រយៈពេលកន្លង មូលដ្ឋានផ្តាច់គ្រឿងញៀនក្រុងកឹងធើ បានផ្តុំកម្លាំងធានាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាន។ អង្គភាពតែងសហការជាមួយកងកម្លាំងសមត្ថកិច្ចហ្វឹកហ្វឺនវិជ្ជាជីវៈដល់បុគ្គលិក និងអ្នកបំពេញការងារអំពីការបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ទន្ទឹមនឹងនោះ ជំរុញការបង្ការ ប្រឆាំងនឹងការបំពានច្បាប់ ធានាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាននិងតំបន់ជុំវិញ។
អ្នកញៀនគ្រឿងញៀន ចូលរួមសកម្មភាពគាំទ្រខែសកម្មភាពបង្ការ ប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣ នៅមូលដ្ឋានផ្តាច់គ្រឿងញៀនក្រុងកឹងធើ។
មូលដ្ឋានផ្តាច់គ្រឿងញៀនក្រុងកឹងធើ ជាអង្គភាពទទួលនិងគ្រប់គ្រងអ្នកញៀនថ្នាំដែលស្ថាប័នសមត្ថកិច្ចក្រុងកឹងធើនិងខេត្តហូវយ៉ាង ធ្វើបញ្ជីរាយនាមបញ្ជូនមក។ មូលដ្ឋានមានមុខងារផ្តាច់ញៀនសម្រាប់អ្នកដែលអនុវត្តវិធានការបញ្ជូនចូលមូលដ្ឋានផ្តាច់គ្រឿងញៀនចាប់បង្ខំ យោងតាមច្បាប់ដោះស្រាយបទល្មើសរដ្ឋបាល; មនុស្សមានអាយុពី១២ឆ្នាំដល់ក្រោម១៨ឆ្នាំ ដែលត្រូវអនុវត្តវិធានការផ្តាច់ញៀនចាប់បង្ខំ តាមច្បាប់បង្ការ ប្រឆាំងគ្រឿងញៀន; ផ្តល់សេវាផ្តាច់ញៀនសម្រាប់អ្នកចង់ផ្តាច់ញៀនដោយខ្លួនឯង។ល។
ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ មូលដ្ឋានផ្តាច់គ្រឿងញៀនក្រុងកឹងធើ បានរៀបចំកងកម្លាំងដើម្បីគ្រប់គ្រងអ្នកញៀនគ្រឿងញៀន ២៤/២៤ម៉ោង ពង្រីកប្រសិទ្ធភាពកាមេរ៉ាចំនួន ១៣៧ ដែលបានដំឡើងនៅក្នុងមូលដ្ឋាននិងតំបន់ជុំវិញ។ លើសពីនេះ មូលដ្ឋានក៏រៀបចំប្រអប់សំបុត្រចំនួន៦ ទាំងនៅក្នុងនិងក្រៅកន្លែងផ្តាច់ញៀន និងកន្លែងសាច់ញាតិមកសួរសុខទុក្ខ សំដៅទទួលបានព័ត៌មានពីគ្រួសារអ្នកញៀនថ្នាំនិងអ្នកញៀន ដើម្បីធ្វើការដោះស្រាយនិងវិនិច្ឆ័យបានទាន់ពេល។ មូលដ្ឋានសហការជិតដិតជាមួយនគរបាលក្រុងង៉ាបៃ ខេត្តហូវយ៉ាង ដើម្បីដោះដូរព័ត៌មាននិងរាយការណ៍ពីហេតុការណ៍ និងស្ថានភាពអ្នកញៀនគ្រឿងញៀន ផ្តើមពីនោះ ឯកភាពដាក់ចេញវិធានការសមស្រប សំដៅធានាសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាននិងតំបន់ប្រជាជនតាំងទីលំនៅនៅជុំវិញ។
យោងតាមប្រសាសន៍លោកវរសេនីយ៍ឯកបម្រុង ឡេវ៉ាន់បែបៃ អនុប្រធានការិយាល័យនគរបាលស៊ើបអង្កេតបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តហូវយ៉ាង បានឱ្យដឹងថា នគរបាលខេត្ត បានចាត់តាំងអង្គភាពមានសមត្ថកិច្ចមួយចំនួន ដើម្បីពង្រឹងកិច្ចសហការជាមួយអង្គភាពផ្សេងៗ ធានាសន្តិសុខ សណ្តាប់ធ្នាប់នៅមូលដ្ឋាននិងតំបន់ជុំវិញ។ ទន្ទឹមនឹងនោះ ចង្អុលការនគរបាលក្រុងង៉ាបៃ សហការជិតដិត ដោះដូរព័ត៌មាន និងស្ថានភាពអ្នកញៀនគ្រឿងញៀននៅក្នុងមូលដ្ឋាន ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់។ នៅពេលខាងមុខ ផ្នែកនគរបាល ដឹកនាំនិងសហការជាមួយផ្នែកពាក់ព័ន្ធនានា អនុវត្តការងារផ្សព្វផ្សាយឱ្យបានល្អអំពីប្រសិទ្ធភាពនៃការផ្តាច់ញៀន ព្រមទាំងសហការជាមួយផ្នែកពាក់ព័ន្ធនានា អនុវត្តឱ្យបានល្អការគ្រប់គ្រងអ្នកញៀនថ្នាំ និងអ្នកក្រោយពីផ្តាច់ញៀន។ ជំរុញចលនាទូទាំងប្រជាជនចូលរួមការពារសន្តិសុខមាតុភូមិ និងបង្ការ ប្រឆាំងបទល្មើសនានា ជាពិសេសក្នុងវិស័យបង្ការ ប្រឆាំងគ្រឿងញៀន៕
តៀកញ៉ុង - បកប្រែ៖ សុផន