ក្រសួងអប់រំនិងបណ្តុះបណ្តាល សំណូមពរដល់មន្ទីរអប់រំផ្សព្វផ្សាយកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាពេញមួយជីវិតដោយរូបភាពបត់បែន សមស្របជាមួយនឹងស្ថានភាពជាក់ស្តែង។
សិក្ខាកាមហាត់សរសេរអក្សរនៅថ្នាក់រៀនបំបាត់អនក្ខរកម្ម នៅភូមិផ្លៅចាយ ឃុំតាឡែង ស្រុកតាមដឿង ខេត្តឡាយចូវ។ (រូបថត៖ក្វីទ្រុង/TTXVN)
ធ្វើឱ្យសុក្រឹតប្រព័ន្ធអប់រំជាប្រចាំ ពិពិធកម្ម កម្មវិធីបណ្តុះបណ្តាលនិងជំរុញការកសាងសង្គមរៀនសូត្រ ជាភារកិច្ចដ៏សំខាន់ត្រូវបានក្រសួងអប់រំនិងបណ្តុះបណ្តាលដាក់ចេញក្នុងសារលិខិតលេខ ៣៩៣៣/BGDĐT-GDTX ផ្ញើដល់គ្រប់មន្ទីរអប់រំនិងបណ្តុះបណ្តាល នាយកដ្ឋានអប់រំ ក្រសួងការពារប្រទេស អំពីការណែនាំអនុវត្តភារកិច្ច ឆ្នាំសិក្សា២០២៤- ២០២៥ ចំពោះការអប់រំជាប្រចាំ។
តាមរយៈនោះ ផ្អែកលើស្ថានភាពជាក់ស្តែងនៃភូមិភាគនីមួយៗ ដើម្បីផ្សព្វផ្សាយយ៉ាងមានប្រសិទ្ធភាពនូវភារកិច្ច ក្រសួងអប់រំនិងបណ្តុះបណ្តាល សំណូមពរអង្គភាពនានាគប្បីផ្សព្វផ្សាយ ជំរុញដំណើរការកសាងសង្គមរៀនសូត្រ។ ជាក់ស្តែង គ្រប់អង្គភាពគប្បីកសាងនិងផ្សព្វផ្សាយផែនការអនុវត្តគម្រោង “កសាងសង្គមរៀនសូត្រ ដំណាក់កាល២០២១-២០៣០” បង្កើនកិច្ចសហការជាប្រចាំ មានប្រសិទ្ធភាពរវាងផ្នែកអប់រំជាមួយនឹងគ្រប់មន្ទីរ គណៈ ផ្នែក រណសិរ្សមាតុភូមិ សមាគមអង្គការនយោបាយ-សង្គម និងភូមិភាគនានាក្នុងខេត្តអំពីការផ្សព្វផ្សាយអនុវត្តផែនការ។ គ្រប់មន្ទីរអប់រំនិងបណ្តុះបណ្តាល ផ្សព្វផ្សាយចលនា “ទូទាំងប្រទេសប្រឡងប្រណាំងកសាងសង្គមរៀនសូត្រ ជំរុញការសិក្សាពេញមួយជីវិត ដំណាក់កាល២០២៣-២០៣០” ដោយរូបភាពបត់បែន សមស្របជាមួយនឹងស្ថានភាពជាក់ស្តែង។
ទន្ទឹមនឹងនោះ ក្រសួងអប់រំនិងបណ្តុះបណ្តាល ក៏បានសំណូមពរដល់គ្រប់មន្ទីរអប់រំនិងបណ្តុះបណ្តាល គប្បីបង្កើនការធ្វើសេនាធិការ ចង្អុលការធ្វើឱ្យសុក្រឹតប្រព័ន្ធអប់រំជាប្រចាំ និងអនុវត្តពិពិធកម្មកម្មវិធីអប់រំនៅតាមគ្រឹះស្ថានអប់រំជាប្រចាំ ជំរុញការងារបំបាត់អនក្ខរកម្មនៅកន្លែងដែលមានលក្ខណៈសេដ្ឋកិច្ច-សង្គមលំបាកខ្លាំង កន្លែងដែលមានអត្រាមនុស្សមិនចេះអក្សរច្រើន។
ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តភារកិច្ចខាងលើ ក្រសួងអប់រំនិងបណ្តុះបណ្តាល សំណូមពរដល់គ្រប់មន្ទីរអប់រំនិងបណ្តុះបណ្តាល កៀរគររាល់ប្រភពកម្លាំង រៀបចំវគ្គហ្វឹកហ្វឺន បំប៉ន លើកកម្ពស់គុណភាពកងជួរ ជំរុញការអនុវត្តបច្ចេកវិទ្យាព័ត៌មាននិងការផ្លាស់ប្តូរឌីជីថល បង្កើនការត្រួតពិនិត្យ ការអនុវត្តសេចក្តីកំណត់អំពីការអប់រំជាប្រចាំ ជំរុញការងារផ្សព្វផ្សាយនិងចលនាប្រឡងប្រណាំងស្ងើចសរសើរជូនរង្វាន់ ដើម្បីលើកកម្ពស់ការយល់ដឹងនិងលើកទឹកចិត្តប្រជាជននិងទូទាំងសង្គមអំពីការអប់រំជាប្រចាំ សិក្សាពេញមួយជីវិតនិងកសាងសង្គមរៀនសូត្រ៕
យោង៖ Vietnam+ ប្រែសម្រួល៖ មុនី