14/04/2025 - 17:46

អភិវឌ្ឍ​វិស័យ​អប់រំ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​ខេត្ត​កា​ម៉ាវ 

ជា​ច្រើន​ឆ្នាំ​មក​នេះ ខេត្ត​កា​ម៉ាវ បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុង​ការ​អភិវឌ្ឍ​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច ហើយ​មាន​ជំ​ហាន​វិវឌ្ឍន៍​គួរ​ឱ្យ​កត់​សម្គាល់។

ម៉ោង​បង្រៀន​និង​រៀន​របស់​គ្រូ​និង​សិស្ស​សា​លា​ចំ​ណេះ​ទូ​ទៅ​ជន​ជាតិ​អន្តេ​វា​សិក​ខេត្ត​កា​ម៉ាវ។

តាម​ប្រ​សាសន៍​លោក ង្វៀង​ថាញ​ល្វឹង នា​យក​មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​កា​ម៉ាវ៖ ពី​មុន​នេះ អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​បោះ​បង់​ការ​រៀន​សូត្រ​មាន​កម្រិត​ខ្ពស់​បង្គួរ បំ​ផុត​គឺ​កម្រិត​អនុ​វិទ្យា​ល័យ​ដោយ​សារ​លក្ខណៈ​សេដ្ឋ​កិច្ច​នៅ​លំ​បាក ខ្វះ​មធ្យោ​បាយ​ធ្វើ​ដំ​ណើរ​ទៅ​មក។ ចាប់​ពី​ឆ្នាំ ២០២០ មក​ទល់​បច្ចុប្បន្ន ខេត្ត​បាន​ផ្សព្វ​ផ្សាយ​គោល​នយោ​បាយ​ជា​ច្រើន​សម្រាប់​ឧបត្ថម្ភ​ដល់​ជន​ជាតិ​ភាគ​តិច មាន​ដូច៖ លើក​លែង​និង​កាត់​បន្ថយ​បង់​ថ្លៃ​សិក្សា ឧបត្ថម្ភ​សិក្ខូប​ករណ៍ សម្លៀក​បំ​ពាក់; ឧបត្ថម្ភ​ប្រាក់​ហូប​ចុក ប្រាក់​ធ្វើ​ដំ​ណើរ​ទៅ​មក​សម្រាប់​សិស្សា​នុសិស្ស​អឌ្ឍ​អន្តេវា​សិក; បើក​ការ​សាង​សង់​សា​លា​រៀន​នៅ​តាម​ឃុំ​មាន​លក្ខណៈ​សេដ្ឋ​កិច្ច​លំ​បាក។

ចាប់​ពី​ឆ្នាំ ២០២០ មក​ខេត្ត​បាន​វិនិ​យោគ​ជាង ១៥០ ពាន់​លាន​ដុង​សម្រាប់​ជួស​ជុល សាង​សង់​បន្ទប់​រៀន​ថ្មី អគារ​សមូ​ហភាព និង​ផ្ទះ​បាយ​សម្រាប់​សិស្ស​អឌ្ឍ​អន្តេ​វាសិក។ គ្រូ​បង្រៀន​ជន​ជាតិ​ភាគ​តិច ក៏​បាន​បណ្ដុះ​បណ្ដាល​បំ​ពាក់​បំ​ប៉ន​និង​រៀប​ចំ​បង្រៀន​នៅ​ទី​តាំង​សាលា​សម​ស្រប។ មក​ទល់​បច្ចុប្បន្ន ខេត្ត​កា​ម៉ាវ​មាន​សា​លា​ជន​ជាតិ​អន្តេ​វា​សិក​និង​អឌ្ឍ​អន្តេ​វា​សិក​ចំ​នួន ៥ ធា​នា​សម្រាប់​សិស្ស​ជន​ជាតិ​ភាគ​តិច​រាប់​រយ​នាក់​បាន​រៀន​សូត្រ ស្នាក់​នៅ​ហូប​ចុក​និង​ប្រ​ជុំ​ជីវ​ភាព។ មាន​សា​លា​បឋម​សិក្សា​និង​អនុ​វិទ្យា​ល័យ​ជា​ច្រើន​នៅ​តំបន់​ជន​ជាតិ​ភាគ​តិច បាន​បង្កើន​កម្រិត​មាន​ភាព​សម​រម្យ សម្រេច​តាម​បទដ្ឋាន​ជាតិ។

ក្រៅ​ពី​នោះ ចំ​ណុច​លេច​ធ្លោ​មួយ​ក្នុង​វិស័យ​អប់រំ​តំ​បន់​ជន​ជាតិ​នៅ​ខេត្ត​កា​ម៉ាវ គឺ​ការ​គួប​ផ្សំ បង្រៀន​ឧភយ​ភា​សា​និង​រក្សា​អត្ត​សញ្ញាណ​វប្ប​ធម៌។ នៅ​តាម​សា​លា​រៀន​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ គ្រូ​បង្រៀន​បាន​បង្រៀន​ឆ្លាស់​គ្នា​រវាង​ភា​សា​វៀត​និង​ភា​សា​ខ្មែរ​ជួយ​សិស្ស​ងាយ​ស្រួល​ទទួល​យក​និង​អភិរក្ស​ភា​សា​ជន​ជាតិ​កាន់​តែ​ល្អ។ ក្រៅ​ពី​កម្ម​វិធី​សិក្សា​ផ្លូវ​ការ សា​លា​រៀន​នៅ​ទាំង​សហ​ការ​រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​ក្នុង​ឱកាស​វិស្សម​កាល រៀប​ចំ​ប្រ​ឡង​សិល្បៈ​ប្រ​ជា​ប្រិយ ប្រ​ឡង​និទាន​រឿង​ជា​ភា​សា​ខ្មែរ សមោ​សរ​សិល្បៈ​សម្ដែង​ចម្រៀង​ប្រ​ជា​ប្រិយ​ជា​ដើម។ ផ្ដើម​ពី​នោះ សិស្ស​មិន​ត្រឹម​តែ​ចេះ​អក្សរ​ប៉ុណ្ណោះ​ទេ នៅ​ថែម​ទាំង​យល់​ដឹង​អំ​ពី​ប្រ​ភព​ទំ​នៀម​ទម្លាប់​របស់​ខ្លួន​ទៀត​ផង។

លោក​ង្វៀង​ថាញ​ល្វឹង នា​យក​មន្ទីរ​អប់រំ​និង​បណ្ដុះ​បណ្ដាល​ខេត្ត​កា​ម៉ាវ បាន​យល់​ឃើញ៖ អា​ស្រ័យ​ការ​យក​ចិត្ត​ទុក​ដាក់​វិនិ​យោគ​មាន​វគ្គ​ស្នើ ទើប​វិស័យ​អប់រំ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​របស់​ខេត្ត​មាន​ជំ​ហាន​វិវឌ្ឍន៍។ រហូត​ដល់​ឆ្នាំ ២០២៤  ឃុំ​ទាំង​អស់​ដែល​មាន​ជន​រួម​ជាតិ​ភាគ​តិច​រស់​នៅ​កុះ​ករ​បាន​សម្រេច​ឧត្ដាន​កម្ម​អប់រំ​បឋម​សិក្សា​ត្រូវ​តាម​កម្រិត​អា​យុ។ អត្រា​សិស្ស​ជន​ជាតិ​ភាគ​តិច​សម្រេច​កម្ម​វិធី​បឋម​សិក្សា​ឡើង​ដល់ ៩៨,៣% ចំ​នួន​សិស្ស​បន្ត​ការ​សិក្សា​នៅ​កម្រិត​អនុ​វិទ្យា​ល័យ កើន​ឡើង​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​ត្រូវ​បាន​កាត់​បន្ថយ​យ៉ាង​ច្បាស់។ បច្ចុប្បន្ន ទូ​ទាំង​ខេត្ត​មាន​សិស្ស​ជន​ជាតិ​ភាគ​តិច​ជាង ៣.៥០០ នាក់ កំ​ពុង​បន្ត​សិក្សា​ចាប់​ពី​បឋម​សិក្សា​រហូត​ដល់​វិទ្យា​ល័យ។

ដំ​ណាក់​កាល ២០២៥ - ២០៣០ ខេត្ត​កា​ម៉ាវ បាន​ផ្សព្វ​ផ្សាយ​វិធាន​ការ​ជា​ច្រើន សំ​ដៅ​អភិវឌ្ឍ​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ យោង​តាម​នោះ ខេត្ត​បន្ត​អា​ទិភាព​ប្រ​ភព​ធន​ធាន​វិនិ​យោគ​សម្រាប់​អប់រំ​តំ​បន់​ជន​ជាតិ​ភាគ​តិច។ ខេត្ត​បើក​ទូលាយ​ទម្រង់​សា​លា​អឌ្ឍ​អន្តេ​វា​សិក​កម្រិត​អនុ​វិទ្យា​ល័យ និង​វិទ្យា​ល័យ; បង្កើន​ការ​ផ្សព្វ​ផ្សាយ លើក​កម្ពស់​ស្មារតី​ភ្ញាក់​រលឹក​របស់​សហ​គមន៍​អំ​ពី​តួនា​ទី​នៃ​ការ​អប់រំ; ជំ​រុញ​ការ​រៀន​មុខ​របរ​និង​តម្រង់​ទិស​វិជ្ជា​ជីវៈ​ជូន​សិស្ស​ជន​ជាតិ​ភាគ​តិច​ក្រោយ​ពី​បញ្ចប់​អនុវិទ្យា​ល័យ៕

    ថាញ​ឡុង -  ប្រែ​សម្រួល៖ ថាច់​ធី

ចែករំលែកអត្ថបទ