តាមថេរដីកាព្រះឧបជ្ឈាយ៍ម៉ាយសែ ព្រះចៅអធិការវត្តសិរីវង្សា ស្ថិតនៅឃុំឌិញម៉ូង ស្រុកធើយឡាយ ក្រុងកឹងធើ បច្ចុប្បន្ន វត្តជាសារវ័ន្តធានាគ្រប់លក្ខណៈអំពីមូលដ្ឋានសម្ភារៈ ដើម្បីពុទ្ធបរិស័ទចូលមកប្រជុំជីវភាពសាសនា។
រូបភាពមួយចំនួននៃវត្តសិរីវង្សា។ តាមថេរដីកាព្រះឧបជ្ឈាយ៍ម៉ាយសែ ក្បូរក្បាច់រចនានិងសំណង់មួយចំនួនក្នុងវត្ត សុទ្ធតែជាស្នាដៃរបស់ព្រះសង្ឃដែលធ្លាប់បានបួសរៀននៅទីនេះ។
ក៏ដូចជាវត្តពុទ្ធសាសនាទក្ខិណនិកាយខ្មែរឯទៀតនៅវាលរាបទន្លេគឺវឡុងដែរ បរិវេណវត្តសិរីវង្សា មានម្លប់ត្រជាក់ស្រួល ពីព្រោះមានជួរដើមឈើធំៗខ្ពស់ត្រដែត។ បងស្រីដាវធីសារ៉ង នៅភូមិឌិញអៀង ឃុំឌិញម៉ូង ឱ្យដឹង៖ “កាលពីកុមារភាព ខ្ញុំតែងមករត់លេងក្រោមម្លប់ដើមឈើធំៗក្នុងបរិវេណវត្ត និងរៀនអក្សរខ្មែរដែលព្រះសង្ឃបង្ហាត់បង្រៀន។ ធំដឹងក្តី ខណៈពេលជួបការលំបាកក្នុងជីវភាព ខ្ញុំតែងមកវត្តដើម្បីឱ្យមានអារម្មណ៍ស្រស់ស្រាយ រំសាយទុក្ខកង្វល់ ក្រោមជំនោរខ្យល់បក់ត្រជាក់ ពីដើមឈើធំៗ រួចបោះជំហានទៅមុខទៀត។ល។”។ ចំណែកបងស្រីដាវធីមីយ្វៀង នៅភូមិឌិញភឿក ឃុំឌិញម៉ូង ឱ្យដឹង៖ “ខ្ញុំតាមប្រពៃណីគ្រួសារ តែងទៅវត្តធ្វើបុណ្យនាឱកាសពិធីបុណ្យផ្សេងៗរបស់ជនជាតិខ្មែរ។ ពិសេស ខ្ញុំបាននាំកូនចៅទៅតាមដើម្បីស្តាប់ព្រះសង្ឃផ្តល់ឱវាទ ជួយធ្វើការងារនិងថែទាំទេសភាពក្នុងវត្ត”។
ព្រះឧបជ្ឈាយ៍ម៉ាយសែ មានថេរដីបន្ថែម៖ “បច្ចុប្បន្ន វត្តមានព្រះសង្ឃបួសរៀនចំនួន៥អង្គ។ អង្គខ្លះកំពុងសិក្សាផ្លូវលោក និងមហាវិទ្យាល័យ ម្ល៉ោះហើយថ្ងៃធម្មតា វត្តមានភាពស្ងាត់បន្តិច។ អាត្មាភាពក្នុងនាមជាប្រធានសមាគមព្រះសង្ឃសាមគ្គីស្នហាជាតិក្រុងកឹងធើ ជាប់រវល់កិច្ចការសមាគម ម្ល៉ោះហើយវត្តបានពុទ្ធបរិស័ទជួយមើលថែ ប៉ុន្តែជ្រះស្អាតជានិច្ច”។
តាមថេរដីកាព្រះឧបជ្ឈាយ៍ម៉ាយសែ វត្តសិរីវង្សាមិនត្រឹមតែជាកន្លែងរៀបចំរាល់សកម្មភាពជំនឿសាសនាប៉ុណ្ណោះទេ វត្តថែមទាំងបើកថ្នាក់បង្រៀនរបាំ អក្សរខ្មែរ និងភ្លេងពិណពាទ្យ។ល។ ដើម្បីអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌របស់ជនជាតិខ្មែរទៀតផង។ ក្នុងរដូវវិស្សមកាល ២០២៣ វត្តបានសហការរៀបចំបើកថ្នាក់បង្រៀនអក្សរខ្មែរដល់សិស្សានុសិស្សជាង២០០នាក់ នៅឃុំឌិញម៉ូងនិងភូមិភាគនានាជិតខាងផងដែរ។ បងស្រីថាច់ធីភឿង នៅឃុំទ្រឿងថាញ់ ស្រុកធើយឡាយ ឱ្យដឹង៖ “រដូវវិស្សមកាល ឆ្នាំណាក៏ខ្ញុំចុះឈ្មោះឱ្យកូនទៅរៀនអក្សរខ្មែរក្នុងវត្តសិរីវង្សាដែរ ដើម្បីឱ្យកូនចេះនិយាយ ចេះសរសេរអក្សរខ្មែរនឹងគេ”៕
ហាថាញ-លីសៀ