អស់ជាច្រើនសតវត្សមកហើយ ផ្សិតមិនត្រឹមតែជាប្រភេទអាហារដែលមានតម្លៃខ្ពស់ចំពោះរសជាតិយ៉ាងពិសេសនោះទេ ថែមទាំងបានគេសរសើរព្រោះវាមានលក្ខណពិសេសនៃឱសថជាច្រើន រួមទាំងមានលទ្ធភាពបង្កើនប្រព័ន្ធភាពសុាំសម្រាប់រាងកាយនិងលើកកម្ពស់សុខភាពទូទៅជាដើម។

រូបថត៖ News-Medical
ថ្មីៗនេះ ក្រុមអ្នកជំនាញនៅសាកលវិទ្យាល័យ McGill (ប្រទេសកាណាដា) បានរកឃើញ Beta-glucan សមាសភាពមាននៅក្នុងផ្សិតគ្រប់ប្រភេទ អាចដើរតួនាទីជារបាំងការពារជំងឺផ្ដាសាយ កាត់បន្ថយជំងឺរលាកសួត ចំពោះសត្វកណ្ដុរដែលឆ្លងវីរុសក្រោយពីប្រើ Beta- glucan ម្តង។
មុននោះ ក្រុមអ្នកសិក្សាស្រាវជ្រាវបានធ្វើការពិសោធន៍ Beta-glucan លើសត្វកណ្ដុរ បន្ទាប់មកបានចម្លងវីរុសផ្ដាសាយឱ្យកណ្ដុរមួយចំនួន។ ក្រុមអ្នកសិក្សាស្រាវជ្រាវបានសង្កេតឃើញ បើប្រៀបជាមួយនឹងសត្វកណ្ដុរដែលរស់នៅតាមធម្មតា ក្រុមកណ្ដុរដែលបានព្យាបាលដោយ Beta- glucan មានការរលាកសួតតិចតួចបំផុត មុខងារសួតមានភាពប្រសើរជាង ហើយលទ្ធភាពកើតជំងឺធ្ងន់ ឬងាប់បន្ទាប់ពីឆ្លងផ្ដាសាយមានកម្រិតទាប។
គួរឱ្យកត់សម្គាល់ ក្រុមអ្នកសិក្សាស្រាវជ្រាវបានរកឃើញ Beta-glucan ហាក់ដូចជា “រៀបចំឡើងវិញ” កោសិកាភាពសុាំដើម្បីប្រឆាំងជំងឺផ្ដាសាយបានល្អប្រសើរ។ ជាក់ស្ដែង ក្រុមសត្វកណ្ដុរបានព្យាបាលដោយ Beta-glucan មានបរិមាណ Neutrophils - ជាប្រភេទកោសិកាភាពសុាំច្រើនជាង។ ជាធម្មតា Neutrophils បណ្ដាលឱ្យមានការរលាកផលវិបាកគឺធ្វើឱ្យការឆ្លងជំងឺផ្ដាសាយកាន់តែធ្ងន់ធ្ងរ។ ប៉ុន្តែការព្យាបាលដោយ Beta-glucan បានធ្វើឱ្យផ្លាស់ប្ដូរមុខងាររបស់ Neutrophils និងធ្វើឱ្យកោសិកាទាំងនេះធន់នឹងស្ថានភាពនៃការរលាកកម្រិតខ្ពស់លើសត្វកណ្ដុរ។
តាមបានដឹងជាច្រើនឆ្នាំមកនេះ ប្រភេទថ្នាំផ្ដាសាយទូទៅត្រូវបានគេសំដៅទៅលើថ្នាំប្រឆាំងវីរុស (ប្រើសម្រាប់កម្ចាត់វីរុសដោយផ្ទាល់) ប៉ុន្តែថ្នាំប្រឆាំងវីរុសក៏មានកម្រិតអន់ថយផងដែរ។ ដ្បិតអី មានប្រភេទជំងឺផ្ដាសាយខ្លះមានលទ្ធភាពធន់នឹងថ្នាំ ហើយក៏មិនមែនអ្នកជំងឺណាក៏សមប្រកបនឹងថ្នាំប្រឆាំងវីរុសនោះដែរ។ អាស្រ័យហេតុនោះ ការសិក្សាស្រាវជ្រាវថ្មីបានស្នើឱ្យមានវិធីសាស្រ្តខិតជិតមួយផ្សេងទៀត គឺផ្ដោតទៅលើការពង្រឹងភាពសុាំរបស់រាងកាយប្រឆាំងនឹងការឆ្លងមេរោគ បើកនូវទំព័រថ្មីក្នុងការព្យាបាលជំងឺផ្ដាសាយ។ ទោះបីត្រូវការសិក្សាស្រាវជ្រាវបន្ថែម ប៉ុន្តែផ្សិតអាចនឹងក្លាយជាសមាសភាពដ៏សំខាន់ម្យ៉ាងជួយបង្កើនភាពសុាំរបស់រាងកាយ និងការពារប្រឆាំងនឹងប្រភេទជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរជាក់ជាមិនខាន៕
កាសែតកឹងធើ - ថាច់ធី