អស់រយៈពេលជាង ២៥ ឆ្នាំ រួមចំណែកក្នុងការងាររណសិរ្សនិងក្រុមនារីអនុសង្កាត់ ឥឡូវនេះ ដោយសារសុខភាពមិនអំណោយផល អ្នកមីងថាច់ធីម៉េន អាយុ ៦៦ ឆ្នាំ នៅអនុសង្កាត់ ២ សង្កាត់ ១ ក្រុងកាម៉ាវ ខេត្តកាម៉ាវ បានសុំឈប់ពីការងារ។ ទោះបីយ៉ាងនេះក្តី មាមីងរស់នៅក្នុងអនុសង្កាត់ ពិសេសគឺជនរួមជាតិខ្មែរនៅតែផ្ដល់មនោសញ្ចេតនាស្រឡាញ់រាប់អាននិងគោរពចំពោះស្ត្រីម្នាក់នេះ។
អ្នកមីងថាច់ធីម៉េន។
អ្នកមីងម៉េន រ៉ាយរ៉ាប់៖ “ពេលខ្ញុំធ្វើការនៅសមាគមនារីអនុសង្កាត់ ជួបរឿងរ៉ាវជាច្រើនមានទាំងសប្បាយទាំងបារម្ភ។ ផ្លូវពិបាកធ្វើដំណើរ ខ្ញុំអត់ចេះបើកម៉ូតូ ដូច្នេះត្រូវដើរដោយថ្មើរជើងគ្រប់ពេល ហើយនៅទាំងស្ពាយជញ្ជីងដើម្បីថ្លឹងក្មេងៗ។ លំបាកយ៉ាងនេះ ពេលខ្លះក៏ធុញទ្រាន់ដែរ ចុះទៅដល់ផ្ទះផ្សព្វផ្សាយពីផែនការគ្រួសារ ក៏ត្រូវគេស្តីថា “ខ្ញុំសម្រាលកូន ខ្ញុំចិញ្ចឹមខ្លួនឯង អ្នកណាពឹងឱ្យរវល់?” ប៉ុន្តែខ្ញុំនៅតែតស៊ូ នឹកគិតក្នុងចិត្តមិនខ្ចីខ្វល់ ភ្លៀងស្រក់យូរៗទៅដីនឹងសើម ដើម្បីការងារសមាគម ដើម្បីសុខភាពបងប្អូននារី និងដើម្បីអនាគតកូនៗ គួរតែព្យាយាម”។
ឈប់សម្រាកការងារសមាគម អ្នកមីងម៉េន បានបើកហាងលក់គ្រឿងទេសតូចមួយនៅផ្ទះ ដើម្បីមានប្រាក់សម្រាប់ចាយវាយ ប្រើប្រាស់ក្នុងគ្រួសារ។
មិនថាស្ថិតក្នុងមុខតំណែងអ្វីនោះទេ អ្នកមីងម៉េន តែងលះបង់ចំពោះការងាររួម ដើម្បីប្រយោជន៍សមូហភាព និងជីវភាពរបស់មាមីង។ ប៉ុន្តែប្រការដែលមានតម្លៃបំផុតសម្រាប់អ្នកមីងគឺចិត្តធម៌ ការយល់ចិត្ត ការអធ្យាស្រ័យនិងការចែករំលែក។ ដោយសារតែចិត្តសប្បុរសរបស់អ្នកមីងកាលពីជាង ២០ ឆ្នាំមុន បានសង្គ្រោះស្ត្រីម្នាក់ដែលគ្មានសាច់ញាតិ។ នៅពេលដែលស្ត្រីម្នាក់នេះមានផ្ទៃពោះគ្មានអ្នកមើលថែ ហើយត្រូវប្តីបោះបង់ចោល អ្នកមីងម៉េន ក៏យកទៅផ្ទះចិញ្ចឹមនិងមើលថែរហូតដល់សម្រាល។ តាំងពីពេលនោះមក ពីរនាក់ម្តាយនិងកូនបានរួមរស់នៅផ្ទះជាមួយក្រុមគ្រួសាររហូតមកដល់ពេលនេះ។
លែងធ្វើការនៅសមាគម ប៉ុន្តែអ្នកមីងម៉េន នៅតែអនុវត្តយ៉ាងសកម្មនូវគម្រោងសន្សំឥណទាន និងការរួមចំណែកហ៊ុនទុនបង្វិល ដើម្បីជួយបងប្អូននារីមានប្រាក់សន្សំច្រើន។ នៅពេលចាំបាច់ ពួកគាត់យកចេញជួសជុលផ្ទះ បង់ថ្លៃសិក្សាម្រាប់កូនៗ ឬធ្វើជាដើមទុនសម្រាប់លក់ដូរជាលក្ខណៈគ្រួសារ។ ចុងឆ្នាំ ផ្ដើមពីមូលនិធិសន្សំនេះ អ្នកមីងម៉េនទិញរបស់របរប្រើប្រាស់មួយចំនួន ដូចជា ប្រេងឆា ទឹកស៊ីអ៊ីវ ស្ករស ម្សៅស៊ុប។ល។ ទុកជាអំណោយជូនបងប្អូននារីក្នុងឱកាសអំណរបុណ្យចូលឆ្នាំថ្មី កាន់តែមានភាពកក់ក្តៅ។
លោកត្រឹងហឺវលឹក ប្រធានអនុសង្កាត់២ សង្កាត់១ វាយតម្លៃ៖ “គ្រួសារអ្នកមីងម៉េន គឺជាគ្រួសារគំរូមួយ ប្តីប្រពន្ធគាត់រស់នៅសុភមង្គលនិងចុះសម្រុងគ្នា។ កូនៗរបស់គាត់មានចរិតស្លូតបូត ហើយជាកម្មាភិបាលល្អក្នុងសង្កាត់។ ចំពោះអ្នកមីងម៉េនវិញ ឈប់សម្រាកការងារនៅអនុសង្កាត់ ប៉ុន្តែចំពោះប្រជាជននៅទីនេះ អ្នកមីងម៉េន គឺជាបក្ខជនគំរូ ជាមនុស្សមានទឹកចិត្តសន្តោសស្លូតបូត មានប្រជាប្រិយនិងតែងបានអ្នករាល់គ្នាស្រឡាញ់រាប់អាន”៕
តាមៈ កាសែតកាម៉ាវ-មេងលី