បច្ចុប្បន្ន មានកសិករជាច្រើននៅស្រុកឡុងភូ ខេត្តសុកត្រាំង អនុវត្តទម្រង់ផលិតស្រូវសរីរាង្គ។ ទម្រង់នេះ មិនត្រឹមតែជួយកសិករ កាត់បន្ថយចំណាយលើការផលិត បង្កើនគុណភាពផលិតផលនិងប្រាក់ចំណូលប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យដីមានជីជាតិនិងកាត់បន្ថយកខ្វក់បរិស្ថានទៀតផង។
ស្រូវផលិតតាមបែបសរីរាង្គ នៅស្រុកឡុងភូ កំពុងលូតលាស់ល្អ។
តាមប្រសាសន៍លោក ឡឹមវ៉ាន់វ៉ូវ ប្រធានការិយាល័យកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុកឡុងភូ ទម្រង់ផលិតស្រូវសរីរាង្គ ត្រូវបានផ្សព្វផ្សាយអនុវត្តចាប់តាំងពីឆ្នាំ ២០២៣ មក។ លទ្ធផលនៃការផលិតស្រូវសរីរាង្គឃើញថា ការចំណាយវិនិយោគទាបត្រឹមតែ ៤ លានដុង/ហិកតា (កាត់បន្ថយពី ២០-៣០% បើប្រៀបធៀបនឹងការផលិតស្រូវធម្មតា) ទិន្នផលកើនឡើងពី ០,២- ០,៤ តោន/ហិកតា ប្រាក់ចំណូលមធ្យមភាគក្នុងមួយហិកតាចាប់ពី ៤,២ លានដុងឡើងទៅ។ ពិសេស នៅដើមរដូវគ្រាន់តែបាចជីសរីរាង្គទ្រាប់បាត ប្រើថ្នាំការពាររុក្ខជាតិជីវសាស្ត្រនិងកាត់បន្ថយបរិមាណជីគីមី ម៉្លោះហើយកាត់បន្ថយបានកខ្វក់បរិស្ថាន ការពារសុខភាពអ្នកផលិតនិងបង្កើតបានផលិតផលសុវត្ថិភាពដល់អ្នកប្រើប្រាស់។
កម្មាភិបាលកសិកម្មនិងកសិករចុះទៅពិនិត្យស្រែជាប្រចាំ ដើម្បីតាម
ដានការលូតលាស់របស់ស្រូវ។
លោក ប៊ូយហ៊ឺវតិន សមាជិកសហករណ៍តឹងហឹងភូ ឃុំតឹងហឹងអនុវត្តទម្រង់ផលិតស្រូវសរីរាង្គ បានជាង៤រដូវ ជាមួយនឹងផ្ទៃដីផលិតជាង ១០ ហិកតា។ តាមរយៈនោះ គាត់បានផ្នែកកសិកម្មជំនួយពូជស្រូវបញ្ជាក់ ST ជីសរីរាង្គនិងបច្ចេកទេសថែទាំ ម៉្លោះហើយ ការផលិតស្រូវសម្រេចបានប្រសិទ្ធភាព។ លោកតិន ឱ្យដឹង៖ “ស្រូវរដូវប្រាំង ឆ្នាំ ២០២៣-២០២៤ កន្លង ទិន្នផលស្រូវសម្រេច ៧ តោន/ហិកតា ឈ្មួញទិញនៅនឹងស្រែតម្លៃ ១១.០០០ ដុង/គីឡូក្រាម បន្ទាប់ពីផាត់ទាត់ គ្រួសារខ្ញុំនៅចំណេញជាង ៥២ លានដុង/ហិកតា ប្រាក់ចំណេញកើនឡើងពី ១០-១២ លានដុង បើប្រៀបនឹងការផលិតស្រូវធម្មតា។ ជាពិសេស ក្នុងរដូវនេះ ជាមួយនឹងផ្ទៃដី ១០ ហិកតា ផលិតពូជស្រូវ ST តាមបែបសរីរាង្គ ព្រមទាំងបានក្រុមហ៊ុនអាជីវកម្មចុះកិច្ចសន្យាប្រមូលទិញ ទើបខ្ញុំស្ងប់ចិត្តអំពីច្រកចេញ”។
បច្ចុប្បន្ន ស្រុកឡុងភូមានផ្ទៃដីផលិតស្រូវ ១៦.០០០ ហិកតា ក្នុងនោះ មានផ្ទៃដីផលិតស្រូវសរីរាង្គប្រមាណជាង ១.១០០ ហិកតា ប្រមូលផ្តុំនៅឃុំតឹងហឹង ភូហ៊ឺវ ទីប្រជុំជនឡុងភូ ។ល។ កសិករទាំងអស់ផលិតស្រូវសរីរាង្គ តែងបានក្រុមហ៊ុនអាជីវកម្មចុះកិច្ចសន្យាធានាប្រមូលទិញផលិតផល។ លោកហូថាញឡីម នាយកសហករណ៍កសិកម្មតឹងហឹងភូ ឱ្យដឹង៖ “ផលប្រយោជន៍នៃការផលិតស្រូវសរីរាង្គ គឺមិនប៉ះពាល់ដល់បរិស្ថាន កាត់បន្ថយការចំណាយ បង្កើនប្រាក់ចំណេញ និងការពារសុខភាពកសិករ ហេតុដូច្នេះ ស្រូវរដូវប្រាំងឆ្នាំ ២០២៤-២០២៥ សមាជិកសហករណ៍សុទ្ធតែផលិតស្រូវសរីរាង្គជាមួយនឹងផ្ទៃដី ៥០១ ហិកតា ភាគច្រើនគឺផលិតពូជស្រូវ ST២៥ និងដាយថើម។ មុននឹងអនុវត្តទម្រង់ សមាជិកសហករណ៍បានហ្វឹកហ្វឺនបច្ចេកទេស ក៏ដូចជាដំណើរការផលិតស្រូវសរីរាង្គ ដូច្នេះ អ្នកណាក៏យល់ច្បាស់ពីបច្ចេកទេសផលិតនិងថែទាំស្រូវ។ ហេតុដូច្នេះ ដំណាំស្រូវកំពុងលូតលាស់ល្អ រំពឹងថានឹងសម្រេចបានទិន្នផលខ្ពស់”៕
យ៉ីអាញ-មុនី