បងស្រី ចូវធីនឿង ជាជនជាតិខ្មែរ នៅភូមិតឹងប៊ិញ ឃុំតាដន់ ស្រុកទ្រីតូង ខេត្តអាងយ៉ាង។ បងស្រីជាកសិករពូកែថ្នាក់ខេត្តច្រើនឆ្នាំបន្តបន្ទាប់ ដោយសារការមោះមុតកសាងទម្រង់ “កសិដ្ឋានបណ្តុះផ្សិតជាអាហារនិងផ្សិតជាឱសថប្រើប្រាស់បច្ចេកវិទ្យាខ្ពស់” ផ្តល់ប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

បងស្រី ចូវធីនឿង ឧទ្ទេសនាមផលិតផលផ្សិតកញ្ចូរ ។ (រូបបុគ្គលផ្តល់ជូន)
បងស្រី ចូវធីនឿង ឱ្យដឹង៖ ឃុំតាដន់ ស្រុកទ្រីតូង មានធនធានដីនិងទឹកបរិបូណ៍ សម្បូរបែប មានឧត្តមភាពច្រើនដើម្បីអភិវឌ្ឍផ្នែកកសិកម្មដែលមានប្រៀបខ្លាំងគឺដំណាំស្រូវ។ ថ្វីដ្បិតដូច្នេះ ក្តី ស្ថានភាពផលិតស្រូវរបស់គ្រួសារក៏ដូចជាប្រជាជននៅទីនេះ តែងជួបលំបាកខាងតម្លៃស្រូវ។ មានឆ្នាំខ្លះ ក្រុមហ៊ុនទិញមិនអស់ចំនួនស្រូវ ដែលកសិករធ្វើឬទិញដែរតែសម្ទុះល្បឿននៅយឺតយ៉ាវ ឈ្មួញកណ្ដាលឆក់យកឱកាសសង្កត់តម្លៃ ធ្វើឱ្យការផលិតរបស់គ្រួសារចំណេញតិច និងតែងតែវិលវល់ក្នុងរង្វង់បានផលតម្លៃថោក។ ព្រោះហេតុនោះ បងស្រីនិងគ្រួសារយល់ឃើញ ត្រូវតែផ្លាស់ប្តូរផលិតកម្ម។
នៅឆ្នាំ ២០២០ មានម្តងក្នុងដំណើរទៅទេសចរនៅខេត្តដុងថាប បងស្រីនឿង ឃើញប្រជាជននៅទីនោះបណ្តុះផ្សិតជាអាហារ ផ្សិតជាឱសថ ផ្តល់ប្រាក់ចំណូលខ្ពស់។ គាត់បានរៀនសូត្របទពិសោធន៍ និងស្រាវជ្រាវរាវរកធ្វើសាកល្បង។ “ខ្ញុំបានសិក្សា និងស្វែងយល់តាមរយៈឯកសារផ្សេងៗ ជាប់ពាក់ព័ន្ធ និងពិសោធន៍វត្ថុធាតុដើមជាច្រើន ប្រភេទ ដូចជា៖ កន្ទក់ពោត កន្ទក់ស្រូវ កម្ចេចរណា ដើម្បីធ្វើអំប្រ៊ីយ៉ុង បន្ទាប់មកយកវាដាក់ក្នុងក្រឡកម្ចាត់មេរោគ រួចបណ្តុះពូជផ្សិត។ ក្រោយរយៈពេលបណ្តុះ និងថែទាំជាង ៣ ខែ ផ្សិតលីងជីលើកដំបូងផ្តល់ទិន្នផលបានជាង ៣០០ គីឡូក្រាម ផ្សិតស្ងួតលក់ដោយតម្លៃពី ១,៥ - ២ លានដុង/គីឡូក្រាម ផ្តល់ប្រាក់ចំណូលជិត ៥០០ លានដុង។ល។ ផ្តើមពីនោះ ខ្ញុំចាប់ផ្តើមពង្រីកមុខរបរបណ្តុះផ្សិតជាអាហារ និងផ្សិតជាឱសថ ក្លាយជាទម្រង់ “កសិដ្ឋានបណ្តុះផ្សិតជាអាហារ និងផ្សិតជាឱសថប្រើប្រាស់បច្ចេកវិទ្យាខ្ពស់” និងរកបានប្រាក់ចំណេញប្រចាំឆ្នាំជាង ៨០០ លានដុង” - បងស្រីនឿង បានឱ្យដឹងដូច្នេះ។
ទន្ទឹមនឹងនោះ ការបណ្តុះផ្សិតក៏មិនងាយស្រួលដែរ។ រយៈពេលដំបូង គ្រួសារបងស្រីនឿង វិនិយោគសង់រោងបណ្ដុះតូចមួយប៉ុណ្ណោះ។ ដោយសារនៅខ្វះបទពិសោធន៍ ហេតុនោះផ្សិតមានជំងឺនិងខូចច្រើន។ ទោះជាដូច្នេះក្តី គាត់នៅតែមិនធុញទ្រាន់ តែងធ្វើដំណើរទៅគ្រប់ទិសទី ដើម្បីស្វែងយល់ពីរបៀបបណ្តុះផ្សិតមានប្រសិទ្ធភាព។ ទន្ទឹមនឹងនោះ គាត់ក៏បានស្វែងរក និងស្វែងយល់បន្ថែមតាមរយៈសៀវភៅ កាសែត និងសារព័ត៌មានមហាជនអំពីផ្សិតនិងរបៀបបណ្តុះផ្សិត។ល។ ការរៀនសូត្រ និងឆន្ទៈប្តេជ្ញាចិត្តរបស់គាត់បានតបស្នងយ៉ាងស័ក្តិសម។ បងស្រីមិនត្រឹមតែបណ្តុះផ្សិតជោគជ័យប៉ុណ្ណោះទេ ទិន្នផលផ្សិតក៏កើនឡើងជាលំដាប់ពីរដូវមួយទៅរដូវមួយ។ ឆ្នាំ ២០២១ គាត់មោះមុតវិនិយោគសង់រោងបន្ថែមនៅផ្ទៃដីជាង ១៥.០០០ម២ និងទិញឧបករណ៍សម្រាប់បណ្តុះផ្សិត។ល។ បន្ទាប់ពីស្វែងយល់ ឃើញអត្ថប្រយោជន៍ពីប្រភពថាមពលអគ្គិសនី ហេតុនោះ គ្រួសារបងស្រីវិនិយោគលើប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូលផ្ទះ។ មិនត្រឹមតែប៉ុណ្ណោះ គាត់បានស្រាវជ្រាវនិងប្រើប្រាស់អស់ពីលទ្ធភាពផ្នែកខាងក្រោមនៃបន្ទះសូឡា ដើម្បីផលិតចេញនូវបរិមាណផ្សិតជាអាហារ (ផ្សិតកញ្ចូរ) និងផ្សិតជាឱសថ (ផ្សិតលីលីងជី) តាមទិសដៅប្រើប្រាស់បច្ចេកវិទ្យាខ្ពស់។
ជាមួយនឹងស្នាដៃសម្រេចបានចាប់ពីឆ្នាំ ២០១០ មកទល់ពេលនេះ បងស្រីបានទទួលកិត្តិនាម កសិករពូកែគ្រប់លំដាប់ថ្នាក់។ នៅឆ្នាំ ២០២៣ ជាមួយនឹងផលិតផល “ឆ្លៀតប្រើប្រាស់អស់ពីលទ្ធភាពចំបើងបណ្តុះផ្សិតកញ្ចូរ” បងស្រីចូលរួមប្រឡងគំនិតច្នៃប្រតិដ្ឋ ESG វៀតណាម ដែលរៀបចំដោយក្រសួងផែនការនិងវិនិយោគសហការជាមួយទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ (USAID) រៀបចំឡើង និងស្ថិតក្នុងចំណោម “ក្រុមអាជីវកម្មឆ្នើមបំផុតទាំង១០”៕
ថាញឡុង-វិមាន