សា​លា​រៀន​បន្ទប់​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ត្រូវ​បាន​វិនិ​យោគ​កសាង​ជា​សារ​វន្ត អាច​ឆ្លើយ​តប​នឹង​តម្រូវ​ការ​បង្រៀន​និង​រៀន។ តាម​ប្រ​សាសន៍​លោក ឡេ​កីម​ខ្វា អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ស្រុក​ហ្គ​ក្វាវ តាំង​ពី​មូល​ដ្ឋាន សម្ភារៈ​សា​លា​រៀន ត្រូវ​បាន​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ អត្រា​កៀរ​គរ​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​កើន​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ខណៈ​ពេល​គ្រប់​កម្រិត​សិក្សា​មូល​ដ្ឋាន​បាន​លើក​កម្ពស់ គុណ​ភាព​ចំ​នួន​សិស្ស​ចូល​រៀន​មហា​វិទ្យា​ល័យ អនុ​មហា​វិទ្យា​ល័យ​ក៏​កើន​ឡើង​ច្រើន​ដែរ។ មក​ទល់​ពេល​នេះ ឃុំ​និង​ទី​ប្រ​ជុំ​ជន​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ សុទ្ធ​តែ​សម្រេច​បទ​ដ្ឋាន​ជាតិ​អំ​ពី​ឧត្តាន​កម្ម​អប់រំ​បឋម​សិក្សា ឧត្តាន​កម្ម​អនុ​វិទ្យា​ល័យ និង​បំ​បាត់​អនក្ខរ​ភាព។ ភូមិ​ភាគ​នានា​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច មាន​សា​លា​រៀន​ចំ​នួន​១៩/២៤ បាន​សម្រេច​បទដ្ឋាន​ជាតិ។ បច្ចុប្បន្ន ទូ​ទាំង​ស្រុក​មាន​គ្រូ​បង្រៀន​ជា​ជន​ជាតិ​ភាគ​តិច​ចំ​នួន​៣៣០/១.៣៤៣​នាក់ កំ​ពុង​បំ​ពេញ​ការ​ងារ និង​បង្ហាត់​បង្រៀន​នៅ​តាម​សា​លា​នានា​លើ​ភូមិ​សាស្រ្ត​ស្រុក​ស្រូប​អត្រា ២៤,៥% បើ​ប្រៀប​នឹង​ចំ​នួន​កម្មា​ភិ​បាល គ្រូ​បង្រៀន​របស់​សា​លា​ទាំង​អស់ (គិត​ពី​កម្រិត​មត្តេយ្យ​ដល់​អនុ​វិទ្យា​ល័យ)។ ក្រៅ​ពី​បង្រៀន​អក្សរ​ខ្មែរ​នៅ​អនុវិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក ហ្គក្វាវ ឃុំ​និង​ផ្នែក​សមត្ថ​កិច្ច​នៅ​ទាំង​បង្ក​លក្ខណៈ ឧបត្ថម្ភ​ដល់​សមា​គម​ព្រះ​សង្ឃ​សាមគ្គី​ស្នេ​ហា​ជាតិ​ស្រុក រៀប​ចំ​បើក​ថ្នាក់​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​រដូវ​វិស្សម​កាល​នៅ​តាម​វត្ត​អា​រាម និង​ភូមិ​ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ​ទៀត​ផង។ នៅ​រដូវ​វិស្ស​មកាល​ឆ្នាំ​សិក្សា ២០២៣​-២០២៤ ទូ​ទាំង​ស្រុក​មាន​ទីតាំង​បើក​បង្រៀន​អក្សរ​ខ្មែរ​ចំ​នួន​១២​កន្លែង ចាប់​ពី​ថ្នាក់​ទី​៣ រហូត​ដល់​ថ្នាក់​ទី ៨ រួម​មាន​១៩៧​បន្ទប់ មាន​សិស្ស​ចូល​រៀន​ចំ​នួន ៦.៣៥២​នាក់។

លោក​ថាច់​យឿង នា​យក​មន្ទីរ​សាសនា​- ជន​ជាតិ​ខេត្ត​វិញ​ឡុង ឱ្យ​ដឹង ប្រ​ព័ន្ធ​គ្រឹះ​ស្ថាន​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​លើ​ភូមិ​សាស្រ្ត​ខេត្ត​អភិវឌ្ឍ​គ្រប់​ទី​កន្លែង មូល​ដ្ឋាន​សម្ភារៈ​បាន​វិនិ​យោគ​បង្កើន​កម្រិត គុណ​ភាព​អប់រំ​សន្សឹមៗ​បាន​លើក​កម្ពស់។ បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​មាន​សាលា​មត្តេយ្យ​ចំ​នួន ១២៨ សា​លា​បឋម​សិក្សា​ចំ​នួន​១៣៥ អនុ​វិទ្យា​ល័យ​ចំ​នួន​៨៣ វិទ្យា​ល័យ​ចំ​នួន​៣៤ និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេវា​សិក​ខេត្ត​មួយ។ ក្នុង​នោះ មាន​សា​លា​ចំ​នួន​១៤/២០ ចំ​ណុះ​ឃុំ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​បាន​សម្រេច​បទ​ដ្ឋាន​ជាតិ ស្រូប​អត្រា​៧០%។ ការ​ងារ​បំ​បាត់​អនក្ខរ​ភាព ឧត្តាន​កម្ម​អប់រំ និង​បង្រៀន​ភា​សា​ជន​ជាតិ​ភាគ​តិច ត្រូវ​បាន​យក​ចិត្ត​ទុក​ដាក់​ផ្សព្វ​ផ្សាយ ទទួល​បាន​លទ្ធ​ផល​ជា​វិជ្ជ​មាន និង​បាន​សង្គម​ឯក​ភាព​វាយ​តម្លៃ​ខ្ពស់។

នៅ​ក្រុង​កឹង​ធើ គម្រោង​អភិវឌ្ឍ​អប់រំ​នៅ​តំបន់​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​កំ​ពុង​ផ្សព្វ​ផ្សាយ​អនុវត្ត​បាន​ល្អ​ប្រ​សើរ។ ជាក់​ស្ដែង​ដូច ជា​ការ​បង្កើន​កម្រិត​មូល​ដ្ឋាន​សម្ភារៈ​នៅ​សា​លា​ជន​ជាតិ​អន្តេវា​សិក​ក្រុង​កឹង​ធើ។ អ្នក​គ្រូ​ដាវ​ធី​សា​រ៉ន នា​យក​រង​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ដើម្បី​មាន​ទី​ធ្លា​លេង​កម្សាន្ត និង​កន្លែង​រៀន​សូត្រ​ដល់​សិស្ស​សា​លា​បាន​ក្រុង ផ្តល់​ថវិ​កា​កែ​លម្អ​ទី​ធ្លា​សា​លា និង​សាង​សង់​បន្ទប់​រៀន​ថ្មី គិត​ជា​ទឹក​ប្រាក់​រាប់​សិប​ពាន់​លាន​ដុង។ បន្ទាប់​ពី​ជួរ​បន្ទប់​រៀន​បាន​ដាក់​ឱ្យ​ប្រើ​ប្រាស់ សា​លា​នឹង​ឆ្លើយ​តប​គ្រប់​សព្វ​អំ​ពី​មូល​ដ្ឋាន​សម្ភារៈ ដើម្បី​លោក​គ្រូ​អ្នក​គ្រូ​បង្រៀន​ល្អ និង​សិស្ស​រៀន​សូត្រ​មាន​ភាព​ងាយ​ស្រួល”។ ការ​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ និង​បំ​ពាក់​ឧប​ករណ៍​បង្ហាត់​បង្រៀន តាំង​ពី​បន្ទប់​រៀន​ភា​សា​បរ​ទេស​រហូត​ដល់​បន្ទប់​កុំ​ព្យូ​ទ័រ បាន​ផ្នែក​អប់រំ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ លើក​កម្ពស់​គុណ​ភាព​ជា​ប្រ​ចាំ។ លោក ង្វៀង​ភុក​តាំង នា​យក​រង​មន្ទីរ​អប់រំ​និង​បណ្តុះ​បណ្តាល​ក្រុង​កឹង​ធើ ឱ្យ​ដឹង៖ “ផ្នែក​អប់រំ​តែង​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ បំ​ពាក់​ឧបករណ៍​និង​កសាង​កង​ជួរ​គ្រូ​បង្រៀន​មាន​គុណ​ភាព​ជូន​សា​លា​ជន​ជាតិអន្តេ​វា​សិក​ក្រុង​កឹង​ធើ ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​បណ្តុះ​បណ្តាល​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​ជូន​ក្រុង។ ក្រុង​ក៏​អនុវត្ត​បាន​ល្អ​នូវ​អនុ​ក្រឹត្យ​លេខ ៨១/​២០២១/​NĐ-CP កំ​ណត់​អំ​ពី​យន្ត​ការ​គ្រប់​គ្រង ថ្លៃ​សិក្សា​ចំ​ពោះ​គ្រឹះ​ស្ថាន​អប់រំ​ចំ​ណុះ​ប្រ​ព័ន្ធ​អប់រំ​ជាតិ និង​គោល​នយោ​បាយ​កាត់​បន្ថយ​និង​លើក​លែង​បង់​ថ្លៃ​សិក្សា ឧបត្ថម្ភ​បង់​ថ្លៃ​សិក្សា។ល។ ជូន​សិស្ស និស្សិត​ជា​ជន​ជាតិ​ភាគ​តិច។

តាម​ប្រ​សាសន៍​លោក តាវ​វៀត​ថាំង អនុ​ប្រ​ធាន​នា​យក​ដ្ឋាន​ផ្សព្វ​ផ្សាយ​កិច្ច​ការ​ជន​ជាតិ សាស​នា ក្រ​សួង​ជន​ជាតិ​និង​សាសនា​ភូមិ​ភាគ​នានា​តែង​យក​ចិត្ត​ទុក​ដាក់ ម្ល៉ោះ​ហើយ​បុព្វ​ហេតុ​អប់រំ​នៅ​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​មាន​ការ​ជឿន​លឿន​ច្រើន ឆ្នាំ​ក្រោយ​តែង​ខ្ពស់​ជាង​ឆ្នាំ​មុន។ ទន្ទឹម​នឹង​នោះ ភូមិ​ភាគ​នានា​នៅ​ទាំង​អនុវត្ត​បាន​ល្អ​នូវ​គោល​នយោ​បាយ​ចំ​ពោះ​កម្មា​ភិបាល​គ្រប់​គ្រង គ្រូ​បង្រៀន និង​សិស្ស និស្សិត​ជា​ជន​ជាតិ​ភាគ​តិច។ លេច​ធ្លោ​បំ​ផុត​នោះ​គឺ គោល​នយោ​បាយ​ជម្រើស​សិស្ស បង្កើន​ការ​បង្រៀន​ភា​សា​វៀត​ដល់​កុ​មារ និង​សិស្ស​ជន​ជាតិ​ភាគ​តិច។ ទន្ទឹម​នឹង​នោះ យក​ចិត្ត​ទុក​ដាក់​ដល់​ការ​ងារ​ជំ​រុញ​ការ​សិក្សា ជំ​រុញ​បញ្ញា ស្ងើច​សរ​សើរ និង​ជូន​រង្វាន់​ដល់​លោក​គ្រូ​អ្នក​គ្រូ និង​សិស្ស​ជា​ជន​ជាតិ​ភាគ​តិច ដែល​សម្រេច​បាន​ស្នា​ដៃ​ឆ្នើម​ជា​ដើម៕

ហាថាញ-វិមាន

ចែករំលែកអត្ថបទ