បច្ចុប្បន្ន នៅខេត្តសុកត្រាំងមានសិប្បករប្រជាជន២រូប និងសិប្បករឆ្នើមចំនួន៧រូប ជាជនជាតិខ្មែរ បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងបង្ហាត់បង្រៀននូវវប្បធម៌ប្រពៃណីដ៏ល្អប្រសើររបស់ជនជាតិ។
សិប្បករ លីឡេត (ខាងស្តាំ) និងសិប្បករចូវអូន ក្នុងឱកាសទទួលកិត្តិនាមសិប្បករប្រជាជន។
សិប្បករប្រជាជន លីឡេត កំពុងសូនរូបសំណាក់នៅវត្តសិរីពោធិ(ដើមពោធិ៍) ស្រុកត្រឹងដេ។
សិប្បករប្រជាជន ចូវអូន (អាវក្រហម) ប្រារព្ធពិធីកិច្ចក្នុងវិធីបុណ្យសំពះព្រះខែតាម
ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
សិប្បករប្រជាជន លីឡេត ឱ្យដឹង៖ “អស់រយៈពេលជាច្រើនឆ្នាំ ខ្ញុំទៅគ្រប់ខេត្ត ក្រុងនៅតំបន់ណាមបូ ដើម្បីទទួលសាងសង់សំណង់នៅតាមវត្តខ្មែរ មានដូច៖ គូរគំនូរពុទ្ធប្បវត្តិ ឆ្លាក់ក្បូរក្បាច់ គ្រុឌ កិន្នរ នាគ ។ល។ មកទល់នឹងបច្ចុប្បន្ន ខ្ញុំចាប់អារម្មណ៍បំផុតគឺការជួសជុលសំណង់ព្រះវិហារវត្តសិរីតេជោមហាទប់ ក្រោយពីត្រូវភ្លើងឆេះ និងសំណង់វត្តខ្មែរនៅភូមិវប្បធម៌ទេសចរណ៍បណ្តាជនជាតិវៀតណាមនៅហាណូយ។ សំណង់ទាំង២នេះ គឺជាសំណង់ថ្នាក់ជាតិ ដែលខ្ញុំបាន រចនាឡើងទាំងស្រុងតាមទម្រង់នៃស្ថាបត្យកម្មខ្មែរ”។ នៅកន្លែងដែលលោកទទួលសាងសង់ សិប្បករប្រជាជន លីឡេត ថែមទាំងបង្រៀនសិល្បៈស្ថាបត្យកម្មខ្មែរដល់កូនចៅមាមីងជនរួមជាតិខ្មែររាប់រយនាក់ ដើម្បីស្នងបន្តវេន អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។
ចំណែកសិប្បករប្រជាជន ចូវអូន នៅក្រុងសុកត្រាំង ជិតមួយឆាកជីវិតផ្សារភ្ជាប់នឹងការបង្ហាត់បង្រៀនអក្សរខ្មែរ ភាសាបាលី សំស្ក្រឹតដល់ព្រះសង្ឃនិងកូនចៅជនរួមជាតិខ្មែរនៅតាមវត្តនានា នៅសាលាមធ្យមសិក្សាបំពេញវិជ្ជាបាលីណាមបូ វិទ្យាស្ថានពុទ្ធសាសនាខ្មែរ នៅក្រុងកឹងធើ។ ទន្ទឹមនឹងនោះ លោកគ្រូក៏ជាអ្នកសារព័ត៌មាន អ្នកនិពន្ធ ស្រាវជ្រាវវណ្ណកម្មអក្សរសិល្ប៍កំណាព្យកាព្យឃ្លោងចុះផ្សាយ លើទំព័រកាសែតខ្មែរ និងចូលរួមរៀបរៀងបោះពុម្ពសៀវភៅ៤ក្បាល ដែលមានខ្លឹមសារស្ងើចសរសើរមាតុភូមិ ប្រទេសជាតិនិងអ៊ំហូប្រកបដោយលក្ខណៈវប្បធម៌អរូបី។ សិប្បករប្រជាជន ចូវអូន ឱ្យដឹង៖ “បានរដ្ឋប្រទានកិត្តិនាមដ៏ឧត្តុង្គឧត្តមជាសិប្បករប្រជាជន ខ្ញុំរីករាយខ្លាំងណាស់។ បច្ចុប្បន្ន ខ្ញុំមានវ័យកាន់តែចាស់ ដូច្នេះ សំខាន់គឺធ្វើអាចារ្យបម្រើកម្មវិធីបុណ្យទានផ្សេងៗនិងពិធីមង្គលការ។ល។ ជារៀងរាល់ឆ្នាំ នៅពិធីបុណ្យអកអំបុកប្រណាំងទូក-ង ខេត្តតែងរៀបចំពិធីស្តារឡើងវិញបុណ្យសំពះព្រះខែតាមប្រពៃណីរបស់ជនរួមជាតិខ្មែរ បានអញ្ជើញខ្ញុំធ្វើអាចារ្យដឹកនាំរៀបចំពិធី ដើម្បីជួយកូនចៅខ្មែរបានយល់ច្បាស់ពីលក្ខណៈវប្បធម៌ខ្មែរ។ បច្ចុប្បន្ន ខ្ញុំក៏បានផ្តល់ក្បួនទំនៀមទម្លាប់អាចារ្យដល់កូនសិស្សដើម្បីសិក្សាស្នងបន្តវេន”។
ការរួមចំណែករបស់សិប្បករប្រជាជនចូវអូន និងសិប្បករប្រជាជន លីឡេត បានរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្សកេរដំណែលវប្បធម៌ អរូបីថ្នាក់ជាតិ។ បន្តរក្សាសមិទ្ធផលទាំងនោះ គឺមានសិប្បករ សិល្បករនិងបញ្ញវន្តខ្មែរជាច្រើនក្នុងខេត្តពីមួយថ្ងៃទៅមួយថ្ងៃតែងខ្នះខ្នែងបង្ហាត់ បង្រៀនសិល្បៈគំនូរ ចម្លាក់ក្បូរក្បាច់ ភាសា អក្សរសាស្ត្រ និងទំនៀមទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែរដល់យុវវ័យជំនាន់ក្រោយក្នុងជនរួមជាតិខ្មែរ ដើម្បីព្រួតដៃអភិរក្សនិងពង្រីកថែមទៀត៕
យ្វីអាញ-មុនី