30/09/2024 - 14:37

ជន​រួម​ជាតិ​ខ្មែរ​អភិ​រក្ស​ប្រ​ពៃ​ណី​បុណ្យ​ភ្ជុំ​បិណ្ឌ

រៀង​រាល់​ឆ្នាំ ឱ្យ​តែ​ដល់​ថ្ងៃ​១​រោច ខែ​ភទ្រ​បទ ជន​រួម​ជាតិ​ខ្មែរ​តែង​រៀប​ចំ​ចង្ហាន់ នំ​នែក​ជា​ដើម យក​ទៅ​វត្ត​វេរ​ប្រ​គេន​ព្រះ​សង្ឃ​និង​ធ្វើ​ពិធី​បោះ​បាយ​បិណ្ឌ។

​ ក្រោយ​ពី​និមន្ត​ព្រះ​សង្ឃ​ដារ​បង្សុ​កូល​រួច មា​មីង​ធ្វើ​ពិធី​បោះ​បាយ​បិណ្ឌ។

​ មាមីង​រៀប​ចំ​ម្ហូប​អា​ហារ មាន​បង្អែម​និង​ចម្អាប​ជា​ដើម​សម្រាប់​ធ្វើ​ពិធី​បោះ​បាយ​បិណ្ឌ។

បុណ្យ​ភ្ជុំ​បិណ្ឌ ត្រូវ​បាន​ប្រា​រព្ធ​ធ្វើ​ក្នុង​រយៈ​ពេល​១៥​ថ្ងៃ  ចាប់​ពី​ថ្ងៃ​១រោច​ដល់​ថ្ងៃ​១៥ រោច ខែ​ភទ្រ​បទ។ រយៈ​ពេល​១៥​ថ្ងៃ​នេះ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​តែង​ទៅ​វត្ត​ស្តាប់​ព្រះ​សង្ឃ​សូត្រ​មន្ត ទេស​នា បោះ​បាយ​បិណ្ឌ​និង​យក​ចង្ហាន់​ទៅ​វត្ត​វេរ​ប្រ​គេន​ព្រះ​សង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វ​ការី​ជន ជី​ដូន​ជី​តា ញាតិ​សន្តាន​ដែល​ចែក​ឋាន។

ព្រះ​តេជ​ព្រះ​គុណ លី​មិញ​ឌឹក ព្រះ​ចៅ​អធិ​ការ​វត្ត​បទុម​វង្សា សំ​រោង សង្កាត់​ទី៥ ក្រុង​សុក​ត្រាំង មាន​ថេរ​ដី​កា៖ “តាម​ទ្រឹស្តី​ព្រះ​ពុទ្ធសាស​នា បុគ្គល ខ្លះ​ប្រ​ព្រឹត្ត​បាប​កម្ម ពេល​ស្លាប់​ទៅ​កើត​ជា​ប្រេត​រង​ទុក្ខ​តាម​កម្លាំង​កម្ម​ដែល​ខ្លួន​ធ្វើ។ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ពួក​ប្រេត​ត្រូវ​បាន​ដោះ​លែង​ឱ្យ​មក​រក​សាច់​ញាតិ​នៅ​តាម​ផ្ទះ​សម្បែង វត្ត​អា​រាម ដែល​នាំ​យក​ចំ​ណី​អា​ហារ​វេរ​ប្រ​គេន​ព្រះ​សង្ឃ ឧទ្ទិស​កុល​បុណ្យ​ដល់​ខ្លួន។ ហេតុ​ដូច្នេះ បុណ្យ​សែន​ដូន​តា​មាន​អត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ ប៉ុន្តែ​សំ​ខាន់​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ មាមីង​ពុទ្ធ​បរិ​ស័ទ​រៀប​ចំ​ចង្ហាន់ នំ​នែក​ទៅ​វត្ត​វេរ​ប្រ​គេន​ព្រះ​សង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​ញាតិ​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ​កាន់​បរ​លោក សូម​ឱ្យ​ដួង​វិញ្ញា​ណក្ខន្ធ របស់​លោក​អ្នក​ទាំង​នោះ​បាន​ទៅ​កាន់​សុគ​តិភព។ ពិធី​បុណ្យ​នេះ ក៏​ជា​ឱកាស​មួយ​ដើម្បី​កូន​ចៅ សម្តែង​នូវ​កត្តញ្ញូ​កត្ត​វេទី​តា​ធម៌​ចំ​ពោះ​បុព្វ​ការី​ជន”។

អ្នក​មីង​លីធី​តឹម អា​យុ​៦៦​ឆ្នាំ នៅ​សង្កាត់​ទី៥ ក្រុង​សុក​ត្រាំង ឱ្យ​ដឹង៖ “រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ​ខ្ញុំ​ទៅ​វត្ត​មិន​ដែល​ខាន ដើម្បី​បាន​ស្តាប់​ព្រះ​សង្ឃ​សូត្រ​មន្ត ទេស​នា និង​បោះ​បាយ​បិណ្ឌ។ ពី​ដើម​ឮ​ចាស់ៗ​ដំ​ណាលតៗ​គ្នា​ថា ក្នុង​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌ ជី​ដូន​ជី​តា ញាតិ​សន្តាន​ដើរ​តាម​វត្ត​ស្វែង​រក​សាច់​ញាតិ​កូន​ចៅ បើ​មិន​ឃើញ​គាត់​នឹង​ដាក់​បណ្តា​សា​ដល់​សាច់​ញាតិ​កូន​ចៅ​ជា​មិន​ខាន។ ដើម្បី​សម្តែង​នូវ​កត្តញ្ញូ​តា​ធម៌​ចំ​ពោះ​បុព្វ​ការី​ជន​ដែល​បាន​ចែក​ឋាន​ និង​ប្រាថ្នា​សូម​សេចក្តី​សុខ​សេចក្ដី​ចម្រើន ម៉្លោះ​ហើយ​ខ្ញុំ​តែង​រៀប​ចំ​ចង្ហាន់​នំ​នែក មក​វត្ត​វេរ​ប្រ​គេន​ព្រះ​សង្ឃ​និង​បោះ​បាយ​បិណ្ឌ ដើម្បី​ឧទ្ទិស​កុសល​ដល់​ជី​ដូន​ជី​តា។ នៅ​ថ្ងៃ១ កើត​ខែ​អស្សុជ ខ្ញុំ​ក៏​រៀប​បាយ​ស្ពក​ធ្វើ​ពិធី​សែន​ជូន​ដូន​តា មាន​ដាក់​អង្ករ អំបិល បង្អែម​និង​ចម្អាប​ជា​ដើម​ក្នុង​កូន​សំ​ពៅ ហើយ​យក​ទៅ​បណ្តែត​តាម​ខ្សែ​ទឹក​ព្រែក​ទន្លេ​ជូន​ដូន​តា​ទៅ​ស្រុក​វិញ”។

បុណ្យ​ភ្ជុំ​បិណ្ឌ នៅ​ទាំង​ជា​ឱកាស​មួយ​ដើម្បី​កូន​ចៅ​ដែល​ទៅ​ធ្វើ​ការ​ឆ្ងាយ​ពី​ផ្ទះ​មក​ជួប​ជុំ​គ្រួ​សារ ជូន​អំ​ណោយ​ប្រាក់​កាស​ដល់​ឪពុក​ម្តាយ យាយ​តា​ក្នុង​វង្ស​ត្រ​កូល រៀប​ចំ​ចង្ហាន់​នំ​នែក​ទៅ​វត្ត​វេរ​ប្រ​គេន​ព្រះ​សង្ឃ ដើម្បី​ឧទ្ទិស​កុសល​ដល់​បុព្វ​ការី​ជន​ហើយ​ប្រាថ្នា​សេចក្តី​សុខ​សេចក្ដី​ចម្រើន៕

                                        យ្វី​អាញ-មុនី

ចែករំលែកអត្ថបទ