មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

06/01/2025 - 16:04

យុវ​ជន​ខ្មែរ​ធ្វើ​សេដ្ឋ​កិច្ច​ពូកែ 

ដោយ​ឆន្ទៈ​និង​កម្លាំង​ចិត្ត​របស់​យុវ​ជន បង​គឹម​វ៉ាន់​វ៉ូវ នៅ​ភូមិ​តឹង​ង៉ុក ឃុំ​ង៉ុក​ចាញ់ ស្រុក​ដឹម​យើុយ​ ខេត្ត​កា​ម៉ាវ មិន​ញ​ញើត​ក្នុង​ការ​លំ​បាក ខ្នះ​ខ្នែង​រៀន​សូត្រ​និង​មោះ​មុត​ក្នុង​ការ​ជ្រើស​រើស​ទម្រង់​សេដ្ឋ​កិច្ច​សម​ស្រប ដើម្បី​អនុវត្ត​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ​និង​ឈាន​ឡើង​ធូរ​ធារ។

កង្កែប​ចិញ្ចឹម​ជាង​ ២ ​ខែ​អាច​ប្រ​មូល​ផល​ក្នុង​ទម្ងន់ ៥ ក្បាល​/គីឡូ​ក្រាម។

បញ្ចប់​ការ​សិក្សា​ផ្នែក​វិស្វកម្ម​គ្រឿង​យន្ត បង​គឹម​វ៉ាន់​វ៉ូវ ធ្វើ​ការ​នៅ​ក្រុង​ហូ​ជី​មិញ​បាន​មួយ​រយៈ​ដោយ​សារ​ស្ថាន​ភាព​គ្រួ​សារ ដូច្នេះ នៅ​ឆ្នាំ​២០២០ បង​ក៏​ត្រ​ឡប់​មក​ស្រុក​កំ​ណើត​វិញ ដោយ​ប្តេជ្ញា​ស្វែង​រក​ទិស​ដៅ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​នៅ​ស្រុក​កំ​ណើត។ ក្រោយ​រយៈ​ពេល​ស៊ូ​ទ្រាំ​ក្នុង​ការ​សិក្សា​ស្រាវ​ជ្រាវ និង​សន្សំ​បទ​ពិ​សោធន៍​រួច​មក បង​វ៉ូវ បាន​ផ្តើម​អា​ជីព​ដោយ​ប្រើ​ប្រាស់​ផ្ទៃ​ដី ២ ហិក​តា​ដើម្បី​ចិញ្ចឹម​បង្គា ក្តាម គួប​ផ្សំ​ជា​មួយ​ការ​ចិញ្ចឹម​គ្រែង​ឈាម។ ក្នុង​មួយ​ឆ្នាំ បង​ប្រ​មូល​ផលបាន​៣​រដូវ ផាត់​ទាត់​រួច​នៅ​ចំ​ណេញ ២០០ លាន​ដុង។ ដើម្បី​លើក​កម្ពស់​ប្រ​សិទ្ធ​ភាព​សេដ្ឋ​កិច្ច បង​ក៏​បាន​ចិញ្ចឹម​មាន់ ត្រី និង​កង្កែប​បន្ថែម។

បង​គឹម​វ៉ាន់​វ៉ូវ ថែ​កូន​មាន់​ទើប​ញាស់។

តាម​សម្ដី​បង​វ៉ូវ រាល់​សត្វ​ចិញ្ចឹម​មាន​ភាព​ធាត់​ធំ​ខុសៗ​គ្នា ដូច្នេះ​គាត់​តែង​សិក្សា​បទ​ពិសោធន៍​និង​បច្ចេក​ទេស​ដើម្បី​អនុវត្ត​និង​ថែ​ទាំ។ អា​ស្រ័យ​ហេតុ​នេះ សត្វ​ចិញ្ចឹម​ធាត់​ធំ​ល្អ​និង​ផ្តល់​ទិន្ន​ផល​ខ្ពស់ ផ្តើម​ពី​នោះ អតិ​ថិ​ជន​ជា​ច្រើន​មាន​ទំ​នុក​ចិត្ត​មក​រក​ទិញ ដូច្នេះ​ច្រក​ចេញ​មាន​ភាព​លំ​នឹង។ ចំ​ពោះ​ការ​ចិញ្ចឹម​កង្កែប​វិញ បង​វ៉ូវ ចែក​រំ​លែក៖ “ក្រៅ​ពី​ចំ​ណី​ឧស្សា​ហកម្ម គឺ​អា​ស្រ័យ​លើ​ត្រី​បង្កិច​បង្កោច​ដែល​មាន​ស្រាប់​ក្នុង​អណ្ដូង​ជា​ប្រ​ភព​អា​ហារ​ធម្ម​ជាតិ ដូច្នេះ​ការ​ចិញ្ចឹម​កង្កែប​មាន​ភាព​ងាយ​ស្រួល។ ការ​ចិញ្ចឹម​កង្កែប​ក្នុង​អាង​ស៊ី​ម៉ងត៍ មិន​តម្រូវ​ឱ្យ​មាន​ផ្ទៃ​ដី​ធំ​ទេ តែ​ត្រូវ​មាន​ប្រ​ព័ន្ធ​សន្ទះ​បិទ​បើក​ដើម្បី​បញ្ចេញ​បញ្ចូល​ទឹក។ ដើម្បី​ការ​ចិញ្ចឹម​មាន​ប្រ​សិទ្ធ​ភាព គឺ​គុណ​ភាព​នៃ​ពូជ​ត្រូវ​តែ​ធា​នា ហើយ​ប្រ​ភព​ទឹក​មិន​ត្រូវ​កខ្វក់​ឡើយ។ តាំង​ពី​ចាប់​ផ្តើម​ចិញ្ចឹម​ដល់​ប្រ​មូល​ផល​គឺ ២,៥ ខែតម្លៃ​ជា​មធ្យម​ពី​៤៥​-៥០ ពាន់​ដុង​ក្នុង​មួយ​គីឡូ​ក្រាម”។

មិន​ត្រឹម​តែ​ពូ​កែ​ធ្វើ​សេដ្ឋ​កិច្ច​ប៉ុណ្ណោះ​ទេ បង​វ៉ូវ នៅ​ទាំង​ខ្នះ​ខ្នែង​ចូល​រួម​រាល់​ការ​ចលនា​និង​សកម្ម​ភាព​របស់​សម្ព័ន្ធ​យុវ​ជន។ ទទួល​បាន​ទំ​នុក​ចិត្ត​បោះ​ឆ្នោត​ជា​អនុ​ប្រ​ធាន​ភូមិ​តឹង​ង៉ុក ចាប់​ពី​ឆ្នាំ២០២១ គាត់​តែង​អនុវត្ត​សម្រេច​ភារ​កិច្ច​ដែល​បាន​ប្រ​គល់​ឱ្យ; គំរូ​អនុវត្ត​នូវ​គោល​ការណ៍ គោល​មាគ៌ា​របស់​បក្ស គោល​នយោ​បាយ​និង​ច្បាប់​របស់​រដ្ឋ។ កៀរ​គរ​សមា​ជិក​សម្ព័ន្ធ​យុវ​ជន​និង​ប្រ​ជា​ជន​ខ្នះ​ខ្នែង​ពល​កម្ម​ផលិត អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​គ្រួ​សារ កាត់​បន្ថយ​ភាព​ក្រី​ក្រ និង​លើក​កម្ពស់​ជីវ​ភាព។ ក្នុង​ចលនា​កសាង​ជន​បទ​ថ្មី មិន​ត្រឹម​តែ​ជា​គំរូ​ឈាន​មុខ​ប៉ុណ្ណោះ​ទេ បង​ថែម​ទាំង​សកម្ម​ឃោសនា ផ្សព្វ​ផ្សាយ​ដែល​ថ្នាក់​លើ​ចលនា និង​កៀរ​គរ​ប្រ​ជា​ជន​ឱ្យ​ចូល​រួម ដូច៖ រក្សា​អនា​ម័យ​បរិស្ថាន បរិច្ចាគ​ដី ធ្វើ​ផ្លូវ រៀប​ចំ​ផ្ទះ​សម្បែង​ឱ្យមាន​ភាព​សម​រម្យ...។

បង ត្រឹង​វុឌ្ឍី លេខា​សម្ព័ន្ធ​យុវ​ជន​ឃុំ​ង៉ុក​ចាញ់ មាន​ប្រ​សាសន៍៖ “ឃុំ​មាន​សមា​ជិក​សម្ព័ន្ធ​យុវ​ជន ៨៨ នាក់ ក្នុង​នោះ​មាន ៣ នាក់​ជា​ជន​ជាតិ​ខ្មែរ នោះ​គឺ​បង​គឹម​វ៉ាន់​វ៉ូវ។ គាត់​មិន​ត្រឹម​តែ​ជា​យុវ​ជន​ម្នាក់​ឧស្សាហ៍​ព្យា​យាម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​ប៉ុណ្ណោះ​ទេ គាត់​នៅ​ទាំង​ស្វា​ហាប់​ក្នុង​ការ​ច្នៃ​ប្រ​ឌិត​ជា​គំរូ​ឈាន​មុខ​រាល់​ការ​ចលនា និង​សកម្ម​ក្នុង​ការ​ងារ​របស់​សម្ព័ន្ធ ក៏​ដូច​ជា​ចលនា​ដែល​ភូមិ​ភាគ​បំ​ផុស។ បង​ចែក​រំលែក​បទ​ពិ​សោធន៍​យ៉ាង​អស់​ពី​ចិត្ត និង​ជួយ​សមា​ជិក​សម្ព័ន្ធ​ដែល​មាន​តម្រូវ​ការ​រៀន​សូត្រ អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​និង​ផ្ដើម​អា​ជីព​នៅ​ភូមិ​ភាគ”៕

              យោង​តាម​កា​សែត​កា​ម៉ាវ-មេង​លី

ចែករំលែកអត្ថបទ