សាលាជនជាតិអន្តេវាសិកនានានៅលើភូមិសាស្រ្តខេត្តសុកត្រាំង បានរៀបចំនូវសកម្មភាពវប្បធម៌ សិល្បៈ ជួយឱ្យសិស្សានុសិស្សជនជាតិខ្មែរយល់ច្បាស់ពីវប្បធម៌ប្រពៃណីនិងរួមកម្លាំងអភិរក្ស។
ឈុតរបាំរបស់សិស្សអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ សម្តែងក្នុងពិធីប្រឡង។
ចន្លោះ២ ឆ្នាំម្តង គឺមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត សហការជាមួយនឹងស្ថានីយវិទ្យុនិងទូរទស្សន៍សុកត្រាំង រៀបចំពិធីប្រឡងសិល្បៈចំពោះសិស្សវិទ្យាល័យជនជាតិអន្តេវាសិកក្នុងខេត្ត។ ឆ្លងតាមរយៈនោះ មានវិទ្យាល័យជនជាតិអន្តេវាសិកចំនួន ១០ ក្នុងខេត្ត បានចូលរួមប្រឡងចម្រៀងទោល ចម្រៀងឆ្លងឆ្លើយ ចម្រៀងជាពួក របាំ និងប្រគំបទភ្លេងប្រពៃណីជនជាតិជាដើម។ ពិធីប្រឡង បានបង្កើតជាសួនកម្សាន្តដ៏មានប្រយោជន៍សម្រាប់ប្អូនៗសិស្សានុសិស្សនិងគ្រូបង្រៀន សំដៅពង្រីកអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិខ្មែរ។ តាមប្រសាសន៍លោកយ័ញហ្វាងង្វៀង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្ត ពិធីប្រឡងគឺជាឱកាសដើម្បីជំរុញការអភិវឌ្ឍចលនាសិល្បៈតាមសាលានានា។ ប្រការនោះកាន់តែជួយឱ្យសាលានីមួយៗយកចិត្តទុកដាក់ជាងទៀតដល់ការបណ្តុះបណ្តាលសិស្សានុសិស្សពីចម្រៀងរបាំនិងបទភ្លេងប្រពៃណី រួមចំណែកអភិរក្សវប្បធម៌ប្រវេណីរបស់ជនជាតិផងដែរ។
ក្រុមភ្លេងពិណពាទ្យវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ប្រគំក្នុងពិធីប្រឡង។
ការរៀបចំពិធីប្រឡង ៣ លើកកន្លង បានទាក់ទាញប្អូនៗសិស្សានុសិស្សរាប់រយនាក់ និងគ្រូបង្រៀនជនជាតិខ្មែរដែលមានទេពកោសល្យអំពីចម្រៀង របាំ បទភ្លេងចូលរួម។ ប្អូនឡឹមវ៉ាន់ទ្រឿង សិស្សវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ឱ្យដឹង៖ “កាលពីមុននេះ ប្អូនចូលចិត្តបទភ្លេងពិណពាទ្យណាស់ ប៉ុន្តែគ្មានឱកាសរៀន។ លុះដល់ពេលចូលរៀននៅវិទ្យាល័យជនជាតិអន្តេវាសិកហ្វិញកឿង ទើបបានរៀនប្រគំភ្លេង។ កាន់តែប្រគំ ប្អូនរឹតតែជក់ចិត្តដិតអារម្មណ៍នឹងបទភ្លេងពិណពាទ្យ ម្ល៉ោះហើយប្រឡង ២លើកកន្លង ក្រុមភ្លេងពិណពាទ្យរបស់សាលាតែងឈ្នះបានរង្វាន់លេខមួយ។ តាមរយៈពិធីប្រឡងបានជួយឱ្យប្អូន កាន់តែយល់ច្បាស់ពីបទភ្លេងពិណពាទ្យរបស់ជនជាតិខ្មែរ សូរសៀងបទភ្លេងលាន់ឮរងំដក់ជាប់ក្នុងអារម្មណ៍អ្នកស្តាប់”។ ប្អូនហឿធីង៉ុកត្រឹង សិស្សវិទ្យាល័យនិងអនុវិទ្យាល័យជនជាតិអន្តេវាសិកកេសាច់ ឱ្យដឹង៖ “អាស្រ័យបានរៀននៅសាលាអន្តេវាសិក ទើបប្អូនយល់ច្បាស់ពីភ្លេងនិងរបាំប្រពៃណីខ្មែរ។ ពិសេស ពេលចូលរួមក្នុងពិធីប្រឡង បានឡើងសម្តែងលើឆាកជូនមាមីងខ្មែរទស្សនា ប្អូនរឹតតែសប្បាយចិត្ត។ សព្វថ្ងៃ ប្អូនចេះច្រៀង រាំរបាំ រាំវង់ សារ៉ាវ៉ាន់ ឆាឆា ម៉ាឌីហ្សុន។ល។ ម្ល៉ោះហើយនៅពេលក្នុងភូមិស្រុក ឬក្នុងវត្តមានពិធីបុណ្យផ្សេងៗប្អូនតែងចូលរួមរាំច្រៀងបម្រើជានិច្ច”។
លោកយ័ញហ្វាងង្វៀង ឱ្យដឹង៖ “ពិធីប្រឡងសិល្បៈតាមវិទ្យាល័យជនជាតិអន្តេវាសិកនានា បានបំផុសទឹកចិត្តស្នេហាសិល្បៈ និងគំនិតច្នៃប្រតិដ្ឋសម្រាប់គ្រូបង្រៀននិងសិស្ស។ ខណៈចូលរួមសកម្មភាពសិល្បៈ ធ្វើឱ្យសិស្សានុសិស្ស ចេះស្រឡាញ់ សាមគ្គីនិងចេះជួយគ្នាទៅវិញទៅមកដើម្បីឈានឡើងក្នុងការរៀនសូត្រ។ កសាងបានបរិស្ថានវប្បធម៌មានប្រយោជន៍ក្នុងសាលារៀន រួមចំណែកលើកកម្ពស់គុណភាពបង្រៀននិងរៀន។ ម្យ៉ាងទៀត ពិធីប្រឡងកាន់តែបង្ហាញច្បាស់ពីទឹកចិត្តស្នេហាសិល្បៈ បទភ្លេងប្រពៃណីរបស់ប្អូនៗជនរួមជាតិខ្មែរ និងព្រួតដៃរួមគ្នាអភិរក្ស”៕
លីធាន-លីសៀ